en     km
en     km

​ក្រុម​សង្គម​ស៊ី​វិល​ចំនួន​៤០​ បង្កើត​មូល​និ​ធី​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​(មានសំឡេង)

Share

​ភ្នំពេញ​៖​ មន្ត្រី​សង្គម​ស៊ី​វិល​ម្នាក់​បានឱ្យ​ដឹង​ថា​ មាន​អង្គការ​សង្គម​ស៊ី​វិល​ប្រហែលជា​៤០​ បាន​រួម​គ្នា​សម្រេច​បង្កើត​មូល​និ​ធិស្ម័គ្រចិត្ត​មួយ​ ដើម្បី​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​សម្រាប់​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មី​ថុ​នា​ខាង​មុខ​នេះ​។​

election-01

 

​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​សៅ​រិ៍​ ទី​ ១១ ​មីនា​ នេះ​   លោក ​មឿ​ន​ តុលា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិ​មនុស្ស​ មាន​ប្រសាសន៍​ថា​ ការ​បង្កើត​ក្រុម​ អ្នក​សង្កេតការណ៍​នេះ​ មាន​ប្រយោជន៍​សំដៅ​ជួយ​អ្នកនយោបាយ​ កុំឱ្យ​បន្ត​ឈ្លោះ​គ្នា​ទៀត​ ក្រោយ​ការ​បោះ​ឆ្នោត​។​

​លោក​ថា​ អ្នក​សង្កេតការណ៍​នេះ​ គឺជា​សាក្សី​ នៃ​លទ្ធផល​បោះ​ឆ្នោត​។​

 

​លោក​ ប្រាប់​ថា​ មក​ដល់​ពេល​នេះ​ បាន​ប្រមូលប្រាក់​មូល​និ​ធី​ សម្រាប់​ ១​ម៉ឺ​២​ពាន់​នាក់​ហើយ​ ។​  តាម​ លោក​ មឿ​ន​ តុលា​ ដដែល​ សង្គម​ស៊ី​វិល​ត្រូវការ​អ្នក​សង្កេតការណ៍​សរុប​ ២​ម៉ឺន​២​ពាន់​១​រយ​ ៤៨​ នាក់​ ហើយ​ចំណាយ​លើ​ម្នាកៗ​ចំនួន​ ២២​ដុល្លារ​។​ 

​ចំណែក​ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ យល់​ឃើញ​ថា​ មិនជា​អ្វី​ទេ​ បើ​ការ​បង្កើត​មូល​និ​ធី​នេះ​ មាន​លក្ខណៈ​ស្រប​ទៅ​តាម​ច្បាប់​ត្រឹមត្រូវ​។​  

​ករណី​នេះ​ គជ​ប​ សាទរ​ ចំពោះ​ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​របស់​សង្គម​ស៊ី​វិល​ ដែល​លោក​ថា​ ជា​ការ​ជួយ​មួយ​ផ្នែក​សម្រាប់​ពង្រឹង​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​

ប្រទេស​កម្ពុជា​ នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​២​ គឺ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨​។​ ការ​បោះ​ឆ្នោត​ទាំង​២​នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ ចូលរួម​ឃ្លាំមើល​ជា​ច្រើន​ រយ​នាក់​ដែរ​ ហើយ​ក្នុង​នោះ​មក​ពី​សហភាព​អឺរ៉ុប​  សហរដ្ឋអាមេរិក​  និង​ប្រទេស​ជប៉ុន​៕

 

Share

Image
Image
Image