en     km
en     km

​ក្រុមការងារ​ដើម្បី​សន្តិភាព​លើក​ឡើង​ថា​ កម្ពុជា​មិន​ទាន់​មាន​សន្តិភាព​ពេញលេញ​នៅឡើយ​

Share

​បណ្តាញ​ក្រុមការងារ​ដើម្បី​សន្តិភាព​ដែល​ហៅ​កាត់​ថា​ (WGP)​ នៅ​ថ្ងៃ​ទី​១៩​ខែកញ្ញាកន្លងមកថ្មីៗ​នេះ​ បាន​បើក​សិក្ខាសាលា​មួយ​ ដើម្បី​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​ដំណើរការ​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ និង​ចូលរួម​អបអរសាទរ​ទិវា​សន្តិភាព​អន្តរជាតិ​លើក​ទី​៧០​ផង​ដែរ​។​ ក្រុម​បណ្តាញ​ការងារ​ដើម្បី​សន្តិភាព​ រក​ឃើញ​ថា​ ដំណើរការ​សន្តិភាព​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ភាព​ពេញលេញ​នៅឡើយ​នោះ​ទេ​។​


​ក្រុមការងារ​ដើម្បី​សន្តិភាព​ដែល​បាន​រៀបចំ​សិក្ខាសាលា​នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​ធ្វើការ​ឆ្លុះ​បញ្ចាំង​អំពី​ដំណើរការ​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ ថា​តើ​កិច្ចការ​សន្តិភាព​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​កំរិត​ណា​?​ ហើយ​ថា​តើ​គួរ​មាន​អនុសាសន៍​ និង​យុទ្ធសាស្ត្រ​ធ្វើ​អ្វី​បន្ត​ទៀត​ដើម្បី​ទទួល​បាន​សន្តិភាព​ពេញលេញ​តាម​រយៈ​តួអង្គ​បី​សំខាន់​ គឺ​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ និង​វិស័យ​ឯកជន​។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ជាង​ សុខា​នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ (​ YRDP​ )​ និង​ជា​សមាជិក​ក្រុមការងារ​ដើម្បី​សន្តិភាព​។​

Meeting3
សិក្ខាសាលាឆ្លុះបញ្ចាំងអំពីសន្តិភាពនៅកម្ពុជា

​ជាមួយ​គ្នា​នេះ​ លោក​ ជាង​ សុខា​ បាន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា​ ដំណើរការ​សន្តិភាព​នៅ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅឡើយ​នោះ​ទេ​ ព្រោះថា​ ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​  ការ​រង​នូវ​ភាព​អយុត្តិធម៌​សង្គម​ សេរីភាព​បញ្ចេញមតិ​នៅ​តែ​មានការ​រឹតត្បិត​ និង​អសន្តិសុខ​សង្គម​ នៅ​តែ​ជា​ចំនោទបញ្ហា​ដែរ​ សម្រាប់​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា​។​

​លោក​ ជាង​ សុខា​៖​ «​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​សុវត្ថិភាព​ យប់​ ព្រលប់​មិន​ហ៊ាន​ដើរហើរ​ ព្រោះ​ខ្លាច​មាន​ចោរប្លន់​ ខ្លាច​មានការ​ចាប់ជំរិត​ ឬ​ក៏​រស់នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ ខ្វះមុខខ្វះក្រោយ​ហូប​ចុក​មិន​គ្រប់គ្រាន់​ ក្នុង​ស្ថានភាព​បែប​នេះ​ជា​សូចនាករ​មួយ​បង្ហាញ​ថា​ប្រទេស​មួយ​មិន​ ទាន់​មាន​សន្តិភាព​ ហើយ​បើសិន​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​រង​នូវ​អយុត្តិធម៌​សង្គម​ ការ​រំលោភសិទ្ធិ​ វា​រឹតតែ​បញ្ជក់​ឲ្យ​ឃើញ​ថា​ប្រទេស​មួយ​មិន​មាន​សន្តិភាព​ត​ទៀត​ បាទ​»​។​

​ចំណែក​អ្នកស្រី​ ជា​ សា​រឹម​ ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​អនាគត​កម្ពុជា​ ដែល​បាន​ចូលរួម​ជាមួយ​ ក្រុមការងារ​ដើម្បី​សន្តិភាព​តាំងពី​ឆ្នាំ​២០០៩​មក​បាន​លើក​ឡើង​ថា​ មូលហេតុ​ដែល​អ្នកស្រី​ចូល​ រួម​ក្នុង​ការងារ​សន្តិភាព​នេះ​ ព្រោះ​ឃើញ​ថា​ ប្រទេស​កម្ពុជា​នៅ​មាន​ជំ​លោះ​ច្រើន​ដូច​ជា​ ជំ​លោះ​តាម​ព្រំដែន​ និង​ជំ​លោះ​ក្នុង​ក្រុម​គ្រួសារ​ជាដើម​។​ អ្នកស្រី​បន្ត​ថា​ នៅ​ពេល​សម្តែង​មតិ​តាម​ផ្លូវ​សាធារណៈ​ម្តងៗ​តែងតែ​មានការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​នេះ​ស​បញ្ជក់​ថា​ ដំណើរការ​សន្តិភាព​ នៅ​កម្ពុជា​នៅ​មាន​កំរិត​នៅឡើយ​។

​អ្នកស្រី​ ជា​សា​រឹម​៖​ «​យើង​ចង់បាន​សន្តិភាព​ទាំងអស់​គ្នា​ យើង​ប្រារព្ធ​ទិវា​នេះ​ឡើង​ ប៉ុន្តែ​គេ​មិន​ឲ្យ​យើង​ធ្វើ​ អ​ញ្ចឹ​ង​ថា​ !
​វា​ស្តែង​ចេញពី​សន្តិភាព​អត់​ ដូច្នេះ​ទាំង​សន្តិភាព​ផ្លូវចិត្ត​ ផ្លូវ​កាយ​ សង្កេត​ឃើញ​ថា​មាន​ដែរ​តែ​វា​មាន​មិន​គ្រប់​
​គ្រាន់​នូវ​អ្វី​ដែល​យើង​ចង់បាន​ ចង់​ឃើញ​»​។​

​ទាក់ទង​នឹង​បញ្ហា​សន្តិភាព​នេះ​ កញ្ញា​ ស្លឹក​ លី​ដា​ ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​មួយ​បាន​និយាយ​ថា​ កញ្ញា​មានចិត្ត​សប្បាយ​រីករាយ​ដែល​បាន​ចូល​ រួម​ក្នុង​សិក្ខាសាលា​ដែល​និយាយ​ពី​សន្តិភាព​បែប​នេះ​ ព្រោះ​ធ្វើ​ឪ្យ​កញ្ញា​បាន​ទទួល​នូវ​ចំណេះដឹង​ស្តី​ពី​សន្តិភាព​ និង​បទ​ពិសោធន៍​ល្អៗ​ច្រើន​ពី​វាគ្មិន​ដែល​បាន​ធ្វើការ​ចែករំលែក​។​ កញ្ញា​បន្ត​ថា​ សន្តិភាព​គឺជា​រឿង​សំខាន់​មួយ​ដែល​ប្រជាពលរដ្ឋ​ ត្រូវ​យល់​ដឹង​ទាំងអស់​គ្នា​ ព្រោះ​សន្តិភាព​នឹង​ធ្វើ​អោយ​ក្រុម​គ្រួសារ​ និង​ប្រទេស​ជាតិ​រីក​ចំរើន​។​

​កញ្ញា​ ស្លឹក​ លី​ដា​៖​ «​ខ្ញុំ​មាន​អារ​ម្មរណ៍​ថា​សប្បាយ​រីករាយ​ជា​ខ្លាំង​ ព្រោះ​អី​កម្មវិធី​នេះ​គឺ​ល្អ​ ហើយ​ឲ្យ​ខ្ញុំ​យល់​អ្វី​ដែល​ហៅ​ថា​សន្តិភាព​ អោយ​ខ្ញុំ​ស្វែង​យល​នូវ​អ្វី​ដែល​ជា​ សុភមង្គល​ដែល​ទទួល​បាន​ពី​សន្តិភាព​  ជា​ពិសេស​កត្តា​សំខាន់​នៅ​ពេល​ដែល​ប្រទេស​មួយ​ ឬ​ក្រុម​គ្រួសារ​ មួយ​មាន​សន្តិភាព​ គឺ​គ្មាន​ជំ​លោះ​កើតឡើង​ធ្វើ​អោយ​មានការ​រីក​ចំរើន​»​។​

​រឿង​បញ្ហា​សន្តិភាព​នេះ​ កម្ពុជា​វិ​វត្ត​ល្អ​ប្រសើរ​ពី​មួយ​ជំ​ហ៊ាន​ទៅ​មួយ​ជំ​ហ៊ាន​ហើយ​ ព្រោះថា​ ទាំង​អង្គការ​សង្គម​ស៊ី​វិល​ ទាំង​គណបក្ស​នយោបាយ​ និង​ប្រជាពលរដ្ឋ​ហាក់​មាន​ភាព​ផុសផុល​ក្នុង​ការ​សម្តែង​មតិ​បាន​ច្រើន​ជាង​ពី​មុន​។​ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកស្រី​ ជា​ វ​ណ្ណាត​ អ្នកវិភាគ​សង្គម​កម្ពុជា​ និង​ជា​វាគ្មិន​មួយ​រូប​ក្នុង​កម្មវិធី​នេះ​។​

​លោកស្រី​ ជា​ វ​ណ្ណាត​ ៖«​ខ្ញុំ​មើលទៅ​ប្រទេស​កម្ពុជា​យើង​មានកា​រវិ​វត្ត​ទៅ​ល្អ​ នៅ​ក្នុង​ន័យ​ថា​ សង្គម​យើង​
​មាន​តួអង្គ​ផុសផុល​មែន​តែ​ន​!​ តួអង្គ​ខាង​សង្គម​ស៊ី​វិល​ក៏​ផុសផុល​ ខាង​គណបក្ស​ដឹកនាំ​ប្រទេស​ក៏​ផុសផុល​
​គណបក្សប្រឆាំង​ក៏​ផុសផុល​ ហើយ​សង្គម​ព្រះ​ស​ង្ឈ​គឺ​សុទ្ធតែ​ផុសផុល​ អត់​ដូច​សម័យ​ខ្មែរក្រហម​យើង​អត់​ មាន​សិទ្ធិ​ហាល​មាត់​និយាយ​អីៗ​ ទោះណាជា​ថា​អ្នកខ្លះ​មើលឃើញ​ថា​ដើរ​ថយក្រោយ​ព្រោះ​មានការ​ចាប់​ដាក់​
​គុក​ មាន​សម្លុត​កំហែង​មែន​ ប៉ុន្តែ​វា​នៅ​ក្នុង​ដំណើរការ​ទៅ​មុខ​»​។​

​សូម​បញ្ជក់​ថា​ ក្រុមការងារ​ដើម្បី​សន្តិភាព​ដែល​ហៅ​កាត់​ថា​(WGP)​ គឺជា​បណ្តាញ​ក្រុមការងារ​ក្នុងស្រុក​មួយ​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨​ ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​តានតឹង​រហូត​ដល់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រើ​អំពើ​ហិង្សា​ប្រដាប់​អាវុធ​រវាង​កម្ពុជា​ និង​ថៃ​ទាក់ទង​នឹង​បញ្ហា​ជំ​លោះ​ប្រាសាទព្រះវិហារ​។​ ក្រុមការងារ​ដើម្បី​សន្តិភាព​នេះ​ មាន​សមាសភាព​ចូលរួម​មក​ពី​ស្ថាប័ន​នានា​ដូច​ជា​ តំណាង​អង្គការ​សង្គម​ស៊ី​វិល​ បុគ្គលិក​ផ្ទាល់ខ្លួន​ ប្រជាពលរដ្ឋ​ទូទៅ​ និស្សិត​ និង​យុវជន​ផង​ដែរ​។​

Share

Image
Image
Image