en     km
en     km

​ក្រសួង​អប់រំ​ទទួល​ជំនួយ​ជាង ​២០ ​លាន​ដុល្លារ​លើកកម្ពស់​គុណភាព​អប់រំ​កម្រិត​បឋម​សិក្សា​

Share

ភ្នំពេញ​៖​ ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ទទួល​បាន​ជំនួយ​ឥត​សំណង​ពី​ភាព​ជា​ដៃគូ​សកល​សម្រាប់​អប់រំ​ ប្រាក់​ចំនួន​ជាង​ ២០​ លាន​ដុល្លារ​ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​កម្រិត​ថ្នាក់បឋមសិក្សា​នៅ​កម្ពុជា​។​ តែ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារពិភព​លោក​បង្ហាញ​ថា​ សិស្សានុសិស្ស​ថ្នាក់​ទី​២​ ច្រើន​ជាង​ ១​ ភាគ​ ៣​ មិន​ចេះ​អាន​អក្សរ​សូ​ម្បី​មួយ​ពាក្យ​ តែ​មិន​ទាន់​មានការ​ ប្រតិកម្ម​ផ្លូវការ​ពី​ក្រសួង​អប់រំ​នៅឡើយ​ទេ​។​

                                                   សិស្សថ្នាក់បឋមសិក្សាសរសេរតាមអាន។រូបភាព៖ UNICEF -Cambodia

​ក្រុមប្រឹក្សាភិបាល​នៃ​ភាព​ជា​ដៃគូ​សកល​សម្រាប់​អប់រំ​ (GPE)​ បាន​អនុម័ត​ហិរញ្ញប្បទាន​ឥត​សំណង​ក្នុង​ទំហំ​ទឹកប្រាក់​ ២០,៦​ លាន​ដុល្លារ​ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​ក្នុង​កម្រិត​បឋម​សិក្សា​នៅ​កម្ពុជា​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ដែល​វិទ្យុ​ស្ត្រី​ទទួល​បាន​នៅ​ថ្ងៃនេះ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ បញ្ជាក់​ថា​ ហិរញ្ញប្បទាន​នេះ​ នឹង​ជួយ​ដល់​ការ​សិក្សា​របស់​កុមារ​មក​ពី​គ្រួសារ​ក្រីក្រ​ និង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការ​បង្រៀន​ ពង្រឹង​ភាព​ដឹកនាំ​ និង​ការ​គ្រប់គ្រង​របស់​មន្ត្រី​អប់រំ​ គ្រូបង្រៀន​ នាយក​សាលា​ ព្រមទាំង​អ្នក​ផ្តល់​សាវា​អប់រំ​នៅ​តាម​មូលដ្ឋាន​ និង​ថ្នាក់​ជាតិ​។​

​តែ​បែប​នេះ​ក្ដី​ បើ​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​នៃ​ធនាគារពិភពលោក​ (World​ Bank)​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១៥​ មីនា​ ឆ្នាំ​ ២០១៨​ បង្ហាញ​ថា​ សិស្សានុសិស្ស​រៀន​ថ្នាក់​ទី​ ២ ច្រើនជាង ១ ភាគ ៣​ នៅ​កម្ពុជា​ មិន​អាច​អាន​អក្សរ​សូ​ម្បី​តែ​មួយ​ពាក្យ​ ក្រោយ​ពី​ការ​ធ្វើតេស្ត​អំ​ណា​ន​។​ ទោះបី​យ៉ាងណា​ ចាប់តាំងពី​ចេញផ្សាយ​របាយការណ៍​នេះ​មិន​ទាន់​មាន​ប្រតិកម្ម​ជា​ផ្លូវការ​ពី​ក្រសួង​អប់រំ​នោះ​ទេ​។​

​កាលពី​ឆ្នាំ​ ២០១៧​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​ជា​រដ្ឋមន្ត្រី​កែ​ទម្រ​ង​ប្រព័ន្ធ​អប់រំ​ថ្លែង​ក្នុង​កម្មវិធី​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​ថា​ កុមារ​ ៩៨​ ភាគរយ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ទី​១​។​ ប៉ុន្តែ​កុមារ​ប្រមាណ​ ៨០​ ភាគរយ​បោះបង់​ការ​សិក្សា​នៅ​កម្រិត​ថ្នាក់​បឋម​ក្នុង​ចំណោម​សិស្ស​បឋម​ជាង​ ២​ លាន​នាក់​។​

​ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ​ ជា​លើក​ទី​ ៣​ ហើយ​ កាលពី​លើក​ទី​១​ ភាព​ជា​ដៃគូ​សកល​សម្រាប់​អប់រំ​ (GPE)​ ផ្តល់​ជំនួយ​ថវិកា​ចំនួន​ ១៤,​ ៤​ លាន​ដុល្លារ​ ដល់​កម្មវិធី​ពង្រឹង​ការ​អប់រំ​គ្រូបង្រៀន​ ឬ​ហៅ​ថា​ (STEPCam)​ និង​ផ្តោត​លើ​គ្រូបង្រៀន​នៅ​កម្រិត​ថ្នាក់បឋមសិក្សា​ និង​គ្រូឧទ្ទេស​តាម​សាលា​គរុកោសល្យ​ខេត្ត​ ហើយ​ជំនួយ​មួយ​លើក​ទៀត​មាន​ទឹកប្រាក់​ ៦,២​ លាន​ដុល្លារ​ សម្រាប់​ការ​ផ្សារ​ភ្ជាប់​នឹង​លទ្ធភាព​ការងារ​លើកកម្ពស់​សមធម៌​ ប្រសិទ្ធភាព​ និង​លទ្ធផល​សិក្សា​របស់​សិស្ស​។​

​លោក​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ឲ្យ​ដឹង​ថា​ «​ភាព​ជា​ដៃគូ​សកល​សម្រាប់​អប់រំ​ (GPE)​ បាន​រួមចំណែក​ដ៏​សំខាន់​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០០៦​ មក​ ដើម្បី​ជួយ​គាំទ្រ​លើ​វិស័យ​អប់រំ​ក្នុង​ការ​បង្កើន​សម​ត្ថិ​ភាព​គ្រូបង្រៀន​ និង​ជួយ​កុមារ​ក្រីក្រ​។​»

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ដើមឆ្នាំ​នេះ​ រក​ឃើញ​ថា​ បុគ្គលិក​អប់រំ​មួយ​ចំនួន​ នៅ​តាម​គ្រឹះស្ថានសាធារណៈ​ខ្លះ​មិន​ទាន់​អនុវត្ត​ពេលវេលា​បំពេញការងារ​ និង​គោរព​ម៉ោង​បង្រៀន​បាន​ជាប់លាប់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​កម្មវិធី​សិក្សា​ និង​ការ​សិក្សា​របស់​សិស្ស​។​ ក្រសួង​អប់រំ​ប្រកាស​ឲ្យ​ពង្រឹង​យន្តការ​គ្រប់គ្រង​ត្រួតពិនិត្យ​វត្តមាន​បុគ្គលិក​អប់រំ​ និង​ព្រមាន​អនុវត្ត​ពិន័យ​រដ្ឋបាល​ចំពោះ​បុគ្គលិក​អប់រំ​ចូល​យឺត​ ឬ​ ចេញ​មុន​ម៉ោង​ជាដើម​៕

Share

Image
Image
Image