en     km
en     km

​ក្រសួងយុត្តិធម៌​៖​អន្តរជាតិ​កុំ​ព្រួយបារម្ភ​ជ្រុល​ពេក​ចំពោះ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ការពារ​ព្រះមហាក្សត្រ​

Share

ភ្នំពេញ៖​កាលពី​ថ្ងៃ​ អង្គារិ៍​ ទី​២០ ខែ​កុម្ភៈ​ មន្ត្រីជាន់ខ្ពស់​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ពីរ​រូប​បាន​បង្ហាញ​​ក្តី​ព្រួយបារម្ភ​អំពី​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ការ​អនុម័ត​ច្បាប់​ប្រឆាំង​ជន​ណា​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ដោយ​អ្នកជំនាញ​ទាំងនេះ​ចាត់​ទុក​ថា​កម្រិត​លទ្ធិប្រជាធិបតេយ្យ​និង​ការ​លោភ​បំពាន់​សិទ្ធិ​មនុស្ស​។​​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​នេះ​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងយុត្តិធម៌​បាន​អំពាវនាវ​ដល់​អ្នកជំនាញ​សិទ្ធិ​មនុស្ស​អន្តរជាតិ​កុំ​ព្រួយបារម្ភ​ជ្រុល​ពេក​។​

                                                លោក ជិន ម៉ាលីន អ្នកនំាពាក្យក្រសួងយុត្តិធម៌។រូបភាព៖ ធូ វិរៈ

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ ឆ្នំា ២០១៨ ពីទី​ក្រុង​​សឺ​ណែវ​ប្រទេស​ស្វី​ស​ឲ្យ​ដឹង​ថា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ពីរ​រូប​គឺ​លោក​ស្រី្ត​ រ៉ូ​ណា​ ស្មី​ត​(Rhona​ Smith)​និង​លោក​ ដេ​វីត​ ខេ​ (David​ Kaye)​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា​វិសោធនកម្មរដ្ឋធម្មនុញ្ញនិងក្រមព្រហ្មទណ្ឌ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពាក់​ព័ទ្ធ​នឹង​សិទ្ធិ​ពលរដ្ឋ​ដោយ​ចាត់​ទុក​ថា​ជា​ការ​ដាក់​កម្រិត​លទ្ធិប្រជាធិបតេយ្យ​មុន​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​នេះ​។​

លោក​ ដេ​វីត​ ខេ​ (David​ Kaye)​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា​វិសោធនកម្មរដ្ឋធម្មនុញ្ញនិងក្រមព្រហ្មទណ្ឌ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​ចាត់​ទុក​ថា​ជា​ការ​ដាក់​កម្រិត​លទ្ធិប្រជាធិបតេយ្យ​មុន​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​នេះ​។​ Photo Credit: taken from UN’s Page 

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​(Rhona​ Smith)​ប្រចាំ​ប្រទេស​កម្ពុជា​និង​លោក​ ដេ​វីត​ ខេ​ (David​ Kaye)​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​លើកកម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ការ​អនុម័ត​ច្បាប់​ប្រឆាំង​ជន​ណា​ប្រមាថ​ព្រះមហាក្សត្រ​មិន​សម​ស្រប​នឹង​កាតព្វកិច្ច​របស់​កម្ពុជា​ស្ថិត​នៅ​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​សំដៅ​លើកកម្ពស់​និង​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​។​

​កាលពី​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​នេះ តំណាងរាស្ត្រ​ចំនួន​១២៣​រូប​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ជន​ណា​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​គឺ​ក្នុង​រយៈពេល​១២​ថ្ងៃ ​បន្ទាប់​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អនុម័ត​​។ ​ខណៈ​នេះ​ដែរ​សមាជិក​ព្រឹ​ទ្ធ​សភា​៥៨​រូប​នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​នេះ​ ក៏​អនុម័ត​ទាំង​ស្រុក​ដោយ​គ្មាន​ការ​កែប្រែ​ឬ​បន្ថែម​ខ្លឹមសារ​ទៅ​លើ​កា​រិ​សោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ដែល​ហាម​ការ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ​។​

លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួង​យុ​ត្ត​ធម៌​បាន​ច្រានចោល​ចំពោះ​កា​រិះគន់​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​ មនុស្ស​របស់​អង្គការសហប្រជាជាតិ​ថា​ជា​ការ​ព្រួយបារម្ភ​ហួសហេតុ​ពេក​។​

​លោក​ បន្ថែម​ថា​ការ​អនុម័ត​ច្បាប់​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ស្ថានភាព​និង​បរិបទ​របស់​ ប្រទេស​កម្ពុជា​ដើម្បី​ការពារ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​។​

​លោក​ ជិន​ ម៉ា​លី​ន​៖«​ចំណែក​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ទោស​ពាក់ព័ន្ធ​ដល់​ទោស​ប្រមាថ​ព្រះមហាក្សត្រ​អាច​បណ្តា​ប្រទេស​មួយ​ចំនួន​មិន​មាន​ដោយសារ​បរិបទ​សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​គេ​ខុស​ពី​កម្ពុជា​ពីព្រោះ​កម្ពុជា​យើង​ប្រកាន់​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ហើយ​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ថា​ព្រះមហាក្សត្រ​មិន​អាច​ត្រូវ​បាន​រំលោភ​បំពាន់​។​»

​លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួង​យុ​ត្ត​ធម៌​បញ្ជាក់​ថា​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ហាមប្រាម​បុគ្គល​និង​គណបក្ស​នយោបាយ​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ជាតិ​គឺជា​រឿង​ត្រឹមត្រូវ​។​​លោក​ថា​ចំពោះ​កា​រិះគន់​រដ្ឋា​ភិបាល​ក្នុង​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ហាក់​លម្អៀង​ទៅ​រក​អតីត​គណបក្សប្រឆាំង​និង​អង្គកា​សង្គម​ស៊ី​វិល​ប្រឆាំង​និន្នាការ​របស់​រដ្ឋាភិបាល​។​

​លោក​ ជិន​ ម៉ា​លី​ន​៖«​ការ​បង្ហាញ​ក្តី​បារម្ភ​របស់​គាត់​ប្រហែលជា​គាត់​មិន​យល់​ច្បាស់​ពី​បរិបទ​កម្ពុជា​។​ហើយ​ប្រហែលជា​គាត់​ទទួល​តែ​សំឡេង​ម្ខាង​គឺ​គាត់​បាន​ទទួល​តែ​ពី​ការ​បារម្ភ​ ការ​អំពាវនាវ​របស់​ក្រុម​អតីត​គណ​បក្សប្រឆាំង​ក៏​ដូច​ជា​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​មាន​និ​ទ្ន​ការ​ប្រឆាំង​និង​គាំទ្រ​ក្រុមប្រឆាំង​ទាំង​អស់នោះ​។​ប្រសិនបើ​យើង​មើល​ចេតនា​ពិតប្រាកដ​ដូច​ជា​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ ហើយ​ក្រុម​នោះ​ក៏​មិន​មាន​ត្រូវ​បាន​បារម្ភ​ដែរ​ប្រសិនបើ​ខ្លួន​មិន​ធ្វើ​អ្វី​ដែល​បំពាន់​ច្បាប់​ មិន​ធ្វើ​សកម្មភាព​ប្រឆាំង​ទៅ​នឹង​ផលប្រយោជន៍​ជាតិ​ ដែល​បំផ្លាញ់​ជាតិ​ខ្លួនឯង​។​»

                ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​(Rhona​ Smith)​(ស្តំា)ប្រចាំ​ប្រទេស​កម្ពុជា​

​តែ​សេចក្តីថ្លែងការណ៍​របស់​អ្នកជំនាញ​សិទ្ធ​មនុស្ស​អន្ត​ងរ​ជាតិ​បន្ត​ថា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​មានការ​បកស្រាយ​ទូលំទូលាយ​និង​ត្រូវការ​ភាសា​ច្បាស់លាស់​បន្ថែម​ទៀត​ដើម្បី​បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ​ដោយ​ជៀសវាង​ហានិភ័យ​ចំពោះ​សេរីភាព​បញ្ចេញមតិ​។​

​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​បង្ហាញ​ការ​ព្រួយបារម្ភ​ខ្លាំង​នៃ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​សារ​ប៉ះពាល់​សិ​ទិ្ធ​ គណបក្ស​នយោបាយ​និង​បុគ្គល​ ក្រោម​លេស​មួយ​«​លើកកម្ពស់​ផលប្រយោជន៍​ជាតិ​»​និង​​​    «​ការ​ជ្រៀតជ្រែក​ពី​បរទេស​»​។​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ក៏​បាន​ប៉ះពាល់​ផង​ដែរ​ចំពោះ​ការ​បើកចំហ​លទ្ធភាព​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ហើយ​នាំ​ឱ្យ​មានការ​ផ្អាក​ឬ​បញ្ឈប់​សិ​ទិ្ធ​ពលរដ្ឋ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ​ដដែល​នេះ​ឲ្យ​ដឹង​ថា​«​សិទ្ធិ​ក្នុង​លារ​គាំទ្រ​ផ្នែក​នយោបាយ​និង​សេរីភាព​សម្តែង​មតិ​ពិតជា​មាន​សារសំខាន់​ពិសេស​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ដោយ​អាជ្ញាធរ​ជា​អ្នក​ទទួលខុសត្រូវ​ដើម្បី​ធានា​ថា​នី​ត​បុគ្គល​ គណបក្ស​នយោបាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ដំណើរការ​ដោយ​គ្មាន​ទណ្ឌកម្ម​»​។​

​បទឧក្រិដ្ឋ​ថ្មី​ប្រឆាំង​ជន​ណា​ប្រមាថ​ព្រះមហាក្សត្រ​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ទាក់​ទិ​ង​នឹង​សុន្ទរ​ថា​ កាយវិការ​ សំ​ណេ​រ​ គំនូរ​និង​វត្ថុ​ផ្សេង​ទៀត​ដែល​«​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​»​របស់​ព្រះមហាក្សត្រ​។​ ចំពោះ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​បើ​រក​ឃើញ​ថា​មាន​កំហុស​គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ត្រូវ​រំលាយ​ឬ​ត្រូវ​បាន​ដាក់​ស្ថិត​ក្រោម​ការ​​ឃ្លាំមើល​របស់​តុលាការ​ ការ​ហាមឃាត់​​មិន​​ឲ្យ​​ធ្វើ​សកម្ម​ភាព​ បិទទ្វារ​ និង​រឹម​អូស​ទ្រព្យសម្បត្តិ​និង​មូលនិធិ​។​

​អ្នក​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​វាយតម្លៃ​​ឲ្យ​​ហ្មត់​​ចត់​ទៅ​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​ការ​គោរព​តាម​ច្បាប់​និង​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​និង​បើកចំហ​ឲ្យ​មានការ​ការ​ពិភាក្សា​ជា​សាធារណៈ​។​

​ខ្លឹមសារ​នៃ​មាត្រា​៤៣៧​ស្ទួន​នេះ​ បាន​ចែង​ថា​«​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ០១​ឆ្នាំ​ ទៅ​០៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ២​លាន​រៀល​ ទៅ​១០​លាន​រៀល​។​ ចំពោះ​នី​តី​បុគ្គល​ក៏​អាច​ត្រូវ​បាន​ផ្ត​នា្ទ​ទោសពិន័យ​ជា​ប្រាក់​ ១០​លាន​រៀល​ ទៅ​៥០​លាន​រៀល​ ព្រមទាំង​ទោស​បន្ថែម​មួយ​ ឬ​ច្រើន​ ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា​ មាន​ពិរុទ្ធភាព​ពាក់​ព័​ន្ទ​នឹង​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​»​។​

​ក្រមព្រហ្មទណ្ឌ​ចាស់​ដែល​កំពុង​មាន​ជា​ធរមាន​ត្រង់​គ​ន្ថី​ទី​៤​ មាតិកា​ទី​១​ និង​ជំពូក​ទី​១​ ចាប់ពី​មាត្រា​ ៤៣៣​ ដល់​៤៣៧​ បាន​ចែង​ត្រឹមតែ​ដាក់ទោស​ទណ្ឌ​ចំពោះ​ជន​ណា​ដែល​បង្ក​ហិង្សា​ របួស​ស្នាម​ និង​ធ្វើឃាត​ព្រះ​មហា​ក្ស​ក្រ​តែ​ប៉ុណ្ណោះ​ដោយ​មិន​មាន​ចែង​ពី​ការ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ឡើយ​។​

​ទាក់ទិន​ករណី​នេះ​ អង្គការ​អន្តរជាតិ​ចំនួន​៦៤​បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោលការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ក្រមព្រហ្មទណ្ឌ​ព្រោះ​ក្រុម​អង្គការ​ទាំងនោះ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដោយ​ចាត់​ទុក​ការ​ធ្វើ​វិសោធនកម្ម​ដែល​មាន​ន័យ​ស្មើនឹង​ការ​ច្រានចោល​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​ដែល​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ធានា​រួច​ទៅ​ហើយ​៕

Share

Image
Image
Image