en     km
en     km

​ក្រសួងមហាផ្ទៃ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​អង្កេត​ករណី​បង្ក​របួស​ស្នាម​លើ​តំណាងរាស្ត្រ​

Share

sor-kheng

​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ថា​ ក្រសួង​នេះ​បាន​សម្រេច​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ លើ​ករណី​បង្ក​របួស​ស្នាម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​រូប​។​ ការ​សម្រេច​នេះ​ចុះហត្ថលេខា​ដោយ​លោក​ស​ ខេ​ង​ រដ្ឋមន្ត្រីក្រសួង​មហា​ផ្តៃ​ កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​សេចក្ដីសម្រេច​នោះ​ឲ្យ​ដឹង​ថា​ គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត​មាន​សមាជិក​៨​នាក់​ ក្នុង​នោះ​មាន​ដូច​ជា​ នាយ​ឧត្តមសេនីយ៍​ ឯម​ សំអាត​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​ប្រធាន​ ឧត្តមសេនីយ៍ឯក​ ឆៃ​ ស៊ី​ណា​រិ​ទ្ធ​ ស្នងការ​រង​នគរបាល​ជាតិ​ ជា​អនុប្រធាន​ ឧត្តមសេនីយ៍ឯក​ សៀង​ សេន​ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ ជា​សមាជិក​ ឧត្តមសេនីយ៍ឯក​ អ៊ី​ សុខ​ឃី​ប្រធាន​នាយ​កក​ដ្ឋា​ន​ប្រឆាំង​ភេរវកម្ម​ និង​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ជា​សមាជិក​ ឧត្តមសេនីយ៍ទោ​ សុខ​ ខេ​ម​រិ​ន្ទ​ ប្រធាន​នាយ​កក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​ ជា​សមាជិក​ ឧត្តមសេនីយ៍​ មួ​ង​ សុធា​ប្រធាន​នាយ​កក​ដ្ឋា​ន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ជា​សមាជិក​ ឧត្តមសេនីយ៍ត្រី​ សុង​ លី​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ជា​សមាជិក​ និង​ឧត្តមសេនីយ៍ឯក​  ស៊ឹ​ម​ វុ​ទ្ធី​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ជា​សមាជិក​។​

​សេចក្ដី​ឲ្យ​ដឹង​ដែរ​ថា​ គណៈកម្មការ​នេះ​មាន​ភារកិច្ច​ ស្រាវជ្រាវ​ ស៊ើបអង្កេត​ ប្រមូល​ភស្ដុ​តាង​ នានា​ តាម​នីតិវិធី​ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ ដែល​បង្ក​របួស​ស្នាម​លើ​តំណាងរាស្ត្រ​ និង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាម​ច្បាប់​ជា​ធរមាន​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ មាន​បាតុកម្ម​មួយ​ទាមទារ​ឲ្យ​ដក​តំណែង​លោក​កឹ​ម​ សុខា​ ជា​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ។​ ក្នុង​បាតុកម្ម​នោះ​ ហ្វូង​បាតុករ​បាន​វាយ​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ញ៉​យ​ ចំរើន​ និង​លោក​ គង់​ សភា​ ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​។​ ជាមួយ​គ្នា​ បាតុករ​ក៏​បាន​គប់​ដុំ​ថ្ម​ និង​ដប​ទឹក​សុទ្ធ​ចូល​ផ្ទះ​លោក​កឹ​ម​ សុខា​ នៅ​ក្នុង​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ផង​ដែរ​៕

Share

Image
Image
Image