en     km
en     km

​កំណាត់​ផ្លូវជាតិ​លេខ​៤​បើក​ចរាចរណ៍​ឡើង​វិញ​ក្រោយ​ផ្អាក​រយៈពេល​ខ្លី​ដោយសារ​ទឹកជំនន់​

Share

ភ្នំពេញ​៖​ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ព្រឹក​ថ្ងៃ​ ចន្ទ​ ទី​ ១៦​កក្កដា​ នេះ​ សម្រេច​បើក​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ ​៤ ​ឡើង​វិញ ​ក្រោយ​ពេល​ផ្អាក​ធ្វើ​ចរាចរ​ក្នុង​រយៈពេល​ខ្លី​កាលពី​រសៀល​ម្សិលមិញ​។ ​តែ​ជាមួយ​គ្នា​នេះ​ ក្រសួង​ធនធានទឹក​ព្រមាន​អំពី​ទឹកទន្លេ​មេគង្គ​នឹង​ហក់​ឡើង​ខ្ពស់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​

ទឹកស្ទឺងសំរោង ស្ថិតនៅលើ​ផ្លូវ​ជាតិ​លេខ ៤ ក្នុងភូមិសាស្ត្រឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តកើនឡើងមួ គិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨​ នេះ ។ រូបភាព៖ ក្រសួងធនធានទឹក

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ កក្កដា​នេះ​ អាជ្ញាធរ​សម្រេច​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរ​ឡើង​វិញ​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ខេត្ត​ព្រះ​សីហ​នុ​ ក្រោយ​ពី​ស្ថានភាព​ទឹកជំនន់​ស្រក​ចុះ​ជា​ធម្មតា​។​

​ក្រសួង​បញ្ជាក់​ថា​ គិត​ត្រឹម​ម៉ោង​ ៩​ យប់​ថ្ងៃ​ទី​ ១៥​ ម្សិលមិញ​ ទឹក​ស្រក​ចុះ​០,០៥​ម​ ហើយ​អាជ្ញាធរ​ក៏​អនុញ្ញាត​ឱ្យ​រថយន្ត​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​ឡើង​វិញ​។​

​នៅ​វេលា​ម៉ោង​ ៥​ និង​ ៣០​នាទី​ ម្សិលមិញ​ អាជ្ញាធរ​សម្រេច​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​ដោយសារ​ទឹកជំនន់​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចំណុច​ស្ពាន​សំរោង​ ឃុំ​អូរ​បាក់រទេះ​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហ​នុ​។​នេះ​បើ​តាម​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​។​

​តែ​ជាមួយ​គ្នា​នេះ​ សេចក្តីជូនដំណឹង​របស់​ក្រសួង​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ កក្កដា​នេះ​ ឲ្យ​ដឹង​ថា​ ឥទ្ធិពល​ប្រព័ន្ធ​សម្ភា​ធ​ទាប​ពី​ប្រទេស​ថៃ​ និង​ឡាវ​ បន្ត​ធ្លាក់​ភ្លៀង​ជា​បន្តបន្ទាប់​នឹង​នាំ​ឱ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​នេះ​។​ ក្រសួង​ថា​ ទឹកទន្លេ​មេគង្គ​កម្ពុជា​ហក់​ឡើង​ ហើយ​ទឹកនឹង​ហូរ​ចូល​តាម​ព្រែក​ និង​តំបន់​ទំនាប​នានា​នៅ​អម​សងខាង​ទន្លេមេគង្គ​រង​ការ​លិច​លង​។​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ប្រកាស​ឱ្យ​ប្រជា​កសិករ​រស់នៅ​អម​សងខាង​ទន្លេមេគង្គ​លើ រួមមានខេត្ត ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង ខេត្តកំពង់ចាម ត្រូវ​ប្រញាប់​ប្រមូល​ផល​កសិផល​ជា​ប្រញាប់​ ព្រោះ​ទឹកទន្លេ​មេគង្គ​នឹង​ហក់​ឡើង​ឆាប់រ​ហ័យ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​

Share

Image
Image
Image