en     km
en     km

​កម្ពុជា​ច្រាន​ចោលការ​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​អាវុធ​ឆ្លង​ដែន​

Share

ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​បាន​អះអាង​ថា​ កម្ពុជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​អាវុធ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ទេ​។ ​ការ​លើក​ឡើង​នេះ​ បន្ទាប់​ពី​អាជ្ញាធរ​ថៃ​បាន​រឹបអូស​អាវុធ​ជា​ច្រើន​ដើម​ដែល​ថៃ​អះអាង​ថា​អាវុធ​នេះ​ដឹក​ចេញពី​កម្ពុជា​។​

អាជ្ញាធរ​ថៃ​បាន​ឃាត់​រថយន្ត​តូ​យូ​តា​មួយ​គ្រឿង​រក​ឃើញ​អាវុធ​ប្រមាណ​ ២៦​ ដើម​។Photo៖ Jakkrit Waewkraihong /taken from Bangkok Post

​លោក​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ប្រកាស​នៅ​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ៍​ ទី​ ១២​ ខែ​ មេ​សា​នេះ​ថា​ កម្ពុជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​អាវុធ​ទាំងនោះ​ទេ​។

​យោង​តាម​ កាសែត​ Bangkok​ Post​ ចុះ​ផ្សាយ​ថា​ អាជ្ញាធរ​ថៃ​បាន​ឃាត់​រថយន្ត​តូ​យូ​តា​មួយ​គ្រឿង​រក​ឃើញ​អាវុធ​ប្រមាណ​ ២៦​ ដើម​ ទូរស័ព្ទ​ដៃ​ និង​ប័ណ្ណបើកបរ​រថយន្ត​ កាលពី​យប់​ថ្ងៃ​អង្គា​រ៍​ ទី​ ១០​ ខែ​ មេ​សា​នេះ​។​ ប៉ុន្តែ​អ្នកបើកបរ​ជនជាតិ​ថៃ​ឈ្មោះ​ ឆា​យុទ្ធ​ ប្រា​សិទ្ធ​រឹទ្ធ​ អាយុ​ ៥៣​ ឆ្នាំ​ បាន​សារភាព​ប្រាប់​នគរបាល​ថៃ​ថា​ អាវុធ​ទាំងនោះ​ដឹក​ចេញពី​ព្រំដែន​កម្ពុជា​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​រឹបអូស​អាវុធ​ទាំងនោះ​នៅ​ក្នុង​ខេត្ត​ត្រា​ត​។​

​លោក​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ លោក​បាន​ទទួល​ដំណឹង​អំពី​អាជ្ញាធរ​ចាប់​អាវុធ​ខុសច្បាប់​នេះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ប៉ុន្តែ​លោក​អះអាង​ថា​ កម្ពុជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អាវុធ​ខុសច្បាប់​ទាំងនោះ​ទេ​។​ លោក​ឧត្តមសេនីយ៍​ចាត់​ទុក​ថា​ ការ​ចោទប្រកាន់​នេះ​ជា​ការ​ប្រឌិត​ខុស​ពី​ការ​ពិត​។​

​លោក​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​៖​ «​ខ្ញុំ​មើល​ព័ត៌មាន​ម្សិលមិញ​ដែរ​ ប៉ុន្តែ​វា​អត់​មាន​ទាក់ទង​ជាមួយ​ខ្មែរ​ទេ​។​ ខ្ញុំ​សុំ​ច្រានចោល​ព័ត៌មាន​នឹង​អត់​ពិត​ទេ​។​ខ្មែរ​អត់​មាន​កាំភ្លើង​ដូច​អ​ញ្ចឹ​ង​ទេ​ កាំភ្លើង​អ​ញ្ចឹ​ង​ច្រើន​របស់​អា​គាំង​ប្រើ​។​»

​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ ​អង្គា​រ៍​ ទី​១៨​ កក្កដា​ ឆ្នាំ​ ២០១៧​ ការ​សែត​ Bangkok​ Post​ បាន​រាយការណ៍​ថា​ ជនជាតិ​ខ្មែរ​ប្រំានាក់​ត្រូវ​ចាប់ខ្លួន​នៅ​ក្បែរ​ព្រំដែន​មី​យ៉ា​ន់​ម៉ា​ពាក់ព័ន្ធ​និង​ការ​ដឹក​ជញ្ជូន​អាវុធ​ធន់​ធ្ងន់​ចំនួន​បី​ដើម​ និង​គ្រាប់​មួយ​ចំនួន​ដែល​ខ្លួន​បាន​ទិញ​ពី​ប្រទេស​កម្ពុជា​។​

​កាលនោះ​លោក​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ អះអាង​ថា​ កម្ពុជា​មិន​ជាប់​ពាក់ព័ន្ធ​ការ​ជួញ​ដួ​រ​អាវុធ​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ឬ​ភូមា​ទេ​។​
​បើ​យោង​តាម​កាសែត​ Bangkok​ Post​ ក្រុម​សមត្ថកិច្ច​ថៃ​បាន​រឹម​អូស​អាវុធ​ប្រភេទ​៨១​ និង​៨២​ មី​លី​ម៉ែត្រ​ ដែល​ជា​ប្រភេទ​កាំភ្លើង​បាញ​ផ្លោង​សរុប​ចំនួន​បី​ដើម​ និង​គ្រាប់​ទំហំ​ ៨២​ មី​លី​ម៉ែត្រ​ចំនួន​បី​គ្រាប់​ និង​ឧបករណ៍​សម្រាប់​បំផ្ទុះ​ចំនួន​មួយ​និង​ទូរស័ព្ទ​ដៃ​ចំនួន​ប្រាំមួយ​គ្រឿង​។​

​សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​ ៣​ មិថុនា​ ឆ្នាំ​ ២០១៧​ អាជ្ញាធរ​ថៃ​ក្នុង​ខេត្ត​ត្រា​ត​បាន​ឃាត់ខ្លួន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ខ្មែរ​ម្នាក់​ពី​បទ​សង្ស័យ​ថា​បាន​ជួញដូរ​អាវុធ​ពី​ប្រទេស​កម្ពុជា​បន្ទាប់​ពី​អាវុធ​ខុសច្បាប់​ត្រូវ​បាន​រក​ឃើញ​ក្នុង​រថយន្ត​របស់​មន្ត្រី​ប៉ូលិស​កម្ពុជា​រូប​នោះ​។​ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ក៏​បាន​បដិសេធ​ការ​ជាប់​ពាក់​ព​ន្ធ័​ជាមួយ​កម្ពុជា​ដូច​គ្នា​នេះ​ដែរ​៕

Share

Image
Image
Image