en     km
en     km

​កម្ពុជា​គ្រោង​បញ្ជូន​ពលករ​ខ្មែរ​ជា​លើក​ដំបូង​ទៅ​ប្រទេស​គុយ​វ៉ែត​

Share

​ភ្នំពេញ​៖​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​អំពី​គម្រោង​បញ្ជូន​ពលករ​ខ្មែរ​ប្រមាណ​ ៥​ ពាន់​នាក់​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​គុយ​វ៉ែត​​នៅ​ឆ្នាំ​ក្រោយ​នេះ​។​ អង្គការ​សង្គម​ស៊ី​វិល​មួយ​ធ្វើការ​លើ​កិច្ច​ការ​ពារ​ជន​ចំណាក់ស្រុក​មានការ​ព្រួយបារម្ភ​អំពី​ការ​បញ្ជូន​ពលករ​ទៅ​ប​ញ្ចឹ​ម​បូព៌ា​ដែល​មានការ​គោរព​សិទ្ធិ​មនុស្ស​តិច​តូច​នៅឡើយ​។​ 

                 ក្រសួងបញ្ជូនពលករខ្មែរទៅបម្រើការងារនៅទីក្រុងហុងកុង នៅឆ្នំា ២០១៨។ រូបភាព៖ Internet

 

​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​អំពី​គម្រោង​បញ្ជូន​ពលករ​ខ្មែរ​ប្រមាណ​ ៥​ ពាន់​នាក់​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​គុយ​វ៉េ​ត​នៅ​ឆ្នាំ​ក្រោយ​នេះ​។​ ពលករ​ខ្មែរ​នឹង​បម្រើ​ការងារ​ លើ​ផ្នែក​ឧស្សាហកម្ម​ កសិកម្ម​ និង​សេវាកម្ម​។​

​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​សង្គមកិច្ច​ និង​ការងារ​របស់​ប្រទេស​គុយ​វ៉ែ​ត​កាលពី​ថ្ងៃ​ទី​ ២៤​ តុលា​ ម្សិលមិញ​ លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ថ្លែង​ថា​ កម្ពុជា​ត្រៀម​ពលករ​ខ្មែរ​ចំនួន​ ៥​ ពាន់​នាក់​ ដើម្បី​បញ្ជូន​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​គុយ​វ៉ែ​ត​ ដែល​ប្រទេស​ស្ថិត​ប​ញ្ចឹ​ម​បូព៌ា​ដោយ​ប្រើប្រាស់​ភាសា​អា​រ៉ាប់​។​

​លោក​ អ៊ិ​ត​ សំ​ហេង​៖​ «​ប្រសិនបើជា​ទៅ​ទីនោះ​គឺ​ឱកាស​ការងារ​ល្អ​ វា​ស្រប​ជាមួយនឹង​អ្វី​ប្រជាពលរដ្ឋ​នឹង​យុវជន​ យុវនារី​អាច​ទទួលយក​បាន​ ហើយ​លក្ខខណ្ឌ​ល្អ​ប្រាក់​ឈ្នួល​ល្អ​ យើង​គឺ​នឹង​ជំរុញ​ឱកាស​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​។​ខ្ញុំ​គិត​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​នយោបាយ​បើកចំហរ​ឆ្ពោះទៅ​កាន់​ប​ញ្ចឹ​ម​បូព៌ា​របស់​រាជរដ្ឋាភិបាល​»​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ លក្ខខណ្ឌ​សម្រាប់​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​គុយ​វ៉ែ​ត​គឺការ​បណ្តុះបណ្តាល​ជំនាញ​ និង​ភាសា​អង់​គ្លេ​ងជាមុន​ ជា​ពិសេស​ពលករ​ខ្មែរ​ដែល​ចេះ​និយាយ​ភាសា​អា​រ៉ាប់​។​

​លោក​ មឿ​ន​ តុលា​ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បង្ហាញ​ទស្សន​ថា​ កម្ពុជា​គួរ​មាន​ប្រុង​ប្រយ័ត្ន​មុន​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​គុយ​វ៉ែត​ ព្រោះ​ប្រទេស​នេះ​ពុំ​ទាន់​មាន​របាយការណ៍​ផ្លូវការ​ណាមួយ​បង្ហាញ​ពី​ការ​គោរ​សិទ្ធិ​មនុស្ស​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​ប្រទេស​នេះ​កំពុង​ត្រូវ​បាន​ឃ្លាំមើល​អំពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ដោយ​ក្រុម​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នានា​។​

​លោក​ មឿ​ន​ តុលា​ ៖«​និ​យា​យា​ទៅ​ប្រទេស​នៅ​ក្នុង​អា​រ៉ាប់​វា​មិន​ទាន់​មាន​របាយការណ៍​ណាមួយ​ថា​មានការ​គោរព​សិទ្ធិ​មនុស្ស​ ការ​គោរព​សិទ្ធិ​កម្មករ​ វា​នៅ​ក្នុង​បញ្ជី​តាមដាន​ឃ្លាំមើល​នៃ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​សំខាន់​រួម​មាន​អង្គការ​ Human​ Right​ Watch​ និង​ Amnesty​ international​ ផង​ ហើយ​មាន​របាយការណ៍​ជា​ច្រើន​ពាក់ព័ន្ធ​រឿង​ការ​រំលោភ​បំពាន​ ការ​ធ្វើ​ទារុណកម្ម​ ការ​រំលោភ​លើ​រាង​កាយ​ ជា​ពិសេស​ប្រសិនបើជា​កម្មករ​ជា​ស្ត្រី​រង​គ្រោះ​ការ​រំលោភ​បំពាន​»​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ ថ្លែង​បន្ត​ថា​ កម្ពុជា​មិន​ព្រួយបារម្ភ​ចំពោះ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​គុយ​វ៉េែត​ទេ​ ព្រោះ​ការ​បញ្ជូន​ពលករ​ស្ថិត​នៅ​កិច្ចព្រមព្រៀង​គ្នា​ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​ការងារ​ល្អ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាដើម​។​ តែ​លោក​ទទួលស្គាល់​ថា​ មាន​ពលករ​ខ្មែរ​មួយ​ចំនួន​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​មួយ​ចំនួន​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ និង​ការ​ជួញដូរ​ ដោយសារ​ពលករ​ទាំំ​ង​នោះ​ចំណាកស្រុក​ដោយ​ខុសច្បាប់​។​

​លោក​ មឿ​ន​ តុលា​ សង្កេត​ឃើញ​ថា​ បើ​ទោះជា​មានការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​នានា​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ក៏​ដោយ​តែ​ពលករ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ នៅ​ប្រទេស​ថៃ​ និង​ម៉ា​ឡេ​ស៊ី​។​លោក​ថា សូ​ម្បី​តែពលករ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​បញ្ជូន​ក្នុង​ក្រម​ខ​ណ្ខ​រដ្ឋ​និង​រដ្ឋ​នូវ​មានការ​រំលោភ​បំពាន ​ខ្លះ​ផង​ដែរ​។​

​កាលពី​ឆ្នាំទៅ​មិ​ញ​កម្ពុជា​បា​ន ប​ញ្ចូ​ន​ពលករ​ស្ត្រី​ខ្មែរ​បម្រើ​តាម​ផ្ទះ​ជា​ច្រើន​សិប​នាក់​ទៅ​ទីក្រុង​ហុងកុង​ បន្ទាប់​ពី​កម្ពុជា​ និង​អាជ្ញាធរ​ដែនដី​បរទេស​មួយ​នេះ​ បាន​ចុះ​អនុស្សារ​ណ​ជាមួយ​គ្នា​ រួច​មក​។​

​ពលករ​កម្ពុជា​ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការងារ​ ជា​ការងារ​កម្មករ​ សំណង់​ ឬ​កម្មករ​ជំនាញ​ជាន់ខ្ពស់​ នៅ​បណ្ដាល​​ប្រទេស​ជា​ច្រើន​ រួម​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ថៃ​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើ់ង​ក្នុង​មួយ​ឆ្នាំៗ​។​ អ្នកជំនាញ​កិច្ចការ​សង្គម​ ព្រមាន​ពី​ការ​បាត់​ធនធានមនុស្ស​ នៅ​ក្នុង​ប្រទេស​កម្ពុជា​៕​

Share

Image
Image
Image