en     km
en     km

៨ខែកម្ពុជានាំចេញផលនេសាទបានជិត ១ម៉ឺនតោន ខណៈការងារកសិកម្មកើន១០០ភាគរយ ​

Share

​រយៈពេល៨ខែ ឆ្នាំ២០១៧ គឺ​ចាប់ពីខែមករា ដល់ខែសីហា ​ កម្ពុជាបាននាំចេញផលនេសាទជិត ១ម៉ឺនតោន ទទួលបានចំណូល​ ប្រមាណ ៣៣ម៉ឺនដុល្លារអាមេរិក​។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែសីហា ឆ្នាំ២០១៧។

​របាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា ក្នុងរយៈពេល ៨ខែនេះ ផល​នេសាទ​​នាំចេញ​បានចំនួន ៦ ៣៥០ តោន ស្មើ​​នឹង ៤២,៣៣% ​កើនឡើង​​ចំនួន ៥០តោន បើធៀបនឹងឆ្នាំ២០១៦ ខណៈផលនេសាទ​កែច្នៃ​បានចំនួន ៣៥៥០តោន ស្មើនឹង​​៧១ ភាគរយ កើនឡើងចំនួន ៥០តោន។

ក្រសួងបានឱ្យដឹងផងដែរថា សំណុំរឿង​​​បទល្មើស​ជលផលមានចំនួន ៤៨៩ករណី ក្នុងនោះបទល្មើសទឹកសាប មានចំនួន៤៦៥ ករណី និងសមុទ្រមានចំនួន​ ២៤ករណី។

ចំពោះការងារបង្កបង្កើនផលស្រូវ ក្រសួងបានបញ្ជាក់ដែរថា គិតមកដល់ខែសីហា ឆ្នាំ២០១៧ ​ការបង្កបង្កើនផលស្រូវនៅរដូវវស្សា បានលើសពី ១០០ភាគរយ ។

របាយការណ៍ស្តីពី​សភាពការណ៍កសិកម្ម រុក្ខាប្រម៉ាញ់ និងនេ​សាទ ប្រចាំខែ​សីហា ឆ្នាំ២០១៧ បានឱ្យដឹងបន្ដថា  ​ដោយសារស្ថានភាពទឹកភ្លៀង​បានធ្លាក់រាយប៉ាយ​តាមបណ្តាខេត្តនៅទូទាំងប្រទេស ការងារបង្កបង្កើនផល​​​រដូវវស្សាសម្រេចបាន​១០០,​៨៨ ភាគរយលើផ្ទៃដី​ជាង​ ២លានហិចតា (២៥១៨ ៦៨៥ហិចតា) នៃផែន​ការ ២លាន ៤សែន ៩មឺុន ៦ពាន់ ៧៩០ហិចតា ។​ ប៉ុន្តែស្ថាន ភាពទឹកជំនន់​​​ទឹកភ្លៀង​​ និងកម្ពស់ទន្លេមេគង្គបានធ្វើ​ឱ្យបានប៉ះពាល់ និងខូចខាត​​លើ​ដំណាំ​ស្រូវតាម​​បណ្តាខេត្តមួយចំនួនផងដែរ។

ក្រសួងបានឱ្យ​ដឹង​ទៀតថា​ ​ការប្រើប្រាស់គ្រឿងយន្តសម្រាប់ផលិតកម្មកសិកម្ម បានកើនឡើង ​៩៣.៧៤ភាគរយ ខណៈការប្រើប្រាស់គោក្របីមានតែចំនួន ​៦,២៦ភាគរយប៉ុណ្ណោះ។

ចំណែកឯការប្រមូលស្រូវស្រាលវិញ​ រហូតមកដល់ពេលនេះសម្រេចបាន​​២៥៣​០៨៦ហិចតា ​លើផ្ទៃដី​ស្រូវស្រាល​សរុប ៦សែន ៤ម៉ឺន ៩ពាន់ ២៥០​ហិចតា ដោយទទួលបានទិន្នផលលើសឆ្នាំមុន។

ដោយឡែក​ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មការអនុវត្តបង្កបង្កើនផលបានធ្លាក់ចុះ បើធៀបនឹងកាលពីឆ្នាំមុន​។រីឯការនាំវិញអង្ករវិញ ក្នុងខែសីហាឆ្នាំ​២០១៦នេះ ​មានចំនួន ៥ម៉ឺន ៦ពាន់ ២៧៤តោន ​​កើនឡើង ២ម៉ឺន ៨ពាន់ ​៤៧៥តោន បើធៀបនឹងខែ សីហាកាលពីឆ្នាំ ២០១៦៕

Share

Image
Image
Image