en     km
en     km

ឯកអគ្គរដ្ឋទូតថ្មីប្រទេសប្រជាធិបតេយ្យធំៗប្រចាំកម្ពុជា ចូលកាន់តំណែងជាបន្តបន្ទាប់

Share

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសប្រជាធិបតេយ្យធំៗលើពីភពលោក ប្រចាំកម្ពុជានឹងចូលមកកាន់ដំណែងនៅកម្ពុជាឆាប់ៗនេះ ខណៈស្ថានភាពនយោបាយនៅកម្ពុជាត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិព្រួយបារម្ភខ្លាំង ។ អ្នកវិភាគថា ការតែងតាំងតំណាងអ្នកការទូត មកកម្ពុជាគឺ ជារឿងធម្មតាដែលធ្វើឡើងជាប្រចាំ តែមិនមែនបានន័យថាប្រទេសទាំងនោះយល់ស្របនូវអ្វីដែលកម្ពុជាអះអាងកម្ពុជាមានរដ្ឋាភិបាលស្របច្បាប់ ។ មន្ត្រីរាជរដ្ឋាភិបាលថា កម្ពុជាធ្វើការយ៉ាងជិតស្និតជាមួយបណ្ដាប្រទេសទាំងនោះ ហើយក៏ស្វាគមន៍តំណាងប្រទេសទាំងអស់ដែលបញ្ជូនមកកម្ពុជា ឱ្យតែតំណាងទាំងនោះគោរពអធិបតេយ្យកម្ពុជា ។

រាយការណ៍ដោយលោក សោម លាភ

ឯកអគ្គរដ្ឋទូតរបស់ប្រទេសប្រជាធិបតេយ្យធំៗប្រចាំកម្ពុជាមិនតិចជាងបួននាក់នោះទេ បាននឹងកំពុងតែងតាំង និងចូលមកកាន់ដំណែងជាបណ្ដើរៗហើយ ។

ជាក់ស្ដែងនៅថ្ងៃទី ៦ កញ្ញានេះ ឯកអគ្គរដ្ឋទូតថ្មីរបស់អាឡឺម៉ង បានមកដល់កម្ពុជាដើម្បីទទួលដំណែងរបស់ខ្លួន ។

ស្ថានទូតអាឡឺម៉ង់បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដោយបញ្ជាក់ស្វាគមន៍ការអញ្ជើញមកដល់ របស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ។ ស្ថានទូតនេះបញ្ជាក់ថា លោក Christian Berger ឯកអគ្គរដ្ឋទូតថ្មីរបស់អាឡឺម៉ងប្រចាំកម្ពុជា រួមទាំងភរិយារបស់លោក គឺលោកស្រី Maria Berger បានមកដល់ភ្នំពេញហើយ ។

ស្ថានទូតអាឡឺម៉ង់ប្រចាំកម្ពុជាចុះផ្សាយបន្ថែមទៀតថា ឯកអគ្គរដ្ឋទូតថ្មីនេះ មានបទពិសោធធ្វើជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសវៀតណាម និងប្រទេសឡាវជាដើម ដែលការណ៍នេះ ធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍មិនមែនប្លែកចំពោះលោកនោះទេ ។

ជាងនេះទៅទៀត សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាឡឺម៉ង់ប្រចាំកម្ពុជា ក៏បានស្រង់សម្ដីរបស់លោក លោក Christian Berger ដោយលោក Christian Berger មានប្រសាសន៍ថា«ខ្ញុំរីករាយដែលបានមកប្រទេសកម្ពុជាដែលជាប្រទេសដែលមានប្រវត្ដិចំណាស់ និងសំបូរបែប ។ ខ្ញុំទន្ទឹងរង់ចាំមើល និងស្វែងយល់ ពីការអភិវឌ្ឍឥតឈប់ឈរ ក៏ដូចជាការវិវត្តដ៏ខ្លាំងក្លានានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ អាល្លឺម៉ង់និងកម្ពុជាគឺជាមិត្ត ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចចូលរួមចំណែកក្នុងការពង្រឹងមិត្តភាពមួយនេះបាន» ។

ដោយឡែក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបវិញ ដែលនឹងត្រូវចូលកាន់ដំណែងជំនួសឱ្យលោក George Edgar គឺលោកស្រី Carmen Moreno ។

យ៉ាងណាលោកស្រី Carmen Moreno ជាជនជាតិអេស្ប៉ាញ បម្រើការងារក្នុងក្រសួងការបរទេសនៃប្រទេសអេស្ប៉ាញ ។

លោកស្រី គឺជាមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) និងជាតំណាងពិសេសប្រចាំនៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ។

មិនត្រឹមតែប៉ុណ្ណោះ លោកស្រី  Carmen Moreno ក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសថៃទៀតផង ។

បើតាមលោក George Edgar បញ្ជាក់ថាលោកស្រី Carmen Moreno  នឹងមកកម្ពុជានៅខែកញ្ញានេះ ។

ដោយឡែក សហរដ្ឋអាមេរិក ក៏បានចាត់តាំងលោក  Patrick Murphy ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាជំនួសឱ្យលោក William A. Hedt ផងដែរ ។

ស្ថានទូតអាមេរិកសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដោយបង្ហាញការសាទរចំពោះលោកឯកអគ្គរដ្ឋទូត Patrick Murphy ដែលបានទទួលការអនុម័តពីព្រឹទ្ធសភាសហរដ្ឋអាមេរិក និងការតែងតាំងពីលោកប្រធានាធិបតី ។ ស្ថានទូតនេះថា លោក Patrick Murphy និងក្រុមគ្រួសាររបស់លោក នឹងមកដល់ភ្នំពេញ ក្នុងពេលឆាប់ៗនេះ ។

ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បញ្ជាក់ថា កូនស្រីរបស់លោកឯកអគ្គរដ្ឋទូត Patrick Murphy ឈ្មោះ Meghan ធ្វើជាសាក្សី ក្នុងពេលលោកស្បថចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា នៅក្នុងសាល Hall of Flags នៃក្រសួងការបរទេស ក្នុងរដ្ឋធានីវ៉ាស៊ីងតុន ។

លោក Patrick muphy ​ប្តេជ្ញាចិត្ត​ ក្នុង​ការ​បំពេញ​មុខងារ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិកប្រចាំនៅកម្ពុជា ថានឹង​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​រវាង​អ្នក​នយោបាយ​ខ្មែរ ។ ​ជាងនេះ នឹងធ្វើឱ្យកម្ពុជា​គោរព​តាម​គោលការណ៍​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចប្រឹងប្រែង​ដើម្បី​ការពារ​អធិបតេយ្យ​របស់​ប្រទេស​នេះ ។

បើតាមវិទ្យុអាស៊ីសេរី លោកក៏បានបញ្ជាក់ថា លោកនឹងពិចារណាគ្រប់មធ្យោបាយទាំងអស់របស់អាមេរិក ក្នុងការដាក់ទណ្ឌកម្មដល់របបដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ ពោលគឺធ្វើយ៉ាងណា ដើម្បីឱ្យមានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា និងបើកសិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល  លោក ផៃ ស៊ីផាន ថាកម្ពុជានឹងមិនស្វាគមន៍នូវគោលជំហររបស់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះទេ ហើយការធ្វើបើបែបនេះគឺ វត្តមានរបស់​ឯកអគ្គរដ្ឋទូតរូបនេះ គឺគ្មានប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនោះទេ។

ដោយឡែក សម្រាប់ប្រទេសជប៉ុនវិញ ក៏បានតែងតាំង ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាផងដែរ ជំនួសឱ្យលោក Hidehisa Hironouchi  ។

បើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ២ កញ្ញា សរសេរថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា  បានមកដល់កម្ពុជាហើយ ។

ស្ថានទូតនេះ សរសេរដោយស្រង់សម្ដីរបស់ ឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា គឺលោក Mikami Masahiro ដែលលោកមានប្រសាសន៍ក្នុងន័យដើមថា «ខ្ញុំមានកិត្តិយស និងសប្បាយរីករាយយ៉ាងក្រៃលែង បានមកកាន់ប្រទេសកម្ពុជាដែលជាមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន និងជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយលោក លោកស្រី ក្មួយៗ និងទស្សនាទីកន្លែងនានានៅប្រទេសកម្ពុជា» ។

លោក​ Mikami Masahiro ធ្លាប់ជាជំនួយការ​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក​ការិយាល័យ​កិច្ចការ​ច្បាប់​អន្តរជាតិ នៃ​ក្រសួងការបរទេស​ជប៉ុន ​។​

គេសង្កេតឃើញថា អគ្គរដ្ឋទូតថ្មីដែលបាននិងកំពុងនឹងមកបំពេញការងារនៅកម្ពុជាទាំងនេះ សុទ្ធសឹងតែជាប្រទេសប្រជាធិបតេយ្យជឿនលឿន និងប្រទេសអភិវឌ្ឍន៍ខ្លាំង ។ ជាងនេះ ប្រទេសទាំងនេះ ក៏ជាប្រទេសដែលផ្ដល់ជំនួយ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាជាច្រើន ។

ជាក់ស្ដែង សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ផ្ដល់ការអនុគ្រោះពន្ធនាំចូលទំនិញទៅទីផ្សាររបស់ខ្លួនសរុបប្រមាណ ១០០០ លានដុល្លារ ក្នុងមួយឆ្នាំ ។

ការបំពេញចូលមកបំពេញការងាររបស់ឯកអគ្គរដ្ឋទូតទាំងនេះ ស្របពេលដែលស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាមានការវាយតម្លៃពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថា មានភាពយ៉ាប់យើនខ្លាំង ។

អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា គឺលោកបណ្ឌិត មាស នី ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នារសៀលថ្ងៃទី ៦ កញ្ញានេះថា ការផ្លាស់ប្ដូរឯកអគ្គរដ្ឋទូតប្រចាំប្រទេសនីមួយៗ ក៏ដូចជាកម្ពុជាជាដើម គឺជារឿងធម្មតា និងធ្វើឡើងជាប្រចាំ ។

លោក បណ្ឌិតមាស នីបន្ថែមថា ជាទូទៅកិច្ចការរបស់ឯកអគ្គរដ្ឋទូត ឬឯកអគ្គរាជ មានតួនាទីក្នុងការតាមដាន និងរាយការណ៍អំពីអ្វីដែលខ្លួនសង្កេតឃើញនៅប្រទេស ខ្លួនតាំងនៅ។

យ៉ាងណាបើទោះបីជា ប្រទេសទាំងនោះបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជាក៏ដោយ លោកបណ្ឌិតមាស នីថាមិនមែនបានន័យថាប្រទេសទាំងនោះទទួលស្គាល់ និងស្របនូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាអះអាងនោះទេ ។

លោក ផៃ ស៊ីផាន ធ្លាប់មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា តំណាងប្រទេសណាក៏ដោយ ដែលតែងតាំងតំណាងរបស់របស់ខ្លួននៅកម្ពុជា គឺកម្ពុជាស្វាគមន៍ទាំងអស់ ឱ្យតែប្រទេសទាំងនោះគោរពអធិបតេយ្យកម្ពុជា ៕

Share

Image
Image
Image