en     km
en     km

ឪពុក​កុមារី​រង​គ្រោះ​ដោយ​ការ​រំលោភ​សេពសន្ថវៈ​កាលពី​៥​ឆ្នាំ​មុន​ បន្ត​ស្វែងរក​យុត្តិធម៌​ដល់​កូនស្រី​

Share

ខេត្ត​ព្រះ​សីហ​នុ​៖​ រយៈពេល​ជាង​ ៦​ ខែ​ ក្រោយ​ពី​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ បាន​ចេញ​សាលក្រម​កាត់ទោស​ មន្ត្រី​ប៉ូ​លី​សម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥​ ឆ្នាំ​ និង​សងជំងឺចិត្ត​ដល់​គ្រួសារ​កុមារី​រង​គ្រោះ​ចំនួន​ ៤០​ លាន​រៀល​ ក្នុង​ករណី​រំលោភ​កុមារី​អាយុ​ ១១​ ឆ្នាំ​ កាលពី​ឆ្នាំ​ ២០១០​ ប៉ុន្តែ​នៅ​មិន​ទាន់​មានការ​អនុវត្ត​ទោស​ និង​សង​សំណង​នៅឡើយ​ ទើប​ឪពុក​កុមារី​រង​គ្រោះ​បន្ត​ស្វះ​ស្វែងរក​យុត្តិធម៌​ដល់​សាលាឧទ្ធរណ៍​។​

​ឪពុក​កុមារី​រង​គ្រោះ​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​កាលពី​៥​ ឆ្នាំ​មុន​ សម្ដែង​ការ​ខកចិត្ត​ ដោយសារ​មិន​មានការ​អនុវត្ត​ទោស​ចំពោះ​ជនឧក្រិដ្ឋ​ដែល​បាន​រំលោភ​កូនស្រី​គាត់​។​

cover--raping-on-girl
រូបតំណាង

​លោក​ យ​.​ប​.​ល​ ជា​ឪពុក​របស់​កុមារ​ង​គ្រោះ​ បានឱ្យ​វិទ្យុ​ស្ត្រី​ FM102​ នៃ​ WMC​ ដឹង​នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ​ថា​ សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ថ្ងៃ​ទី​៩​ ខែ​៤​ ឆ្នាំ​២០១៥​ បាន​ចេញ​សាលក្រម​កាត់ទោស​មន្ត្រី​ប៉ូ​លី​សម្នាក់​ មាន​ឋានន្តរស័ក្តិ​អនុសេនីយទោ​ ធ្វើការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ឈ្មោះ​ កង​ សុ​ផាត​ ដែល​ជា​ជនល្មើស​រំលោភ​កុមារី​រង​គ្រោះ​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥​ ឆ្នាំ​ និង​សងជំងឺចិត្ត​ដល់​គ្រួសារ​កុមារី​រង​គ្រោះ​ចំនួន​៤០​លាន​រៀល​។​ ប៉ុន្តែ​ដោយសារ​ជនល្មើស​បាន​ប្ដឹង​ឧទ្ធរណ៍​ ទើប​រហូត​មក​ដល់​ពេល​នេះ​ គ្រួសារ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​។​

​លោក​មាន​ប្រសាសន៍​ថា​៖​ «​ទើប​ប្រកាស​សាលក្រម​ថ្ងៃ​ទី​៩​ ខែ​៤​ ឆ្នាំ​២០១៥​ ហ្នឹង​ ប្រកាស​សាលក្រម​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥​ឆ្នាំ​ និង​សងជំងឺចិត្ត​ឱ្យ​ជន​រង​គ្រោះ​៤០​លានរ​រៀល​។​ ឥឡូវ​ហ្នឹង​ជំងឺ​ចិត្ត​ ៤០​លាន​រៀល​ក៏​អត់ឱ្យ​ ហើយ​អ្នក​ជន​ដែល​ប្រព្រឹត្ត​ហ្នឹង​ក៏​នៅ​ក្រៅ​ឃុំ​ នៅ​ធ្វើ​ជា​អនុសេនីយទោ​សក្តិ​ ២​ នៅ​ធ្វើ​ជា​ប៉ូ​លី​ស​រាល់ថ្ងៃ​»​។​

​លោក​បាន​បញ្ជាក់​ថា​ មក​ដល់​ពេល​នេះ​ កូនស្រី​របស់​លោក​នៅ​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ ហើយ​បច្ចុប្បន្ន​នេះ​ កូនស្រី​របស់​លោក​ស្នាក់​នៅ​ក្នុង​អង្ក​ការ​មួយ​។​

​មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​ចាត់ចែង​ការិយាល័យ​ ឃ្លាំមើល​ការ​រំលោភសិទ្ធិ​ស្ត្រី​ និង​កុមារ​ កញ្ញា​ ណាប់​ សុ​ម៉ា​លី​ ដែល​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ លើ​ករណី​នេះ​បានឱ្យ​ដឹង​ថា​ ជនល្មើស​ត្រូវ​បាន​ដោះ​លែង​ភ្លាមៗ​ បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​ដល់​ព្រះរាជអាជ្ញា​ ដោយ​ព្រះរាជអាជ្ញា​បាន​លើក​ឡើង​ថា​ មិន​មាន​ភស្តុ​តាង​ដើម្បី​ដាក់បន្ទុក​លើ​ជនល្មើស​។​

​កញ្ញា​បាន​បន្ត​ថា​ សម្រាប់​អង្គការ​លី​កាដូ​យល់​ថា​ ព្រះរាជអាជ្ញា​គួរតែ​បើក​ការ​ស៊ើបអង្កេត​ លើ​សំណុំរឿង​នេះ​ មុន​ពេល​ដែល​សម្រេច​ដោះ​លែង​ជនល្មើស​។​ កញ្ញា​ថ្លែង​ថា​៖​ «​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ ជនល្មើស​ត្រូវ​បាន​ដោះ​លែង​ភ្លាមៗ​ បន្ទាប់​ពី​បាន​បញ្ជូន​ទៅ​ដល់​ព្រះរាជអាជ្ញា​ ដោយ​ព្រះរាជអាជ្ញា​អះអាង​ថា​ មិន​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ ក្នុង​ការ​ដាក់បន្ទុក​អី​ជាដើម​។​ សម្រាប់​អង្គការ​លី​កាដូ​យល់​ឃើញ​ថា​ ព្រះរាជអាជ្ញា​គួរតែ​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ​ មុន​ពេល​សម្រេចចិត្ត​ដោះ​លេង​ជនល្មើស​…»​។​

​កញ្ញា​បាន​បន្ត​ថា​ បើសិនជា​ជន​ដែល​ប្រព្រឹត្តិ​នោះ​មិន​មានបុណ្យ​សក្តិ​អ្វី​ទេ​ នោះ​តុលាការ​អនុវត្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ ដោយឡែក​បើសិនជា​ជន​ដែល​ប្រព្រឹត្តិ​នោះ​មាន​អំណាច​ ឬ​ប្រាក់​កាស​ នោះ​ ពួក​គេ​តែងតែ​ត្រូវ​បាន​រួចខ្លួន​ពី​ច្បាប់​។​
​កញ្ញា​បាន​បន្ត​ថា​ ក្នុង​នាម​អង្គការ​លី​កាដូ​ កញ្ញា​សូម​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​បញ្ចប់​ការ​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ត្រី​ និង​កុមារ​ ដោយ​ពង្រឹង​នូវ​ ស្ថាប័ន​ ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ពេញលេញ​ និង​បញ្ឈប់​អំពើ​និទ្ទណ្ឌភាព​ ព្រមទាំង​អំពើ​ពុក​រួយ​ផង​ដែរ​។​

​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ ជួន​ ណា​រិ​ន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ មិន​មាន​អ្នក​ទទួល​។​

​សូម​រំឭក​ថា​ ហេតុការណ៍​រំលោភ​សេពសន្ថវៈ​នេះ​ បាន​កើតឡើង​ស្ថិត​ក្នុង​ក្រុម​៩​ ភូមិ​៣​ សង្កាត់​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ឆ្នាំ​២០១០​ នៅ​ពេល​នោះ​កុមារី​រង​គ្រោះ​មាន​អាយុ​១១​ឆ្នាំ​៕

Share

Image
Image
Image