មេបញ្ជាការកងទ័ពភូមាឧត្តមសេនីយ៍មីនអ៊ុងឡាំង បានអះអាងថា ពលរដ្ឋដែលរត់ភៀសខ្លួនដោយសារអំពើហិង្សាពួកគេ មិនមានដើមកំណើតនៅភូមាទេ គឺជាជនចំណាកស្រុកខុសច្បាប់ និងជាក្រុមគ្រួសាររបស់ពួកជ្រុលនិយមដែលប៉ុនប៉ងបំបែករដ្ឋ។
លោកឧត្តមសេនីយ៍មីនអ៊ុងឡាំងបាននិយាយថា សហគមន៍នេះ មិនមែនជាជនជាតិដើមភាគតិចនោះទេ គឺពួកគេជាក្រុមខុសច្បាប់ ដែលជាក្រុមជ្រុលនិយម មានផែនការបំបែករដ្ឋ។
សហគមន៍រ៉ូហុីងយ៉ា ភាគច្រើននៅរដ្ឋរ៉ាកខាយ ភាគខាងជើងប្រទេសភូមា។ សហគមន៍នេះ កាន់សាសនាម៉ូស្លីម ហើយជាជនអន្តោប្រវេសន៍មកពីប្រទេសបង់ក្លាដេសនិងប្រទេសឥណ្ឌា។
សហគមន៍នេះ មករស់នៅក្នុងប្រទេសភូមា តាមរយៈអាណានិគមអង់គ្លេស។ សហគមន៍នេះ មិនត្រូវបានរាប់ជាពលរដ្ឋភូមា ហើយការពារដោយរដ្ឋធម្មនុញ្ញនោះទេ។
តាមរយបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីផ្ទុះហិង្សា ឆ្នាំ២០១២មក សហគមន៍រ៉ូហ៊ីងយ៉ាបានធ្វើចំណាកស្រុកទៅប្រទេសបង់ក្លាដេស នឹងប្រទេសជិតខាងមួយចំនួនទៀត ដែលមានជិត ២០ ម៉ឺននាក់។ហិង្សាកើតឡើងនេះ ដោយសារការរើសអើងជាតិសាសន៍ និងសាសនា៕