en     km
en     km

អ្នក​តាមដាន​បញ្ហា​សង្គម​ ៖​ អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​ គួរតែ​ស្ទង់​មតិ​វាយតម្លៃ​ពី​ការងារ​មន្ដ្រី​ និង​តម្លៃ​សេវា​

Share

​ភ្នំពេញ​ ៖​ អ្នក​តាមដាន​បញ្ហា​សង្គម​ យល់​ថា​ អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​ គួរតែ​ធ្វើការ​ស្ទង់​មតិ​ ពី​ការងារ​របស់​មន្ដ្រី​ខ្លួន​ និង​តម្លៃ​សេវា​ ក្នុង​ការ​ធ្វើ​លិខិតឆ្លងដែន​។​ ការ​លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី​មានការ​សង្កេត​ឃើញ​ថា​ មានរឿង​អាស្រូវ​ជាមួយ​ចំនួន​បាន​លេច​ធ្លាយ​ជា​បន្ដបន្ទាប់​ ពី​ការ​បំពេញការងារ​របស់​មន្ដ្រី​អត្ដសញ្ញាណ​កម្ម​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ជា​រឿយៗ​រឿងអាស្រូវ​របស់​មន្ដ្រី​ដែល​បម្រើ​ការងារ​ នៅ​អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​ តែងតែ​ត្រូវ​បាន​លេច​ធ្លាយ​ជា​បន្ដបន្ទាប់​។​ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ កន្លង​ទៅ​ មាន​ករណី​មន្ដ្រី​អត្ដសញ្ញាណ​កម្ម​មួយ​រូប​ បដិសេធ​មិន​ទទួលយក​រូប​បិ​យ​ប័ណ្ណ​ប្រាក់​រៀល​ ពី​ពលរដ្ឋ​ដែល​ទៅ​ធ្វើ​លិខិតឆ្លងដែន​។​ ក្រោយ​ពី​មានការ​ចែកចាយ​បន្ដ​គ្នា​ នឹង​មានការ​រិះគន់​ចំពោះ​ទ​ង្វើ​នេះ​ អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​ បាន​សម្រេច​មន្ដ្រី​រូប​នោះ​ ចេញពី​ទីស្នាក់ការ​ផ្ដល់​សេវា​លិខិតឆ្លងដែន​ប្រចាំ​ផ្សារ​អ៊ី​អន​ម៉​ល​ ខណ្ឌ​សែន​សុខ​ មក​នាយកដ្ឋាន​លិខិតឆ្លងដែន​វិញ​ ដើម្បី​ត្រួតពិនិត្យ​ និង​ពិចារណា​អំពី​គោលការណ៍​វិន័យ​របស់​អង្គភាព​។​ តែ​យ៉ាងណា​មិនមែន​មាន​តែ​ករណី​នេះ​មួយ​ទេ​ កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​មន្ដ្រី​អត្ដ​សញ្ញា​កម្ម​ អង្គុយ​ចុច​ទូរស័ព្ទ​ លេង​ហ្វេ​ស​ប៊ុ​ក​ ហើយ​ត្រូវ​បាន​ពលរដ្ឋ​ដែល​ទៅ​ធ្វើ​លិខិតឆ្លងដែន​ថត​បង្ហោះ​។​

​ទាក់ទិន​បញ្ហា​នេះ​ អ្នក​តាមដាន​បញ្ហា​សង្គម​គិត​ថា​ វា​ហាក់ជា​រឿង​ច្រំ​ដែល​ នៃ​អាកប្បកិរិយា​របស់​មន្ដ្រី​ នៃ​អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​។​ ដើម្បី​ទប់ស្កាត់​ការ​កើតឡើង​បែប​នេះ​បន្ដ​ទៀត​ អ្នក​តាម​បញ្ហា​សង្គម​យល់​ថា​ អគ្គនាយក​ដ្ឋា​អត្ដសញ្ញាណ​កម្ម​ គួរតែ​ធ្វើការ​វាយតម្លៃ​ ពី​ការ​បំពេញការងារ​មន្ដ្រី​របស់​ខ្លួន​ឡើង​វិញ​។​

​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​ គួរតែ​មានការ​ពិនិត្យ​មើល​ឡើង​វិញ​ ពី​នីតិវិធី​ នៃ​ការ​បំពេញការងារ​របស់​ខ្លួន​។​ លោក​ចង់​ឲ្យ​មានការ​ស្ទង់​មតិ​ទៅ​លើ​ការ​ផ្ដល់​សេវា​សព្វថ្ងៃ​ និង​ការ​ពិនិត្យ​មើល​ឡើង​វិញ​ ពី​តម្លៃ​សេវា​ ទៅ​លើ​ការ​ធ្វើ​លិខិត​ឆ្លង​ដែរ​ តម្លៃ​ ១០០​ដុល្លារ​ រយៈពេល​ ២០​ថ្ងៃ​ ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង​កម្ពុជា​ ៖«​អ​ញ្ចឹ​ង​បើសិនជា​មានការ​វាយតម្លៃ​ទៅ​លើ​រឿង​ពីរ​ហ្នឹង​ ខ្ញុំ​គិត​ថា​ អាច​នឹង​ដឹង​ថា​ តើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​អ្វី​ដែល​គេ​ហៅ​ថា​ ជា​អ្វី​ដែល​ត្រូវ​កែ​លម្»​។​

​បន្ថែម​លើ​នេះ​លោក​ សន​ ជ័យ​ មើលឃើញ​ថា​ ក្រសួងមហាផ្ទៃ​ ក៏​គួរតែ​កែប្រែ​តារាង​តម្លៃ​សេវា​ ដោយ​សរសេរ​ទាំង​ចំនួន​ទឹកប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​ ដែល​លោក​គិត​ថា​ វា​ល្អ​ជាង​ការ​ដាក់​តែ​ចំនួន​ទឹកប្រាក់​ដុល្លារ​។​ ក្រៅពី​ចំណុច​នេះ​ នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មើលឃើញ​ថា​ ការ​ដាក់​បម្រាម​ហាម​ថតរូប​នៅ​កន្លែង​ធ្វើ​លិខិតឆ្លងដែន​ ហាក់​មិន​សមគួរ​នោះ​ទេ​ ពីព្រោះ​វា​បាន​ដើរ​ផ្ទុយ​ពី​គោលនយោបាយ​សេវា​សាធារណៈ​ ៖«​ខ្ញុំ​ឃើញ​តាំងពី​ដើម​ទី​មក​ម្លេះ​ការ​ដាក់​បម្រាម​ហាម​ថតរូប​ ហាម​អី​នៅ​កន្លែង​ផ្ដល់​សេវា​ វា​គឺជា​ការ​ដើរ​ផ្ទុយ​ពី​គោលនយោបាយ​ស្ដី​ពី​សេវា​សាធារណៈ​។​ គោលនយោបាយ​ហ្នឹង​បាន​និយាយ​ថា​ ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ទទួល​សេវា​ រិះគន់​ដើម្បី​កែ​លម្អ​ទៅ​ល​ឥរិយាបថ​របស់​អ្នក​ផ្ដល់​សេវា​។​ ប៉ុន្ដែ​បែរជា​ឃើញ​បម្រាម​ហ្នឹង​ទៅ​វិញ​ អ​ញ្ចឹ​ង​បាន​ន័យ​ថា​ កន្លែង​នោះ​មិន​ឲ្យ​រិះគន់​ទេ​។​ មិន​ឲ្យ​រិះគន់​មាន​ន័យ​ថា​ ម៉េច​ មាន​ន័យ​ថា​ អ្នកឯង​ដើរ​ខុស​ពី​គោលនយោបាយ​ស្ដី​ពី​ការ​ផ្ដល់​សេវា​សាធារណៈ​ហើយ​»​។​

​នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ អះអាង​ថា​ ការ​បំពេញការងារ​របស់​មន្ដ្រី​ផ្ដល់​សេវា​ នៃ​អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​ នឹង​បាន​ល្អ​ប្រសើរ​ ហើយ​ប្រជាពលរដ្ឋ​ នឹង​រីករាយ​ចំពោះ​រាជរដ្ឋាភិបាល​ បើសិនជា​មានការ​ស្ទង់​មតិ​លើ​ការ​បំពេញការងារ​របស់​មន្ដ្រី​ និង​តម្លៃ​សេវា​ ក្នុង​ធ្វើ​លិខិតឆ្លងដែន​នេះ​។​

​សូម​ជម្រាប​ថា​ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​អគ្គ​នាយ​ដ្ឋា​ន​អត្ដសញ្ញាណ​កម្ម​ បាន​អះអាង​ថា​ រូប​បិ​យ័​ណ្ណ​ប្រាក់​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​ មិន​អាច​ត្រូវ​បាន​បដិសេធ​មិន​ទទួលយក​ក្នុង​ការ​ផ្ដល់​សេវា​ណាមួយ​របស់​អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​ឡើយ​។​ អគ្គនាយកដ្ឋាន​សង្កត់ធ្ងន់​ថា​ រាល់​ការ​បដិសេធ​មិន​ទទួលយក​ប្រាក់​រៀល​ក្នុង​ការ​ស្នើ​សុំ​សេវា​ខាងលើ​ គឺជា​កំហុស​របស់​មន្ដ្រី​ទទួល​បន្ទុក​ផ្ដល់​សេវា​៕

Share

Image
Image
Image