en     km
en     km

អ្នក​តាមដាន​បញ្ហា​សង្គម​ ៖​ រដ្ឋ​គួរតែ​អប់រំ​ពី​ការ​បង្ការ​ និង​គ្រោះថ្នាក់​ នៃ​ជំងឺអេដស៍​ ជា​ជាង​ត្រៀម​ចែក​ស្រោម​

Share

ភ្នំពេញ​ ៖​ អ្នក​តាមដាន​បញ្ហា​សង្គម​ យល់​ថា​ រដ្ឋាភិបាល​គួរតែ​អប់រំ​ ពី​ការ​បង្ការ​ និង​គ្រោះថ្នាក់​ នៃ​ជំងឺអេដស៍​ ជា​ជាង​ការ​ត្រៀម​ចែក​ស្រោមអនាម័យ​ ពីព្រោះ​តែ​បុណ្យអុំទូក​ គឺជា​បុណ្យប្រពៃណី​ជាតិ​ មិន​សមគួរ​ក្នុង​ការ​ចែក​ស្រោមអនាម័យ​បែប​នេះ​ទេ​។​ យ៉ាងណា​អាជ្ញាធរ​ អះអាង​ថា​ ការ​ចែក​ស្រោមអនាម័យ​នេះ​ គឺជា​ការ​ចូលរួម​ក្នុង​ការ​ការពារ​ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺអេដស៍​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺអេដស៍​ បាន​ត្រៀម​ស្រោមអនាម័យ​ចំនួន​ ៣​ម៉ឺន​ស្រោម​ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ក្នុងអំឡុងពេល​បី​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​។​ ការ​ត្រៀម​ចែក​ស្រោមអនាម័យ​នេះ​ មិនមែន​ជា​លើក​ទី​មួយ​ឡើយ​ក្នុង​ឆ្នាំ​២០១៨​ ។​ អាជ្ញាធរ​អះអាង​ថា​ នេះ​ជា​យន្ដការ​មួយ​ដើម្បី​ទប់ស្កាត់​ និង​បង្ការ​ ការ​ឆ្លង​រីករាយ​ដាល​ នៃ​ជំងឺអេដស៍​។​

​តែ​យ៉ាងណា​សម្រាប់​អ្នក​តាមដាន​បញ្ហា​សង្គម​ យល់​ឃើញ​ថា​ សកម្មភាព​នេះ​ ហាក់​កំពុង​តែ​ជំរុញ​សកម្មភាព​ នៃ​ការ​រួម​ភេទ​ ហើយ​បាន​លុប​លើ​សារសំខាន់​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ថែម​ទៀត​។​

​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ត្រៀម​ចែក​ស្រោមអនាម័យ​ នៅ​ក្នុង​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​នេះ​ លោក​គិត​ថា​ មិន​សមគួរ​ទាល់តែ​សោះ​ ហើយ​វា​ជា​រឿង​ដែល​ហួសចិត្ដ​ និង​គួរ​ឲ្យ​អស់សំណើច​។​ លោក​ថា​ អាជ្ញា​គួរតែ​យកចិត្ដទុកដាក់​ទៅ​លើ​ការ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ បង្ការ​កុំ​ឲ្យ​មាន​ហេតុការណ៍​ សោក​នាក​ដម្ម​ដូច​កាលពី​ឆ្នាំ​២០១០​ នៅ​កោះ​ពេ​ជ្យ​វិញ​ទើប​ជា​ការ​ប្រសើរ​។​ បន្ថែម​ពី​នេះ​លោក​បន្ដ​ថា​ ចំពោះ​ការ​អប់រំ​ពី​ការ​បង្ការ​ និង​យល់​ដឹង​អំពី​ជំងឺអេដស៍​ គួរតែ​ទុក​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ សមាគម​ និង​អ្នក​ធ្វើ​កិច្ចការ​សង្គម​ជា​អ្នក​ធ្វើ​ ៖«​ខ្ញុំ​គិត​ថា​ មិនមែន​ជា​រឿង​ដែល​ទាក់ទង​និង​គណនេយ្យ​ភាព​សាធារណៈ​ទេ​ រឿង​ចែក​ស្រោម​នេះ​ណា​ បើសិនជា​មាន​អង្គការ​ សមាគម​ ឬ​ក៏​ក្រុម​ដែល​ធ្វើការ​សង្គម​គេ​អាច​ធ្វើ​បាន​ ហើយ​អាជ្ញាធរ​ គ្រាន់តែ​គិតគូ​តែ​រឿង​ សណ្ដាប់ធ្នាប់​រឿង​សន្ដិសុខ​អី​ទៅ​បាន​ហើយ​។​ ពីព្រោះ​តែ​ពិធីបុណ្យ​អុំទូក​ធ្លាប់​មាន​បទ​ពិសោធ​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​អស់​រាប់រយ​អ្នក​»​។​

​លើស​ពី​នេះ​លោក​ថា​ អ្វី​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ​នោះ​ គឺ​ការ​រិះរក​វិធី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​ដួល​សន្លប់​ ពេល​ដែល​ពលរដ្ឋ​មក​ច្រើន​ក្នុង​ឱកាស​ពិធីបុណ្យ​ និង​ការ​អប់រំ​បង្ការ​ ពី​ការ​ឆ្លង​ជំងឺអេដស៍​ ជា​ជាង​ការ​ចែក​ស្រោម​ដែល​អាច​នាំ​ឲ្យ​មានការ​ទាក់ទាញ​ចំណាប់អារម្មណ៍​រឿង​ផ្លូវភេទ​។​

​ជុំវិញ​មតិ​រិះគន់​ពី​ការ​ត្រៀម​ចែក​ស្រោមអនាម័យ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ មិនមែន​តែ​អ្នក​តាមដាន​បញ្ហា​សង្គម​រូប​នេះនោះ​ទេ​ សូ​ម្បី​តែ​អ្នកលេង​បណ្ដាញ​សង្គម​នានា​ក៏​បង្ហាញ​យោបល់​ និង​ទស្សន​មិន​ពេញចិត្ដ​ដែរ​ ដោយ​អ្នកខ្លះ​យល់​ថា​ ជា​ការ​ជំរុញ​មនុស្ស​ឲ្យ​គិតតែ​ការ​រួម​ភេទ​ និង​អ្នកខ្លះ​ទៀត​និយាយ​ថា​ មាន​តែ​កម្ពុជា​តែ​ប៉ុណ្ណោះ​ដែល​ធ្វើ​បែប​នេះ​។​

​ទាក់​រឿង​នេះ​ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺអេដស៍​ មាន​ប្រសាសន៍​ថា​ ជា​ការ​ពិត​រាល់​សកម្មភាព​ណាមួយ​សុទ្ធតែ​នឹង​ទទួល​បាន​ទាំង​ការ​រិះគន់​ និង​ការ​សរសើរ​។​ តែ​លោក​បញ្ជាក់​ថា​ គិត​មក​ដល់​ពេល​នេះ​នៅ​តែ​មាន​អ្នក​ឆ្លង​ជំងឺអេដស៍​នៅឡើយ​ ហើយ​មាន​តែ​ស្រោមអនាម័យ​ប៉ុណ្ណោះ​ ដែល​អាច​បង្ការ​ការ​ឆ្លង​ជំងឺ​ដែល​គ្មាន​ថ្នាំ​ព្យាបាល​នេះ​បាន​។​

​លោក​វេជ្ជបណ្ឌិត​ តែង​ គ​ន្ធី​ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺអេដស៍​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ចំនួន​ស្រោម​ ៣​ម៉ឺន​ដែល​ត្រៀម​ចែក​ជូន​ពលរដ្ឋ​នេះ​ គឺ​គ្រាន់តែ​ត្រៀម​តែ​ប៉ុណ្ណោះ​ មិនមែន​យក​ទៅ​ដើរ​ចែក​ជូន​ពលរដ្ឋ​តាម​ដងផ្លូវ​ តាម​ផ្ទះ​ ឬ​ក៏​តាម​ផ្សារ​ឡើយ​។​ លោក​វេជ្ជបណ្ឌិត​ថា​ យុទ្ធនាការ​នេះ​មិនមែន​ជា​លើក​ដំបូង​ដែរ​នៅ​កម្ពុជា​ទេ​ ពោល​គឺ​បាន​រៀបចំ​ជា​បន្ដបន្ទាប់​មក​ហើយ​ តាំងពី​ឆ្នាំ​២០០២​ និង​ ២០០៣​ មក​ម្លេះ​។​ លោក​វេជ្ជបណ្ឌិត​បន្ដ​ថា​ អាជ្ញាធរ​នឹង​រៀបចំ​ការ​ផ្សព្វផ្សាយ​អប់រំ​ រយៈពេល​បី​ថ្ងៃ​ជុំវិញ​ការ​បង្ការ​ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺអេដស៍​ ដែល​មាន​ទាំង​ការ​សម្ដែង​សិល្បៈ​ និង​ការ​ផ្ដល់​សារ​អប់រំ​ខ្លីៗ​ជាដើម​ ៖«​គឺ​មាន​ន័យ​ថា​ ការ​អប់រំ​ផ្សព្វផ្សាយ​តាម​រយៈ​ការ​ប្រគុំ​តន្ដ្រី​ជាមួយ​បងប្អូន​ដែល​នៅ​អុំទូក​រយៈពេល​ ៣​ថ្ងៃ​។​ យើង​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ ហើយ​នៅ​ពេល​ដែល​គាត់​អប់រំ​ យើង​និង​ជម្រាប​ជូន​ហើយ​ មិន​ហាម​គាត់​រួម​ភេទ​ទេ​។​ មាន​ន័យ​ថា​ អ៊ុំ​ ពូ​ មីង​លោក​ការពារ​ចំពោះ​ការ​ប្រព្រឹត្ដ​ផ្លូវភេទ​។​ អ​ញ្ចឹ​ង​ការពារ​ហ្នឹង​លោក​ហ្នឹង​សួរ​យើង​ហើយ​ ថា​ការពារ​តាម​ណា​ ការពារ​តាម​រយៈ​ស្រោមអនាម័យ​ ហើយ​ស្រោមអនាម័យ​នៅ​ណា​ នៅ​នេះ​ពួក​ខ្ញុំ​មាន​ ខ្ញុំ​ចង់​បញ្ជាក់​ជូន​កន្លែង​ហ្នឹង​»​។​

​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ ចំពោះ​យុទ្ធនាការ​ត្រៀម​ចែក​ស្រោមអនាម័យ​នេះ​ ពិតជា​អាច​ពិបាក​ស្ដាប់​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន​ ដោយសារ​តែ​ផ្នត់គំនិត​ពលរដ្ឋ​នៅ​តូច​ចង្អៀត​នៅឡើយ​ ចំពោះ​ការ​និយាយ​ដល់​ការ​រួម​ភេទ​នេះ​។​ តែ​យ៉ាងណា​ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍​នេះ​ គឺ​មាន​តែ​ស្រោមអនាម័យ​តែ​មួយ​មុខ​ប៉ុណ្ណោះ​។​

​លោក​វេជ្ជបណ្ឌិត​បន្ដ​ថា​ យុទ្ធនាការ​ត្រៀម​ចែក​ស្រោមអនាម័យ​មិនមែន​មាន​តែ​កម្ពុជា​នោះ​ទេ​ ជាក់ស្ដែង​នៅ​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ គឺ​យក​ទៅ​ចែក​តែ​ម្ដង​ ព្រោះ​ពួក​គេ​ចង់​ទប់ស្កាត់​ការ​ឆ្លង​ជំងឺអេដស៍​។​ លោក​វេជ្ជបណ្ឌិត​ តែង​ គ​ន្ធី​ បញ្ជាក់​ថា​ ការ​ឆ្លង​មេរោគ​អេ​ដស៍​នៅ​កម្ពុជា​ គឺ​នៅ​តែ​កើត​មាននៅ​ឡើយ​ទេ​។​ កាលពី​ឆ្នាំ​កន្លង​ទៅ​នេះ​ បាន​រក​ឃើញ​ថា​ មាន​មនុស្ស​ចំនួន​ជាង​ ៥៧០​នាក់​ បាន​ឆ្លង​នៅ​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​ពលរដ្ឋ​ជាង​ ៧០​ម៉ឺន​នាក់​ កំពុង​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ ហើយ​មាន​ពលរដ្ឋ​ប្រមាណ​ ៨៥​ ទៅ​ ៨៧​ភាគរយ​តែ​ប៉ុណ្ណោះ​ ដែល​បាន​មក​ទទួល​សេវា​ថែទាំ​ជំងឺអេដស៍​។​ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ផែនការ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​នូវ​អ្នក​ឆ្លង​ថ្មី​ នៃ​ជំងឺអេដស៍​ត្រឹម​ឆ្នាំ​២០២៥​។​

​លោក​វេជ្ជបណ្ឌិត​ ស្នើ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ដែល​ធ្លាប់​ឆ្លងកាត់​ការ​រួម​ភេទ​ ត្រូវ​តែ​ទៅ​ពិនិត្យ​សុខភាព​ ដើម្បី​ដឹង​ថា​ តើ​ខ្លួន​មាន​ផ្ទុកមេរោគ​អេ​ដស៍​ឬ​ក៏​អត់​។​ ការ​ដឹង​ពី​សុខភាព​ខ្លួនឯង​ គឺជា​រឿង​ចាំបាច់​បំផុត​ បើកាលណា​ដឹង​ថា​ ខ្លួន​គ្មាន​ផ្ទុកមេរោគ​អេ​ដស៍​ ត្រូវ​ត្រៀម​បង្ការ​គ្រប់ពេល​កុំ​ឲ្យ​ឆ្លង​។​ ដោយឡែក​បើ​ដឹង​ថា​ ខ្លួន​មាន​ផ្ទុកមេរោគ​អេ​ដស៍​ គឺ​ងាយ​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​អ្នក​ដទៃ​ និង​ត្រូវ​រូស​រាន់​ទៅ​ទទួល​សេវា​ថែទាំ​សុខភាព​ដោយ​មន្ទីរពេទ្យ​រដ្ឋ​គ្រប់កន្លែង​ដោយ​ឥត​គិតថ្លៃ​៕​

Share

Image
Image
Image