en     km
en     km

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ ៖​ កំណែ​ទម្រង់ការ​ប្រឡង​បាក់​ឌុ​ប​បាន​ឈាន​ដល់​ចំណុច​កាន់តែ​ប្រសើរ​

Share

ភ្នំពេញ​ ៖​ នាយក​ប្រ​តិ​បត្ត​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ កំណែ​ទម្រង់ការ​ប្រឡង​បាក់​ឌុ​ប​បាន​ឈាន​ដល់​ចំណុច​កាន់តែ​ប្រសើរ​ ខណៈ​រដ្ឋមន្ដ្រីក្រសួង​អប់រំ​ អះអាង​ថា​ ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុ​ប​ឆ្នាំ​២០១៨​នេះ​ កាន់តែ​ល្អ​ប្រសើរ​ ដោយ​ឈរ​លើ​គោលការណ៍​ ៤​ ចំណុច​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​នៅ​ថ្ងៃ​ទី​២០​ ខែសីហា​ នេះ​ គឺ​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្ដើម​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ហៅ​ថា​ ប្រឡង​បាក់​ឌុ​ប​។​ ឆ្នាំ​២០១៨​នេះ​ គឺជា​ឆ្នាំ​ទី​០៥​ ដែល​ក្រសួង​អប់រំ​ អនុវត្ដន៍​ទៅ​តាម​គោលការណ៍​ ច្បាប់​ យុត្ដិធម៌​ តម្លាភាព​ នឹង​លទ្ធផល​ទទួលយក​បាន​។​ ក្រសួង​អប់រំ​បាន​អនុវត្ដន៍​តាម​គោលការណ៍​នេះ​ កាលពី​ឆ្នាំ​២០១៤​ ដែល​កាលនោះ​ មាន​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ជា​ច្រើន​រូប​ បាន​តាមដាន​ នឹង​ឃ្លាំមើល​យ៉ាង​យកចិត្ដទុកដាក់​ នៅ​ពេល​ដែល​គោលការណ៍​នេះ​បាន​អនុវត្ដន៍​ ពេល​កំពុង​ប្រឡង​។​ ដោយឡែក​នៅ​ឆ្នាំ​២០១៨​នេះ​ អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​មួយ​រូប​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​អនុវត្ដ​របស់​ក្រសួង​អប់រំ​ គឺ​បាន​ឈាន​ដល់​ចំណុច​ដែល​កាន់តែ​ល្អ​ប្រសើរ​។​

​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២០​ ខែសីហា​នេះ​ថា​ នៅ​ឆ្នាំ​នេះ​ លោក​មិន​បាន​ចុះ​ទៅ​សង្កេត​មើល​នៅ​តាម​មណ្ឌល​ប្រឡង​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ទេ​។​ ពីព្រោះ​តែ​គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ យន្ដ​ការណ៍​របស់​ក្រសួង​អប់រំ​ បាន​ឈាន​ដល់​ឆ្នាំ​៥​ ទៅ​ហើយ​ ដែល​គ្មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ និង​គួរ​កែតម្រូវ​បន្ថែម​នោះ​ទេ​ ៖«​ខ្ញុំ​គិត​ថា​ ជា​ឆ្នាំ​មួយ​ដែល​មានការ​អនុវត្ដ​ហ្នឹង​ប្រសើរ​ដែរ​ហើយ​ អ​ញ្ចឹ​ង​បាន​យើង​មិនបាច់​ទៅ​អង្កេត​អី​ថែម​ទៀត​ទេ​»​។​

​ការ​មើលឃើញ​របស់​នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​នេះ​ គឺ​ស្រប​ពេល​ដែល​លោក​រដ្ឋមន្ដ្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នៅ​ថ្ងៃនេះ​ដែរ​បាន​មាន​ប្រសាសន៍​ថា​ ពី​មួយ​ឆ្នាំទៅ​មួយ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ កាន់តែ​ល្អ​ ហើយ​លោកគ្រូ​ អ្នកគ្រូ​ ក៏​ទទួល​បានការ​គោរព​ និង​ឲ្យ​តម្លៃ​កាន់តែ​ខ្ពស់​។​

​លោក​បណ្ឌិត​ ហង្ស​ ជូន​ណា​រ៉ុ​ន​ មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែសីហា​នេះ​ ដោយ​បញ្ជាក់​ថា​ កំណែទម្រង់​លើ​ការ​អប់រំ​ បាន​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ពួក​គេ​ ពី​ការ​ពឹងផ្អែក​ទៅ​សំណៅ​ឯកសារ​ មក​យកចិត្ដទុកដាក់​ក្នុង​ការ​សិក្សា​វិញ​។​ ជាមួយ​គ្នា​នេះ​លោក​បណ្ឌិត​ ហង្ស​ ជូន​ណា​រ៉ុ​ន​ អះអាង​ថា​ ការ​ប្រឡង​នេះ​ នឹង​ប្រព្រឹត្ដ​ទៅ​ដោយ​ឈរ​លើ​គោលការណ៍​ ច្បាប់​ យុត្ដិធម៌​ តម្លាភាព​ និង​អាច​ទទួលយក​បាន​ ៖«​ការ​ប្រឡង​នេះ​ នឹង​ប្រព្រឹត្ដ​ទៅ​ដោយ​ឈរ​លើ​គោលការណ៍​ចំនួន​ ០៤​ គឺ​គោលការណ៍​ច្បាប់​ ទី​២​គោលការណ៍​តម្លាភាព​ អ​ញ្ចឹ​ង​យើង​ឃើញ​ហើយ​ទាំងអស់​គ្នា​ គឺ​យើង​បើក​ការ​ប្រឡង​នេះ​ឲ្យ​មាន​អ្នក​ស្ម័គ្រចិត្ដ​ចូល​ ឲ្យ​មាន​អង្គភាព​ពាក់ព័ន្ធ​ចូល​ត្រួតពិនិត្យ​ ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ ទី​៣​ ការ​ប្រឡង​នេះ​រៀបចំ​ឡើង​ដោយ​ភាព​យុត្ដិធម៌​ អ​ញ្ចឹ​ង​គឺ​អ្នកចេះ​ជាប់​ ទី​៤​ លទ្ធផល​អាច​ទទួលយក​បាន​»​។​

​សូម​ជម្រាប​ថា​ យោង​តាម​ការ​វាយតម្លៃ​ពី​ក្រសួង​អប់រំ​ ដំណើរការ​ប្រឡង​នៅ​តាម​មណ្ឌល​នីមួយៗ​ នៅ​ទូ​ទាំង​ប្រទេស​ បាន​ដំណើ​ការ​ដោយ​ភាព​ស្ងប់ស្ងាត់​ និង​មាន​របៀបរៀបរយ​ល្អ​ ដោយ​មានការ​យកចិត្ដទុកដាក់​ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈកម្មការ​ មេ​ប្រយោគ​គ្រប់​លំដាប់ថ្នាក់​ មន្ដ្រី​ អ្នក​សង្កេត់ការណ៍​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​ យោង​តាម​គេហទំព័រ​ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា​ ក្នុង​ដំណើរការ​សំ​ណេ​រ​ថ្ងៃ​ទី​២០​ ខែសីហា​ ដែល​ជា​ថ្ងៃ​ទី​០១​នេះ​ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ ១​សែន​ ១​ម៉ឺន​ ៥​ពាន់​ ២៦៨​នាក់​ (១១៥២៦៨​នាក់​)​ ហើយ​មាន​ស្សិស​ស្រី​ ៥​ម៉ឺន​ ៨​ពាន់​ ១៥៨​នាក់​ (៥៨១៥៨​នាក់​)​ ខណៈ​មាន​សិស្ស​ អវត្ដមាន​សរុប​ ១​ពាន់​ ៧០៨​នាក់​ ហើយ​មាន​សិស្ស​ ស្រី​ ៦៩២​នាក់​៕

Share

Image
Image
Image