en     km
en     km

អ្នកស្លាប់និងអ្នករងគ្រោះករណីពុលទឹកព្រែកនៅខេត្តក្រចេះបន្តកើនឡើង

Share

ភ្នំពេញ៖ ករណីពុលទឹកព្រែកទេរ ស្ថិតនៅចំណុចចម្លងឧបសម្ព័ន្ធភូមិស្រែនន និងចំណុចយ៉ែភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានកើនឡើងជាបន្តបន្ទាប់ពោលអ្នកស្លាប់កើនឡើង១៣នាក់ និងអ្នករងគ្រោះកើនឡើង១៧៨នាក់ គិតត្រឹមព្រឹកថ្ងៃទី ០៧ ឧសភា នេះ។ នេះបើតាមការគូសបញ្ជាក់ពីលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ។

 

                                             អ្នករងគ្រោះក្នុងករណីពុលទឹកព្រែកទេរ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ។

 

យ៉ាងតិចណាស់មនុស្ស ១៣នាក់ស្លាប់ និង ១៧៨នាក់ផ្សេងទៀតកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យខេត្ត និងភ្នំពេញ បន្ទាប់ពីផ្ទុះហេតុការណ៍ពុលទឹកព្រែកទេរ ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះដែលសង្ស័យថាមានសារជាតិពុល។ នេះបើតាមលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅរសៀលថ្ងៃទី ០៧ ឧសភា នេះ។

បើតាមលោក ប៉ែន លីណាត ករណីពុលទឹកព្រែកនេះបានផ្ទុះឡើងកាលពីល្ងាចថ្ងៃទី ០៥ ឧសភា ដោយពលរដ្ឋមានអាការៈ ឈឺ ពោះ ក្អួតចង្អោ ឈឺក អស់កម្លាំង ទន់ដៃជើង វិលមុខ ថប់ដង្ហើម បណ្តាលឱ្យមានអ្នកស្លាប់ជាបន្តបន្ទាប់។

ករណីពុលទឹកព្រែកនេះលោក ប៉ែន លីណាត មិនទាន់អាចគូសបញ្ជាក់ពីមូលហេតុពិតប្រាដកនោះទេ ដោយលោកថា ក្រុមការងារនៃក្រសួងសុខាភិបាលកំពុងយកសំណាកទឹកទៅពិនិត្យនៅភ្នំពេញ។ តែបើតាមការសន្និដ្ឋានជាបឋមពីលោកអភិបាលខេត្តនៅថ្ងៃកើតហេតុ ទឹកព្រែកនេះអាចមានសារជាតិពុល ដែលកើតចេញពីការបាញ់ថ្នាំសម្លាប់ស្មៅក្នុងស្រែរបស់កសិករ។

លោក ប៉ែន លីណាត គូសបញ្ជាក់ថា ករណីនេះមិនមែនបណ្តាលមកពីការបង្ហូរកាក់សំណាល់ពុលពីរោងចក្រ សហគ្រាស ឬសិប្បកម្ម ចូលក្នុងព្រែកនោះទេ ព្រោះភូមិសាស្រ្តនៅក្បែរទីតាំងកើតហេតុពុំមានរោងចក្រឧស្សាហកម្មឡើយ។

បើតាមលោកអភិបាលរងខេត្តក្រចេះដដែល អ្នកពុលទឹកព្រែកខាងលើភាគច្រើនគឺជនជាតិដើមភាគតិចរស់តាមបណ្តាយដងព្រែកទេរ ដែលជារឿយៗពួកគាត់ពុំបានចម្អិនទឹកឱ្យបានឆ្អិនល្អមុនបរិភោគនោះទេ។

                                                   លោកអភិបាលខេត្តក្រចេះចុះសួរសុខទុក្ខអ្នករងគ្រោះដោយពុលទឹកនៅមន្ទីរពេទ្យ។

 

យ៉ាងណាករណីពុលខាងលើនេះ ត្រូវបានក្រសួងសុខាភិបាលដាក់សង្ស័យថា អាចបណ្តាលមកពីការពុលស្រាដែលអ្នកភូមិបរិ ភោគ។ តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី ០៧ ឧសភា នេះបានឱ្យដឹងថា  អ្នកជំងឺដែលបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតគឺមានរោគសញ្ញាពុលស្រាដែលមានជាតិមេតាណុលខ្ពស់។ ចំណែកទឹកព្រែកដែលសង្ស័យថាមានសារជាតិពុលនោះ ក្រសួងសុខភិបាលនឹងចេញលទ្ធផលនៅថ្ងៃស្អែក។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រាប់អង្គភាពសារព័ត៌មាន Fresh news នៅថ្ងៃនេះ។

ចំពោះវិធានលើករណីនេះ អាជ្ញាធរមូលដ្ឋានបានសម្រេចការបិត និងលក់ស្រាសក្នុងមូលដ្ឋាន។ ដាក់បំរាមប្រជាពលរដ្ឋក្នុងភូមិនកុំឱ្យប្រើប្រាស់ទឹកអូរក្នុងតំបន់សង្ស័យ ហើយអាជ្ញាធរមូលដ្ឋានបាននាំយកទឹកស្អាតចែកជូនប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានធ្វើការអំពាវនាវដល់ពលរដ្ឋនៅខេត្តក្រចេះ ក៏ដូចជាប្រជាជនទាំងអស់ត្រូវអនុវត្តការរស់នៅស្អាត ការបរិភោគស្អាត ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ កុំពិសាសាច់មិនបានចម្អិនល្អ កុំទទួលស្រាដែលមិនមានប្រភពច្បាស់លាស់ និងមានដាក់មេតាណុលមកលាយ៕

 

 

Share

Image
Image
Image