en     km
en     km

អ្នកស្រី ទាវ ឆាត ទទួលបានពានរង្វាន់កសិករគំរូបន្ទាប់ពីរកឃើញជីធ្វើពីទឹកនោមគោ

Share

ជីវៈព័ត៌មាន៖ ស្រ្ដីម្នាក់បានវិវត្តន៍ខ្លួនឯងពីកសិករធម្មតាម្នាក់ រហូតបានទទួលពានរង្វាន់ជាកសិករគំរូក្នុងការតស៊ូ រហូតបានក្លាយជាប្រធានក្រុមផលិតបន្លែសរីរាង្គប្រចាំខេត្តកំពង់ឆ្នាំង។ តើការជោគជ័យរបស់អ្នកស្រីទាវ ឆាតមកពីកត្តាអ្វី ហើយអ្វីខ្លះដែលនាំអោយស្រ្ដីរូបនេះជោគជ័យ?

រស់នៅភូមិថ្មរាប ឃុំពង្រ ស្រុករល្អាប្អៀរ ខេត្តកំពង់ឆ្នាំង ស្ត្រីដែលទទួលបានពានរង្វាន់កសិករគំរូ ឬឆ្នើមនេះ គឺ អ្នកស្រី ទាវ ឆាត។ ស្ត្រីរូបនេះ បានកែច្នៃជីសរីរាង្គដោយធ្វើពីទឹកនោមគោ។

តាម​រយៈការប្រកាសជ្រើសរើសអ្នកដាំបន្លែសរីរាង្គពីមន្រ្ដីសម្របសម្រួលរបស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់សេដាក (CEDAC)។ អ្នកស្រី ទាវ  ឆាត បានចូលរួមដាំបន្លែសរីរាង្គអោយអង្គការមួយនេះ នៅឆ្នាំ ២០០៧។

អ្នកស្រីមានប្រសាសន៍ដូចនេះថា៖«មុនដំបូងមានអ្នកសម្របសម្រួលសេដាក គេចុះទៅរកអ្នកដាំបន្លែ ខ្ញុំក៏បានចូលដាំបន្លែនៅឆ្នាំ ២០០៧មក ខ្ញុំទទួលបានពានរង្វាន់កសិករគំរូរុករកគំនិតថ្មី នៅឆ្នាំ២០០៨ »។

ពានរង្វាន់កសិករគំរូរុករកគំនិតថ្មីដែលអ្នកស្រី ទាវ ឆាត ទទួលបាន គឺ ជ័យលាភីលេខ ១ ។

តាម​ឱ្យដឹងពីអ្នកស្រីការទទួលបានពានរង្វាន់នៅពេលនោះព្រោះគាត់បានបង្កើតជីធម្មជាតិឡើងពីទឹកនោមគោ។អ្នកស្រីបញ្ជាក់ថា ទឹកនោមគោពិតជាមានអត្ថប្រយោជន៍។

អ្នកស្រី ទាវ  ឆាត៖ «ច៎ា ដែលខ្ញុំជាប់ពានរង្វាន់លេខមួយដោយសារតែខ្ញុំចេះត្រងទឹកនោមគោយកទៅធ្វើជាជីកំប៉ុក »។

អ្នកស្រី ទាវ ឆាត បានប្រាប់ថា អ្នកស្រី ចិញ្ចឹមគោ ១០ក្បាល ដើម្បីត្រងយកទឹកនោម ធ្វើជាជីកំប៉ុះ សម្រាប់ដាំបន្លែ។

អ្នកស្រី​ ទាវ ឆាត៖ «ច៎ាខ្ញុំយកទៅធ្វើជាជីកំប៉ុក ដើម្បីស្រោចបន្លែ គោជិត ១០ដែលណា៎កូន។ ដាំបន្លែសរីរាង្គហ្នឹង គ្រប់ប្រាំង គ្រប់វស្សាតែម្ដង ។ ខ្ញុំដាំ សាឡាក់ គីមឆាយ ស្ពៃក្រញាញ់ សណ្ដែកគួរ ត្រសក់ »។

មានប្រសាសន៍បន្ដជាមួយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា​ អ្នកស្រីបានឱ្យដឹងថា ក្រោយទទួលបានពានរង្វាន់ អ្នកស្រីក៏មានឱកាសចេញទៅក្រៅប្រទេស ដើម្បីចូលរួមផ្លាស់ប្ដូរបទពិសោធន៍ និងចែករំលែកនូវអ្វីដែលខ្លួនបានរកឃើញ។

អ្នកស្រី​ ទាវ ឆាត៖«ច៎ា ខ្ញុំបានទៅខាងប្រទេសថៃ ហើយនិងប្រទេសវៀតណាម ច៎ាខ្ញុំទៅបង្រៀនគេទាក់ទងនិងការដាំបន្លែ»។

ជុំវិញរកឃើញថ្មីរបស់អ្នកស្រី ទាវ ឆាត នេះដែរ  លោក សម វិទូ នាយកប្រតិបត្តិអង្គការសេដាកបានឱ្យដឹងថា ការទទួលបានពានរង្វាន់កសិករឆ្នើមរបស់អ្នកស្រី ទាវ ឆាត ដោយសារតែអ្នកស្រីបានរកឃើញនូវអ្វីដែលថ្មី និងមានប្រយោជន៍ទៅដល់ការដាំដុះបន្លែសរីរាង្គតាមបច្ចេកទេសមួយដែលអង្គការសេដាកត្រូវការ។

លោក សម វិទូ ៖«ជាទូទៅយើងវាយតម្លៃលើបច្ចេកទេស របៀបអនុវត្តន៍លើការដាំដុះគាត់នឹងបច្ចេកទេសនៃការប្រើប្រាស់ជីរបស់គាត់ តើអ្វីដែលគាត់ធ្វើហ្នឹងដូចទៅនឹងអ្វីដែលគាត់និយាយមែនដែលឬអត់។ ចឹងយើងធ្វើការវាយតម្លៃដោយរបៀបណឹង»

ការដែលមានឆន្ទៈ​ចង់អោយបន្លែដែលដាំចេញមកបានល្អ និងគ្មានជាតិគីមីដោយបន្ថែមលើ ការទទួលបានចំណេះដឹង និងប​ច្ចេកទេសនៃការដាំបន្លែសរីរាង្គពីអង្គការសេដាកបានធ្វើអោយអ្នកស្រីទាវ ឆាត បានទទួលជោគជ័យពីមួយដំណាក់កាលទៅមួយដំណាក់កាលរហូតបានក្លាយជាប្រធានក្រុមផលិតបន្លែសរីរាង្គ ប្រចាំខេត្តកំពង់ឆ្នាំង។

អ្នកស្រី​ ទាវ ឆាត បានក្លាយជាប្រធានក្រុមផលិតបន្លែសរីរាង្គនេះ នៅដើមឆ្នាំ ២០០៩ រហូតមកទល់និងបច្ចុប្បន្ន។

ក្នុងវ័យ ៧៣ ឆ្នាំ អ្នកស្រី ទាវ ឆាត បានប្រាប់វិទ្យុស្រ្ដីថា ៖«ស្រ្ដីដូចគ្នា ទាល់តែមានការតស៊ូ តស៊ូស្វិតស្វាញទៀតទើបបានសម្រេច បើយើងធ្វើលេងៗមិនបានសម្រេចទេ ទាល់តែយើងខំប្រឹងទើបទទួលបានជោគជ័យ »

Share

Image
Image
Image