en     km
en     km

អ្នកសារព័ត៌មានជាង៥០នាក់សុំឱ្យរដ្ឋមន្រ្តីរកយុត្តិធម៌ករណីគម្រាម​កំហែងនិងចាប់ខ្លួន

Share

ភ្នំពេញ៖បន្ទាប់ពីអ្នកសារព័ត៌មាន៤នាក់នៅខេត្តរតនគីរីត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះ ធ្វើឱ្យអ្នកសារព័ត៌មានផ្សេងទៀត មានការព្រួបារម្ភយ៉ាងខ្លាំងពីសុវត្តិភាព និងភ័យខ្លាច ក្នុងការ ចុះស្រាវជា្រវយកព័ត៌មានអំពីសកម្មភាពបទល្មើសព្រៃឈើតទៅទៀត។

khiev

អ្នកសារព័ត៌មានជាង៥០នាក់ មកពីខេត្តក្រុងមួយចំនួន ដែលភាគច្រើនជាអ្នកយកព័ត៌មានបទស្មើសព្រៃឈើ នៅព្រឹកថ្ងៃទី២០ មិថុនានេះ បានមកដាក់ពាក្យបណ្តឹង រកអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

ក្រុមអ្នកសារព័ត៌មាន បានលើកឡើងថា ពួកគេតែងរងការគម្រាមកំហែងពីសំណាក់ឈ្មួញជួញដូរឈើ និងសមត្ថកិច្ច ។

ពាក្យបណ្ដឹងដែលពួកគេបានដាក់ទៅក្រសួងព័ត៌មាននៅព្រឹកនេះ ទទូចឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសម្តេចនាយករដ្ឋមន្រ្តី ជួយធ្វើអន្តរាគមន៍ទៅគ្រប់ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឱ្យក្រុមអ្នកសារព័ត៌មានមានសិទ្ធិសេរីភាពពេញលេញ ក្នុងការងារ របស់ខ្លួន ។

លោក អ៊ឹម សុភី នាយកការផ្សាយកម្មវិធីរបស់ទូរទស្សន៍ស៊ើបអង្កេត បានលើកឡើងថា

ករណីចាប់អ្នកសារព័ត៌មានទាំង៤នាក់នេះ គឺជាការរៀបចំទុកជាមុន ដើម្បីចោទប្រកាន់ទៅលើអ្នកទាំងនោះ។ លោកថា ក្រៅពីអ្នកទាំងនោះ នៅមានអ្នកសារព័ត៌មានផ្សេងទៀត ដែលគេរៀបទុកដើម្បីចោទប្រកាន់ផងដែរ ដើម្បីរារាំងអ្នក ទាំងនោះកុំឱ្យផ្សព្វផ្សាយព័ត៌មានពីបទល្មើសព្រៃឈើបន្តទៀត។

លោកថា អ្នករៀបចំគម្រោងនោះ គឺជាឈ្មួញជួញឈើដ៏ធំនៅខេត្តរតនគិរី ហើយពួកគេបានត្រូវរ៉ូវជាមួយសមត្ថកិច្ចនៅតំបន់នោះ។

លោកបន្ថែមថា«កន្លងមកអ្នកកាសែតហ្នឹងច្រើនតែឃើញបទល្មើសព្រៃឈើ ជាក់ស្តែងគឺតែងតេតាមរយៈខ្ញុំឬគ្នាគេទៅ ដើម្បីទៅឧត្តមសេនីយ៍ សៅ សុខាតែម្តង ដល់ពេលហើយឯកឧត្តមបញ្ជាឱ្យចាប់ភ្លាមឈើហ្នឹង ដល់ពេលចាប់អញ្ចឹងទៅធ្វើឱ្យវាបាត់ចំណូល ឬក៏ឆ្អឹងទទឹងករបស់គេ ក៏គេរកមធ្យោបាយគ្រប់យ៉ាងរៀបចំធ្វើក្រុមហ្នឹងទៅ ក្រុមណាដែលខ្លាំងគេធ្វើក្រុមហ្នឹងហើយ តាមខ្ញុំដឹងវាមានដល់៤ក្រុមដែលគេរៀបធ្វើហ្នឹង តែធ្វើបានតែមួយក្រុមទេ»

ដោយមូលនេះ លោកមានការបារម្ភយ៉ាងខ្លាំងពីការចុះផ្តិតយកព័ត៌មាន ពាក់ព័ន្ធបទល្មើសព្រៃឈើបន្តទៀត។ លោក ទទូចឱ្យ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយអន្តរាគមន៍ករណីនេះ ដើម្បីឱ្យអ្នកកាសែតចុះយកព័ត៌មានដោយមិនមានការភ័យខ្លាច។

ចំណែកលោក ចាន់ ធី ចាងហ្វាងកាសែតនគរមាស និងស្លឹករឹត យល់ថា ការចាប់ខ្លួនអ្នកសារព័ត៌មានទាំង៤នាក់ ព្រមទាំងអ្នកសារព័ត៌មាននៅខេត្តផ្សេងទៀត គឺជាការគម្រាមកំហែង និងបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។

លោកបន្ត កន្លងមកអ្នកសារព័ត៌មាន ដែលផ្តិតយកព័ត៌មានពីបទល្មើសព្រៃឈើ តែរងការធ្វើទុក្ខបុកម្នេញពីសំណាក់ឈ្មួញទុចរិត និងមន្រ្តីពាក់ព័ន្ធមួយចំនួន។ លោក ផ្ទាល់ក៏រងការគម្រាមកំហែង និងហាមឃាត់មិនឱ្យថតរូប និងផ្តិតយកព័ត៌មានផងដែរ។

ការទទូចនេះ បន្ទាប់ពីអ្នកសារព័ត៌មាន៤នាក់ នៅខេត្តរតនគិរីត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ។

អ្នកសារព័ត៌មានទាំង៤នាក់ ក្នុងនោះស្រ្តីម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តរតនគីរី ចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅ ក្រុងបានលុង ខេត្តរតនគិរី ក្រោយពេលបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ពួកគេត្រូវបានអយ្យការអមសាលាដំបូងខេត្តរតនគិរី ចោទប្រកាន់ពីបទ«កំហែងយក» ដែលអាចប្រឈមមុខទៅនឹងទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ។

ជាការឆ្លើយតបនឹងសំណើរនេះ លោក ខៀវ កាញារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា លោកនឹងធ្វើលិខិតមួយទៅក្រសួងយុត្តិធម៌ និងទៅមន្ទីរព័ត៌មានខេត្តរតនគិរីដើម្បីសុំការ ស៊ើបអង្កេត និងតាមដានករណីរបស់ អ្នកសារព័ត៌មាន ទាំង៤នាក់នេះឡើងវិញ។

បន្ថែមពីនេះ លោកជំរុញឱ្យ អ្នកសារព័ត៌មាន ទាំងនោះប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅពេលចុះយកព័ត៌មាន និងរកឃើញភស្តុណាមួយ។

ខេត្តរតនគិរីគឺជាខេត្តមួយដែលសំបូរដោយបទល្មើសព្រៃឈើ។ លោក ខៀវ កាញារិទ្ធិ បានឱ្យដឹងថា អ្នកសារព័ត៌មានដែលកំពុងផ្តិតយកព័ត៌មាននៅខេត្តរតនគិរីបច្ចុប្បន្នមានចំនួនជាង៣០០នាក់៕

Share

Image
Image
Image