en     km
en     km

អ្នកវិភាគ​ និង​សង្គម​ស៊ី​វិល​យល់​ថា​ បទល្មើស​គ្រឿងញៀន​កើនឡើង​បណ្ដាល​មក​ពី​ទំនាស់​ផលប្រយោជន៍​

Share

រូបតំណាង
រូបតំណាង

ភ្នំពេញ​៖​ អ្នកវិភាគ​ និង​សង្គម​ស៊ី​វិល​យល់​ឃើញ​ថា​ ការ​កើនឡើង​នៃ​ចំនួន​បទល្មើស​គ្រឿងញៀន​ក្នុង​ឆ្នាំ​ ២០១៥​ ច្រើន​ជាង​ឆ្នាំ​២០១៤​ អាច​បណ្ដាល​មក​ពី​ទំនាស់​ផលប្រយោជន៍​រវាង​មន្ដ្រី​ក្នុង​ជួ​រដ្ឋាភិបាល​ និង​ក្រុម​អ្នក​ជួញដូរ​គ្រឿងញៀន​។​ ការ​យល់​ឃើញ​ដូចនេះ​ បន្ទាប់​ពី​របាយការណ៍​បូក​សរុប​លទ្ធផល​ប្រឡងប្រណាំង​អនុវត្ដន៍​គោលនយោបាយ​ ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ដែល​បាន​ផ្សាយ​ជា​សាធារណៈ​ក្នុង​ខែកុម្ភៈ​កន្លង​មក​បង្ហាញ​ថា​ បទល្មើស​គ្រឿងញៀន​មានការ​កើនឡើង​ជាង​ ២០០០​ ករណី​ ដោយ​ក្នុង​នោះ​ឆ្នាំ​២០១៤​ មាន​តែ​ ១០០០​ ករណី​ប៉ុណ្ណោះ​។​

លោក សន ជ័យ
លោក សន ជ័យ

លោក​ សន​ ជ័យ​ នាយក​ប្រត្ដិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​បាន​មាន​ប្រសាសន៍​ ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ កាលពី​ឆ្នាំ​មុនៗ​កន្លង​មក​ករណី​គ្រឿងញៀន​ខុសច្បាប់​មានការ​កើនឡើង​ច្រើន​ តែម​ន្ដ្រី​រដ្ឋាភិបាល​ហាក់ដូចជា​បើកដៃ​ឱ្យ​ក្រុម​ជន​ទាំងនោះ​ប្រព្រឹត្តិ​ ដោយ​មានការ​បង្ក្រាប​យឺតយ៉ាវ​។​ លោក​ថា​ ជាក់ស្ដែង​ដូច​នា​ពេល​កន្លង​មក​ អ្នក​ជួញដូរ​គ្រឿងញៀន​ក្រោយ​ពី​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ពន្ធនាគារ​ ជន​នោះ​បាន​ទៅ​ប្រព្រឹត្ដ​ការ​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​ពន្ធនាគា​បន្ថែម​ ទៀត​។​

លោក​ សន​ ជ័យ​ បាន​បន្ថែម​ថា​ ព្រោះតែ​ការ​ជួញដូរ​គ្រឿងញៀន​នេះ​ មានការ​កើនឡើង​ខ្ពស់​ ទើប​បណ្ដាល​ឱ្យ​បច្ចុប្បន្ន​នេះ​ក្នុង​សង្គម​ហាក់បីដូចជា​អ​ស្ថិរភាព​ មានការ​កាប់សម្លាប់​ បាញ់​ប្លន់​ប្រហារ​ជា​ច្រើន​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។​ លោក​ សន​ ជ័យ​ បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​គួរ​ឱ្យ​ពង្រឹង​ការ​ទប់​ស្ដា​ត់​កុំឱ្យ​មាន​លំហូរ​ការ​ជួញដូរ​គ្រឿងញៀន​បន្ដ​ទៀត​ ជា​ពិសេស​គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​ថា​រដ្ឋ​ត្រូវ​ខាតបង់​ប្រាក់​អស់​ប៉ុន្មាន​រយ​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំៗ​ បើ​មាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រឿងញៀន​កាន់តែ​ច្រើន​។​

​លោក​បន្ថែម​ថា​៖​ «​ចំណែក​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ គេ​សង្កេត​ឃើញ​អាជ្ញា​ធរមាន​ស​ត្ថ​កិច្ច​ស្ទុះស្ទា​បំពេញ​កាតព្វកិច្ច​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ច្រើន​ក៏​ពិតមែន​ ប៉ុន្ដែ​ករណី​នេះ​មិនមែន​បង្ហាញ​ថា​បទល្មើស​គ្រឿងញៀន​ក្នុង​ប្រទេស​មានការ​ថយ​ចុះ​ដោយសារ​បង្កើន​ការ​រិ​ត​បន្ដឹង​ច្បាប់​នោះ​ទេ​»​។​

លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

លោក​ មាស​ នី​ បន្ថែម​ថា​ ការ​កើនឡើង​នៃ​ចំនួន​បទល្មើស​នៃ​ករណី​គ្រឿងញៀន​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ទំនាស់​ផលប្រយោជន៍​នៃ​បក្សពួក​អ្នក​លួច​ជួញដូរ​គ្រឿងញៀន​ផង​ដែរ​។​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ រូប​នេះ​បញ្ជាក់​ទៀត​ថា​ បើ​ត្រឹមតែ​ការ​បង្ក្រាប​គ្មាន​ការ​អប់រំ​ គ្មាន​កន្លែង​ជួយ​ផ្ដល់​ជា​ការ​ថែទាំ​ប្រឹក្សា​ដល់​អ្នក​ញៀន​ថ្នាំ​ទាំងនោះ​ទេ​ ករណី​ជួញដូរ​គ្រឿងញៀន​នេះ​ នៅ​តែ​បន្ត​កើត​មាន​ មិន​អាច​លុប​បំបាត់​បាន​ឡើយ​។​

​លោក​បន្ថែម​ថា​៖​ «​ជុំវិញ​រឿង​នេះ​ លោក​ ខៀវ​ សា​ម៉​ន​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​ ទទួលស្គាល់​ថា​ ក្នុង​ឆ្នាំ​២០១៥​ ពិតជា​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មានការ​កើនឡើង​ខ្ពស់​ជាង​ឆ្នាំង​២០១៤​ ពិតមែន​»​។​

​លោក​ ខៀវ​ សា​ម៉​ន​ បន្ថែម​ថា​ ករណី​កើនឡើង​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៥​ ពុំ​មែន​ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​អ្វី​នោះ​ឡើយ​ ។​ លោក​ថា​ ការ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ច្រើន​ដូចនេះ​ ក៏​ព្រោះ​មន្ដ្រី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ រួម​និង​សមត្ថកិច្ច​ទូ​ទាំង​ប្រទេស​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​បន្ថែម​ពី​ជំនាញ​បង្ក្រាប​គ្រឿងញៀន​នេះ​។​ ជាង​នេះ​ទៀត​លោក​ បញ្ជាក់​ថា​ សមត្ថកិច្ច​ក៏​កំពុង​តែ​ខិតខំ​បន្ដ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​បាន​ទៀត​ទេ​។​

​សូម​បញ្ជាក់​ថា​ បើ​យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ប្រឡងប្រណាំង​អនុវត្ដន៍​គោលនយោបាយ​ ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ដែល​បាន​ផ្សាយ​ជា​សាធារណៈ​ក្នុង​ខែកុម្ភៈ​ នេះ​បាន​បង្ហាញ​ថា​ សមត្ថកិច្ច​បាន​ ធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជាង​ ២០០០​ ករណី​ មាន​ជនល្មើស​ចំនួន​ជាង​ ៥០០០​ នាក់​ ស្ដ្រី​ ៣០​ នាក់​ និង​បង្ក្រាប​តាម​ដីកា​មាន​ចំនួន​ ១៥២​ នាក់​ ក្នុង​នោះ​មាន​ស្ដ្រី​ ១០​ នាក់​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​៕

Share

Image
Image
Image