en     km
en     km

អ្នកវិភាគ​ គាំទ្រ​ចំពោះ​ការ​បញ្ចុះតម្លៃ​ធ្វើ​បណ្ណ​បើកបរ​ ប៉ុន្តែ​ស្នើ​ឱ្យ​ពង្រឹង​មន្ត្រី​ថ្នាក់​ក្រោម​

Share

WMC-logo-for-slideshow
​នា​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ស្ពាន​អាកាស​តិច​ណូ​  នៅ​ព្រឹក​ម្សិលមិញ​ សម្តេច​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ចាប់ពី​ថ្ងៃម្សិលមិញ​តទៅ​ តម្លៃ​ធ្វើ​បណ្ណ​បើកបរ​ម៉ូតូ​ ត្រូវ​បាន​បញ្ចុះ​ពី​៦​ម៉ឺន​រៀល​ មក​ត្រឹម​ ២​ម៉ឺន​ ៥​ពាន់​រៀល​ ដោយ​មិន​ចាំបាច់​ប្រឡង​យក​ប័ណ្ណបើកបរ​ និង​ពិនិត្យ​សុខភាព​ឡើយ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ​ អ្នក​តាមដាន​សង្គម​ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​វិធានការ​នេះ​ ប៉ុន្តែ​អ្នកវិភាគ​ទាំងនោះ​ចង់ឱ្យ​រដ្ឋ​ត្រូវ​ធានា​នីតិវិធី​ នៃ​ការ​ធ្វើ​បណ្ណ​បើកបរ​ មាន​លក្ខណៈ​មិន​ស្មុគស្មាញ​  ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​កាត់​បន្ថយ​ការ​សូកប៉ាន់​ក្រោម​តុ​។​

​ការ​ប្រកាស​បញ្ចុះតម្លៃ​ធ្វើ​បណ្ណ​បើកបរ​នេះ​ដែរ​ ក្រោយ​ពី​សម្តេច​បាន​ប្រកាស​ឱ្យ​ពន្យារពេល​ធ្វើ​បណ្ណ​បើកបរ​ជា​បណ្ដោះអាសន្ន​  បន្ទាប់​ពី​លោក​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដែល​ស្នើ​សុំ​ឱ្យ​មានការ​ជួយ​បញ្ចុះតម្លៃ​ធ្វើ​បណ្ណ​បើកបរ​។​ សម្តេច​បាន​ ឱ្យ​ដឹង​ទៀត​ថា​ គ្រប់​អ្នកបើកបរ​ទាំងអស់​ត្រូវ​តែ​មាន​បណ្ណ​បើកបរ​។​

​ព្រម​ជាមួយនឹង​ការ​ប្រកាស​ បញ្ចុះតម្លៃ​ លើ​សេវា​ធ្វើ​បណ្ណ​បើកបរ​ សម្តេច​ ក៏​បាន​ប្រកាស​ថា​ នឹង​បន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដោយ​មិន​រា​ថយ​នោះ​ឡើយ​។​ សម្តេច​មាន​ប្រសាសន៍​ថា​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ជាមួយ​វិន័យ​ដ៏​តឹងរ៉ឹង​នេះ​ គឺ​ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ​។​

លោក សន ជ័យ
លោក សន ជ័យ

ពាក់ព័ន្ធ​បញ្ហា​បញ្ចុះតម្លៃ​ធ្វើ​បណ្ណ​បើកបរ​  លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ បាន​ថ្លែង​ថា​ តម្លៃ​ធ្វើ​បណ្ណ​បើកបរ​ម៉ូតូ​ ២៥០០០​រៀល​ វា​ នៅ​តែ​ជា​តម្លៃ​មួយ​ដែល​ច្រើន​ដដែល​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​សមាជិកគ្រួសារ​ច្រើន​ និង​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​។​

​លោក​ សន​ ជ័យ​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​ យ៉ាងណាមិញ​ រដ្ឋ​ត្រូវ​ធានា​នីតិវិធី​ នៃ​ការ​ធ្វើ​បណ្ណ​បើកបរ​ មាន​លក្ខណៈ​មិន​ស្មុគស្មាញ​  ងាយស្រួល​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​តម្លៃ​បណ្ណ​បើកបរ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​នេះ​ មាន​តម្លៃ​តែ​ ២៥០០០​រៀល​ ដោយ​គ្មាន​ការ​សូកប៉ាន់​ផ្សេងៗ​។​

​លោក​បន្ថែម​ទៀត​ថា​ ដើម្បី​ឱ្យ​ដំណើរការ​ធ្វើ​បណ្ណ​បើកបរ​ជូន​ប្រជាពលរដ្ឋ​ដោយ​មាន​ប្រសិទ្ធភាព​ គ្មាន​អំពើ​ពុក​រលួយ​ ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ គួរតែ​មាន​យន្តការ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ ទៅ​កាន់​មន្ទីរ​សាធារណៈការ​ តាម​បណ្តា​ខេត្ត​ និង​ធ្វើការ​ពិនិត្យ​ តាមដាន​ ដើម្បី​ប្រាកដ​ថា​ មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ ពិតជា​បាន​អនុវត្ត​តាម​តារាង​តម្លៃ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​។​

លោក​ មាស​ នី
លោក​ មាស​ នី

ចំណែក​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ មាន​ប្រសា​ន៍​ថា​ លោក​គាំទ្រ​ចំពោះ​ការ​ប្រកាស​ របស់​សម្តេច​ ហ៊ុន​ សែន​ ប៉ុន្តែ​រដ្ឋាភិបាល​ ត្រូវ​តែ​មាន​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​ផ្តល់​សេវា​ ដើម្បី​កុំឱ្យ​ដំណើរការ​ធ្វើ​បណ្ណ​បើកបរ​ មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ​ មាន​ច្រើន​ថ្នាក់​ ច្រើន​ផ្នែក​ និង​មាន​មូលហេតុ​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​  ដែល​នេះ​ជា​លេស​ធ្វើ​ប្រជាពលរដ្ឋ​ត្រូវ​ចំណាយ​លុយ​ទឹកតែ​ និង​ខាត​ពេលវេលា​។​

​យ៉ាងណា​ក៏​ដោយ​ បើ​ទោះជា​លោក​ មាស​ នី​ គាំទ្រ​ ចំពោះ​ការ​បញ្ចុះតម្លៃ​បណ្ណ​បើកបរ​មក​ដល់​ ២៥០០០​រៀល​ ប៉ុន្តែ​លោក​មិន​គាំទ្រ​ ចំពោះ​ការ​ចេញ​បណ្ណ​បើកបរ​ ដោយ​មិន​បាន​រៀន​ពី​ច្បាប់​ចរាចរណ៍​នោះ​ទេ​។​ លោក​មាស​ នី​ បន្ត​ថា​ ការ​បង្រៀន​ ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ ពី​ច្បាប់​ចរាចរណ៍​  នោះ​ទើប​ជា​មូលដ្ឋាន​គ្រឹះ​ ក្នុង​កាត់​បន្ថយ​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​។​

​យោង​តាម​ប្រសាសន៍​សម្ដេច​ ហ៊ុន​ សែន​ ឱ្យ​ដឹង​ថា​ នៅ​កម្ពុជា​មាន​ ម៉ូតូ​ប្រមាណ​ជាង​ ២​លាន​៧​សែន​ គ្រឿង​ ហើយ​មាន​អ្នក​បើក​តែ​ ៥,៨%​ ប៉ុណ្ណោះ​ដែល​មាន​បណ្ណ​បើកបរ​៕

Share

Image
Image
Image