en     km
en     km

អ្នកវិភាគ​៖​ បក្ស​ប្រឆាំង​នឹង​មិន​បាត់បង់​ប្រជាប្រិយភាព​បើ​ទោះ​ព្រម​សំណើ​ឈប់​ខ្វល់​រឿង​ព្រំដែន​🔊

Share

ភ្នំពេញ៖ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សុ​ន​ ឆ័​យ​ ថ្លែងប្រាប់​ដល់​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ទីស្នាក់ ការ​កណ្ដាល​កាលពី​ថ្ងៃ​ចន្ទ​ទី​ ៤​ កក្កដា​ ថា​ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ ស្នើ​មក​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឲ្យ​ធ្វើ​ការងារ​រឿង​ព្រំដែន​ ឬ​ក៏​ចុះ​ព្រំដែន​ដូច​មុន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ពិ​ចារ​ណា​លើ​សំណើ​នេះ​។​

ការ​ថ្លែង​បែប​នេះ​ត្រូវ​បាន​អ្នកវិភាគ​យល់​ថា​ បើ​ទោះបីជា​គណបក្សប្រឆាំង​យល់​ស្រប​តាម​ក៏​ដោយ​ តែ​គណបក្ស​នេះ​អាច​នឹង​មិន​បាត់បង់​ប្រជាប្រិយភាព​នោះ​ទេ​ ព្រោះ​បញ្ហា​ព្រំដែន​មិនមែន​ជា​កម្មវិធី​ន​យោ​បាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

sam-rasey-05-07-16
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទៅដាក់បាទនារដូវបុណ្យភ្ជុំបិណ្ឌ។
​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​បាន​បញ្ចេញ​ទស្សនៈ​ថា​ បើ​ទោះបីជា​គណបក្សប្រឆាំង​យល់ព្រម​បញ្ឈប់​ការ​គិតគូ​ពី​បញ្ហា​ព្រំដែន​ គឺ​ប្រជាប្រិយភាព​របស់​គណបក្ស​នេះ​ មិន​មាន​ប៉ះពាល់​អ្វី​ទេ​ ដោយសារ​តែ​បញ្ហា​ព្រំដែន​មិនមែន​ជា​កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​មាន​ប្រសាសន៍​បន្ត​ថា​ ការ​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​ព្រំដែន​ មិន​លើកយក​បញ្ហា​ព្រំដែន​មក​ជជែក​ អាច​នឹង​ធ្វើ​ឱ្យ​ប្រជាពល រដ្ឋ​អាក់អន់ចិត្ត​ ឬ​មិន​សប្បាយចិត្ត​ ប៉ុន្តែ​គណបក្ស​នេះ​អាច​លើកយក​បញ្ហា​សង្គម​ ឬ​បញ្ហា​អយុត្តិធម៌​ផ្សេងៗ​ និង​កម្មវិធី​នយោ បាយ​របស់​ខ្លួន​មក​ធ្វើការ​ឃោសនា​ដើម្បី​បង្កើន​ប្រជាប្រិយភាព​។​ លោក​ សូ​ ច​ន្ថា​៖«​ទស្សនៈ​ខ្ញុំ​ ខ្ញុំ​គិត​ថា​ ប្រជាប្រិយភាព​អាច​នឹង​នៅ​ទ្រឹង​ ប្រសិនបើ​គាត់​បង្ហាញ​ជំហរ​ច្បាស់​បែប​នេះ​ ក៏​ប៉ុន្តែ​គាត់​អាច​ធ្វើការ​ស្តារ​ប្រជាប្រិយភាព​ឡើង​វិញ​ នៅ​ពេល​ដែល​គាត់​មានកម្ម​វិធី​នយោបាយ​ ឬ​គោលនយោបាយ​ជាក់លាក់​ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិ​ពិតប្រាកដ​នោះ​។​

​យ៉ាងណា​ក៏​ដោយ​បក្ស​ប្រឆាំង​នេះ​ មាន​ប្រជាប្រិយភាព​ខ្លាំង​ គឺ​គណបក្ស​នេះ​តែងតែ​វាយប្រហារ​បក្ស​កាន់​អំណាច​ពី​រឿង​ព្រំ ដែន​ និង​ករណី​ជនជាតិ​វៀតណាម​រស់នៅ​ប្រទេស​កម្ពុជា​។​

​ចំណែក​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ប្រសិនបើ​គណបក្សប្រឆាំង​ឈប់​ខ្វល់ខ្វាយ​ពី​បញ្ហា​ព្រំដែន​ គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាក់អន់ចិត្ត​ ហើយ​គណបក្សកាន់អំណាច​អាច​យក​មូលហេតុ​នេះ​ យក​មក​វាយប្រហារ​លើ​បក្ស​ប្រឆាំង​វិញ​ផង​ដែរ​។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​យល់​ និង​យក​មិន​បញ្ហា​ជាតិ​ជា​ធំ​ នោះ​គណបក្ស​នេះ​នឹង​បាត់បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។​ លោក​ មាស​ នី​៖«​នៅ​ក្នុង​កាលៈទេសៈ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ហាក់ដូចជា​មាន​ជម្រើស​តិច​ណាស់​ ក៏​ប៉ុន្តែ​ការ​ផ្សះផ្សារ​ជាតិ​ជា​រឿង​សំខាន់​។​ ខ្ញុំ​មាន​ជំនឿ​ថា​ ឱ្យ​តែ​អ្នកនយោបាយ​ខ្មែរ​អាច​មាន​បង្ហាញ​នូវ​សុ​ឆន្ទៈ​ នៃ​ការ​ឈាន​ទៅ​រក​ការ​ឯកភាព​ជាតិ​ ខ្ញុំ​មាន​ជំនឿ​ថ្ងៃ​ខាង​មុខ​រឿង​ព្រំដែន​វា​អាច​ជា​រឿង​មួយ​ដែល​ត្រូវ​ធ្វើការ​បន្ត​ទៀត​បាន​តាម​លក្ខណៈ​ច្បាប់​អន្តរជាតិ​»​។

Analyser-thum
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម។

កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​បង្ហាញ​ជំហរ​មិន​យល់​ស្រប​នឹង​ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា​វៀតណាម​ ហើយ​កាលពី​ឆ្នាំ​ ២០១៥​ លោក​ អ៊ំ​ សំ​អាន​ និង​លោក​ រៀល​ ខេ​ម​រិ​ន្ទ្រ​ តែងតែ​ដឹកនាំ​យុវជន​ទៅ​ពិនិត្យ​ព្រំដែន​(​ព្រំដែន​ជាមួយ​វៀតណាម​)​។​

ក្រោយ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រកាស​ថា​អ្នក​ណា​ដែល​និយាយ​បញ្ហា​ផែនទី​ក្លែងក្លាយ​ នឹង​ត្រូវ​ចាប់ខ្លួន​តំណាង រាស្ត្រ​គណបក្សប្រឆាំង​ពីរ​រូប​ត្រូវ​បាន​ចាប់ខ្លួន​ និង​កំពុង​ជាប់​នៅ​ពន្ធនាការ​ព្រៃ​ស​។​

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​លោក​ជា​ច្រើន​ឆ្នាំ​ ដោយសារ​លោក​ទៅ​ដក​តម្រុយ​បង្គោល​ព្រំដែន​មួយ​នៅ​ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​។​ តុលាការ​បាន​ចោទ​លោក​ពី​បទ​ញុះញង់​ និង​រើសអើង​ជាតិ​សាសន៍​ជា មួយ​ប្រទេស​ជិតខាង​។​

​កម្ពុជា​នឹង​វៀតណាម​មាន​ ព្រំដែន​គោក​ជាមួយ​គ្នា​ ១២៧២​គីឡូម៉ែត្រ​ ។​ បច្ចុប្បន្ន​ប្រទេស​ទាំង​ ២​ នេះ​បាន​ធ្វើការ​បោះបង្គោល​ព្រំដែន​រួម​ជាមួយ​គ្នា​ឡើង​វិញ​ ដោយ​មាន​បង្គោល​ជាង​ ៣០០​ហើយ​ ជិត​បោះ​រួចរាល់​ហើយ​។​

​គណបក្សប្រឆាំង​ធ្លាប់​ប្រកាស​ថា​ នឹង​មិន​ទទួលស្គាល់​ការ​បោះបង្គោល​ព្រំដែន​នេះ​ទេ​៕

Share

Image
Image
Image