en     km
en     km

អ្នកវិភាគ​៖​អយុត្តិធម៌​​សង្គម​គឺជា​ជ្រុង​មួយ​របស់​បក្ស​កាន់​អំណាច​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​នៅ​ខាង​មុខ​នេះ​ ?

Share

​ភ្នំពេញ៖រយៈពេល​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​កម្ពុជា​នៅ​តែ​បន្ត​កើតឡើង​ដដែលៗ​។ ​​ករណី​ប៉ូលិសស័​ក្ត​៤​នៅ​ប៉ោយ​ប៉ែ​ត​ អាច​ជា​រឿង​អយុត្តិធម៌​ថ្មី​ទៀត​ បន្ទាប់​ពី​រឿង​ ឃាតកម្ម​លើ​លោក​ បណ្ឌិត​ កែម ​ឡី​ និង​ រឿងរ៉ាវ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ រួម​ទាំង​ករណី​ឧក​ញ៉ាខ្លះ​ ត្រូវ​បាន​ចោទ​ករណី​បំពាន​ រំលោភ​យក​ដី​ កសិករ​ហើយ​និង​ករណី​ការ​កេងប្រវ័ញ្ច​ចំណូល​ធនធានធម្មជាតិ​។​​ទាំងនេះ​ គឺជា ​ទង្វើមួយ​កើតឡើង​ដដែល​ក្នុង​សង្គម​កម្ពុជា​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ជិន​ណាយនិងអាចជះឥទ្ធិពលដល់ការបោះឆ្នោតឃុំ សង្កាត់នៅថ្ងៃខាង មុខនេះ ។

បើ​និយាយ​ទៅ​អំពើ​អយុត្តិធម៌​ទាំងនេះ​ គឺជា​បច្ច័យ​អាក្រក់​មួយ​សម្រាប់​បក្ស​កាន់​អំណាច​ ដែល​នាំ​ឱ្យ​មានការ​បាត់បង់​ការ​ទុកចិត្ត​ពី​ពលរដ្ឋ​។​នេះ​គេ​មិន​និយាយ​ទៅ​ដល់​បញ្ហា​ច្រើន​ទៀត​ ដែល​បន្ត​កើត​មាន​ដែរ​ ដូច​ជា​ ករណី​ពុក​រលួយ​ ករណី​បក្សពួក​និយម​ក្នុង​ជួរ​ការងារ​រដ្ឋ​ករណី​ព្រំដែន​ជាដើម​។​

​អ្នកវិភាគ​ថា​ បើ​បក្ស​កាន់​អំណាច​ មិន​អាច​ជម្រះ​រឿង​អយុត្តិធម៌​ទាំងនេះ​បាន​ទេ ​គឺ​ ពិតជា​លំបាក​ខ្លាំង​ណាស់​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​បន្ត។​​សូម​អញ្ជើញ​ស្ដាប់​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ដែល​កញ្ញា​ ជុំ​ ជោគ​ជាតា​ រៀបរៀង​ដូច​តទៅ​៖

 

juice-2016-o1

​តាម​គោលការណ៍​ប្រជាធិបតេយ្យ​និង​តាម​រដ្ឋធម្មនុញ្ញ​ ​ពលរដ្ឋគឺជា​ម្ចាស់​អំណាច​ផង​ និង​ជា​ម្ចាស់​ប្រទេស​ផង​។​ រឿងរ៉ាវ​ណា​ដែល​កើត​ក្នុង​សង្គម​ហើយ​ជា​រឿង​អយុត្តិធម៌​ទៀត​នោះ​គឺ​ចំណោទ​មួយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិចារណា​ត្រិះរិះថា​តើ​រឿង​នេះ​មិន​សម​កើតឡើង​ទេ​ បែប​ជា​កើតឡើង​បានទៅវិញ​។​

​តើ​ជន​ណា​ក្រុម​ណា​នៅ​ពីក្រោយ​រឿង​នេះ​ ហើយ​ប្រព័ន្ធ​តុលាការ​ដែល​ចូល​ពាក់ព័ន្ធ​រឿង​នេះ​បែរជា​កាន់តែ​ធ្វើ​ឱ្យ​រង​នូវ​អំពើ​អយុត្តិធម៌​ធ្ងន់ធ្ងរ​ថែម​ទៀត​?ទាំងនេះ​ ពិតជា​មិន​អាច​គេច​ចេញពី​ភ្នែកម្នាស់​របស់​ពលរដ្ឋ​បាន​ឡើយ​។​ បើ​ពលរដ្ឋ​ចង្អុល​ថា​រឿង​នេះ​ខុស​ហើយ​​ គឺ​ត្រូវ​តែ​កែទម្រង់ជា​បន្ទាន់​ ទើប​ស្រង់​ដើម​បាន​ខ្លះ​ បើ​ពុំនោះ​ទេកាន់តែ​បាត់បង់​ការ​គាំទ្រ​ថែម​ទៀត​។​

​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤​មិថុនា​ គឺ ​ការ​ស្ទាបស្ទង់​មតិ​ពលរដ្ឋ​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨​ បើ​បក្ស​កាន់​អំណាច​របូត​អាសនៈ​មេឃុំ​ ឬ​ចៅសង្កាត់​ទៅ​បក្ស​ប្រឆាំង​ អាច​មក​ពី​កត្តា​អយុត្តិធម៌​សង្គម​សង្គម​មួយ​ផ្នែក​ដែរ ​។​

​តាម​ការ​វិភាគ​ បើ​បក្ស​ប្រឆាំង​ដ​ណើ្ដ​ម​អាសនៈ​បាន​ច្រើន​ជាង​កាលពី​ឆ្នាំ២០១២​ ថែម​មួយ​ចំនួន​ទៀត​ អាចម​កបាន​មក​ដោយសារ​ធ្លាក់​ការ​គាំទ្រ​ ពី​ពលរដ្ឋទៅ​លើ​គណបក្សកាន់អំណាច​។​​បើ​បក្ស​នេះ​របូត​អាសនៈ​ច្រើន​នៅ​ក្នុង​បោះ​ឆ្នោត​មូលដ្ឋាន​ ឬ​ថ្នាក់​ក្រោម​ជាតិ ​គឺជា ​ការ​បាត់បង់​ថែម​ទៀត​នៃអាសនៈ​រដ្ឋសភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​។​

​ជា​កត្តា​សត្យា​នុ​ម័ត​បើ​បក្ស​កាន់​អំណាច​ បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​ បក្ស​ប្រឆាំង​កាន់តែ​ទទួល​បានការ​ទុកចិត្ត​ពីពលរដ្ឋ​។​ ​អ្នកវិភាគ​ថា​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៧​ និង​២០១៨​ គឺជា ​គន្លឹះ​ស្លាប់​រស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​តើ​អាច​បន្ត​កាន់​អំណាច​បាន​ ឬ​មិន​បាន ​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​កម្ពុជា​នៅ​តែ​បន្ត​កើតឡើង​ដដែលៗ ។​ អំពើ​អយុត្តិធម៌​ទាំងនេះ​ផ្ដើម​ឱ្យ​មានការ​ចោទសួរ​ពី​ការ​ដឹកនាំ​ប្រទេស​របស់​បក្ស​កាន់​អំណាច​ និង​ប្រព័ន្ធ​យុត្តិធម៌​នៃ​សង្គម​។​

ករណី​លោក​ស័​ក្ត​៤​នៅ​ប៉ោយ​ប៉ែ​ត​គឺជា​ដើម​ហេតុ​មួយ​ដែរ​ ហើយ​ជា​ការ​បូក​បញ្ចូល​បន្ថែម​ទៀត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម​ឡី​ ។ ​​បណ្ដាញ​សង្គម​បាន​បង្ហោះ​ព្រោងព្រាត​ ពាសពេញ​ប្រទេស​ ដែល​នរណា​ក៏​ថា​ជា​រឿង​មិន​គួរ​កើតឡើង​ដែរ​។​

​អ្នក​ស្រាយ​បញ្ហា​សង្គម​ មានការ​យល់​ឃើញ​ដូច​គ្នា​ថា​ កត្តា​អយុត្តិធម៌​សង្គម​ក្ដី​ ឬ​ អំពើ​អសន្តិសុខ​នៅ​មូលដ្ឋាន​ និង​ការ​គំរាមកំហែង​ពី​មន្ត្រី​មូលដ្ឋាន​ លើ​សិ​ទិ្ធ​សេរីភាព​របស់​ពលរដ្ឋ​ និង​ការ​ជម្រិត​យក​ប្រាក់​ សូ​ម្បី​រឿង​តិចតួច​ក៏ជា​ដើមចម​ធ្វើ​ឱ្យ​មានការ​ខកចិត្ត​ហើយ​ពិតជា​ចំណុច​នៃ​ការ​ទាញ​ឱ្យ​ធ្លាក់​ការ​គាំទ្រ​របស់​បក្ស​កាន់​អំណាច​ដែរ​។

​លោក​ កឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ ពិនិត្យ​ឃើញ​ថា​ កត្តា​យុត្តិធម៌​សង្គមក្ដី​ កត្តា​សន្តិសុខ​សុវត្ថិភាព​ពលរដ្ឋ​ ឬ​សិទ្ធិ​សេរីភាព​ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​តាម​មូលដ្ឋាន​ក្ដី គឺជា ចំណុច​គុណវិបត្តិ​មួយ​នាំ​អោយ​បក្ស​កាន់​អំណាច​អាច​ជួប​ហានិភ័យ​នៃ​ការ​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​។​

​លោក កឹ​ម​ សុខ​៖ ​​« បញ្ហា​អយុត្ដិធម៌​សង្គម​អស់នេះ​វា​មិនមែន​តែត្រឹម​ថ្នាក់លើ​ ថ្នាក់​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​ក៏​ចឹ​ង​ ជា​អ្នក​ដែល​បាន​អនុវត្ត​នយោ បាយ​ថ្នាក់លើ​ដែល​មានការ​គាបសង្កត់​។​ អ្នក​មូលដ្ឋាន​ក៏​ចង់​ប្ដូរ​ គាត់​ចង់​ប្ដូរ​តាំងពី​មូលដ្ឋាន​មក​  ហើយ​បញ្ហា​អស់នេះ​វា​កើត​នៅ​គ្រប់​ទីកន្លែង​នៅ​ប្រទេស​កម្ពុជា​ មិនមែន​តែ​មួយ​កន្លែង​ទេ​។​ដូច្នេះ​ជា​មូលហេតុ​ដែល​ធ្វើ​អោយ​ជ្រុះ​បាត់​នៃ​ការ​គាំទ្រ​គណបក្ស​ប្រជាជន​ធំ​ ហើយ​គេ​ងាក​ទៅ​រក​គណបក្ស​នយោបាយ​ផ្សេង»​។​

​រឿង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ គឺ ​មិន​ថា​ឡើយ​អ្នកវិភាគ​យល់​ឃើញ​ដូចនេះ​ទេ​ គឺ ​សូ​ម្បី​ពលរដ្ឋ​ធម្មតា​ក៏​អាច​យល់​ឃើញ​ដែរ​។​ ករណី​ប៉ូលិស​ស័​ក្ត​៤​ នៅ​ប៉ោយ​ប៉ែ​ត​ ករណី​លោក​បណ្ឌិត​កែម​ឡី​ ករណី​សន្តិសុខ​ខណ្ឌ​វាយ​បាតុករ​ ឬ​ការ​បង្ក្រាប​បាតុកម្ម​ និង​ការ​បិទ​សេរីភាព​ គឺ​ សុទ្ធតែ​បញ្ហា​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​។​

​លោក​បណ្ឌិត​ មាស ​​នី ​អ្នក​ស្រាវ​ជ្រាវ​ពី​បញ្ហា​សង្គម​ ក៏​យល់​ស្រប​នឹង​លោក ​កឹ​ម ​សុខ ​ផង​ដែរ​ ​។​ លោក​ថាប្រទេស​ណា​ក៏​មានរឿង​ដូចនេះ​ដែរ​ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ប្រទេស​គេ​គេ​ទប់ស្កាត់​បាន​ ចំណែក​កម្ពុជា​កើត​មាន​ជា​ដដែលៗ​ គឺ​ ច្រើន​ឆ្នាំ​មក​ហើយ​។​ លោក​មើលឃើ់ញ​ថា​ ជា​ជ្រុងមួយ​នៃ​យុត្តិធម៌​សង្គម​ ដែល​នាំ​ឱ្យ​បក្ស​កាន់​អំណាច​អាច​ប្រឈម​នឹង​ការ​បាត់បង់​បន្ត​ទៀត​អ្នកគាំទ្រ​ ។​

​លោក​ មាស​ នី​៖ «ការ​បណ្ដែតបណ្ដោយ​របស់​រដ្ឋាភិបាល​អោយ​អំពើ​អយុត្ដិធម៌​វា​ចេះ​តែ​កើតឡើង​វា​ច្បាស់ៗ​ពេក​ ធ្វើ​អោយ​ពេល​ខ្លះ​រឿង​មិន​សម​នឹង​ធ្វើ​ក៏​ត្រូវធ្វើ​ដែរ​ ឱ្យ​ពលរដ្ឋ​ឃើញ​ ឱ្យ​ពលរដ្ឋ​យល់​ដ៏​ចឹ​ង​ទៅ​វា​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​ធ្ងន់​ ហើយ​ហាក់ដូចជា​មើលទៅ​ឃើញ​ថា​ ប្រជា​ប្រិ​យ​របស់​រដ្ឋាភិបាល​និង​ធ្លាក់​ចុះ​ធ្ងន់​ថែម​ទៀត​ នៅ​ក្នុង​អាណត្តិ​បោះ​ឆ្នោត​ខាង​មុខ​បើសិនជា​មិន​មាន​វិធានការ​អ្វី​ឲ្យ​បាន​ទាន់​ពេល»

​គណបក្សកាន់អំណាច​ ឬ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រង​ប្រទេស​ជិត​ ៤០​ឆ្នាំ​មក​ហើយ​ ចាប់តាំងពី​ឆ្នាំ​ ១៩៧៩​ ។​ ប៉ុន្ដែ​ គណបក្ស​អតីត​កុ​ម្មុ​យ​នី​ស​មួយ​នេះ​បាន​ប្រែខ្លួន​ជា​បក្ស​មួយ​ប្រកាន់​គោលការណ៍​សេរី​ពហុបក្ស​ក្រោយ​ពី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ២៣​តុលា​ ១៩៩១​។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ដំបូង​ បក្ស​នេះ​បាន​ចាញ់ឆ្នោត​ គឺ​ ចាញ់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ប៉ុន្ដែ​សំណាងល្អ​បក្ស​នេះ​បាន​តវ៉ា​រហូត​បាន​កាន់​អំណាច​ឡើង​វិញ​ មាន​ជា​ហូរហែរ​រហូត​មក​ដល់​ពេល​នេះ​ គឺ​ ៥​អាណ​តិ្ត​មក​ហើយ​ ។​បក្សនេះ បានបាត់សម្លេងឆ្នោត២២អាសន: នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ដោយ​បាត់​សម្លេង​ឆ្នោត​ ២២​អាសនៈ​ ទៅ​លើ​គណបក្សប្រឆាំង ​។​

រូបពលរដ្ឋតវ៉ាទាមទារដីធ្លីនាពេលកន្លងមក
រូបពលរដ្ឋតវ៉ាទាមទារដីធ្លីនាពេលកន្លងមក

​តើ​បើ​អំពើ​អយុត្ដិធម៌​សង្គម​នៅ​តែ​បន្ដ​កើត​មាន​ទៀត​បក្ស​នេះ​អាច​ទប់​អាសនៈ​របស់​ខ្លួន​បាន​ដែរ​ឬទេ​?

​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា​ បាន​ច្រានចោល​ចំពោះ​ការ​អះអាង​របស់​អ្នកវិភាគ​ដែល​ថា​បក្ស​កាន់​អំណាច​នេះ​អាច​នឹង​ចាញ់ឆ្នោត​។​ លោក​ចាត់​ទុក​ទស្សនៈ​របស់​អ្នកវិភាគ ​មិន​មាន​មូលដ្ឋាន​រឹង​មាំ​ឡើយ​។​ តែ​លោក​ហាក់ដូចជា​ទទួលស្គាល់​ថា​ អំពើ​អយុត្ដិធម៌​កើត​មាន​ប៉ុន្ដែ​មិនមែន​បក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​បង្កើត​ឡើង​នោះ​ទេ​ គឺ​ ជា​ទ​ង្វើ​របស់​ក្រុម​មនុស្ស​មួយ​ក្ដាប់​តូច​តែ​ប៉ុណ្ណោះ​។​

​លោក​ សុខ​ ឥ​សាន្ដ​៖ «​ត្រង់​ហ្នឹង​វា​អ​ញ្ចឹ​ង​ត្រូវ​វិភាគ​ឲ្យ​បាន​ដិត​ដល់​ដូច្នេះ​គាត់​ថា​ ហ្នឹង​វា​មិន​ច្បាស់​ទេ​ប្រជាជន​ភាគច្រើន​គេ​យល់​អំពី​សាច់​រឿង​ច្បាស់​មិន​ចេះ​តែ​ជឿ​គាត់​ទេ​ ដូច្នេះ​ការ​វាយតម្លៃ​តាម​ការ​ប៉ាន់​ប្រមាណ​ថា​បក្ស​ប្រជាជន​នឹង​បាត់បង់​ប្រជា​ជា​ប្រិយភាព​រឿង​ទាំងអស់​មិនមែន​គណបក្ស​ប្រជាជន​បង្កើតរឿង​ឲ្យ​គាត់​ទេ​ គាត់​បង្កើត​រឿង​ខ្លួនឯង​ ប្រព្រឹត្ដ​ល្មើសច្បាប់​ខ្លួនឯង​អ​ញ្ចឹ​ង​គាត់​ត្រូវ​ទទួលខុសត្រូវ​» ​។​

​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ស្ថាប័ន​ណា​ព្យាករណ៍​​ ឬ​បង្ហាញ​ការ​ស្ទាបស្ទង់​មតិ​ណាមួយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​ប្រជាប្រិយភាព​កម្រិត​ណា​នោះ​ទេ​។​ តែ​ទាំង​លោក​ កឹ​ម ​សុខ​ និង​ លោក​បណ្ឌិត​ មាស ​នី​ អះអាង​ថា​ បើ​តាម​ការ​ ស្រាយ​ជ្រាវ​ ដែល​ពួក​គាត់​ ចុះ​តាម​មូលដ្ឋាន​តាម​ខេត្ត​គឺ​ពលរដ្ឋ​ភាគច្រើន​ហាក់​មានការ​ធុន​ថប់​នឹង​អំពើ​អយុត្តិធម៌​សង្គម​កើតឡើង​ដដែលៗ​នេះ​។​ពួក​គាត់​ថា​ យុត្តិធម៌​កើត​មានបាន ​គឺ​​ អាស្រ័យ​លើ​តុលា ការ​ បើ​តុលាការ​កាត់ក្ដី​ដោយ​លម្អៀង​ ឬ​ក្រោម​ឥទ្ធិពល​របស់​អ្នកមាន​អំណាច ​គឺ ​មាន​តែ​ប្រជាជន​ទេ​ជា​អ្នក​ផ្ដល់​យុត្តិធម៌​សង្គម​តាម​រយៈ​ឆន្ទៈ​របស់​ពួក​គេ​នៅ​ពេល​បោះ​ឆ្នោត​ចូល​មក​ដល់​៕​

Share

Image
Image
Image