en     km
en     km

អ្នកវិភាគ​៖​ជំនួយ​ឥត​សំណង​របស់​ចិន​ អាច​នាំ​កម្ពុជា​ឲ្យ​ដើរ​តាម​លំនាំ​មួយ​គឺ​រដ្ឋ​មួយ​មាន​បក្ស​តែ​មួយ​

Share

ភ្នំពេញ៖ ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ អាស៊ី​ -​អ៊ឺ​រ៉ុ​ប​ នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​ កាលពី​ស​ប្ដា​ហ៍​មុន​ ប្រទេស​ចិន​ បាន​សន្យា​ផ្ដល់​ជំនួយ​ឥត​សំណង​ ជិត​ ៦០០​ លាន​ដុល្លា​អា​មេ​រិ​ក​ដល់​កម្ពុជា​ដែល​ជំនួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ បាន​នាំ​ឱ្យ​មានការ​ចោទសួរ​ជា​ថ្មី​ទៀត​ ពី​ឥទ្ធិពល​ប្រទេស​ចិន​ លើ​អធិបតេយ្យភាព​ និង​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ទៅ​ថ្ងៃ​ខាង​មុខ​។​

(ពីឆ្វេង)​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម និង លោក សូ ចន្ថា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ
(ពីឆ្វេង)​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម និង លោក សូ ចន្ថា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ

​អ្នកវិភាគ​យល់​ឃើញ​ថា​ ការ​ផ្ដល់​ជំនួយ​របស់​ចិន​ជិត​ ៦០០​ លាន​ដុល្លា​ដល់​ កម្ពុជា​ជា​ថ្មី​នេះ​មាន​ទាំង​ផល​វិជ្ជមាន​និង​ផល​អវិជ្ជមាន​។​ ក្នុង​នោះ​ពួក​គេ​យល់​ឃើញ​ថា​ ការ​ផ្ដល់​ជំ​នួន​ឥត​សំណង​មក​កម្ពុជា​នៅ​ពេល​នេះ​ ខណៈ​ស្ថានការណ៍​នយោបាយ​កំពុង​ឡើង​កម្ដៅ​ដូចនេះ​ អាច​ជា​សញ្ញា​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​បាន​សហគមន៍​ អន្ដរជាតិ​កាន់តែ​ដាក់​គំនាប​លើ​កម្ពុជា​កាន់តែ​ខ្លាំង​ ព្រោះ​គេ​ខ្លាច​កម្ពុជា​អនុវត្ត​គោលនយោបាយ​ រដ្ឋ​មាន​បក្ស​តែ​មួយ​។

​ប៉ុន្ដែ​មន្ដ្រី​រាជរដ្ឋាភិបាល​បដិសេធ​ការ​យល់​ឃើញ​នេះ​ដោយ​បញ្ជាក់​ថា​ ចិន​ជួយ​កម្ពុជា​ត្រឹមត្រូវ​ព្រោះ​ក្នុង​នាម​ប្រទេស​ជា​មិត្ដ​ប៉ុណ្ណោះ​ ។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​លម្អិត​៖

 

​ក្នុង​កិច្ចប្រជុំ​អាស៊ី​ អ៊ឺ​រ៉ុ​ប​ លើក​ទី​១១​ កាលពី​ថ្ងៃ​ទី​ ១៥​  ខែកក្កដា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​សម្ដេច​ ហ៊ុន​ សែន​ បាន​ឲ្យ​ដឹង​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ ប្រទេស​ចិន​សម្រេច​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ជា​ទឹកប្រាក់​ប្រមាណ​ ៣៦០០​ លាន​យន់​ ដែល​ស្នើ​ ៦០០​លាន​ដុល្លា​ សម្រាប់​ការ​អភិ​វ​ភិ​ឌ្ឍ​ន៍​កម្ពុជា​ ដែល​ក្នុង​ទឹកប្រាក់​ទាំងនោះ​ មាន​មួយ​ចំណែក​សម្រាប់​ជួយ​ដល់​ការ​រៀបចំ​ដំណើរការ​បោះ​ឆ្នោត​ផង​ដែរ​។​

​ការ​ផ្ដល់​ជំនួយ​របស់​ចិន​ ដ៍​ច្រើន​សន្ធឹកសន្ធាប់​ទៀត​នេះ​បន្ទាប់​ពី​ កម្ពុជា​ សន្យា​មិន​គាំទ្រ​ ចំពោះ​សាលដីកា​របស់​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ និយាយ​ពី​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ចិន​រង​ការ​ចោទ​ថា​ រំលោភ​លើ​ដែនទឹក​ប្រទេស​ ហ្វី​លី​ពី​ន​។​ ជំហរ​របស់​កម្ពុជា​ត្រូវ​ចិន​កោតសរសើរ​ ដោយ​ចាត់​ទុក​ថា​ជា​មិត្ត​ ដ៏​ល្អ​របស់​ចិន​។​

​កាលពី​ថ្ងៃ​ទី​ ១២​កក្កដា​ តុលាការ​ម​ជ្ឈឹ​ត្ដ​ការ​អចិ​ន្ដ្រៃ​ បាន​សម្រេច​ថា​ ចិន​មិន​មាន​សិទ្ធិ​ចូល​កាន់កាប់​លើ​តំបន់​ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​នោះ​ទេ​ បើ​ទោះជា​ក្រុង​បេ​កាំ​ង​អះអាង​ថា​ ជា​តំបន់​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន​ក៏​ដោយ​។​

​បើ​និយាយ​ពី​ជំនួយ​របស់​ចិន​ គឺ​ប្រទេស​នេះ​ មិន​ដែល​និយាយ​ពី​ការ​ជំរុញ​កម្ពុជា​អនុវត្តន៍​ នយោបាយ​សេរី​ពហុបក្ស​ម្ដងណា​នោះ​ទេ​ ខណៈ​ប្រទេស​នេះ​ ប្រកាន់​របប​កុំ​ម្មុ​យ​និ​ស្ត​ដែល​មិន​ខ្វល់​ពី​ការ​គាបសង្កត់​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​។​ ក្រៅពី​ជំនួយ​ ប្រទេស​ចិន​ បាន​ផ្ដល់​ប្រាក់​កំ​ម្ចី​ឱ្យ​កម្ពុជា​ ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ដែរ​។​ ប្រាក់​ជំនួយ​និង​ប្រាក់​កំ​ម្ចី​ពេល​ខ្លះ​ ក៏​ត្រូវ​បាន​ក្រុមប្រឆាំង​សង្ស័យ​ថា​ ប្រើប្រាស់​ពុំ​មាន​តម្លាភាព​ ដែរ​។​
​តើ​អ្នកវិភាគ​ មើលឃើញ​ដូច​ម្ដេច​ដែរ​ ចំពោះ​ទំនាក់ទំនង​កម្ពុជា​ ចិន​ និង​ប្រាក់​ជំនួយ​របស់​ចិន​ សម្រាប់​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ​?

​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ១៨​ខែកក្កដា​ ឆ្នាំ​ ២០១៦​ ថា​ទំនាក់ទំនង​កម្ពុជា​ និង​ចិន​ មាន​លក្ខណៈ​ពិសេស​កាន់តែ​ស៊ីជម្រៅ​ឡើងៗ​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ដែល​ធ្វើ​ឱ្យ​មានការ​កត់សម្គាល់​ពី​ អនាគត​កម្ពុជា​។​

​បើ​តាម​លោក​ មាស​ នី​ ជំនួយ​ឥត​សំណង​របស់​ចិន​មក​កាន់​កម្ពុជា​ជា​ថ្មី​ទៀត​នេះ​ ជា​ហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ដល់​សព្វថ្ងៃ​។​ តែ​លោក​ថា​ ការ​ទទួល​ជំនួយ​ឥត​សំណង​ពី​ប្រទេស​ចិន​ច្រើន​សន្ធឹកសន្ធាប់​ យ៉ាងនេះ​ក្ដី​ គឺ​កម្ពុជា​ មិន​ត្រូវ​ភ្លេច​ថា​ ខ្លួន​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ​។

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​បន្ថែម​ថា​ រាជរដ្ឋាភិបាល​គួរតែ​ចាត់ចែង​ថវិកា​ជំនួយ​នោះ​ ដោយ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​រពុក​រលួយ​ ដើម្បី​ឲ្យ​ប្រាក់​ជំនួយ​ទាំងនោះ​អាចយ​កមក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ ប្រកបដោយ​តម្លាភាព​។​ លោក​ បណ្ឌិត​យល់​ថា​ ដោយសារ​ ចិន​ជា​ប្រទេស​ជំនួញ​ធំ​នៅ​កម្ពុជា​ទើប​ប្រទេស​នេះ​ព្យាយាម​ផ្ដើម​ទំនាក់ទំនង​ល្អជា​មួយ​ គណបក្សកាន់អំណាច​។​

​លោក​ មាស​ នី​៖«​ដោយសារ​ប្រទេស​ចិន​ជា​ប្រទេស​ជំនួញ​ ដូច្នេះ​គេ​មិន​ចង់​ឃើញ​ប្រទេស​ដែល​គេ​បណ្ដាក់​ទុក​ជំ​នូ​ញ​ច្រើន​បែរជា​មាន​អ​ស្ថេ​រ​ភាព​នោះ​ទេ​ អ​ញ្ចឹ​ង​ហើយ​ចិន​ត្រូវ​តែ​រក​វិធី​ដើម្បី​ចងមិត្ដ​ភាព​ជាមួយ​បក្ស​ផ្សេង​ទៀត​ ដើម្បី​មុខ​ជំនួញ​របស់​គេ​»​។​

​តើ​ជំនួយ​របស់​ចិន​អាច​ជា​ការ​ផ្ចាញ់ផ្ចាល់​ ប្រទេស​លោក​ខាងលិច​ ដែល​គំរាម​ផ្អាក​ជំនួយ​ មក​កាន់​កម្ពុជា​ដែរ​ឬទេ​?

​លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ យល់​ឃើញ​ថា​ ជំនួយ​របស់​ចិន​អាច​ជា​ការ​ឆ្លើយ​តប​មក​កម្ពុជា​ចំពោះ​ជំហរ​គាំទ្រ​ចិន​ ជុំវិញ​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​។​ លោក​ថា​ ជំនួយ​នេះ​ក៏​ជា​សារ​មួយ​ប្រាប់​ កម្ពុជា​ថា​ ទោះជា​សហគមន៍​អន្ដរជាតិ​ចង់​ផ្ដាច់ជំនួយ​កម្ពុជា​ ករណី​គេ​ចោទ​កម្ពុជា​ថា​មានកា​រំលោភសិទ្ធិ​មនុស្ស​ក្ដី​ ក៏​ប្រទេស​ចិន​នៅ​តែ​គាំទ្រ​កម្ពុជា​ គ្រប់​រូបភាព​ដោយ​មិន​ខ្វល់​ការ​រិះគន់​របស់​ពួក​លោក​ខាងលិច​ឡើយ​។​

​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​បន្ដ​ថា​ ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​លោក​មានការ​សាទ​ ដែល​ប្រទេស​ជា​មិត្ដ​ផ្ដល់​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍន៍​កម្ពុជា​ខណៈ​ ប្រទេស​កំពុង​តែ​ខ្វះខាត​។​ ប៉ុន្ដែ​លោក​ថា​ ជំនួយ​របស់​ចិន​ថ្វី​ឥត​សំណង​មែន​ ប៉ុន្ដែ​ក្នុង​នោះ​ចិន​មាន​បំណង​ឲ្យ​កម្ពុជា​គាំទ្រ​ក្រុមហ៊ុន​ចិន​ ណាមួយ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ ពលរដ្ឋ​ខែ្ម​រ​។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ សូ​ ច​ន្ថា​ ទទូច​ថា​កម្ពុជា​គួរ​ត្រូវ​ ប្រុង​ប្រយ័ត្ន​ ពី​ការ​ដើរ​ខុស​គោលការណ៍​របស់​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​របស​កុំ​មុ​យ​នី​ស​ដូច​ប្រទេស​ចិន​។​

​លោក​ សូ​ ច​ន្ថា​៖​ «​ចិន​មាន​បំណង​ការ​មក​វិនិយោគទុន​ ឬ​ការ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ដែល​ក្នុង​នោះ​ចិន​ហាក់ដូចជា​ធ្វើ​នំ​អត់​ម្សៅ​ ដូច​ដែរ​មក​កាន់កាប់​ព្រៃស្រោង​ រុករក​រ៉ែ​មួយ​ចំនួន​ដែល​ទាំង​អស់នេះ​ដែល​យើង​ឃើញ​ថា​ប្រទេស​យើង​បាត់បង់​ប្រយោជន៍​ទៅ​ប្រទេស​ចិន​វិញ​»​។​

​ប៉ុន្ដែ​ លោក​ ផៃ​ ស៊ី​ផា​ន​ មាន​ប្រសាសន៍​ថា​ ការ​ផ្ដល់​ជំនួយ​របស់​ចិន​គឺ​ក្នុង​នាម​ប្រទេស​ជា​មិត្ដ​ដោយ​ស្មោះត្រង់​ ដែល​ចង់​ជួយ​ដល់​កម្ពុជា​ដើម្បី​ភាព​រីក​ចម្រើន​តទៅ​មុខ​ប៉ុណ្ណោះ​។​

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន
អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​រូប​នេះ​បន្ដ​ថា​ កម្ពុជា​នៅ​តែ​ស្ថិត​ជា​ប្រទេស​ដែល​មាន​ឯករាជ្យ​មិន​ស្ថិត​ក្រោម​អំណាច​ប្រទេស​ណាមួយ​នោះ​ឡើយ​។​ លោក​ថា​ ការ​ផ្ដល់​ជំនួយ​របស់​ចិន​នា​ពេល​នេះ​គឺជា​រឿង​ដ៏​ប្រសើរ​បំផុត​ដែល​ជួយ​ឲ្យ​រាជរដ្ឋាភិបាល​ អាច​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ទទួល​នូវ​សេវា​សាធារណៈ​ឲ្យ​កាន់តែ​បាន​ទាន់​ពេលវេលា​ហើយ​ប្រកបដោយ​គុណភាព​ថែម​ទៀត​ផង​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖«​ការ​ផ្ដល​ជំនួយ​ចិន​គឺ​យក​មក​ដើម្បី​អភិវឌ្ឍន៍​ព​ង្រឹ​ក​វិស័យ​សុខាភិបាល​ វិស័យ​អប់រំ​សុវត្ថិភាព​ទឹក​ស្អាត​សម្រាប់​មហាជន​ហើយ​និង​រៀបចំ​ដំណើរការ​បោះ​ឆ្នោត​ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​អភិវឌ្ឍន៍​បន្ដ​ទៀត​ទាំង​លទ្ធិប្រជាធិបតេយ្យ​ ក៏​ដូ​ជា​ការ​ប្រឹងប្រែង​ព​ង្រឹ​ក​នូវ​ធនធានមនុស្ស​ ក៏​ដូច​ជា​សុខមាលភាព​ជាដើម​»​។​

​ទំនាក់ទំនង​មិត្តភាព​ កម្ពុជា​-​ចិន​ ដែល​គេ​ហៅ​ថា​ ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​គឺ​មិន​មាន​ តែ​សម័យកាល​នៃ​គណបក្សកាន់អំណាច​របស់​ សម្ដេច​ ហ៊ុន​ សែន​ នោះ​ទេ​ គឺ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ របស់​អតីត​ព្រះមហាក្សត្រ​ នរោត្តម​សីហ​នុ​ផង​ដែរ​។​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​ ប្រទេស​ធំ​មួយ​នេះ​ មាន​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​ផង​ដែរ​ កាលពី​ក្នុង​របប​កម្ពុជា​ ប្រជាធិបតេយ្យ​ របស់​អតីត​នាយក​រដ្ឋមន្ត្រី​ ប៉ុ​ល​ ពត​៕​

Share

Image
Image
Image