en     km
en     km

អ្នកវិភាគ​សាទរ​ប្រសាសន៍​នាយក​រដ្ឋមន្ដ្រី​ ឲ្យ​បញ្ឈប់​ការ​ជួល​ដី​ឲ្យ​វៀតណាម​តែ​ត្រូវ​បង្ហាញ​សកម្មភាព​ជាក់ស្ដែង​

Share

ភ្នំពេញ​៖​ ប្រមុខ​រដ្ឋាភិបាល​ រំលឹក​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​ កុំ​ជួល​ដី​របស់​ខ្លួន​ឱ្យ​ពលរដ្ឋ​វៀតណាម​ ដែល​ទំនង​សម្ដេច​ចង់​និយាយ​ថា​ជា​ការ​ពិបាក​ គ្រប់គ្រង​។​ តែ​នេះ​ជា​ការ​ដាស់តឿន​ថ្មី​ទៀត​ របស់​ប្រមុខ​រដ្ឋាភិបាល​ ខ្មែរ​ ដែល​ឆ្នាំទៅ​មិ​ញ​ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​ ត្រូវ​បញ្ឈប់​ការ​ជួល​ដី​ដូចនេះ​ដែរ​។​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

​ប៉ុន្ដែ​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ថា​ ការ​ទទូច​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ពុំ​មាន​វិធានការ​ជាក់លាក់​ នឹង​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​វៀតណាម​ បញ្ឈប់​ការ​ជួល​ដី​កសិករ​ខ្មែរ​បាន​ឡើយ​។​ លោក​ថា​ ក៏​អាច​ធ្វើ​ឲ្យ​មានការ​បាត់បង់​ទឹកដី​ថែម​ទៀត​ផង​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​ក្រោយ​ពី​បាន​ចុះ​ជួប​សួរសុខទុក្ខ​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​មួយ​ក្នុង​ខេត្ដតាកែវ​ កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​
​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជា​ «​ហាម​ដាច់ខាត​ការ​ជួល​ដី​ឲ្យ​ប្រជាជន​វៀតណាម​ តែ​នេះ​មិនមែន​សម្រាប់​តែ​ខេត្តតាកែវ​មួយ​ទេ​ គឺ​សម្រាប់​ខេត្ត​ទាំងអស់​ដែល​មាន​ព្រំប្រទល់​ជាមួយ​វៀតណាម​ »​ ។​

​សម្ដេច​បាន​បញ្ជាក់​ដូចនេះ​ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ដែល​បាន​ផ្សព្វផ្សាយ​ នៅ​ថ្ងៃ​ពុធ​ទី​១៧​ សីហា​នេះ​។​

​ជុំវិញ​សារ​ក្រើនរំលឹករបស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​នេះ​ដែរ​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ពុធ​ ទី​ ១៧​សីហា​នេះ​ថា​ លោក​សាទរ​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​គិតគូ​ ពី​បញ្ហា​ពលរដ្ឋ​ខ្មែរ​បន្ដ​ជួល​ដី​ឲ្យ​ទៅ​ប្រជាជន​វៀតណាម​។​ ប៉ុន្ដែ​លោក​យល់​ថា​ បើសិនជា​មាន​តែ​សារាចរ​លើ​ក្រដាស​ ឬ​ការ​អំពាវនាវ​ត្រឹមតែ​មាត់​គ្មាន​ យន្ដការ​ទប់​ស្កាត់ច្បាស់លាស់​ ទោះជា​អំពាវនាវ​ច្រើន​យ៉ាងណា​ក៏​មិន​បាន​លទ្ធផល​អ្វី​ដែរ​។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​ក៏​បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ថា​ ប្រសិនជា​ពលរដ្ឋ​ខ្មែរ​ នៅ​ខេត្ដ​ឆ្ងាយៗ​ មិន​បាន​ទទួល​ដំណឹង​ពី​ការ​ហាមប្រាម​របស់​ក្រសួងមហាផ្ទៃ​ ពី​ការ​មិន​ឲ្យ​ជួល​ដី​ឲ្យ​ប្រទេស​ជិតខាង​ ក៏​ដូច​ជា​ការ​អំពាវនាវ​របស់​សម្ដេច​ ហ៊ុន​ សែន​ នា​ពេល​នេះ​ នោះ​ពួក​គេ​គឺ​នៅ​តែ​បន្ដ​ជួល​ដី​ឲ្យ​ទៅ​ប្រជាជន​វៀតណាម​ កាន់តែ​ច្រើន​បន្ដ​ទៀត​ ដែល​អាច​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​ដី​តាម​បណ្ដោយ​ព្រំដែន​។​

​ប្រការ​នេះ​លោក​បណ្ឌិត​ មាស​ នី​ គិត​ថា​ប្រមុខ​រាជរដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​ជាក់ស្ដែង​ ដោយ​ចុះ​ទៅ​ពិនិត្យ​មើល​ពី​ទំហំ​ដី​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម​ មាន​ទំហំ​ប៉ុនណា​ ដើម្បី​ធ្វើការ​ដោះស្រាយ​ឲ្យ​បាន​សម​ស្រប​ និង​ បញ្ចៀស​បញ្ហា​ ទំនាស់​ណាមួយ​ដែល​អាច​កើតឡើង​។​

លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម។

លោក​បណ្ឌិត​ មាស​ នី​៖«​ប៉ុន្ដែ​សកម្មភាព​តាម​ព្រំដែន​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ថ្មីៗ​នេះ​ ឃើញ​ថា​គ្មាន​អ្វី​ប្លែក​ទេ​ គឺ​នៅ​ដដែល​អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ គ្រាន់តែ​អំពាវនាវ​ប៉ុណ្ណេះ​ទៀត​ ហើយ​មិន​មាន​ធ្វើ​អី​ទេ​ រឿង​ហ្នឹង​គ្រាន់តែ​ជា​ការ​ស្រែកៗ​ទៅ​កុំ​ឲ្យ​ស្ងាត់​ផ្ទះ​ ហ្នឹង​ក៏​ជា​ការ​ព្រួយបារម្ភ​មួយ​ដែរ​សម្រាប់​ ប្រព័ន្ធ​គ្រប់គ្រង​របស់​យើង​»​។​

​ចំណែក​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន​ សែន​ នា​ពេល​នេះ​គឺជា​ការ​ជំរុញ​បន្ថែម​ដល់​អាជ្ញា​ធរមូលដ្ឋាន​ តាម​បណ្ដោយ​ព្រំដែន​ ឲ្យ​ធ្វើការ​ពិនិត្យ​ឲ្យ​ជាក់លាក់​ជុំវិញ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បញ្ឈប់​ការ​ជួល​ដី​នេះ​។​ លោក​បន្ថែម​ថា​ រាជរដ្ឋាភិបាល​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ទំហំ​នៃ​ដី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជួល​ឲ្យ​ទៅ​ប្រជាជន​វៀតណាម​ និង​ប្រទេស​ជិតខាង​ដទៃ​ទៀត​រួចរាល់​ហើយ​។​

​ប៉ុន្ដែ​លោក​ថា​ ដោយសារ​កិច្ចសន្យាជួល​ដី​ឲ្យ​ទៅ​ប្រជាជន​ប្រទេស​ជិតខាង​មិន​ទាន់​ដល់​ការ​បញ្ចប់​ ទើប​រាជរដ្ឋាភិបាល​ទុក​ពេល​ឲ្យ​កិច្ចសន្យា​ទាំងនោះ​បញ្ចប់​សិន​ទើប​ បន្ដ​ដំណើរការ​ផ្សេងៗ​។​

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ បង្ហាញ​ជំនឿ​ចិត្ដ​ថា​ កម្ពុជា​មិន​អាច​នឹង​បាត់បង់​ដី​ដែល​ជួល​ឲ្យ​ទៅ​ប្រទេស​ជិតខាង​ដោយសារ​ ពលរដ្ឋ​មិនដឹង​ពី​សារាចរ​ របស់​រាជរដ្ឋាភិបាល​នោះ​ទេ​។​ លោក​ថា​ រាជរដ្ឋាភិបាល​នៅ​តែ​បន្ដ​អនុវត្ដ​សារាចរ​ដែល​ដាក់​ចេញ​ រហូត​ដល់​លែង​មាន​ ការ​ជួល​ដី​ពី​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទៅ​ប្រជាជន​ប្រទេស​ជិតខាង​។​

​លោក​ សុខ​ ឥ​សាន្ដ​៖«​យើង​មាន​បញ្ហា​ខ្លះ​ត្រង់​ថា​ ដោយសារ​កិច្ចសន្យា​មិន​ទាន់​ចប់​  ហើយ​ដី​ណា​ដែល​ជាប់កិច្ចសន្យា​យើង​ពន្យា​ពេល​ទុក​ឲ្យ​ចប់​ហើយ​មិន​អោយធ្វើ​កុងត្រា​ថ្មី​ទេ​ ចំពោះ​អ្នក​ដែល​មិន​ទាន់​ធ្វើ​កុងត្រា​គឺ​មិន​ឲ្យ​កុងត្រា​ជួល​ទេ​ ចំណុច​នេះ​យើង​មាន​វិធានការ​រួច​ហើយ​»​។​

សូមជម្រាប​ថា​ ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​ បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដោយ​តម្រូវ​ ឲ្យ​គ្រប់​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ រ​ដ្ឋបាល​ខេត្ដ​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ដែល​ជាប់​ព្រំដែន​ មន្ទីរ​ និង​អង្គភាព​ជំនាញ​ ជុំវិញ​ខេត្ដ​ជាប់​ព្រំដែន​ទាំងអស់​ ឲ្យ​បញ្ឈប់​សកម្មភាព​ជួល​ដី​នៅ​តាម​ព្រំដែន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ ជាប់​ព្រំដែន​ទាំង​អស់នេះ​រួម​មាន​ប្រទេស​ វៀតណាម​ ថៃ​ និង​ឡាវ​ ដែល​វា​នឹង​បង្ក​ឲ្យ​មាន​ផល​លំបាក​ក្នុង​ការ​គ្រប់គ្រង​ និង​អាច​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ផ្សេងៗ​។​ ក្នុង​សារាចរ​នោះ​ក៏​បាន​តម្រូវ​ឲ្យ​ មានការ​រៀបចំ​ចាត់ចែង​អនុវត្ដ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ផង​ដែរ​៕​

Share

Image
Image
Image