en     km
en     km

អ្នកវិភាគ​យល់​ថា​ ការ​ឈប់​យក​លុយ​រថយន្ត​គ្រួសារ​ពី​អ្នក​នៅ​អម​ផ្លូវជាតិ​លេខ​ ៤​ ជា​ហេតុផល​នយោបាយ​

Share

cover-nat-road-no-4
ក្រោយ​ពី​ការ​ប្រកាស​របស់​សម្ដេច​ ហ៊ុន​ សែន​ អំពី​ការ​ឈប់​យក​លុយ​ពី​រថយន្ត​គ្រួសារ​ និង​រថយន្ត​មន្ត្រីរាជការ​រស់នៅ​អម​ផ្លូវជាតិ​លេខ​ ៤​ និង​ផ្លូវ​វេ​ង​ស្រេង​ រួច​មក​ អ្នកវិភាគ​យល់​ថា​ នេះ​ជា​សញ្ញា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​។​ តែ​អ្នកវិភាគ​ ក៏​មើលឃើញ​ថា​ ការ​ឈប់​យក​ប្រាក់​ពេល​នេះ​អាច​ជា​ហេតុផល​នយោបាយ​ធំ​ជាង​។​

​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ តាម​ការ​មើលទៅ​លើ​ការ​អនុវត្ដ​របស់​គណបក្សកាន់អំណាច​ក្នុង​កំលុង​ពេល​ចុង​ក្រោយ​នេះ​ អាច​និយាយ​បាន​ថា​ ជា​ការ​សំលឹង​មើល​វែង​ឆ្ងាយ​ពី​ផល​ចំណេញ​នយោបាយ​នា​ពេល​ខាង​មុខ​របស់​គណបក្សកាន់អំណាច​។​

លោក​ មាស​ នី
លោក​ មាស​ នី

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ បាន​មាន​ប្រសាសន៍​ ជាមួយ​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​ ទី​៦​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ថា​ ការ​ចេញ​ប្រកាស​របស់​សម្ដេច​ ហ៊ុន​ សែន​ នា​ពេល​នេះ​ សម្រាប់​ការ​ឈប់​យក​លុយ​រថយន្ត​គ្រួសារ​ របស់​ពលរដ្ឋ​រស់នៅ​អម​ផ្លូវជាតិ​លេខ​ ៤​ នេះ​ គឺ​គណបក្សកាន់អំណាច​ មាន​បំណង​ចង់បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ ហើយ​ ចង់​បំបាក់​សំឡេង​របស់​គណបក្សប្រឆាំង​ ដើម្បី​ឱ្យ​គណបក្ស​នេះ​មិន​អាច​មានដំណើរ​ការ​ជឿនលឿន​ទៅ​មុខ​ត​ទៀត​បាន​ ដែល​ក្នុង​នោះ​រដ្ឋាភិបាល​បាន​បញ្ឈប់​ការ​យកពន្ធ​ផ្លូវ​ពី​ទោចក្រយានយន្ដ​ជាដើម​។​

​លោក​ មាស​ នី​ ក៏​បាន​ បញ្ជាក់​ដែរ​ថា​ លោក​ទទួលស្គាល់​ថា​ ការ​បញ្ឈប់​ការ​យក​លុយ​ពី​ពលរដ្ឋ​ដែល​រស់នៅ​អម​ផ្លូវជាតិ​លេខ​៤​ នា​ពេល​នេះ​ គឺជា​រឿង​មួយ​ដែល​បាន​ជួយ​ដល់​ពលរដ្ឋ​ កុំឱ្យ​មានការ​ចំណាយ​ច្រើន​ពេក​។​

​លោក​បន្ថែម​ថា​៖​ «​ខ្ញុំ​គិត​ថា​ យុទ្ធសាស្ដ្រ​នយោបាយ​របស់​គណបក្ស​ប្រជាជន​ យើង​ឃើញ​ថា​ មក​ដល់​ពេល​នេះ​ គណបក្ស​ប្រជាជន​ ហាក់​បាន​គិត​ថា​ ខ្លួន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ បង្ក្រាប​គណបក្សប្រឆាំង​ បាន​ន័យ​ថា​ បង្អាក់ដំណើរ​គណបក្សប្រឆាំង​ មិន​ឱ្យ​ដើរទៅ​មុខ​លឿន​ និង​ធ្វើការ​រំខាន​ទៅ​លើ​មេ​ដឹក​បក្ស​ប្រឆាំង​។​ អ​ញ្ចឹ​ង​គណបក្ស​ប្រជាជន​ ប្រហែលជា​ត្រូវ​ប្រើប្រាស់​ឱកាស​ហ្នឹង​ ដើម្បី​កំណែទម្រង់​ផ្សេងៗ​ដែល​ចង់​ធ្វើ​ ខ្ញុំ​គិត​ថា​រឿង​ផ្លូវ​វេ​ង​ស្រេង​ ផ្លូវជាតិ​លេខ​៤​ ការ​បញ្ឈប់​ការ​យកពន្ធ​ម៉ូតូ​ ខ្ញុំ​គិត​ថា​ ទាំងអស់​ហ្នឹង​វា​ជា​នយោបាយ​មួយ​ ដែល​ខ្មែរ​យើង​តែងតែ​ដឹង​ថា​ ជា​ការ​ចង់​ចំណេញ​ផ្នែក​នយោបាយ​ ប៉ុន្ដែ​ក្នុង​ហ្នឹង​យើង​គិត​ថា​ វា​ក៏​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ​ដែរ​»​។​

លោក​ សូ​ ច​ន្ថា
លោក​ សូ​ ច​ន្ថា

​ចំណែក​លោក​សាស្ដ្រាចារ្យ​ សូ​ ច​ន្ថា​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ ការ​បញ្ឈប់​ការ​យក​លុយ​ពី​ពលរដ្ឋ​ខណៈ​នេះ​គឺ​ ពិតជា​ល្អ​សម្រាប់​ពលរដ្ឋ​។​ លោក​សូ​ ច​ន្ថា​ បន្ថែម​ដែរ​ថា​ អ្វី​ដែល​រដ្ឋាភិបាល​ កំពុង​ធ្វើ​នា​ពេល​នេះ​ គឺ​មាន​គោលបំណង​ចង់​ទាក់ទាញ​ចំណាប់អារម្មណ៍​ការ​គាំទ្រ​បន្ថែម​ពី​ពលរដ្ឋ​ សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​។​

​យ៉ាងនេះ​ក្ដី​ លោក ​សូ​ ច​ន្ថា​ យល់​ថា​ នៅ​ក្នុង​ប្រទេស​មួយ​ ការ​គ្រប់គ្រង​រដ្ឋ​ គឺ​មិន​អាច​ ចេះ​តែ​ធ្វើ​តាម​ការ​នឹកឃើញ​ ឬ​សម្រេចចិត្ដ​ភ្លាម​នោះ​ ថា​ចង់​ធ្វើ​អ្វី​ក៏​ធ្វើ​នោះ​ឡើយ​។​

​លោក​បន្ថែម​ថា​៖​ «​ខ្ញុំ​មើលទៅ​រដ្ឋាភិបាល​ មានការ​កែទម្រង់​ច្រើន​ ដែល​គេ​ឱ្យឈ្មោះ​ថា​ កែទម្រង់​ ស៊ីជម្រៅ​។​ ក៏​ប៉ុន្ដែ​ធ្វើ​ទៅ​អត់​រួច​ ដូច្នេះ​ការ​ដោះស្រាយ​បញ្ហា​ភ្លាមៗ​ ជា​ពិសេស​ការ​ឈប់​យកពន្ធ​ផ្លូវ​ ឈប់​យក​កម្រៃ​សាធារណៈ​ អ្វីមួយ​ចំនួន​ជាដើម​ អ​ញ្ចឹ​ង​ជា​ការ​សម្រួល​ ក៏​ជា​ការ​ទាក់ទាញ​ ការ​គាំទ្រ​បន្ថែម​ទៀត​ពី​ពលរដ្ឋ​ អ្នកបោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៧​ ឆ្នាំ​២០១៨»​។​

​សូម​ជម្រាប​ថា​ លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​ និង​លោក​ ត្រាំ​ អ៊ី​វ​តឹក​ រដ្ឋ​ម​ន្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ កាលពី​ថ្ងៃ​អង្គារ​ ទី​៥​ ខែមករា​ ឆ្នាំ​២០១៦​ ម្សិលមិញ​ បាន​ចុះហត្ថលេខា​លើ​លិខិត​ជូនដំណឹង​មួយ​ ដោយ​បាន​បញ្ជាក់​ថា​ គិត​ចាប់ពី​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​តទៅ​ សម្រាប់​រថយន្ដ​ប្រជាពលរដ្ឋ​ទាំងអស់​ ទាំង​លក្ខណៈ​គ្រួសារ​ និង​រថយន្ដ​មន្ដ្រីរាជការ​ ដែល​មាន​ទីលំនៅ​នៅ​សងខាង​ផ្លូវជាតិ​លេខ​៤​ គឺ​លែងយក​លុយ​តទៅ​ទៀត​ហើយ​៕

Share

Image
Image
Image