en     km
en     km

អ្នកវិភាគ​និង​សង្គម​ស៊ី​វិល​៖​ ការ​លុប​ចោល​គម្រោង​ផ្លូវ​ល្បឿន​លឿន ​អាច​ពាក់ព័ន្ធ​ហេតុផល​នយោបាយ​

Share

ភ្នំពេញ៖ អ្នកវិភាគ​សង្គម​ និង​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​បញ្ហា​សិទ្ធិ​ដីធ្លី​ និង​បញ្ហា​ចរាចរណ៍​បង្ហាញ​ការ​វិភាគ​របស់​ពួក​គេ​ជាមួយ​វិទ្យុ​ស្តី​ FM​ 102​ នៅ​ ថ្ងៃ​ទី​ ០៦​ ខែមេសា​នេះ​ថា​ ការ​លុប​ចោល​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ចូល​មក​ក្នុង​ក្រុងភ្នំពេញ​ អាច​ជាប់​ពាក់ព័ន្ធ​ហេតុផល​នយោបាយ​នៅ​ពីក្រោយ​។​

ការ​លើក​ឡើង​របស់​អ្នកវិភាគ​ និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​នេះ​ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកា​ស​​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា​ គម្រោង​សា​ង​សង់​ផ្លូវ​ល្បឿន​លឿន​នោះ​ ត្រូវ​លុប​ចោល​ទៅ​វិញ​។​ ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ ធ្វើ​ឱ្យ​សហគមន៍​ផ្លូវ​រថភ្លើង​ ខ្លះ​ត្រេ​កអរ​ ខ្លះ​មិន​សប្បាយចិត្ត​ផង​ដែរ​។​

 

Tran-Cambodia-WMC-Keo-Sokha
ពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ

បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​លុប​ចោល​គម្រោង​សាងសង់​ផ្លូវ​កាលពី​ម្សិលមិញ​រួម​មក​ អ្នកវិភាគ​ព្រឹត្តិ​ការ​ណ៍​សង្គម​ និង​អ្នកជំនាញ​រឿង​ដីធ្លី​ និង​អ្នកជំនាញ​ចរាចរណ៍​ បាន​លើក​ឡើង​ប្រហាក់​គ្នា​ថា​ ការ​ប្រកាស​លុប​ចោល​គម្រោង​នេះ​ អាច​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នៅ​ពីក្រោយ​ ព្រោះ​ការ​បោះ​ឆ្នោត​ក្រុម​ព្រឹក្សា​ឃុំ​ សង្កាត់​ និង​ការ​បោះ​ឆ្នោតជាតិ​ជាតិ​ជិត​ចូល​មក​ដល់​។​

​លោក​ អ៊ី​ សា​រ៉ុ​ម​ នាយក​ប្រតិបត្តិ​អង្គការ​សមាគម​ធាងត្នោត​ មើលឃើញ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ឈាន​ទៅ​លុប​ចោល​គម្រោង​ផ្លូវ​ល្បឿន​លឿន​ថា​ គឺ​ទំនងជា​រដ្ឋាភិបាល​ធ្លាប់​មានបទពិសោធន៍​មិនល្អ​ពី​ការ​អភិវឌ្ឍ​នា​ពេល​កន្លង​ ព្រោះ​​​មា​ន​ការ​មិន​សុខចិត្ត​ពី​សំណាក់​ពលរដ្ឋ​ ចេញ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ និង​រដ្ឋាភិបាល​។​ ហេតុផល​ទី​២​លោក​ ពន្យល់​ថា​ អាច​មក​​ពី​​ក្រុមហ៊ុន​វិនិយោគ​គិត​ថា​ គម្រោង​មួយ​នេះ​អាច​មិនសូវ​ទទួល​បាន​ផល​ចំណេញ​ទើប​ ក្រុម​មិន​ព្រម​ទទួល​សាងសង់​ក៏​ថា​បាន​​។​ ជា​រួម​លោក​ អ៊ី​ សា​រ៉ុ​ម​ ថា​ហេតុផល​ខាង​នយោបាយ​ច្រើន​ជាង​ ។​

​លោក​ អ៊ី​ សា​រ៉ុ​ម​ ៖​ «​ចំ​ពេល​ដែល​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ឆ្នាំ​ ២០១៧​ ហ្នឹង​ អ​ញ្ចឹ​ង​រដ្ឋាភិបាល​ចង់​មិន​ចង់​គាត់​ហ្នឹង​ផ្អាក​ជា​បណ្តុះ​អាសន្ន​សិន​សម្រាប់​ការ​យល់​ឃើញ​របស់ខ្ញុំ​។​ កត្តា​ទី​២​ ប្រហែលជា​មើលទៅ​ក្រុមហ៊ុន​ដែល​តម្រូវ​ឱ្យ​សាងសង់​នេះ​ មើលឃើញ​ថា​មិនសូវ​ចំណេញ​ក៏​អាច​ថា​បាន​ ដោយសារ​ប្រជាពលរដ្ឋ​ក្នុង​ក្រុងភ្នំពេញ​នេះ​តិច​ ហើយ​កា​រវិន​យោគ​ហ្នឹង​អស់​លុយ​ច្រើន​ ហើយ​មិនសូវ​ចំណេញ​អ្វី​ប៉ុន្មាន​សម្រាប់​ស្ថានការណ៍​បច្ចុប្បន្ន​»​។​

​ចំណែក​លោក​ អ៊ា​ ចរិយា​ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ បាន​លើក​ឡើង​ដែល​ថា​ គឺ​ទំនងជា​បញ្ហា​សន្លឹក​ឆ្នោត​ ព្រោះថា​ ប្រសិនបើ​រដ្ឋាភិបាល​សម្រេច​សាងសង់​ផ្លូវ​ល្បឿន​លឿន​នោះ​មែន​ នោះ​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ប្រមាណ​ ៤​ ពាន់​គ្រួសារ​ដែល​រស់នៅ​ទីនោះ​។​ លោក​ថា​ ប្រ​សិន​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​មែន​នោះ​សំឡេង​ឆ្នោត​របស់​រដ្ឋាភិ​បា​ល​ប​ក្ស​កាន់​អំណាច​សព្វថ្ងៃ​នឹង​ធ្លាក់​ចុះ​ ស្រប​ពេល​ព្រឹត្តិការណ៍​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​។​

​លោក​ អ៊ា​ ចរិយា​ ៖​ «ហេតុផល​ការ​លុប​ចោល​នេះ​ ប្រហែល​​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​រឿង​នយោបាយ​ ព្រោះ​ការ​សាងសង់​នេះ​ វា​អាច​ប៉ះពាល់​ប្រជាពលរដ្ឋ​ គាត់​មិន​ពេញចិត្ត​ជាមួយនឹង​ការ​ដោះស្រាយ​នូវ​ការ​សាងសង់​នោះ​ ហើយ​ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ពិ​បាក​រក​ដំណោះស្រាយ​មួយ​ ដែល​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង​សុខចិត្ត​ ក្នុង​រើ​ចេញពី​ផ្លូវ​ហ្នឹង»​។

Tran-Cambodia-WMC01-Keo-Sokha
ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅបណ្តោយផ្លូវរថភ្លើងរាជធានីភ្នំពេញ​

​តាម​ការ​អង្កេត​កន្លង​មក​ ឱ្យ​ជិត​ដល់​ឆ្នាំ​បោះ​ឆ្នោត​ គឺ​រដ្ឋាភិបាល​គណបក្សកាន់អំណាច​ តែងតែមាន​យុទ្ធសាស្ត្រ​ថ្មីៗ​ជា​ច្រើន​ចំ​ពោះ​​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ គេ​ឃើញ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ សម្ពោធ​អាគារ​សាលារៀន​ស្ពាន​ ថ្នល់​  ហើយ​ក្នុង​ឱកាស​នោះ​ ស​ម្ដេច​ប្រើ​វោហា​សាស្ត្រ​នយោបាយ​ ដែល​ជា​ការ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ស្គាល់​ពី​តម្លៃ​ នូវ​សមិទ្ធផល​ របស់​រដ្ឋាភិបាល​ ។​ តែ​ក៏​មានការ​បង្ក​ឱ្យ​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ដែរ​ ។​

នៅ​ក្នុង​ពី​ធី​សម្ពោធ​អាគារ​ថ្មី​នៃ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​ កាល​ខែមីនា​ សម្ដេច​ ហ៊ុន​ សែន​ ថា​ការ​ពង្រីក​ព្រ​លាន​យន្ត​ហោះ​​ក្នុង​ពេល​កន្លង​ទៅ​ បាន​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​របស់​ប្រជាជន​ ។​ សម្ដេច​ថា​ នឹង​មិន​បន្ត​ពង្រីក​ទៀត​ទេ​ ព្រោះ​មិន​ចង់​ឃើ​ញ​​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ ។​

​លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លើក​ឡើង​ថា​ មូលហេតុ​នៅ​ពីក្រោយ​នៃ​ការ​លុប​ចោល​គម្រោង​សាង​ស​ង់​នោះ​ អាច​ពាក់ព័ន្ធ​នឹង​ប្រាក់​កម្ចី​ពី​បរទេស​មាន​កម្រិត​ទាប​ ដែល​មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ក្នុង​ការ​សាងសង​នោះ​បា​ន​​។​ មួយវិញទៀត​លោក​ថា​ រដ្ឋាភិបាល​ក្នុង​ស្ថានការណ៍​កំណែទម្រង់​ថ្មី​នេះ​ គឺ​ត្រូវ​កែសម្រួល​ប្រាក់បៀវត្ស​មន្ត្រីរាជការ​សា​ធា​រ​ណៈ​​ ហើយ​រដ្ឋាភិបាល​ប្រហែលជា​ត្រូវ​បង្វែរ​ថវិកា​សម្រាប់​ការ​សាងសង់​នោះ​ មក​ទប់ទល់​និង​ការ​ចំណាយ​លើ​ប្រាក់ខែ​មន្ត្រី​រាជ​ការ​​វិញ​ ស្រប​ពេល​ការ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់​។​

លោក មាស​ នី
លោក មាស​ នី អ្នកស្រាវជ្រាវសង្គម

លោក​ មាស​ នី​ ៖​ វា​អាច​ពាក់ព័ន្ធ​និង​ប្រាក់​កម្ចី​ពី​ចិន​ ហើយ​រដ្ឋាភិបាល​ឥឡូវ​នេះ​​​កំពុង​តែ​ទទួល​សម្ពាធ​មួយទៀត ​នៅ​ពេល​ដែល​ចាប់ផ្តើម​ធ្វើការ​កំណែ​ទ​ម្រ​ង់​​ប្រា​ក់​​បៀ​វត្ស​មន្ត្រីរាជការ​អីហ្នឹង​ វា​ធ្វើ​ឱ្យ​ថវិកាជាតិ​មានការ​លំបាក​ក្នុង​ការ​​ប្រ​​មូល​ដើ​ម្បី​ទប់ទល់​ផ្ត​ល់​​ឱ្យ​មន្ត្រីរាជការ​។​

យ៉ាងណា​ទាំង​អ្នកវិភាគ​សង្គម​ និង​សង្គម​ស៊ី​វិល​ដាក់​ការ​សន្និដ្ឋាន​ថា​ គម្រោ​ង​​ផ្លូវ​ល្បឿន​លឿន​មួយ​នេះ​ នឹង​អាច​ចាប់ផ្តើម​សាង​សង់​វិញ​នៅ​ក្រោយ​ការ​បោះ​​ឆ្នោត​ជា​តិ​ចាប់​សព្វគ្រប់​។​

មូលហេតុ​ដែល​ក្រុម​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​លើ​ក​​​ឡើង​​បែ​ប​នេះ​ ព្រោះ​​​រដ្ឋា​ភិបាល​មិន​ចង់ឱ្យ​កើត​មាន​ស្ថានការណ៍​តវ៉ា​អូស​បន្លា​យ​មុន​កា​​រ​​​​បោះ​ឆ្នោ​ត​ ព្រោះ​គណបក្ស​ប្រជាជន​បាន​​កាន់​អំណា​ច​​រយៈ​ពេល​ប្រាំ​អា​ណ​ត្តិ​ បាន​ជ្រុះ​​បាត់​អាសនៈ​ជា​ច្រើន​កាលពី​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​ ។​

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ពន្យល់​ថា​ ការ​សម្រេច​លុប​ចោល​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​វិញ​នោះ​ មិន​មាន​ហេតុផល​នយោបាយ​អ្វី​នៅ​ពីក្រោយ​ ដូច​ការ​សន្និដ្ឋាន​របស់​បុគ្គល​មួយ​ចំនួន​ដែល​បាន​ចោទ​នោះ​ទេ​។​ រដ្ឋាភិបាល​ធ្វើ​ទៅ​តាម​សំនុំ​ពរ​របស់​ពលរដ្ឋ​ ស្រប​តាម​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​។​

​លោក​ សុខ​ ឥ​សាន​ ៖​ «​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​ គឺជា​ការ​តម្រូវ​ចិត្ត​របស់​ប្រជាពលរដ្ឋ​យើង​ ដែល​លោក​តែ​តែង​គិត​គូរ​​យក​​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ​ ហើយ​គិតគូរ​អំពី​កង្វល់​របស់​ប្រជាពលរដ្ឋ​ បើ​ប្រជាពលរដ្ឋ​កង្វល់​អី​ គឺ​រាជរដ្ឋាភិបាល​តំរូវ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ហ្នឹង​»​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ០៥​ ខែមេសា​ម្សិល​ម៉ិ​ញ​ លោក​នា​យក​​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្នើ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ថា​ មិន​ចាំបាច់​តវ៉ា​សុំ​ធ្វើ​វេទិកាសាធារណៈ​ឱ្យ​បំភ្លឺ​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​អ្វី​នោះ​ទេ​ ព្រោះ​រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​គម្រោង​មួយ​នេះ​ហើយ​។​

​ទាក់ទិន​បញ្ហា​នេះ​ ពលរដ្ឋ​ដែល​រស់នៅ​ស្រប​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ បាន​សាទរ​ចំពោះ​ការ​លុប​ចោល​គម្រោង​នេះ​ ដោយ​ពល​រដ្ឋ​​លើក​ឡើង​ថា​ ពួក​គាត់​ខ្លាច​ត្រូវ​ប្រឈម​ការ​បណ្តេញ​ទាំង​បង្ខំ​ដោយ​មិន​មាន​សំណង​សមរម្យ​ ។​ មួយវិញទៀត​ពលរដ្ឋ​ក៏​បាន​លើក​​​ឡើង​ដែល​ថា​ ពលរដ្ឋ​មិនឃើញ​រូបភាព​ឈូស​ឆាយ​ផ្ទះសម្បែង​ និង​បណ្តេញចេញ​ទាំង​បង្ខំ​ដូច​ សហគមន៍​បឹង​កក់​ សហ​គ​ម​ន៍​បុរី​កីឡា​ និង​សហគមន៍​ផ្សេងៗ​ទៅ​កាលពី​អតីតកាល​៕

Share

Image
Image
Image