en     km
en     km

អ្នកវិភាគ​ថា​ ចំនួន​អ្នកទោស​កើនឡើង​ដោយសារ​ការ​ចាប់​សកម្មជន​ដីធ្លី​ ព្រៃឈើ​ សកម្មជន​គណបក្ស​ និង​ចោរ​

Share

រូបតំណាង
រូបតំណាង

ថ្មីៗ​នេះ​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ចេញ​របាយការណ៍​ថា​ អា​ត្រា​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទូ​ទាំង​ប្រទេស​ នៅ​ឆ្នាំ​២០១៥​ បាន​កើនឡើង​ ១៨,៥៥​ភាគ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​ ករណី​នេះ​ អ្នកវិភាគ​យល់​ថា​ ចំនួន​អ្នក​ជាប់​ឃុំ​កើនឡើង​ ដោយសារ​តែ​ការ​ចាប់​សកម្មជន​ដីធ្លី​ សកម្មជន​ព្រៃឈើ​ មន្ត្រីឬសកម្មជន​បក្ស​ប្រឆាំង​ និង​ចោរប្លន់​ជាដើម​។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ មាស​ នី​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ WMC​ ថា​ ចំពោះ​ករណី​នៃ​ការ​កើនឡើង​ចំនួន​អ្នក​ដែល​ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​បណ្ដាល​មក​ពី​ការ​ចាប់​សកម្មជន​តវ៉ា​ដីធ្លី​ សកម្មជន​តវ៉ា​ព្រៃឈើ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ ការ​កើនឡើង​នៃ​អំពើ​ប្លន់​ទាំង​មុន​ និង​ក្រោយ​ពី​ការ​ដោះ​លែង​ទណ្ឌិត​ ជាង​ ៦០០​ នាក់​ នា​ពេល​ចុង​ក្រោយ​នេះ​។​

​លោក​ មាស​ នី​ មាន​ប្រសាសន៍​បន្ថែម​ថា​៖​ «​បើសិន​យើង​មើល​ពី​ព្រិ​ត្ដិ​ការណ៍​សង្គម​ ដែល​កើតឡើង​ថ្មីៗ​ ដែល​រួម​មាន​ទាំង​ការ​ចាប់​សកម្មជន​តវ៉ា​ដីធ្លី​ ព្រៃឈើ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​កើនឡើង​នៃ​ចោរប្លន់​។​ ចោរប្លន់​នេះ​ បើ​យើង​មើលទៅ​មុន​ពេល​ដោះ​លែង​ ក៏​មាន​ជា​ញឹកញាប់​ តែ​វា​មិន​ខ្លាំង​ពេក​។​ ក្រោយ​ពី​ការ​ដោះ​លែង​ទណ្ឌិត​ ៦០០​ នាក់​ ចុង​ក្រោយ​នេះ​ ខ្ញុំ​គិត​ថា​ចំនួន​កើតឡើង​នេះ​គឺ​វា​ផ្សំគ្នា​ជាមួយនឹង​ព្រិ​ត្ដិ​ការណ៍​សង្គម​ ដែល​មានការ​ចាប់ខ្លួន​ច្រើន​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក​»​។​

​ចំណែក​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​លើក​ឡើង​ដែរ​ថា​ ការ​ដែល​កើនឡើង​នៃ​អ្នកទោស​ មាន​ន័យ​ថា​បទឧក្រិដ្ឋ​ក៏​មានការ​កើនឡើង​ដែរ​។​ លោក​បាន​បញ្ជាក់​ដែរ​ថា​ អ្នក​ដែល​ជាប់​ទោស​ទាំងនោះ​មាន​តួអង្គ​សំខាន់​ពីរ​។​

​លោក​ សន​ ជ័យ​ មាន​ប្រសា​ន៍​បន្ដ​ថា​៖​ «​បើ​យើង​មើលទៅ​ទិដ្ឋភាព​សង្គម​វិញ​ ការ​ដែល​កើនឡើង​នៃ​ជំ​នួន​អ្នកទោស​ មាន​ន័យ​ថា​ ការ​កើនឡើង​នៃ​បទល្មើស​ក៏​មានការ​កើនឡើង​ដែរ​ វា​អាច​ថា​ជា​ប្រភេទ​បទឧក្រិដ្ឋ​ ចំពោះ​បទលហុ​ អាច​ជា​បទ​ពិន័យ​ ហើយ​អាច​ជា​ទោស​ផ្សេងៗ​។​ នៅ​ក្នុង​ចំនួន​អ្នក​ជាប់​ឃុំ​មាន​តួអង្គ​ពីរ​ដែល​សំខាន់​ តួអង្គ​ដែល​ស្វែងរក​យុត្ដិធម៌​សម្រាប់​ខ្លួនឯង​ និង​សង្គម​ ក៏​ត្រូវ​បាន​ជាប់​ទោស​ដែរ​ ហើយ​អ្នក​ដែល​ប្រព្រឹត្ដិ​បទល្មើស​បទ​ឧត្រិ​ដ្ឋ​ក៏​ជាប់​ទោស​ដែរ​»​។​

​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​ថា​ អា​ត្រា​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ទូ​ទាំង​ប្រទេស​ ក្នុង​រយៈពេល​១០​ខែ​ ឆ្នាំ​២០១៥​ នេះ​ មាន​ចំនួន​សរុប​ ១៧.៥២២​ នាក់​ ក្នុង​នោះ​បុរស​មាន​ចំនួន​ ១៦.០៧៥​ នាក់​ និង​ស្ត្រី​ ១.៤៤៧​ នាក់​។​

​របាយការណ៍​ដដែល​ឱ្យ​ដឹង​ដែរ​ថា​ រយៈពេល​១២​ ខែ​ឆ្នាំ​២០១៤​ មាន​អ្នក​ឃុំ​ ១៤.៧៨០​ នាក់​។​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​គណនា​ថា​ ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ឆ្នាំ​២០១៥​ ធៀប​នឹង​ឆ្នាំ​២០១៤​ គឺ​មានការ​កើនឡើង​ ១៨,៥៥%៕

Share

Image
Image
Image