en     km
en     km

អ្នកវិភាគ​ថា​ ការ​លាលែង​ពី​ប្រធាន​គណបក្សប្រឆាំង​របស់​លោក​គង់​ គាំ​ គឺជា​គំរូ​ល្អ​ដល់​អ្នកនយោបាយ​

Share

kong-koim

​ក្រោយ​ពី​លោក​គង់​ គាំ​ បាន​ប្រកាស​លាលែង​ដំណែង​ពី​ប្រធាន​គណបក្សប្រឆាំង​ និង​អនុប្រធាន​សមាជិក​ព្រឹទ្ធសភា​ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ សាទរ​ និង​បាន​លើក​ឡើង​ថា​ ការ​លាលែង​នេះ​ គឺជា​គំរូ​ល្អ​មួយ​សម្រាប់​អ្នកនយោបាយ​ដែល​មាន​ វ័យ​ចំណាស់​យកតម្រាប់​តាម​ ប៉ុន្តែ​អ្នកនយោបាយ​បច្ចុប្បន្ន​នៅ​តែ​ក្រាញ​អំណាច​។​

​អ្នក​តាមដាន​ស្ថាន​ការ​សង្គម​ យល់​ថា​ការ​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ របស់​លោក​គង់​ គាំ​ គឺជា​គំរូ​ល្អ​មួយ​ទៅ​ដល់​អ្នកនយោបាយ​ និង​មន្ត្រី​ដែល​មាន​វ័យ​ចំណាស់​របស់​កម្ពុជា​ ដែល​មិន​ក្រាញ​អំណាច​។​​ ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​អ្នកគាំទ្រ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ លោក​ គង់​ គាំ​ ប្រធាន​គណ​គណបក្ស​សមរ​ង្ស៊ី​ បាន​ប្រកាស​លាលែង​ពី​សមាជិក​ព្រឹទ្ធសភា​ និង​ដកឃ្លា​ចេញពី​មេដឹកនាំ​នយោបាយ​។​

​លោក​ គង់​ គាំ​ ដែល​មាន​វ័យ​៧៥​ឆ្នាំ​ហើយ​នោះ​ បាន​បញ្ជាក់​នៅ​ក្នុង​សារលិខិត​ពី​មូលហេតុ​នៃ​ការ​លាលែង​របស់​លោក​ថា​ គឺ​ដោយសារ​តែ​លោក​ មាន​វ័យ​កាន់តែ​ចាស់ជរា​ និង​ដោយសារ​បញ្ហា​សុខភាព​។​លោក​ បាន​បញ្ជាក់​បន្ត​ថា​ អ្នក​ទ្រ​កុំ​មានការ​យល់​ច្រឡំ​ និង​ចាញ់​ការ​បំភ័ន្ត​ពី​អ្នក​ដ៏​ទៃ​ ចំពោះ​រូប​លោក​ឱ្យ​សោះ​។​ លោក​នឹង​នៅ​តែ​បន្ត​រួម​ សុខទុក្ខ​ ជាមួយ​ប្រជាពលរដ្ឋ​ ដើម្បី​សង្គ្រោះ​ ជាតិ​ និង​ផ្លាស់​ប្តូរ​ជា​អវិជ្ជមាន​នៅ​កម្ពុជា​ដដែល​។​

​ក្នុង​លិខិត​របស់​លោក​ គង់​ គាំ​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ការ​ដកខ្លួន​របស់​លោក​ ជា​ការ​បង្ហាញ​ដល់​អ្នកនយោបាយ​ ដែល​មានគំនិត​ថា​ ខ្លូ​ន​ឯង​ជា​តួឯក​ និង​មានគំនិត​ថា​ មាន​តែ​ខ្លួន​ ទេ​ ដែល​អាច​ដឹកនាំ​ការ​ ការពារ​ និង​កសាង​ កម្ពុជា​ឱ្យ​មាន​សន្តិភាព​ ប្រជាធិបតេយ្យ​ និង​ការ​អភិវឌ្ឍ​ ដូច​សព្វថ្ងៃ​ និង​តទៅ​មុខ​បាន​។​

​ជុំវិញ​ការ​លាលែង​ពី​តំណែង​នេះ​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ បាន​លើក​ឡើង​ថា​ នេះ​គឺជា​គំរូ​ល្អ​មួយ​សម្រាប់​អ្នកនយោបាយ​ ឬ​មន្ត្រី​មួយ​ចំនួន​ដែល​មាន​វ័យ​ចំណាស់​ហើយ​ តែ​នៅ​តែ​ក្រាញ​អំណាច​។​ លោក​ថា​ ចំពោះ​ការ​លាលែង​ពី​ដំណែង​របស់​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ ក៏​ជា​ការ​កាត់​បន្ថយ​គ្រួសារ​និយម​នៅ​ក្នុង​គណបក្សប្រឆាំង​ផង​ ។​

​លោក​មាស​ នី​បន្ត​ថា​ អ្នកនយោបាយ​ ឬ​មន្ត្រី​វ័យ​ចំណាស់​មួយ​ចំនួន​គួរតែ​កុំ​នៅ​ក្រាញ់​អំណាច​យូរ​ពេក​ ហើយ​ចុះ​ចេញពី​ដំណែង​ ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​បន្ត​ធ្វើ​ការងារ​ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​។​ លោក​បន្ថែម​ថា​ នៅ​ពេល​ដែល​អ្នកនយោបាយ​ ឬ​មន្ត្រី​មួយ​ចំនួន​នៅ​ក្រាញ​អំណាច​យូ​ពេក​នោះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​នៃ​ការ​ធ្វើ​ការងារ​។​ លោក​ថា​ ប្រព័ន្ធ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ គេ​ត្រូវការ​មន្ត្រី​វ័យក្មេង​សម្រាប់​ធ្វើ​កិច្ចការ​បន្ត​ពី​មនុស្ស​ចាស់​ ដូច​ជា​ការងារ​ដឹកនាំ​ប្រទេស​ជាដើម​ បើ​ទុក​ឱ្យ​មនុស្ស​ចំណាស់​នៅ​បន្ត​ដឹកនាំ​នោះ​ ប្រទេស​នៅ​តែ​ដឹកនាំ​តាម​របៀប​ចាស់​ដដែល​។​

លោក​បញ្ជាក់​បន្ថែម​«​អ​ញ្ចឹ​ង​បានជា​គេ​មានការ​ព្រួយបារម្ភ​នៅ​ក្នុង​កំណែទម្រង់​របស់​គណបក្ស​ប្រជាជន​រាល់ថ្ងៃ​ថា​តើ​ការ​បញ្ចូល​មន្ត្រី​វ័យក្មេង​ហ្នឹង​ គេ​អាច​ធ្វើការ​ជំនួស​មន្ត្រី​ចាស់ទុំ​ហ្នឹង​បាន​ដែរ​ ឬ​ក៏​អ្វីៗ​វា​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​របស់​មន្ត្រី​ចាស់ទុំ​ហ្នឹង​ដដែល​ អ​ញ្ចឹ​ង​ក្មេងៗ​បាន​ត្រឹមតែ​ដើរ​តាម​ចាស់ៗ​ ទាំងអស់​ហ្នឹង​ អ​ញ្ចឹ​ង​មិន​អាច​ឈាន​ទៅ​រក​ស្តារ​កិត្ត​យស​របស់​ គណបក្ស​ប្រជាជន​បាន​ទេ​ ទោះបីជា​ក្មេង​ខំប្រឹង​យ៉ាង​មេច​ក៏​ដោយ​។​ ពេល​ខ្លះ​ការ​ផ្តួចផ្តើម​របស់​មន្ត្រី​វ័យក្មេង​បាន​ត្រូវធ្វើ​ដំណើរ​ទៅ​មុខ​មិន​រួច​ ដោយសារ​តែ​គំនិត​ចាស់​ជ្រុលនិយម​ដែល​មាន​ក្នុង​ចំណោម​មន្ត្រី​ចាស់ៗ​»​។​

​ចំណែក​លោក​បណ្ឌិត​រស់​ រ៉ា​វុ​ធ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ មាន​ប្រសាសន៍​ថា​ ការ​ចុះ​ចេញពី​តំណែង​របស់​លោក​ គង់​ គាំ​ បាន​បង្ហាញ​ពី​ឆ​ន្ទះ​របស់​អ្នកនយោបាយ​ ដែល​មិន​ក្រាញ​អំណាច​ និង​លោក​ចង់​បង្ហាញ​ ថា​លោក​ជា​អ្នកដឹកនាំ​មួយ​រូប​ ដែល​បាន​ប្រគល់​តួនាទី​របស់​ខ្លួន​ទៅ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ដឹកនាំ​បន្ត​ពី​លោក​។​

​លោក​បន្ត​ថា​៖«​បង្ហាញ​នូវ​ឆ​ន្ទះ​នៅ​ពេល​ដែល​មនុស្ស​ចាស់​គឺ​មាន​ថាមពល​ថមថយ​ ចុះ​ពី​យុវជន​ អ​ញ្ចឹ​ង​បង្ហាញ​លោក​មាន​វ័យ​ហើយ​អ​ញ្ចឹ​ង​តែ​លាលែង​ដោយ​សុទ្ធចិត្ត​ប្រគល់​តួនាទី​ ឱ្យ​យុវជន​ជំនាន់​ក្រោយ​។​ចំណុច​ទី​២.​បង្ហាញ​ថា​លោក​មិន​ក្រាញ​អំណាច​ អ​ញ្ចឹ​ង​លោក​មិន​ស្រលាញ់​អំណាច​ទេ​ ចំណុច​ទី​៣.​គឺ​បង្ហាញ​នូវ​ឆ​ន្ទះ​ដ៏​មោះមុត​ និង​ពេលវេលា​ដែល​លោក​បាន​កន្លង​ម​កតុក​តួនាទី​យុវជន​ជំនាន់​មាន​ មានឱកាស​សម្រាប់​ដឹកនាំ​ប្រទេស​ ឬ​ដឹកនាំ​បក្ស​ ហើយ​ក៏​បង្ហាញ​ទៅ​អ្នកនយោបាយ​ថា​លោក​ជា​វីរៈជន​មួយ​ បាន​ប្រគល់​នូវ​តួនាទី​របស់​លោក​ដល់​យុវជន​ជំនាន់​ក្រោយ​»​។​

​សូម​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​ថា​ តំណែង​ជំនួស​លោក​ គង់​ គាំ​ នៅ​ក្នុង​គណបក្ស​ បាន​ទៅ​លើ​អ្នក​ណា​នៅឡើយ​នោះ​ទេ​។​

Share

Image
Image
Image