en     km
en     km

អ្នកវិភាគ​ថា​ការ​ធ្វើ​សេចក្ដីព្រាងច្បាប់​សហជីព​ អាច​ធ្វើ​ឱ្យ​គណបក្សប្រឆាំង​បាត់បង់​ការ​គាំទ្រ​

Share

cover-Union-law
សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព​ និង​ត្រូវ​សម្រេច​ក្រោយ​ពី​ការ​ជួប​ប្រជុំ​គ្នា​ រវាង​គណបក្ស​ប្រជាជន​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ អ្នកវិភាគ​មើលឃើញ​ថា​ ការ​ចូលរួម​របស់​គណបក្សប្រឆាំង​ពេល​នេះ​អាច​បាត់បង់​ការ​គាំទ្រ​ពី​កម្មករ​ និង​សហជីព​។​

អ្នកវិភាគ​យល់​ថា​រាល់​ការ​ធ្វើ​សេចក្ដីព្រាងច្បាប់​ផ្សេងៗ​ គឺ​ត្រូវ​តែ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់​ ដើម្បី​ឱ្យ​សេចក្ដីព្រាងច្បាប់​ដែល​ចេញ​មក​នោះ​ នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​សហជីព​ដែល​មិន​ផ្ដល់​ផលប្រយោជន៍​ ដល់​បុគ្គល​ណាមួយ​នោះ​ទេ​។​

សាស្ត្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា
អ្នក​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា

អ្នក​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​មាន​ប្រសាសន៍​ជាមួយ​ វិទ្យុស្ដ្រី​  FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ពុធ​ ទី​ ៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ បើ​ក្រឡេក​មើលទៅ​សម្រាប់​ ការ​ត្រៀម​ជួប​ប្រជុំ​គ្នា​របស់​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ដី​ពី​សេចក្ដីព្រាងច្បាប់​សហជីព​ នេះ​ វា​គឺជា​រឿង​ល្អ​ ព្រោះ​រាល់​ការ​សម្រេច​ចេញ​សេចក្ដីព្រាងច្បាប់​ផ្សេងៗ​ សង្គម​ស៊ី​វិល​លើកទឹកចិត្ដ​ឱ្យ​មានការ​ធ្វើ​បែប​នេះ​តទៅ​ទៀត​ សម្រាប់​ការ​សម្រេច​ផ្សេងៗ​ទៀត​។​

លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ បាន​បន្ថែម​ដែរ​ថា​ការ​ ការ​ទាញ​ឱ្យ​មានការ​ចូលរួម​ពី​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ធ្វើការ​សម្រេច​ចេញ​សេចក្ដីព្រាងច្បាប់​ ស្ដី​ពី​សហជីព​នា​ពេល​នេះ​ គណបក្ស​ប្រជាជន​ អាច​ចង់ឱ្យ​សាធារណជន​ ព្រម​ទទួលស្គាល់​នូវ​សេចក្ដីព្រាងច្បាប់​ ដែល​ចូលរួម​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ បើ​ទោះបីជា​មាន​មាត្រា​ខ្លះ​អាច​រឹតត្បិត​សិទ្ធិ​សហជីព​ក៏​ដោយ​។​

លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ បន្ត​ថា​ ប្រសិនជា​ក្រោយ​ពី​ចេញ​ច្បាប់​នេះ​ សហជីព​មានការ​តវ៉ា​ ឬ​ស្ដី​ បន្ទោស​ គឺ​ត្រូវ​តែ​បន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គ្នា​ ព្រោះ​ច្បាប់​នេះ​ជា​ការ​សម្រេច​រួម​គ្នា​។​

លោក​បន្ថែម​ថា​៖​ «​និយាយ​ឱ្យ​ត្រង់​ទៅ​ គណបក្ស​ប្រជាជន​ ចង់ឱ្យ​មានការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ឱ្យ​សាធារណៈ​មតិ​មើលឃើញ​ថា​ ច្បាប់​ស្ដី​ពី​សហជីព​ អ្វី​ជាដើម​ហ្នឹង​ គឺ​បាន​ពិគ្រោះ​យោបល់​ហើយ​ឯកភាព​រួម​ រ​វា​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​ ហើយ​គណបក្សកាន់អំណាច​មិន​ចង់ឱ្យ​ច្បាប់​នេះ​ចេញ​ទៅ​ បើ​ទោះជា​មាន​មាត្រា​ខ្លះ​មានការ​រឹតត្បិត​សេរីភាព​សហជីព​ក៏​ដោយ​ មិន​ទទួល​ការ​រិះគន់​ពី​សាធារណៈ​មតិ​ បើសិនជា​មានការ​រិះគន់​ គឺ​រិះគន់​គណបក្សប្រឆាំង​ដូច​គ្នា​»​។​

លោក​ អ៊ូ​ វី​រៈ​  ប្រធាន​វេទិកា​អនាគត​
លោក​ អ៊ូ​ វី​រៈ​ ប្រធាន​វេទិកា​អនាគត​

ចំណែក​លោក​ អ៊ូ​ វី​រៈ​ ប្រធាន​វេទិកា​អនាគត​ យល់​ឃើញ​ថា​ ការ​ទាញ​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​ចូលរួម​ប្រជុំ​សម្រេច​ពី​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព​ពេល​នេះ​ គណបក្ស​ប្រជាជន​មាន​បំណង​ចង់ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ទទួលកំហុស​ជាមួយ​ខ្លួន​ ក្រោយ​ពេល​ដែល​ច្បាប់​នេះ​ចេញ​ហើយ​មានការ​រឹតត្បិត​សេរីភាព​សហជីព​ខ្លាំង​។​

លោក​ អ៊ូ​ វី​រៈ​ ក៏​បាន​បន្ថែម​ថា​ក្នុង​ករណី​ដែល​គណបក្សប្រឆាំង​ ចូលរួម​អនុវត្ដ​ច្បាប់​នេះ​ហើយ​ ក្រុម​កម្មករ​ សហជីព​អាច​នឹង​ខឹងសម្បា​គណបក្សប្រឆាំង​ ទាំង​កម្មករ​ ទាំង​សហជីព​ និង​ចោទ​គណបក្សប្រឆាំង​ថា​ ក្បត់​ឆន្ទៈ​របស់​ខ្លួន​ ក៏​ដូច​ជា​ឆន្ទៈ​របស់​សហជីព​ មិនតែប៉ុណ្ណោះ​គណបក្សប្រឆាំង​អាច​នឹង​បាត់បង់​ការ​គាំទ្រ​ថែម​ទៀត​ផង​។​

លោក​បន្ថែម​ថា​៖​ «​គឺ​គាត់​ចង់​ធ្វើ​ យ៉ាងម៉េច​ឱ្យ​ចែករំលែក​ការ​ខឹង​របស់​សហជីព​ និង​កម្មករ​ កម្លាំង​នយោបាយ​ សហជីព​ និង​កម្មករ​គឺជា​កម្លាំង​នយោបាយ​សម្រាប់​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​ ទាំងអស់​ក្នុង​ករណី​គាត់​អាច​ទាក់ទាញ​ ឱ្យ​គណបក្សប្រឆាំង​ចូលរួម​អនុម័ត​ច្បាប់​ស្ដី​ពី​សហជីព​នេះ​បាន​ អ​ញ្ចឹ​ង​ការ​ខឹង​ការ​មិន​ពេញចិត្ដ​ ទៅ​លើ​ច្បាប់​នេះ​គឺ​អាច​ចែករំលែក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​ ខ្ញុំ​មើលទៅ​ដោយសារ​សហជីព​តាំងពី​ដើម​មក​មានការ​ទុកចិត្ដ​គណបក្ស​សង្គ្រោះ​ជាតិ​ ជាង​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ក្បត់​ឆន្ទៈ​របស់​ខ្លួន​ និង​ឆន្ទៈ​របស់​សហជីព​»​។​

​សូម​ជម្រាប​ថា​ ប្រធាន​ស​ម័​ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ លោក​ អាត់​ ធន់​ ក្រោយ​ពី​បាន​ចេញពី​កិច្ចប្រជុំ​ជាមួយ​សហជីព​ ចំនួន​ ៣៣​ នាក់​ នៅ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ម្សិលមិញ​ បាន​លើក​ឡើង​ថា​ ក្រុម​សហជីព​ មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​សម្រាប់​ សេចក្ដីព្រាងច្បាប់​នេះ​ ដែល​មានការ​រឹត​បន្ដឹង​សេរីភាព​សហជីព​ ក្នុង​នោះ​រួម​មាន​ សិទ្ធិ​បង្កើត​សហជីព​ សិទ្ធិ​ចូលរួម​ សេរីភាព​ ការ​ដាក់​ទណ្ឌកម្ម​ បូក​រួម​នឹង​ការ​តម្រូវ​ឱ្យ​សហជីព​ ធ្វើ​សេចក្ដីរាយការណ៍​អំពី​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជាដើម​៕​

Share

Image
Image
Image