en     km
en     km

អ្នកវិភាគ៖ ឆ្នាំ២០១៩អាចនឹងមានការផ្លាស់ប្ដូរអំណាចរបស់លោក ម៉ាឌូរ៉ូ នៅវេណេហ្សូអេឡា

Share

ភ្លាមៗបន្ទាប់ពី លោក នីកូឡាម៉ាឌូរ៉ូ ស្បថចូលកាន់តំណែង ប្រធានាធិបតីនូវអាណត្តិទី២ របស់លោក កាលពីថ្ងៃទី១០មករា គេសង្កេតឃើញ សហគមន៍អន្ដរជាតិ និង មេដឹកនាំបក្សប្រឆាំងវេណេហ្សូអេឡា បានរកវិធីដើម្បីបញ្ចប់អំណាចរបស់លោក ម៉ាឌូរ៉ូ គឺតាមរយៈ ការព្យួរតំណែងរបស់លោក មួយអន្លើដើម្បីធ្វើការបោះឆ្នោតឡើងវិញ។

តើរបបនយោបាយនៅវេណេហ្សូអេឡាអាចផ្លាស់ប្ដូរដោយវិធីណាខ្លះនៅឆ្នាំ២០១៩?

អត្ថបទ ដោយ នួន បូរិន ប្រែសម្រួលដោយ កញ្ញា ហេង នីទី

 

ភ្លាមៗបន្ទាប់ពី លោក ម៉ាឌូរ៉ូស្បថចូលកាន់តំណែង គឺប្រធានរដ្ឋសភារបស់ប្រទេសនេះ បុរសវ័យក្មេងម្នាក់គឺ លោក ជួន ហ្គៃដូ បានប្រកាសនៅមុខមហាជនថា ក្នុងនាមលោកជាប្រធានរដ្ឋសភាស្របច្បាប់របស់ប្រទេស មិនអាចទទួលយកបានឡើយ តំណែងប្រធានាធិបតីរបស់ម៉ាឌូរ៉ូដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។

មេដឹកនាំបក្សប្រឆាំងវ័យក្មេងដូចនេះបានពន្យល់ទៅកាន់អ្នកគាំទ្រលោក កាលពីសប្ដាហ៍មុនថា រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា បើប្រធានាធិបតីមិនមានលក្ខណៈ ស្របច្បាប់ពេញលេញ គឺជាមេដឹកនាំដែលមិនទទួលបានការគាំទ្រឡើយពីប្រជា ជន។ ​លោកថា មេដឹកនាំរូបនេះ គ្មានអាណត្តិជាប្រធានាធិបតីពេញក្របខ័ណ្ឌឡើយ។ លោកថាដូច្នេះ មានតែធ្វើការបោះឆ្នោតប្រធានាធិបតីឡើងវិញ គឺនៅក្នុងឆ្នាំ ២០១៩នេះ។

ឱកាសរបស់លោក ប្រធានរដ្ឋសភាមកពីប្រឆាំង ដើម្បីបញ្ចប់អាណត្តិរបស់ម៉ាឌូរ៉ូ

 

                                                         ពលរដ្ឋវេណេហ្សូអេឡា​ចេញបាតុកម្មនាពេលកន្លងមក។

 

ប្រធានរដ្ឋសភាវ័យក្មេងរូបនេះ ត្រូវបានសហរដ្ឋអាមេរិក ប្រទេសសម្ព័ន្ធភាពនៃ អង្គការលីម៉ាដែលមាន១៤ប្រទេស ក្នុងនោះមានទាំងប្រទេសកូឡំបី ប្រេស៊ីល អាហ្សង់ទីន ប៉េរ៉ូ ឈីលី និង ប្រទេសកាណាដា បានប្រកាសថា លោក ជួនហ្គៃដូ គឺជាប្រមុខរដ្ឋស្ដីទីរបស់ប្រជាជន វេណេហ្សូអេឡា។ មេដឹកនាំនៃប្រទេសទាំងនេះ បានសន្យាថា លើកទឺកចិត្តឱ្យលោក ជួនហ្គៃដូ បើកការចរចាជាមួយនឹងលោក ម៉ាឌូរ៉ូជាបន្ទាន់ដើម្បីបញ្ចប់ហិង្សានយោបាយ នៅក្នុងប្រទេស វេណេហ្សូអេឡា ហើយស្ដារប្រជាធិបតេយ្យឡើងវិញ តាមរយៈការបោះឆ្នោតប្រធានាធិបតីម្ដងទៀត ដែលមានគ្រប់វត្តមាននៃបេក្ខជនគណបក្សប្រឆាំង។

ភ្លាមៗ បន្ទាប់ពីទទួលបានការស្វាគមន៍ពីសហគមន៍អន្ដរជាតិ។ លោក ជួនហ្គៃដូ បានប្រកាសឱ្យជនរួមជាតិ ចូលរួមមហាបាតុកម្មជាមួយលោក នឹងថ្ងៃ២៣មករា ដើម្បីប្រាប់ទៅលោក ម៉ាឌូរ៉ូថា អាណត្តិរបស់លោកគ្មានស្របច្បាប់ឡើយ។ តាមសារព័ត៌មាន Tele Sur  នៃប្រទេស វេណេហ្សូអេឡា និង បណ្ដាញផ្សាយព័ត៌មាន អាមេរិក CNN ​គ្រប់គណបក្សប្រឆាំងទាំងអស់នៅក្នុងវេណេហ្សូអេឡា ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក ជួនហ្គៃដូ និង ធ្វើមហាមេទិញ ដ៏ធំ នៅទីក្រុងការ៉ាកាសដែលគេរំពឹងថា ជាការដាក់ញាត្តិប្រាប់លោក ម៉ាឌូរ៉ូថា ប្រទេស វេណេហ្សូអេឡាមកដល់ពេលនេះគ្មានប្រធានាធិបតីស្របច្បាប់ទេ ហើយបើដូច្នេះ ត្រូវតែមានការបោះឆ្នោតឡើងវិញ។

                                                                     ​​​ពលរដ្ឋមិនពេញចិត្តនឹងការដឹកនាំរបស់លោក ម៉ាឌូរ៉ូ។

 

ទោះជាយ៉ាងនេះក្ដីមិនទាន់មានប្រតិកម្មពីលោក ម៉ាឌូរ៉ូជា ផ្លូវការនៅឡើយនោះទេ​។តែជាមួយគ្នានេះ បណ្ដាញផ្សាយព័ត៌មានក្នុងស្រុកវេណេហ្សូអេឡា ជាច្រើនបានចុះផ្សាយថា លោក ម៉ាឌូរ៉ូ ដឹងខ្លួនលោកថាជាមេដឹកនាំមិនស្របច្បាប់មែន ប៉ុន្ដែលោកក៏ជា មេដឹកនាំដែលកំពុងធ្វើឱ្យមានសន្តិភាពសម្រាប់ប្រជាជនវេណេហ្សូអេឡាផងដែរ។ សារព័ត៌មានទាំងនោះបានស្រង់សម្ដីលោក មេឌូរ៉ូចុះផ្សាយថា មេដឹកនាំរូបនេះកំពុងតែពង្រឹងការសាមគ្គីភាព នៅក្នុងផ្ទៃបក្សសង្គមនិយមរបស់លោកដើម្បីបញ្ជាក់ជំហររឹងមាំថា វេណេហ្សូអេឡា មានតែមេដឹកនាំ ម៉ាឌូរ៉ូម្នាក់គត់ ដែលអាចដឹកនាំប្រទេសបានក្នុងគ្រានេះ។ យ៉ាងណាក៏ដោយ លោក ប្រធានរដ្ឋសភានៃគណបក្សប្រឆាំង បានអះអាងថា មកដល់ពេលនេះគ្មានទេ ផែនការនៃការធ្វើរដ្ឋប្រហារ ហើយថា ក្នុងនាមលោកជាប្រធានរដ្ឋសភា គឺជាមេដឹកនាំម្នាក់ដែលជម្រុញឱ្យមានការ ប្រែប្រួលនយោបាយ ឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីឡើងវិញ។​

តែលោកថា ដើម្បីឱ្យការបោះឆ្នោតប្រកបដោយបរិយាកាសសេរីត្រឹមត្រូវយុត្តិធម៌ គឺត្រូវតែដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយបើកចំហការចូលរួមរបស់បេក្ខជនគ្រប់គណបក្សនយោបាយរួមទាំងមេបក្សប្រឆាំង​ដែលកំពុងនិរទេសខ្លួនផងដែរ។ ក្នុងន័យនេះ អ្នកវិភាគម្នាក់ គឺលោក MICHAEL SHIFTER នាយកក្រុមអ្នកវិភាគអន្ដរអាមេរិកាំង រំពឹងថា ប្រធានរដ្ឋសភា វ័យក្មេងជួន ហ្គៃដូ អាចនឹងរុញឱ្យលោក ម៉ាឌូរ៉ូ ប្រែប្រួលជំហរ ទៅរកការបោះឆ្នោតជាថ្មីឡើងវិញ ដោយការបង្ខំ ឱ្យមេដឹកនាំដែលមិនស្របច្បាប់រូបនេះ ទទួលស្គាល់ថាខ្លួនបានរំលោភលើរដ្ឋធម្មនុញ្ញ ។

សម្ពាធអន្តរជាតិ

រយៈពេលចុងក្រោយនេះ ឃើញថា សម្ពាធរបស់សហគមន៍អន្ដរជាតិ ទៅលើរបបម៉ាឌូរ៉ូ គឺកាន់តែខ្លាំងឡើងៗ។ប្រធានាធិតីនៃប្រទេសប្រេស៊ីល ចែ បូហ្សូណារ៉ូ បានទាក់ទងទៅកាន់សមភាគីអាមេរិកដូណាល់ត្រាំដើម្បីរកដំណោះស្រាយបញ្ចប់របបម៉ាឌូរ៉ូនៅឆ្នាំ២០១៩។ លោក ប្រធានាធិបតីបញ្ចាក់ទៀតថា លោកនិង លោកត្រាំ​គាំទ្រលោក ជួនហ្គៃដូ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីរបស់ប្រទេសដែលស្របតាមរដ្ឋធម្មនុញ្ញ។ អ្នកវិភាគ MICHAEL SHIFTER ដដែលនោះ យល់ឃើញថា ប្រទេស ក្រុមលីម៉ា អាចនឹងធ្វើឱ្យលោក ម៉ាឌូរ៉ូទទួលយកសម្ពាធរបស់ខ្លួន ហើយ ធ្វើការបោះឆ្នោតដោយជៀសមិនរួចនៅពេលខាងមុខនេះដែលលោកថា​នេះជាជម្រើសរបស់លោក ម៉ាឌូរ៉ូជាជាងការអស់អំណាចដោយការធ្វើរដ្ឋប្រហារពីប្រទេសជិតខាង៕

 

Share

Image
Image
Image