en     km
en     km

អ្នកវិភាគ៖ខ្សែខាងលោកកឹមសុខាអាចនឹងទទួលបានសិទិ្ធនយោបាយមុនខាងលោកសមរង្ស៊ី

Share

 

ភ្នំពេញ៖ អ្នកវិភាគថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា ៤៥​ថ្មីស្ទួន ដែលនឹងផ្ដល់នីតិសម្បទាដល់អ្នកនយោបាយនៃអតីតបក្សសង្រ្គោះជាតិ ឱ្យមានសិទ្ធិនយោបាយឡើងវិញ នឹងក្លាយជាបញ្ហាទំនាស់រវាងក្រុមលោកសមរង្ស៊ីនិងលោកកឹមសុខា។ ដំណោះស្រាយអាចកើតមានទៅ លើខែ្សលោក កឹម សុខា មុនខាងលោក សម រង្ស៊ី ។ទស្សនៈនេះ គឺជាការវិភាគរបស់នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាដែលបានសរសេរលើទំព័រហ្វេសបុករបស់លោក ។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍!

 

កាលពីថ្ងៃម្សិលមិញ គឺថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៨ នាយកប្រតិបត្តិរបស់អង្គការតម្លាភាពកម្ពុជា លោក ព្រាប​ កុល បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនអំពីអត្តបទវិភាគជុំវិញការវិវត្តន៍ស្ថានភាពនយោបាយនៅកម្ពុជា។​

លោក ព្រាប កុល បង្ហាញគំនិតវិភាគពាក់ព័ន្ធនឹងច្បាប់វិសោធនកម្មស្ដីពីគណបក្សនយោបាយ ដែលលោកយល់ថា អ្នកអ្នកនយោបាយទទួលបាន ផលប្រយោជន៍ពីច្បាប់នេះ គឺខ្សែខាងលោក កឹម សុខា គឺមានន័យថា អ្នកនិយម លោក កឹម សុខា ហើយ លោក កឹម សុខា អាចនឹងត្រូវដោះលេងក្រោយថ្ងៃទី ៣ ខែមីនា ឬមុនខែ មេសា ឆ្នាំ២០១៩។ លោកថា អ្នកនយោបាយក្រុមលោកកឹមសុខានឹងទទួលបានការអនុញ្ញតឱ្យមានសេរីភាពធ្វើនយោបាយឡើងវិញ គឺមុនខាង លោក សម រង្ស៊ី។ តែយ៉ាងណា លោកថា លោក សម រង្ស៊ី នៅតែមានប្រជាប្រិយភាពមានអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសច្រើនឡើង។

លោកបង្ហាញអំពីទិដ្ឋភាពចំពោះអ្នកគាំទ្រ លោក សម រង្សី និងអ្នកគាំទ្រ លោក កឹម សុខា នឹងបង្កើតជាទំនាស់រីករាលដាលកាន់តែធំ អាចឈានទៅដល់ការចែកផ្លូវគ្នា ដោយសារទំនាស់សង្គ្រាមពាក្យសម្ដី។

ករណីនេះ បើលោក កឹម សុខា និងលោក សម រង្ស៊ី ចែកផ្លូវគ្នានោះ គណបក្សប្រជាជនកម្ពុជា គឺជាបក្សឈ្នះក្នុងការបោះឆ្នោតក្រោយៗទៀត។

បើពិតជាដូចការវិភាគរបស់លោក ព្រាប កុល មែននោះ ការវិសោធនកម្មនេះ ពិតជាធ្វើឡើងដោយមានល្បិចកលបំបែកបំបាក់។

លោក ឈាង វ៉ុន ប្រធានគណៈកម្មការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភាកម្ពុជា ប្រាប់អ្នកសារព័ត៌មានថា ការពិនិត្យសើរើវិសោធនកម្មលើមាត្រា ៤៥​ថ្មីស្ទួន ស្ដីពីគណបក្សនយោបាយ គឺធ្វើឡើងដោយសារគោលការណ៍ច្បាប់ មិនមែនជារឿងនយោបាយនោះទេ។

លោក ឈាង វ៉ុន៖ «កែនេះគឺកែធ្វើយ៉ាងណា​​​ឱ្យមានការលើកលែងនឹង ហើយការលើកលែងនឹងមិនមែនចេះតែធ្វើទេ យើងធ្វើទៅតាមផ្លូវច្បាប់។ ក្រសួងមហាផ្ទៃជាអ្នកចោទប្រកាន់ តាមបណ្ដឹងរបស់គណបក្សនយោបាយ អ៊ឺចឹងហើយក្រសួងមហផ្ទៃនេះ គាត់ត្រូវវិនិច្ឆ័យថាតើអ្នកដែលជាប់ពិរុទ្ធនឹងនែក គាត់បានកែខ្លួនហើយឬនៅ ហើយបើកាលណាគាត់បានកែខ្លួន អាចមកធ្វើការងារក្នុងសង្គមជាតិយើងវិញបាន អានឹងក្រសួងមហាផ្ទៃគេស្នើទៅសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីស្នើទៅព្រះមហាក្សត្រធ្វើការលើកលែងទោស ជាដំណាក់កាល ឬទាំងស្រុងក៏បានដែរ »។

អ្នកវិភាគបញ្ហាសង្គម និងនយោបាយឯករាជ្យ លោកបណ្ឌិត មាស នី មើលឃើញថា ការវិសោធនកម្មមាត្រា ៤៥ ថ្មីស្ទួននេះនៅតែមានភាពខ្វះចន្លោះ។

លោកថាភាពខ្វះចន្លោះនេះ នឹងបណ្ដាលឱ្យសាធារណៈជនមើលឃើញថា ការវិសោធនកម្ម និងការស្នើឱ្យស្ដារនីតិសម្បទាននោះជារូបភាពនយោបាយ ដែលផ្ទុយពីមន្ត្រីបក្សកាន់អំណាចតែងតែអះអាងថា ជាបញ្ហាកង្វះខាតនៃច្បាប់។

លោកបណ្ឌិត មាស នី ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ​គួរតែចែងឱ្យច្បាស់ទៅលើការអនុវត្តរបស់អ្នកនយោបាយដែលត្រូវហាមឃាត់នោះ។

លោក បណ្ឌិត មាស នី៖ «នៅក្នុងនឹងគឺ វាមានពាក្យថា អ្នកដែលអនុវត្តទៅតាមដីការតុលាការត្រឹមត្រូវ។ បាទ អ៊ីចឹងបានន័យថា វានៅជាប់ក្នុង១១៨ នាក់ វាមានអ្នកអនុវត្តត្រឹមត្រូវ ហើយនឹងអ្នកមិនបានអនុវត្តឱ្យបានត្រឹមត្រូវ។ យើងអត់ដឹងថា អ្នកណាខ្លះដែរតុលាការដែលត្រូវទុកមិនឱ្យនយោបាយតទៅទៀត ក្នុងហ្នឹងវាមានបញ្ហានឹងមួយជាចំណោតសំខាន់ »។

អ្នកវិភាគរូបនេះបន្ថែមថា ដើម្បីកុំឱ្យមានការសង្ស័យទៅលើមាត្រាដែលវិសោធនកម្មនេះបាន លុះត្រាតែមានការផ្ដល់នីតិសម្បទានដល់មន្ត្រីអតីតគណបក្សប្រឆាំង ទាំងអស់បើពុំនោះទេ ស្ថានភាពនយោបាយនៅកម្ពុជាមិនធូរស្រាលឡើយ។

លោក បណ្ឌិតមាស នី៖ «សម្រាប់ខ្ញុំ ដើម្បីជម្រះមន្ទិលសង្ស័យទាំងអស់នឹងគឺនៅក្នុងច្បាប់ថ្មីវិសោធនកម្មគយរតែចែងឱ្យបានច្បាស់ ហើយធ្វើការផ្ដល់នូវឱកាស​ឱ្យមន្ត្រីទាំង១១៨នាក់ នឹងអាចចេញមកធ្វើនយោបាយវិញបានតែម្ដងទៅ ឬក៏ក្នុងកម្រិតច្រើនបំផុតដែលអាចធ្វើទៅបាន ។ ដូច្នេះ វានឹងបញ្ចប់រឿងដែលអពមង្គលទាំងឡាយនៅក្នុងនយោបាយ។ តែបើសិនជាដោះលែងមិនអស់ នៅសល់មួយក្រុមណាតូចមួយ ឧទាហរណ៍ ថរាដោះអស់ហើយ នៅសល់លោក កឹម សុខាមួយ ក៏វានៅតែមិនបានដែលហៅថា យើងមិនអាចគេចផុតអំពីស្អីដែលជាការរិះគន់ របស់អន្តរជាតិជាដដែលទៅដដែលទេបាទ។ បើសិនជាមិនមានការ យើងហៅថាផ្ដល់នូវអភ័យឯកសិទ្ធិទាំងអស់គ្នានឹងទេ ក៏វាស្ថានការណ៍នយោបាយក្នុងស្រុកខ្មែរក៏នៅតែអត់ចប់ដដែលទេបាទ »។   

មជ្ឈដា្ឋនអ្នកវិភាគជាច្រើនថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែគេចពីទណ្ឌកម្មអន្តរជាតិ ហើយក៏ព្យាយាមបំបែកកម្លាំងរបស់មន្ត្រី និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិផងដែរ។

លោក សម រង្ស៊ី តែងតែបង្ហាញជំហរថា លោក និង លោក កឹម សុខា ជាមនុស្សតែមួយ ហើយលោក ក៏ស្វះស្វែងរកមធ្យបាយដើម្បីឱ្យលោក កឹម​ សុខា មានសេរីភាពពេញលេញវិញ ពោលគឺតុលាការទម្លាក់ចោលនូវបទចោទប្រកាន់លើលោក កឹម សុខា ពីបទក្បត់ជាតិ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគម្នាក់ដែរ ធ្លាប់មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា រវាងលោក សម រង្ស៊ី និងលោក កឹម សុខា គឺមិនអាចចែកផ្លូវគ្នានោះទេ បើអ្នកនយោបាយទាំងពីរនេះ មានឆ្ទៈរួបរួមគ្នាបន្តទៀត។

អ្នកវិភាគជនជាតិខ្មែរម្នាក់នៅបរទេសគម្រាមអំពីមហន្តរាយធំប្រសិនបើលោក កឹម សុខា និង លោក សម រង្ស៊ីចែកផ្លូវនយោបាយគ្នា។

លោក សន ដារ៉ា អ្នកវិភាគមួយរូបដែលកំពុងមានការចាប់អារម្មណ៍ច្រើនពីបណ្ដាសាធារណៈជន បានបង្ហាញតាមរយៈវីដេមួយមានរយៈពេលជាងមួយម៉ោងថា បើលោក កឹម សុខា និងលោក សម រង្ស៊ី លក់ឧត្តមគតិរបស់ខ្លួន នោះវាសនារបស់អ្នកទាំងពីរ នឹងមិនជួបរឿងល្អនោះទេ ពោលគឺបាត់បង់នូវប្រជាប្រិយភាពដ៏មហិមា។

លោក សន ដារ៉ា៖ «បើសិនជា សម រង្ស៊ីដើរផ្លូវខុស សម រង្ស៊ីនឹងមានជោគវាសនាដូចស្ដេចក្រុមព្រះ ដើរផ្លូវខុស មានន័យថា​ឈប់ប្រឆាំងជាមួយ របបផ្ដាច់ការ ទៅយកដំណែងរដ្ឋាភិបាល ស៊ុំគ្រលំបម្រើ ហ៊ុន សែន ទៅប្រឆាំងជាមួយកឹម សុខា អានឹងសម រង្ស៊ី មានវាសនាដូចស្ដេចក្រុមព្រះ នឹង ញឹក ប៊ុនឆៃ។ តែបើកឹមសុខា ចាប់ដៃជាមួយ ហ៊ុន សែន វ៉ៃសម រង្ស៊ី អាហ្នឹងសម រង្ស៊ីកាន់តែខ្លាំង ហើយ កឹម សុខា មានជោគវាសនាដូច ម៉ម សុម៉ង់ដូរ គឺគ្រោះថ្នាក់កឹម សុខា ខ្លាំងជាង ម៉ម សុម៉ង់ដូរទៀត មិនត្រឹមតែស្អុយស្មើម៉ម សុម៉ង់ដូរ ទេ គឺមានកំហុសប្រវត្តិសាស្ត្រ »។    

សេចក្តីព្រាងច្បាប់​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ត្រូវ​គាំទ្រឯកភាពស្នើដោយតំណាងរាស្រ្តចំនួន ៨៧ សម្លេង។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​ ​នឹង​អាច​ទទួល​បាន​វិញ នូវ​សិទ្ធិ​នយោបាយ​ពេញលេញ និងពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់ តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ ដោយ​ព្រះមហាក្សត្រ​តាម​សំណើរ​របស់​នាយក​រដ្ឋមន្ត្រី​ ដែលបាន​ស្នើ​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

ការវិសោធនកម្មនេះ ចាប់ផ្ដើមពិនិត្យឡើងវិញក្រោយពេលដែលលោក សម រង្ស៊ី ត្រូវបានស្នើជ្រើសតាំងជាប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ។

មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិចំនួន ១១៨រូប ត្រូវបានតុលាការកំពូលចេញសាលដីការហាមឃាត់មិនឱ្យធ្វើសកម្មភាពក្នុងរូបភាពនយោបាយ បន្ទាប់ពីតុលាការនេះ រំលាយគណបក្សសង្គ្រោះជាតិ។

សហគមន៍អន្តរជាតិ ដែលជាប្រទេសប្រជាធិបតេយ្យសេរីធំៗ មិនពេញចិត្តចំពោះការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាទេ។ ជាក់ស្ដែង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បាននឹងកំពុងពិនិត្យការដាក់ទណ្ឌកម្មនៅកម្ពុជា។

ឈានចូលដល់ខែធ្នូនេះ គេសង្កេតឃើញថា កម្ពុជាបានប្រកាសបង្ហាញជំហរទន់ភ្លន់ជាខ្លាំង។ ជាក់ស្ដែង រដ្ឋសភា និងក្រសួងការបរទេស បានចេញសេចក្ដីថ្លែងការណ៍អំពីការបើកសិទ្ធិសេរីភាពដល់ប្រព័ន្ធផ្សព្វផ្សាឯករាជ្យ សម្លេងសង្គមស៊ីវិល ការដោះស្រាយបញ្ហាដីធ្លី និងការវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះឯង៕

 

Share

Image
Image
Image