en     km
en     km

អ្នកវិភាគសង្គមរិះគន់ច្បាប់ស្តីពីNGOថា គ្មានយន្តការច្បាស់លាស់

Share

បន្ទាប់​ពី​គណៈ​កម្មការ​​អចិន្ត្រៃយ៍​​នៃ​​រដ្ឋ​សភា​​បាន​សម្រេច​​ប្រគល់​ច្បាប់​ស្តី​ពី​ អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ (NGO)​ ទៅ​​ឲ្យ​​គណៈ​កម្មការ​ទី៥​ នៃ​​រដ្ឋ​សភា​​ដើម្បី​ទទួល​ភារកិច្ច​កាល​ពី​ម្សិល​មិញ​រួច​មក​ នៅ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​នេះ​ អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា​ យន្ត​ការ​ក្នុង​ការ​ពិភាក្សា​ច្បាប់​ស្តី​ពី​ NGO​ រវាង​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​មិន​ទាន់​មាន​តម្លាភាព​នៅ​ឡើយ​នោះ​ទេ​។ មូល​ហេតុ​​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​រវាង​រដ្ឋាភិបាល​ និង​អង្គ​ការ​សង្គម​ស៊ីវិល​ជា​ញឹក​ញាប់​។

អ្នក​ស្រី​ ជា​ វណ្ណាត​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​​បាន​មាន​ប្រសាសន៍​ថា​ «ដំណើរ​ការ​តាក់​តែង​ច្បាប់​នៅ​កម្ពុជា​មិន​ថា​ច្បាប់​ស្តី​ពី​ NGO​ និ​ង​ច្បាប់​អ្វី​នោះ​ទេ​ រដ្ឋាភិបាល​មិន​ទាន់​មាន​យន្តការ​ជាក់​លាក់​ ពីព្រោះ​មិន​មាន​ប្រព័ន្ធ​ឲ្យ​មាន​ការ​ចូល​រួម​មិត​​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​​»។

ស្រដៀង​គ្នា​នេះ​ដែរ​ សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ និង​ជា​អ្ន​កវិភាគ​សង្គម​ លោក​ រស់​ រ៉ាវុធ​ លើក​ឡើង​ថា​ រដ្ឋាភិបាល​បាន​បើក​កិច្ច​ពិភាក្សា​ជា​មួយ​អង្គការ​ពាក់ព័ន្ធ​បាន​បន្តិច​បន្តួច​នៅ​ឡើយ​ជុំវិញ​ច្បាប់​ស្តី​ពី​ សមាគមន៍​ និង​ អង្គការ​មិនមែន​រដ្ឋា​ភិបាល​នេះ​ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​មានភាព​ចម្រូង​ចម្រាស់​ច្រើន​ទៅ​លើ​ច្បាប់​នេះ​។ «ប្រសិន​បើ​ច្បាប់​ស្តី​ពី​ NGO​ មួយ​នេះ​​មាន​ការ​រឹត​ត្បឹត​សិទ្ធិ​សេរីភាព​សង្គម​ស៊ីវិល​ខ្លាំង​ពេក​ នោះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​ចុះ​ខ្សោយ​ ព្រោះ​ថា​ប្រទេស​កម្ពុ​ជាសព្វ​ថ្ងៃ​កំពុង​រស់​ដោយ​សារ​ជំនួយ​បរទេស​ប្រមាណ​៦០%​»។

អង្គការ​សមាគម​ប្រមូលផ្តុំគ្នា​នៅ​មុខ​វិមាន​រដ្ឋសភា លើកបដា​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ-សមាគម  កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥ - រូបភាព៖ RFA
អង្គការ​សមាគម​ប្រមូលផ្តុំគ្នា​នៅ​មុខ​វិមាន​រដ្ឋសភា លើកបដា​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ-សមាគម កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥ – រូបភាព៖ RFA

ទាក់​ទង​នឹង​ច្បាប់​ស្តី​ពី​ សមាគម​ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​នេះ​ លោក​ ផៃ​ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ធ្លាប់​បាន​គូស​បញ្ជាក់​ជា​ច្រើន​លើក​ច្រើន​សា​ថា​ ការ​បង្កើត​ឲ្យ​មាន​ច្បាប់​នេះ​ឡើង​ គឺ​ដើម្បី​រៀប​ចំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ប្រមាណ​៥​ពាន់​ស្ថាប័ន​ឲ្យ​មាន​របៀប​រៀប​រយ​តែ​ប៉ុណ្ណោះ​។​ លោក​បញ្ជាក់​ទៀត​ថា​ ច្បាប់​នេះ​បង្កើត​ឡើង​ក៏​មាន​ការ​ព្រម​ព្រៀង​ពី​អង្គ​ការ​សង្គម​ស៊ីវិល​ផង​ដែរ​។

ជុំវិញ​បញ្ហា​នេះ​ លោក​ សុន​ ឆ័យ​ និង​​ក្រុម​​តំណាង​​រាស្ត្រ​​មួយ​​ចំនួន​​ទៀត​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​ ដែល​​ចេញ​​មក​​ទទួល​​ញត្តិ​​ដោយ​​ផ្ទាល់​ ពី​សង្គម​ស៊ីវិល​​នៅ​មុខ​រដ្ឋសភា​ កាល​ពី​ម្សិល​មិញ​ថ្លែង​ថា​ គណបក្ស​​សង្គ្រោះ​​ជាតិ​ នឹង​​ប្រឹ​ងប្រែង​​ឲ្យ​​អស់​​លទ្ធភាព​ដើម្បី​​ប្រឆាំង​​ការ​​អនុម័ត​​ច្បាប់​​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ ច្បាប់​ស្តី​ពី​សមាគមន​ ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​បាន​គណៈកម្មការ​​អចិន្ត្រៃយ៍​​នៃ​​រដ្ឋសភា​​សម្រេច​​ប្រគល់​​ភារកិច្ច​​ទៅ​​ឲ្យ​​គណៈកម្មការ​​ទី​៥​នៃ​​រដ្ឋសភា​​ទទួល​បន្ទុក​​កិច្ចការ​បរទេស​​ជា​​អ្នក​ធ្វើ​​ការ​សិក្សា​​ស្រាវ​ជ្រាវ​ និង​​ពិភាក្សា​​ព្រម​ទាំង​​រាយការណ៍​​ទៅ​កាន់​​រដ្ឋសភា​ អំពី​​សេចក្តី​ព្រាង​ច្បាប់​​នេះ​ ដោយ​​សហការ​​ជាមួយ​នឹង​​គណៈកម្មការ​​ចំនួន​២​ទៀត​ គឺ​​គណៈកម្មការ​​ទី៤​ និង​​ទី៦​នៃ​​រដ្ឋសភា​។ ការ​ម្រេច​នេះ​ ត្រូវ​បាន​លោក​ ឈាង​ វុ​ន​ អ្នក​នាំ​ពាក្យ​​រដ្ឋសភា​ជាតិ​ ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​បន្ទាប់​ពី​​បញ្ចប់​​កិច្ច​ប្រជុំ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ម្សិលមិញ​នេះ។

Share

Image
Image
Image