en     km
en     km

អ្នកវិភាគថា លោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទីនៃអតីតCNRPកាន់តែមានឥទ្ធិពលតែមតិខ្លះមិនគាំទ្រ (មានសំឡេង)

Share

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកគាំទ្រគណបក្សនេះនៅក្រៅប្រទេស ជ្រើសតាំងជាប្រធានស្ដីទី ឬប្រធានបណ្ដោះអាសន្នសម្រាប់គណបក្សប្រឆាំងមួយនេះ។តាមសេចក្ដីសម្រេចនៃសន្និសីទរបស់អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសលោកសមរ​ង្ស៊ីនឹងចាកចេញពីតូនាទីនេះវិញ បើលោកកឹមសុខា មាមសេរីភាពពេញលេញឡើងវិញ។ យ៉ាងណា​ មន្ត្រីរាជរដ្ឋាភិបាលថា បក្សប្រឆាំងនេះគ្មាននៅក្នុងបញ្ជឺគណបក្សទៀតទេ។ ដោយឡែក អ្នកវិភាគថា ការណ៍នេះ នឹងបន្ថែមឥទ្ធិពលនៃសកម្មភាពរបស់លោក សម រង្ស៊ី មួយកម្រិតទៀត។

លោក សោម លាភ ជូនសេចក្ដីលំអិត៖

ក្រោយពេលបញ្ចប់សន្និសីទពិភពលោកដែលរៀបចំដោយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅបរទេស អង្គសន្និសីទនេះបានដាក់ចេញនូវសេចក្ដីសម្រេចចំនួន ១០ចំណុច​ ក្នុងនោះ គឺជ្រើសតាំងលោក សម រង្ស៊ី ឱ្យធ្វើជាប្រធានស្ដីទី ​ឬប្រធានបណ្ដោះអាសន្នរបស់គណបក្សសង្គ្រោះជាតិ។

ការជ្រើសតាំងលោក សម រង្ស៊ី ជាប្រធានស្ដីទីនេះ សម្រាប់រយៈពេលដែលលោក កឹម សុខា មិនទាន់បានទទួលសេរីភាពពេញលេញ ឬមិនទាន់ត្រូវបានទម្លាក់ការចោទប្រកាន់ពីបទក្បត់ជាតិ។

លោក សម រង្ស៊ី ថ្លែងសន្យាក្នុងសន្និសីទនោះថា រចនាសម្ព័ន្ធគណបក្ស ការធ្វើជាប្រធានស្ដីទីនេះ គឺធ្វើតែមួយរយៈពេលដែលលោក កឹម សុខា មិនទាន់មានសេរីភាពតែប៉ុណ្ណោះ។

លោក សម រង្ស៊ី៖ «ចំណុចទីមួយមានន័យថា យើងអត់ប៉ះពាល់រចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិទេ ជាពិសេសលោក ប្រធាន កឹម សុខា នៅតែជាប្រធានដដែល។ ចំណុចទី២ គឺតួនាទីជាប្រធានស្ដីទីនេះ នឹងត្រូវចប់ដោយស្វ័យប្រវត្តិពេលណាលោក ប្រធាន កឹម សុខា ទទួលសេរីភាពពេញលេញ»។ 

ការសម្រេចរបស់អង្គសន្និសីទនេះ នឹងយកទៅពិគ្រោះយោបល់ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនេះ ដោយសេចក្ដីសម្រេចនេះនឹងត្រូវចូលជាធរមានករណីគណៈកម្មាធិការអចិន្ត្រៃយ៍មិនមានការឆ្លើយតបក្នុងរយៈពេលមួយសប្ដាហ៍។

ភ្លាមបន្ទាប់ពីបានដឹងថា លោក សម រង្ស៊ី ត្រូវបានតែងតាំងជាប្រធានស្ដីទីគណបក្សរួចមក គេសង្កេតឃើញមានមតិចម្រុះគាំទ្រ និងមតិខ្លះប្រឆាំង។ អ្នកគាំទ្រមានទាំងអតីតប្រធានប្រតិបត្តិខេត្ត​ ក្រុង ស្រុក ខណ្ឌ និងអតីតចៅសង្កាត់ មេឃុំក្រុមប្រឹក្សា ឃុំ នៃអតីតគណបក្សប្រឆាំងធំនេះ។  

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត សកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងជាអតីតចៅសង្កាត់អូរចា ដ៏មានប្រជាប្រិយភាពម្នាកបានសរសេរលើគណនីហ្វេសបុករបស់ខ្លួននៅព្រឹកថ្ងៃទី ៣ ខែធ្នូនេះ ដោយអបរសាទរ និងគាំទ្រចំពោះសេចក្ដីសម្រេចសន្និសីទដែលជ្រើសតាំងលោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទីនៃគណបក្សនេះ។    

លោក គង់​ សុភា មន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិ និងកូនប្រុសរបស់លោកគង់គាំជាមនុស្សជំនិតរបស់លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា៖  «សម្រេចរបស់សន្និសិទនេះ អាចទទួលយកបានទាំងសងខាង។ ទោះឈប់ឈ្លោះគ្នា​ឈប់វាយប្រហារគ្នាបន្តរដំណើរជាមួយគ្នា​ដើម្បី​សម្រេច​គោលដៅនៃការផ្លាស់ប្តូរជាមួយគ្នា​ សម្រេច​ឆន្ទ:ប្រជាពលរដ្ឋជាមួយគ្នា»

លោក អ៊ីសា ឧស្ម័ន អតីតប្រធានចលនាយុវជនខ្មែរឥស្លាមនៃគណបក្សសង្រ្គោះជាតិបានបង្ហាញការពេញចិត្ត ដែល លោក សម រង្ស៊ី បានធ្វើជាប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ។

លិខិតរបស់លោក អ៊ីសា ឧស្ម័នមានខ្លឹមដូចនេះថា ៖ «សម្រាប់ខ្ញុំ ទឹកចិត្តខ្ញុំ គ្មានអ្វីគួរឲ្យខ្លាច គ្មានអ្វីគួរឲ្យបន្ទោស គ្មានអ្វីគួរឲ្យសង្ស័យនោះទេ នៅពេលដែល លោក សម រង្ស៊ី ក្លាយជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្នុងគ្រាអាសន្នដែល លោក កឹម សុខា គ្មានសេរីភាព។

លោក សម រង្ស៊ី ក៏ធ្លាប់ផ្ទេរសិទ្ធិឲ្យ លោក កឹម សុខា ធ្វើជាប្រធានស្តីទី កាលពីគាត់អវត្តមានពីក្នុងប្រទេសគ្រាដំបូង និងចុងក្រោយក៏ប្រគល់តំណែងទាំងស្រុងតែម្តងឲ្យ លោក កឹម សុខា។

លោក សម រង្ស៊ី ទុកចិត្តទុកថ្លើម លោក កឹម សុខា ទាំងស្រុង លាលែងបក្សដោយគ្មានពិគ្រោះយោបល់អ្នកណាទាំងអស់ គ្មានគិតដល់ភាពត្រឹមត្រូវនៃលក្ខន្តិក:គណបក្ស។ កាសម្រេចតែម្នាក់ឯងនោះ ធ្វើឲ្យថ្នាក់ដឹកនាំមួយចំនួនដែលគាំទ្រលោកស្រឡាំងកាំង ស្ទើរមិនជឿ ហើយដំបូងគិតថាជាក្រដាស់លាលែងក្លែងក្លាយប៉ុណ្ណោះ»។

«ចុះនៅពេលអវត្តមាន លោក កឹម សុខា ពីឆាកនយោបាយវិញម្តង បេក្ខជនដែលសមរម្យបំផុតសម្រាប់តំណែងជាអ្នកដឹកនាំបក្សបន្ត គឺគ្មានអ្នកណាក្រៅពី សម រង្ស៊ី នោះឡើយ»។

«ខ្ញុំហ៊ានវាយតម្លៃថា លោក សម រង្ស៊ី មិនមែនជាបុគ្គលក្រាញអំណាច លោភលន់ និងនិយមបក្ខពួកនោះទេ» ។

«ដូច្នេះខ្ញុំសូមចូលរួមគាំទ្រនិងអបអរសាទរដោយស្មោះស្ម័គ្រចំពោះសេចក្តីសម្រេចមហាសន្និបាតក្នុងការជ្រើសរើយក លោក សម រង្ស៊ី ជាប្រធានស្តីទី»។

ក្រោយសន្និសីទជាអន្តរជាតិនេះ លោក កឹម សុខា បានបង្ហាញជំហរដោយភ្ជាប់ជាមួយរូបថតមួយសន្លឹក រួមមានលោក កឹម សុខាផ្ទាល់ និងសហមេធាវីរបស់លោកចំនួន ៣រូបផ្សេងទៀត។

លោក កឹម សុខា សរសេរតាមរយៈទំព័រហ្វេសបុករបស់លោក នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៨ នេះថា ៖ «ខ្ញុំមានសិទ្ធិឲ្យមេធាវីរបស់ខ្ញុំនាំពាក្យ និងបង្ហាញពីឆន្ទៈខ្ញុំដែលជាកូនក្តីជាផ្លូវការស្របតាមបញ្ញត្តិច្បាប់»។

សហមេធាវីរបស់លោក កឹម សុខា កាលពីថ្ងៃទី ២ធ្នូដដែល បានចេញសេចក្ដីថ្លែងការមួយដែលចុះផ្សាយអំពីជំហររបស់លោក កឹម សុខា ដែលមិនទទួលដឹងឮ និងមិនគាំទ្រនូវសន្និសីទថ្ងៃទី១ និងទី២ ធ្នូនោះទេ។

សេចក្ដីថ្លែងការនេះបន្ថែមថា ការបង្ហាញជំហរបែបនេះរបស់លោក កឹម សុខា ធ្វើឡើងមិនស្ថិតក្រោមឥទ្ធិពល ឬការបង្ខិតបង្ខំពីបុគ្គលណាមួយឡើយ។ ​​​​​​​​​​បើទោះបីជាមានការបង្ហាញជំហរបែបនេះក្ដីពីលោក កឹម សុខា តាមរយៈសហមេធាវីរបស់លោក និងតាមទំព័រហ្វេសបុករបស់លោកក៏ពិតមែន តែមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិមិនបានយកចិត្តទុកដាក់ចំពោះជំហរនេះឡើយ។

ក្នុងសេចក្ដីសម្រេចរបស់សន្និសីទដែលធ្វើឡើងនៅទីក្រុងអាតាឡង់តា នៅរដ្ឋចរចានៃសហរដ្ឋអាមេរិកនេះ បានចាត់ទុកមតិយោបល់របស់លោក កឹម សុខា គឺមិនបង្ហាញពីឆន្ទៈរបស់លោកពិតប្រាកដ ដរាបណាលោក កឹម សុខា សម្ដែងមតិយោបល់នោះជាសាធារណៈដោយខ្លួន​​​ឯង និងនៅពេលដែលលោកមានសិទ្ធិសេរីភាពពេញលេញតែប៉ុណ្ណោះ។

លោក ហ៊ីង សុខសាន្ត មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងដែលគេស្គាល់ថាជាមនុស្សជំនិតរបស់លោក កឹម សុខា ថ្លែងតាមរយៈវីដេអូលើគណនីហ្វេសបុករបស់ខ្លួននៅថ្ងៃទី ៣ធ្នូនេះថា ការស្នើសុំជ្រើសរើសលោក សម រង្ស៊ី​ ធ្វើជាប្រធានស្ដីទីនេះ គឺមិនមានអានុភាពគតិយុត្តនោះទេ។

ហ៊ីង សុខសាន្ត៖ «ខ្ញុំអត់ជំទាស់អត់ប្រឆាំងទេ ការស្នើសុំនេះ ប៉ុន្តែខ្ញុំយល់ឃើញថា អាការស្នើសុំរបស់អស់លោក លោកស្រីនេះ( អ្នកគាំទ្រគណបក្សសង្គ្រោះជាតិក្រៅប្រទេសដែលស្នើឱ្យលោក សម រង្ស៊ីធ្វើជាប្រធានស្ដីទី) វាមិនមានតម្លៃគតិយុត្ត មិនមានតម្លៃផ្លូវច្បាប់សម្រាប់យកទៅអនុវត្តនៅក្នុងយន្តការរបស់គណបក្សសង្គ្រោះជាតិនោះបានទេ»។

លោក ខៀវ សុភ័គ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ៣ធ្នូនេះថា ករណីនេះគឺជាការបង្ហាញថា លោក កឹម សុខា និង លោក​ សម រង្ស៊ីកំពុងតែបែកបាក់គ្នាយ៉ាងពិតប្រាកដ។

លោក ខៀវ សុភ័ក្រ្ត៖ «គួរឱ្យចាប់អារម្មណ៍ដែលរឿងនឹង ទីបំផុតដូចបានទាយទុកពីមុនថាគាត់នឹងចែកចានចែកឆ្នាំគ្នា ឥឡូវមានទំនាស់បណ្ដើរៗហើយ »។

អ្នកពាក្យក្រសួងមហាផ្ទៃរូបនេះ មិនសូវជាមានការចាប់អារម្មណ៍ចំពោះការជ្រើសរើសប្រធានស្ដីទីនៃគណបក្សនេះឡើយ ព្រោះបក្សនេះមិនមាននៅក្នុងបញ្ជីនោះទេ ហើយការធ្វើបែបនេះក៏មិនត្រូវច្បាប់ដែរ។

លោក ខៀវ សុភ័ក្រ្ត៖ «ទៅមិនរួចទេ អានឹងគេហៅថាគណបក្សក្រៅច្បាប់នឹង មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់យើងឯណា វាខុសៗទៅហើយ​ វាមានគណបក្សសង្គ្រោះជាតិឯណាវាអត់មានទេ»។

តែអ្នកវិភាគម្នាក់ដែលគេចាត់ទុកថា ជាអ្នកវិភាគឯករាជ្យ ចាត់ទុកឱកាសល្អសម្រាប់លោកសមរង្ស៊ីប្រើប្រាស់ទំនាក់ការទូតនិង សមត្ថភាពពេញលេញក្នុងឋានៈជាមេដឹកនាំបក្សប្រឆាំងនេះឡើងវិញហើយកាន់តែមានឥទ្ធិពលថែមទៀត។

លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ប្រាប់មណ្ដលព័ត៌មានស្រ្តីកម្ពុជាថាលោកសមរង្ស៊ី ស័ក្ដិសម ជាអ្នកប៉ិនប្រសប់នៃទំនាក់ទំនងការទូតនិង ចលនាគាំទ្រលោកកាន់តែខ្លាំង។

លោក ឯម សុវណ្ណារ៉ា៖ «គាត់បានត្រឡប់ចូលក្នុងរូបភាពផ្លូវការវិញ ពីមុនវាអត់ផ្លូវការវាគ្រាន់តែជាការធ្វើ នយោបាយលក្ខណៈពីក្រោយ អឺស្រមោល អ៊ីចឹងគាត់ធ្វើលក្ខណៈនេះគឺជាលក្ខណៈពេញលក្ខណៈ ។មានន័យថា ផ្លូវការប្រកាសជាសាធារណៈដែលអាចដឹងឮ អ៊ីចឹងទេគាត់អាចមានសកម្មភាពខ្លាំង មានតួនាទីសកម្ម ហើយអាចប្រមូលគៀគរកម្លាំងសកម្មជនរបស់គាត់ចាស់ខ្លះឡើងវិញ​ អាចេះជាហេតុផលមួយដែលកាត់ឈរឈ្មោះឃើញថា លក្ខណៈដែលគាត់ចេញជាសាធារណៈផ្លូវការបានច្រើន»។

លោកបន្ថែមថា ការណីនេះអាចនឹងបង្ហាញពីការបែកបាក់រវាងផ្ទៃក្នុងរបស់គណបក្សនេះមែន តែលោកថា​ ប្រសិនបើលោក កឹម សុខា និងលោក សម រង្ស៊ី​ នៅតែប្ដេជ្ញាចិត្តរួបរួមគ្នានោះការបែកបាក់ក៏គ្មានថ្ងៃកើតឡើងដែរ។​

លោក ឯម សុវណ្ណារ៉ា៖ «ប៉ុន្តែភាពបែកបាក់ ឬក៏ភាពបែងចែករវាងសម រង្ស៊ី និង កឹម សុខា អាស្រ័យលើឆន្ទៈរបស់អ្នកនយោបាយទាំងពីរហ្នឹង ប្រសិនបើគាត់នៅតែប្ដេជ្ញាចិត្ត រួបរួមគ្នាទៀត ភាពបែកបាក់ក៏វាអត់អាចកើតឡើងដែរ»។

ក្នុងបទសម្ភាសជាមួយវិទ្យុ VOA ជាភាសាខ្មែរ  លោកសមរង្ស៊ីបានប្ដេជ្ញាជួយលោកកឹមសុខា ឱ្យមានសេរីភាពវិញ ហើយលោកប្ដេជ្ញាថានឹងវិលប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩។

លោក សម រង្ស៊ី បានលាលែងពីដំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ស្ថាប័នជាតិកម្ពុជាធំៗ បានធ្វើច្បាប់ដែលដាក់បន្ទុកដល់គណបក្សណា ដែលមានប្រធានមានបណ្ដឹងជាប់នឹងតុលាការ ឬត្រូវបានផ្ដន្ទាទោសហើយ មិនអាចធ្វើជាប្រធានគណបក្សបន្តទៀតទេ។

លោក សម រង្ស៊ី ដើម្បីកុំឱ្យមានការរំលាយគណបក្សសង្គ្រោះជាតិ លោក ក៏បានលាលែងពីដំណែង។​ តែយ៉ាងណាក្ដី គណបក្សសង្គ្រោះជាតិ នៅតែតុលា ការកំពូលកម្ពុជារំលាយដដែលក្រោយពីលោកកឹមសុខាបានក្លាយជាប្រធានគណបក្សក្រោមហេតុផលចោទលោក កឹម សុខា ពីបទក្បត់ជាតិ។

ការរំលាយគណបក្សនេះ ធ្វើឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០១៧។ មកទល់ពេលនេះ លោក កឹម សុខា កំពុងត្រូវបានឃុំខ្លួននៅក្នុងផ្ទះ​ ដែលមិនទាន់មានសេចក្ដីសម្រេចស្ថាពរណាមួយដល់លោក នៅឡើយនោះទេ៕

Share

Image
Image
Image