en     km
en     km

អ្នកមាន​ទំនាស់​នៅ​តំបន់​បឹង​កក់​ ទាមទារ​ឱ្យ​សាលាក្រុង​ដោះស្រាយ​បញ្ហា​ដីធ្លី​

Share

cover-Land-dispute-at-boeng-kok

ភ្នំពេញ៖  ប្រជាពលរដ្ឋ​បឹង​កក់​៧​គ្រួសារ​ នាំ​គ្នា​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ដាក់​ញ្ញត្តិ​ ដើម្បីឱ្យ​សាលា​រាជធានី​ភ្នំពេញ​ ដោះស្រាយ​ពី​បញ្ហា​ដីធ្លី​នៅ​សេសសល់​ដែល​មិន​ទាន់​បាន​ដោះស្រាយ​ជូន​ពួក​គេ​។​ ប្រជាពលរដ្ឋ​បាន​ប្រមូលផ្តុំ​គ្នា​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ទាមទារ​ផ្ទៃដី​ទំហំ​ ១០០%​ នៃ​ផ្ទៃដី​ដែល​ពួក​គេ​ធ្លាប់​មាន​។​

​អ្នក​តវ៉ា​ទាំងនោះ​ឱ្យ​ដឹង​ថា​ កន្លង​មក​ពួក​គេ​ទាមទារ​សុំ​ដំណោះស្រាយ​ដីធ្លី​តែ​ ៥៣%​ ប៉ុណ្ណោះ​ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​មិន​បាន​ផ្តល់​ដំណោះស្រាយ​ជូន​ពួក​គេ​។​

​អ្នកស្រី​ លី​ ចាន់​ណា​រី​ រស់នៅ​ភូមិ​១​ តំបន់​បឹង​កក់​ ស្ថិត​ក្នុង​ចំណោម​អ្នក​តវ៉ា​ ៧​ គ្រួសារ​ ដែល​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពីសា​លា​រាជធានី​ភ្នំពេញ​ និយាយ​ថា​ គាត់​មក​សាលាក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ ក្នុង​គោលបំណង​ដើម្បី​ទាមទារ​ដីធ្លី​ដែល​អាជ្ញាធរ​មិន​ទាន់​បាន​ដោះស្រាយ​ជូន​គាត់​។​

​អ្នកស្រី​ ចាន់​ណា​រី​ បន្ត​ទៀត​ថា​ កាលពី​ខែមេសា​ សាលាក្រុង​បាន​ដោះស្រាយ​ដីធ្លី​នៅ​ក្នុងភូមិ​អ្នកស្រី​ ដែល​មាន​ ១៣​ គ្រួសារ​ ប៉ុន្តែ​ការ​ដោះស្រាយ​ពេល​នោះ​បាន​តែ​ ៦​ គ្រួសារ​ទេ​ នៅ​សល់​ ៧​ គ្រួសារ​ទៀត​ ដែល​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​។​

​គាត់​ថា​ ដោយសារ​តែ​ការ​ដោះស្រាយ​នោះ​មានការ​យឺតយ៉ាវ​ ទើប​គាត់​យក​ញ្ញត្តិ​មក​ដាក់​នៅ​សាលាក្រុង​ ឱ្យ​ដោះស្រាយ​ជូន​រូប​គាត់​ ដោយ​ឲ្យ​សាលាក្រុង​ផ្តល់​ដី​ដែល​គាត់​បាត់បង់​ដោយ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ ស៊ូ​កា​គូ​អ៊ី​ន​ ទៅ​ឱ្យ​គាត់​វិញ​ដោយ​មាន​សំណង​សមរម្យ​៖​ «​ខ្ញុំ​ទាមទារ​យក​តែ​ដី​ខ្ញុំ​គ្រប់​វិញ​ ១០០​ភាគរយ​ ដី​ខ្ញុំ​ប៉ុនណា​ខ្ញុំ​យក​ប៉ុណ្ណឹង​វិញ​ ខ្ញុំ​ធ្វើការ​តស៊ូ​មតិ​ទាល់តែ​មាន​ដំណោះស្រាយ​…»​។​

​ស្ត្រី​ម្នាក់​ទៀត​ គឺ​អ្នកស្រី​ សែន​ ទូច​ ដែល​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​សាលាក្រុង​ភ្នំពេញ​ដែរ​ បាន​និយាយ​ថា​ ពី​មុន​មក​គាត់​ធ្លាប់​ទាមទារ​សុំ​ដំណោះស្រាយ​ដីធ្លី​តែ​ ៥៣%​ នៃ​ទំហំ​ដី​របស់​គាត់​ ប៉ុន្តែ​ដោយសារ​តែ​មានការ​ពន្យារពេល​ក្នុង​ការ​ដោះស្រាយ​នៃ​ទំនាស់​ដីធ្លី​នេះ​ ទើប​គាត់​សម្រេចចិត្ត​នាំ​គ្នា​មក​សាលាក្រុង​ ដើម្បី​ឱ្យ​សាលាក្រុង​ភ្នំពេញ​ដោះស្រាយ​ជូន​ពួក​គាត់​។​

​អ្នកស្រី​ សែន​ ទូច​ បន្ត​ថា​ការ​ដាក់​ញ្ញត្តិ​នៅ​ថ្ងៃនេះ​ គាត់​ទាមទារ​ដីធ្លី​ ១០០%​ វិញ​ លែង​ទាមទារ​ ៥៣%​ ដូច​លើក​មុន​ទៀត​ហើយ​ ព្រោះ​សាលាក្រុង​មិន​បាន​ដោះស្រាយ​ជូន​ពួក​គាត់​។​ ប៉ុន្តែ​អ្នកស្រី​បាន​បញ្ជាក់​ថា​ ប្រសិនបើ​សាលាក្រុង​ឆាប់​ដោះស្រាយ​ពី​ការ​ទាមទារ​របស់​ពួក​គាត់​ នោះ​គាត់​នឹង​នៅ​តែ​បន្ត​យក​ ៥៣%​នៃ​ទំហំ​ដី​របស់​ពួក​គាត់​។​

​អ្នកស្រី​ សែន​ ទូច​ បន្ថែម​ថា​ ប្រសិនបើ​សាលាក្រុង​នៅ​តែ​ពន្យារពេល​ក្នុង​ការ​ដោះស្រាយ​ពី​បញ្ហា​នេះ​ទៀត​ នោះ​គាត់​នឹង​ដាក់​ញ្ញត្តិ​បន្ត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​រក​ជួយ​អន្តរាគមន៍​៖​ ពី​មុន​មក​ខ្ញុំ​ទាមទារ​ ៥៣%​ ប៉ុន្តែ​សាលាក្រុង​ មិន​បាន​ដោះស្រាយ​ឱ្យ​ខ្ញុំ​ទេ​ ប៉ុន្តែ​ឥឡូវនេះ​ ខ្ញុំ​មកនេះ​ទាមទារ​ ១០០%​ ពេញ​តែ​ម្តង​ ព្រោះ​ពួក​ខ្ញុំ​ចាំ​យូរ​ពេក​ ពួក​ខ្ញុំ​ចាំ​លែង​បាន​ហើយ​។​ ប្រសិនបើ​ដោះស្រាយ​ថ្មីៗ​នេះ​ ៥៣%​ ខ្ញុំ​នឹង​យក​បើ​ថា​យូរ​ពេក​ ពួក​ខ្ញុំ​លែងយក​ហើយ​…»​។​

​ លោក​ ឡុ​ង​ ឌី​ម៉​ង់
​ លោក​ ឡុ​ង​ ឌី​ម៉​ង់

ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ទ្បុ​ង​ ឌី​ម៉​ង់​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ទី​ ២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​  លោក​មិន​បានដឹង​ពី​ការ​សុំ​ដំណោះស្រាយ​ដីធ្លី​ ៥៣%​ នៃ​ទំហំ​ដី​ របស់​ពលរដ្ឋ​បឹង​កក់​ដែល​នៅ​សេសសល់​ ៧​ គ្រួសារ​នោះ​ទេ​។​ លោក​ ទ្បុ​ង​ ឌី​ម៉​ង់​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ សាលាក្រុង​នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​មិន​ទាន់​បាន​ដោះស្រាយ​នោះ​ជូន​ពួក​គេ​ តាម​រយៈ​ការ​ពិភាក្សា​គ្នា​ និង​តាម​មិត្តភាព​ដែល​សាលាក្រុង​មាន​។​

​លោក​បន្ត​ថា​ បើ​ការ​ទាមទារ​នោះ​លើស​ពី​លទ្ធភាព​របស់​សាលាក្រុង​ នោះ​នឹង​មិន​អាច​ដោះស្រាយ​បាន​ទេ​។​ លោក​ ឡុ​ង​ ឌី​ម៉​ង់​ បាន​បញ្ជាក់​បន្ថែម​ថា​ ទាក់ទង​នឹង​ករណី​នេះ​ដែរ​ សាលាក្រុង​គឺ​កំពុង​តែ​ធ្វើការ​ដោះស្រាយ​៖​ «​ខ្ញុំ​អត់​បានដឹង​ទៅ​លើ​ ៥៣​ មិន​ ៥៣​នោះ​ទេ​ អ្វី​ដែល​សំខាន់​គឺថា​យើង​ដោះស្រាយ​ឲ្យ​គាត់​តាម​ការ​ពិភាក្សា​គ្នា​ នឹង​ការ​មិត្តភាព​ដែល​សាលាក្រុង​មាន​ មិន​អាច​ប្រៀបធៀប​ទៅ​នឹង​ដី​របស់​គាត់​រស់នៅ​មុន​ ១០០%​ ដូចដែល​គាត់​និយាយ​ហ្នឹង​ទេ​ ព្រោះ​អី​ទីតាំង​ដែល​គាត់​រស់នៅ​មុន​ ដែល​គាត់​ប្រើ​ពាក្យ​ថា​ ១០០%​ ហ្នឹង​ជា​ដី​មិន​ស្របច្បាប់​ទេ​ ជា​ដី​សាធារណៈ​របស់​រដ្ឋ​ ឥឡូវ​យើង​ខិតខំ​ធ្វើ​ ធ្វើ​ដើម្បី​ឱ្យ​ដី​នោះ​ក្លាយជា​ដី​ស្របច្បាប់​របស់​គាត់​…»​។​

​គួរ​បញ្ជាក់​ថា​ សាលាក្រុង​បាន​ទទួលយក​ញ្ញត្តិ​នោះ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ ដោយ​មិន​ទាន់​បាន​បញ្ជាក់​ថា​ នឹង​ធ្វើការ​ដោះស្រាយ​យ៉ាងណា​នៅ​ទ្បើ​យ​ទេ​។​

​សូម​ជម្រាប​ជូន​ថា​ គ្រួសារ​រង​គ្រោះ​ដោយសារ​តែ​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ ដែល​នៅ​ពេល​នោះ​សាលា​រាជធានី​ និង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​ បាន​បូម​ខ្សាច់​ពន្លិច​ដីធ្លី​ និង​បំផ្លាញ​ផ្ទះសម្បែង​ និង​ទ្រព្យសម្បត្តិ​ កាលពី​ឆ្នាំ​២០១០​ នោះ​ នៅ​មាន​ប្រជាពលរដ្ឋ​បឹង​កក់​ដែល​នៅ​សេសសល់​មិន​ទាន់​បាន​ដោះស្រាយ​ដីធ្លី​នោះ​មាន​ចំនួន​ ៧​ គ្រួសារ​៕​

Share

Image
Image
Image