en     km
en     km

អ្នកផ្តាច់គ្រឿងញៀនបានសម្រេចជាង២ពាន់នាក់ ខណៈអ្នកកំពុងព្យាបាលមានជិត៤ពាន់នាក់ នៅ៥ខែឆ្នាំ២០២០

Share

(ភ្នំពេញ)៖ រយៈពេល ៥ខែ ឆ្នាំ២០២០នេះ អ្នកដែលបានជាសះស្បើយពីគ្រឿងញៀនមានចំនួនជាង ២ពាន់នាក់ ខណៈអ្នកកំពុងបន្តសម្រាកព្យាបាលមានចំនួនជិត ៤ពាន់នាក់។ នេះទំនងជាការបង្ហាញថាអត្រាអ្នកញៀនថ្នាំនៅកម្ពុជា បានទទួលការសម្រាកព្យាបាលជាសះស្បើយបានច្រើន ហើយមកដល់ពេលនេះថ្វីត្បិតតែមណ្ឌលកែប្រែ អ្នកស្តារនីតិសម្បទាមិនបានបិទតាមសេចក្តីស្នើរបស់ស្ថាប័នអន្តរជាតិចំនួន១៣ក៏ពិតមែន មកដល់ពេលនេះក៏មិនទាន់មានអ្នកផ្ទុកកូវីត១៩ នៅមណ្ឌលនោះដែរ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍៖

នៅក្នុងរយៈពេលដើម៥ខែ ឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានអ្នកជាសះស្បើយពីគ្រឿងញៀន សរុប២.៥៣៣នាក់, អ្នកកំពុងស្នាក់នៅបន្តព្យាបាលក្នុងមណ្ឌលមានចំនួន៣.៩៦៨នាក់ និងអ្នកដែលកំពុងទទួលយកសេវាព្យាបាលនៅតាមមូលដ្ឋាន សុខាភិបាល ក្នុងរាជធានីភ្នំពេញ មានចំនួន ១.៨៤៦នាក់។ នេះគឺជាការលើកឡើងរបស់ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ការថ្លែងបែបនេះបានធ្វើឡើងកាលព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីភាពក្នុងទិវាអន្តរជាតិប្រយុទ្ធនឹងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀនជាង៤៧៧គីឡូក្រាម ដែលបង្ក្រាបបានពីរាជធានី-ខេត្តចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

លោក កែ គឹមយ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងរយៈពេលដើម ៥ខែនេះ យើងបានធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូល-ចេញពីមណ្ឌលរបស់រដ្ឋ និងឯកជនសរុបចំនួន ២.៥៣៣នាក់, អ្នកកំពុងស្នាក់នៅបន្តព្យាបាលក្នុងមណ្ឌលមានចំនួន ៣.៩៦៨នាក់ និងអ្នកដែលកំពុងទទួលយកសេវាព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ក្នុងរាជធានីភ្នំពេញ មានចំនួន ១.៨៤៦នាក់»។

យោងតាម​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា កម្ពុជា​មាន​មណ្ឌល​បណ្តោះអាសន្ន​សម្រាប់​ព្យាបាល និង​បន្សាប​គ្រឿងញៀន​ចំនួន​ ១៧ ​កន្លែង​នៅ​ទូទាំង​ប្រទេស​ក្នុង​នោះ​មាន​ ១០ ​កន្លែង​ជា​របស់​រដ្ឋ ៣ ​កន្លែង​ជា​របស់​ឯកជន និង ​៤ ​ជា​របស់​អង្គការ​។ ប៉ុន្តែ​សេវា​សម្រាប់​ពិនិត្យ​ព្យាបាល​ផ្លូវចិត្ត និង​ភាពញៀន​គ្រឿងញៀន​មាន​ចំនួន​ ៤៥១ ​កន្លែង​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ទូទាំងប្រទេស។

 ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ទោះបីកម្ពុជាមានបញ្ហាវិបត្តិជំងឺកូវីដ-១៩ក្តី ក្នុងរយៈពេល ៥ខែនេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយ អប់រំ គ្របដណ្តប់អ្នកបានទទួលសារចំនួនជាង ២លាន ១សែននាក់។ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បាននិងកំពុងនៅបន្តរាលត្បាតនោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែបន្តពង្រឹងនូវការអនុវត្តនូវទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗរបស់ខ្លួនឱ្យកាន់ តែសកម្ម និងផុលផុសថែមទៀត ពិសេសគឺការអនុវត្តនូវផែនការជាតិ ០៥ឆ្នាំ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន (២០១៨-២០២៣)។

ទាក់ទិនទៅនឹងបញ្ហានេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០កន្លងទៅស្ថាប័នអន្តរជាតិចំនួន១៣បានធ្វើសេចក្តីថ្លែងការណ៍ស្នើឲ្យបិទមណ្ឌលកែប្រែអ្នកញៀនថ្នាំដើម្បីជាការការពារកុំឲ្យមានការប្រឈមនឹងការឆ្លងនៃជំងឺកូវីត១៩ និងការរំលោភសិទ្ធិរបស់អ្នកដែលស្ថិតនៅក្នុងមណ្ឌលកែប្រែអ្នកញៀនថ្នាំ។ នៅក្នុងធ្វើការដាក់សង្កត់ធ្ងន់ថា អ្នក​ដែល​ស្ថិត​នៅ​មណ្ឌល​ឃុំឃាំង និង​ស្ដារ​នីតិសម្បទា អ្នក​គ្រឿងញៀន​គឺជា​ក្រុម​មាន​ហានិភ័យ​ក្នុង​ការឆ្លង​វីរុសដ៏កំណាចមួយ​នេះ​។ នៅក្នុងសេចក្តីថ្លែងការណ៍នេះបានដាក់ញាត្តិថា​ ក្នុង​គ្រាអាសន្ន​ផ្នែក​សុខភាព​សកល​នេះ ស្ថាប័ន​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ជាថ្មី​ដល់​រដ្ឋ​សមាជិក​នានា​ដែល​ប្រតិបត្តិការ​មណ្ឌល​ឃុំឃាំង និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ជា​កំហិត​សូម​ឲ្យ​បិទ​ទីតាំង​ទាំងនោះ​ដោយ​គ្មាន​ការពន្យារពេល​តទៅទៀត ដើម្បី​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ជា​វិធានការ​បន្ថែម​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ទប់ស្កាត់​ការឃុំឃាំង​តាម​គ្រប់​រូបភាព ហើយពួកគេ​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋ​សមាជិក​នានា​ក្នុង​ការបិទ​មណ្ឌល​ទាំងនេះ​ជា​អចិន្រៃ្តយ៍ និង​ប្រែក្លាយ​វា​ឲ្យ​ទៅជា​ប្រព័ន្ធ​ភ័ស្តុតាង​ដែល​មាន​ព័ត៌មាន​គ្រប់គ្រាន់​នៃ​ការព្យាបាល​តាម​សហគមន៍​តាម​គោលការណ៍​ស្ម័គ្រចិត្ត​។

តែយ៉ាងណានាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបង្ហើបប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៣ ខែមិថុនាថា កម្ពុជានៅកំពុងពិចារណាទៅលើបញ្ហានេះ ហើយព្យាយាមដោះស្រាយ និងការពារទៅតាមរបៀបបែបបទផ្សេងទៀត។  

—-សំលេង——-

ទោះបីជាបែបនេះក្តី លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានអះអាងថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឆ្នាំ២០២០ ការបន្តដំណើរការលុបបំបាត់ឱ្យបានទាំងស្រុងនូវការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីកន្លែងកម្សាន្តសប្បាយ ការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឱ្យជំងឺកូវីដ-១៩ ឆ្លងរាលត្បាតចូលទៅក្នុងមជ្ឈមណ្ឌលព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងពន្ធនាគារ, ការចូលរួមកសាងភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមព្រំដែន, ការបន្តចូលរួមសហការជាមួយប្រទេសជាប់ព្រំដែន ប្រទេសក្នុងតំបន់ អង្គការជាតិ អន្តរជាតិ ជាដៃគូក្នុងគោលបំណងប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ស្របទៅតាមបរិបទនៃការឆ្លងរាលត្បាតជាសកលនៃជំងឺកូវីដ-១៩។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាដែលបានខិតខំប្រឹងប្រែងក្នុងពេលកន្លង មកនេះ ទាំងលើការងារផ្សព្វផ្សាយអប់រំ, ការងារអនុវត្តច្បាប់, ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការរៀបចំ និងចាត់ចែងមូលនិធិជាតិ សម្រាប់ការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន, ការចលនាឱ្យមានការចូលរួម និងគាំទ្រពីវិស័យឯកជនការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិជា មួយប្រទេសក្នុងតំបន់ និងអន្តរជាតិ ការកំពុងដំណើរការលុបបំបាត់ឱ្យបានទាំងស្រុងនូវការចែកចាយជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមទីកន្លែងកម្សាន្តសប្បាយដែលទាំងនេះ គឺជាលទ្ធផល និងសកម្មភាពឆ្លើយតបដែលយើងបាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

ជាមួយគ្នានេះលោក កែ គឹមយ៉ាន ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា ចូលរួមរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីចូលរួមលុបបំបាត់ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿង ជាពិសេសសូមកុំខ្លាចចំពោះការរាយការណ៍បទល្មើសគ្រឿងញៀនឱ្យសោះ ដើម្បីជាសំណាញរួមគ្នាបង្ក្រាប ទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានផងដែរ៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image