en     km
en     km

អ្នកនាំពាក្យCPPចាត់ទុកលោកសមរង្ស៊ីថាលាបពណ៌ សម្ដេច ហ៊ុន​ សែន ករណីខ្លាចលោកកឹមសុខាគ្រោះថ្នាក់

Share

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បង្ហាញការព្រួយបារម្ភចំពោះសុវត្តិភាពលោក កឹម​ សុខា ថាអាចគ្រោះថ្នាក់គ្រប់រូបភាព ដែលថាប្រសិនបើមានគ្រោះថ្នាក់ណាមួយចំពោះលោក កឹ​ម សុខា នោះរាជរដា្ឋភិបាលកម្ពុជា ជាអ្នកពាក់ព័ន្ធ។ តែសម្រាប់លោក សុខ ឥសាន្តអ្នកនាំពាក្យបក្សកាន់អំណាច មិនមានការចាប់អារម្មណ៍លើការបញ្ចេញមតិរបស់លោក សម រង្ស៊ីឡើយ ព្រោះវាជាវប្បធម៌លាបពណ៌របស់អតីតមេបក្សប្រឆាំងរូបនេះ។

លោក សោម លាភ រាយការណ៍ !

 

បន្ទាប់ពីទទួលដំណឹងថា លោក កឹម សុខា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន លោក សម រង្ស៊ី និងមន្ត្រីអតីតគណបក្សនេះ ក៏ដូចជាអ្នកគាំទ្រ បានសាទរចំពោះចំណាត់ការនេះ។

តាមរយៈការដោះលែងលោក កឹម​ សុខា ឱ្យនៅក្រៅឃុំពីពន្ធនាគារត្រពាំងផ្លុង មកឃុំខ្លួនក្នុងផ្ទះ ដោយស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការមួយចំនួន ធ្វើឱ្យមានការព្រួយបារម្ភអំពីសុវត្តិភាពអតីតប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយហើយនេះ។

បន្ទាប់ពីនាំខ្លួនលោកកឹមសុខា មកឃុំក្នុងផ្ទះ បាននាំអោយមានការចោទសួរអំពីសុខភាពរបស់អ្នកនយោបាយបក្សប្រឆាំងរូបនេះដោយផ្ដើមមានការសាសងគ្នារវាងមេដឹកនាំបក្សកាន់អំណាច និងលោកសមរង្ស៊ីអតីតប្រធានលោកកឹមសុខា។  

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាសម្ដេចបានចាត់កម្លាំងឱ្យការពារសុវត្តិភាពតាមការស្នើរបស់លោក កឹម សុខា។

សម្ដេច ស ខេង ធានាការពារសុវត្តិភាពចំពោះលោក កឹម សុខា បានធ្វើឱ្យ លោក សម រង្ស៊ីបានបង្ហាញគំនិតនៃការព្រួយបារម្ភពីសុវត្តិភាពលោក កឹម សុខាកាន់តែខ្លាំង។ លោក សម រងស្ស៊ីថា លោក កឹម សុខា អាចនឹងមិនមានសុវត្តិភាពក្រោមការការពារពី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះឡើយ។

លោក សម រង្ស៊ី រំលឹកពីការវាយប្រហារដោយគ្រាប់បែកមើលរូបលោក និងបាតុករ កាលពីថ្ងៃទី ៣០មីនា ឆ្នាំ ១៩៩៧ ក៏លោកទទួលបានការធានាពីរដ្ឋមន្ត្រីមហាផ្ទៃរូបនេះដែរ។

ដោយបារម្ភពីសុវត្តិភាពលោក កឹម សុខា​ លោក សម រង្ស៊ី បានបញ្ចេញលិខិតមួយកាលពីម្សិលមិញ។

លិខិតរបស់អតីតប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានបង្ហាញជាសាធារណៈ ក្រោមចំណងជើងថា «លោក កឹម សុខា ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត»។

ក្នុងលិខិតនោះ បញ្ជាក់ថា លោក កឹម សុខា កំពុងតែទទួលរងការវាយប្រហារតាមរយៈផ្លូវកាយ ផ្លូវចិត្ត រួមទាំងផ្លូវងងឹត ពីនាយករដ្ឋមន្រ្តីកម្ពុជា។

លោក សម រង្ស៊ី សង្កត់ធ្ងន់ទៅលើតុលាការកម្ពុជា​ ថាមិនអាចរកភស្តុតាងបញ្ជាក់ថាលោក កឹម សុខា ពិតជាប្រព្រឹត្តបទល្មើសនោះទេ។ ដោយហេតុថា តុលាការរកភស្តុតាងមិនបានដូច្នេះ សម្ដេចហ៊ុន សែន អាចនឹងមានគំនិតសម្លាប់លោក កឹម សុខាវិញ ដោយរូបភាពជាគ្រោះថ្នាក់ផ្សេងៗ។

អតីតប្រធានគណបក្សប្រឆាំងរូបនេះ ដែលកំពុងតែធ្វើនយោយនៅបរទេស បានបា្រប់ទៅពិភពលោកថា ប្រសិន លោក កឹម សុខា មានគ្រោះថា្នក់ណាមួយ ត្រូវចាត់ទុកថា នាយករដ្ឋមន្រ្តី កម្ពុជាជាអ្នកពាក់ព័ន្ធ។

បញ្ហាការចោទរបស់លោកសម វិទ្យុស្ត្រីមិនអាចទាក់ទងលោក ខៀវ សុភក្ត្រអ្នកនាំពាក្យក្រសួង​មហាផ្ទៃបានទេនៅថ្ងៃនេះ ដោយសារមិនមានការឆ្លើយតប។

យ៉ាងណាក្ដី សារលិខិតរបស់លោកសមរង្ស៊ី គឺជាអំពើពុសពុលមួយ សម្រាប់សម្ដេចនាយករដ្ឋមន្ត្រី។ នេះបើតាម លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ២១ កញ្ញា។ លោកសុខឥសាន្តសម្ដែងការហួសចិត្តចំពោះការចោទប្រកាន់មកលើ សម្ដេច​នាយករដ្ឋមន្ត្រី ដែលថា បក្សកាន់អំណាចមិនអាចទួលយកបានឡើយ។

លោក បញ្ចាក់ថា អ្វីដែលលោកសម រង្ស៊ីលើកឡើងនេះវាគ្រាន់តែជាការលាបពណ៌ដែលអតីតមេបក្សប្រឆាំងនេះតែងតែជ្រើសរើសការផ្លូវនេះបង្ខូចកេរ្តិ៍ឈ្មោះ បក្សកាន់អំណាចនិង សម្ដេចខនាយករដ្ឋមន្ត្រី។ តែយ៉ាងណា អ្នកនាំពាក្យរូបនេះបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមិនមានការចាប់អារម្មណ៍ច្រើនទេចំពោះការបញ្ចេញមតិរបស់លោក​ សម រង្ស៊ី។

លោក សុខ ឥសាន្ត ៖«រឿងអីដែលមានបញ្ហាគាត់ដាក់បន្ទុកទៅអ្នកដទៃ គាត់គេចយករួចខ្លួនតែតាមពិតជាទង្វើរបស់គាត់កន្លងទៅ អាហ្នឹងហើយដែលជាយកវប្បធម៌លាបពណ៌យកមកអនុវត្តន៍តាំងពីដើមទីរហូតមកដល់ពេលនេះ។ អ៊ីចឹងវាមិនមានរឿងអីចំលែកដែលទណ្ឌិត សម រង្ស៊ី និយាយគួរឱ្យយើងចាប់អារម្មណ៍នោះទេបាទ!»។

លោក សុខ ឥសាន្តបន្ថែមទៀតថា សមត្តកិច្ចបានការពារសុវត្តិភាពរបស់លោក កឹម សុខា តាមការស្នើពីលោក កឹម សុខាបានម៉ត់ចត់ហើយ។ទោះចង់ឬមិនចង់ លោក សម រង្ស៊ីថា រាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើគ្រប់មធ្យបាយទាំងអស់ ដើម្បីដោះលែងលោក កឹម សុខា នៅពេលនេះតែម្ដង។

ជាថ្មីម្ដងទៀត សម្ដេច ហ៊ុន សែន បានថ្លែងថា លោក កឹម សុខា មិនទាន់រួចពីទោសទេ។ សម្ដេចថ្លែងថា គ្មានថ្ងៃដោះលែងលោក កឹម សុខានោះទេ ព្រោះករណីនេះជាករណីក្បត់ជាតិ។ សម្ដេចថា កម្ពុជារដ្ឋអធិបតេយ្យ ដែលមិនឱនក្បាលទៅតាមការគាបសង្កត់ពីសំណាក់ អ្នកនយោបាយបក្សប្រឆាំងឬ សហគមន៍អន្តរជាតិឡើយ៕

 

 

 

 

Share

Image
Image
Image