en     km
en     km

​សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ពី​ទីតាំង​កម្មវិធី​កម្សាន្ដ​​មួយ​ចំនួន​ក្នុងពិធី​បុណ្យអុំទូក​

Share

ភ្នំពេញ៖ លោក មេត​ មាសភក្ដី អ្នកនាំពាក្យសារាជធានីភ្នំពេញឱ្យដឹងថា នៅថ្ងៃបុណ្យអុំទូក ថ្ងៃទី ២ ដល់ថ្ងៃទី ០៤ វិច្ឆកា ខាងមុខនេះ នឹងមានការប្រគុំតន្រ្ដី ការសម្ដែងសិល្បៈ និងការតាំងពិព័រណ៍ ការបណ្ដែតប្រទីប ការបង្ហោះគោម រួមទាំងការដាក់បង្ហាញជាសាធារណៈ នូររបៀបរបប និងប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរក្នុងថ្ងៃបុណ្យអុំទូក នៅតាមទីតាំងកម្សាន្ដសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ។

ផ្ដល់បទសម្ភាសន៍ដល់វិទ្យុស្រ្ដី Fm102 នៅថ្ងៃទី២២ ខែតុលា នេះ លោក មេត មាសភក្ដី ឱ្យដឹងបន្ថែមថា ទីតាំងសំខាន់មួយចំនួននៅរាជធានីភ្នំពេញ មានដូចជា នៅម្ដុំកោះពេជ្រ មុខវត្តបទុមវត្តី សួនកាណាឌីយ៉ា រមណីយដ្ឋានវត្តភ្នំ ទីលានប្រជាធិប តេយ្យ និងនៅតាមដងទន្លេចតុមុខនឹងក្លាយជាកន្លែងកម្សាន្ដ ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង អកអំបុកសំពះព្រះខែ ឆ្នាំ២០១៧នេះ។

លោក មេត​ មាសភក្ដី ៖«យើងមានការប្រគុំតន្រ្ដី ហើយដោយឡែកនៅតាមការប្រគុំតន្រ្ដីនិមួយៗគឺមានស្ដង់លក់ទំនិញ ផលិតផលផ្សេងៗចម្រុះគ្នា ធ្វើយ៉ាងណាអាចអោយបងប្អូនប្រជាពលរដ្ឋយើង បានដើរទស្សនាកម្សាន្ដសប្បាយជាមួយនឹងការប្រគុំតន្រ្ដីផង និងការដើរទិញទំនិញតាមចំណង់ចំណូលចិត្ដរបស់ពួកគាតផងដែរ »

តាម លោក មេត មាសភក្ដី ក្រៅពីការប្រគុំតន្រ្ដី និងការដាក់បង្ហាញជាសាធារណៈនូវ របៀបរបប និងប្រពៃណីទំនៀមទម្លាប់ នៅថ្ងៃបុណ្យអុំទូកនេះ ក៏នៅមានការតាំងពិព័រណ៍ និងលក់ផលិតផលមួយចំនួននៅតាមស្ដង់ក្រុមហ៊ុនឯកជន នៅតាមទីតាំងកម្សាន្ដខាងលើផងដែរ។

កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ផ្អាក​ការ​រៀបចំ​ពិធីបុណ្យ​អុំទូក​រយៈពេល​ ៣​ឆ្នាំ​ជាប់ៗ​គ្នា​ កាលពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៣​។​ ការ​ផ្អាក​បុណ្យអុំទូក​ កាលពី​ឆ្នាំ ​២០១១​ ដោយសារ​តែ​ទឹកធំ​ជន់​លិច​គ្រប់​បណ្តា​ខេត្ត​ ខណៈ​ដែល​ឆ្នាំ​២០១២​ ប្រទេស​កម្ពុជា​ ទាំងមូល​ត្រូវ​កាន់ទុក្ខ​អតីត​ព្រះមហាក្សត្រ​ សម្តេច​តា​ សោយ​ទិវង្គត​ ហើយ​ឆ្នាំ​២០១៣​ បុណ្យ​ អុំទូក​ នៅ​ភ្នំពេញ​ ក៏​ត្រូវ​ផ្អាក​ដែរ​ ដោយសារ​តែ​ស្ថានភាព​នយោបាយ​ នៅ​មាន​ភាព​វឹកវរ​ ក្រោយ​ការ​បោះ​ឆ្នោត​។​

ជាមួយគ្នានេះ កាលពី​ឆ្នាំ​២០១៤​ កន្លងទៅ​ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​ឲ្យ​មាន​ពិធី​ប្រណាំង​ទូកង​ឡើង​វិញ​ ប៉ុន្ដែនៅ​ឆ្នាំ​២០ ១៥ ​រាជរដ្ឋាភិបាលក៏​បាន​ផ្អាក​ការ​ ប្រណាំងទូក​នេះ​ម្ដងទៀត​ ដោយ​ផ្អែក​លើ​គ្រោះ​រាំង​ស្ងួត​។យ៉ាងណាក៏ដោយពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅឆ្នាំ២០១៦ ២០១៧ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យមានពិធីប្រណាំងទូកងនេះឡើងវិញ៕

 

Share

Image
Image
Image