en     km
en     km

អ្នកជំនាញ​ដោះ​មីន​កម្ពុជា​ក្រុម​ទី​១​ បាន​ចេញ​ទៅ​អ៊ី​ស្រា​អ៊ែ​លហើយ🔊​

Share

ភ្នំពេញ៖ ក្រុមទី១ នៃក្រុមអ្នកបច្ចេកទេសដោះមីនកម្ពុជាសរុបចំនួន២៣នាក់ បានចាកចេញទៅកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះ។ កម្ពុជាត្រូវបញ្ជូនក្រុមអ្នកដោះមីន ជាលើកដំបូងទៅកាន់តំបន់មជ្ឈឹមបូព៌ានេះ។

ស្តាប់សំឡេង៖

cmac
ប្រភពរូបភាពពី Facebook page លោក ហេង រតនា

អ្នកជំនាញដោះមីនកម្ពុជាក្រុមទី១ បានចេញដំណើរទៅបំពេញបេសកកម្ម គាំទ្របច្ចេកទេសបោសសំអាតគ្រាប់មីននៅប្រទេសអ៊ីស្រាអ៊ែលហើយកាលពីព្រឹកថ្ងៃទី០៥ ខែមេសា នេះ។ ក្រុមទី១នេះ មានសមាជិកសរុបចំនួន ១០នាក់និងសត្វឆ្កែ ឬសុនខសំរាប់ហិតរាវមីនចំនួនប្រាំមួយក្បាល។
នាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ហៅកាត់ថា CMAC លោក ហេង រតនា បានឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ ដឹងថា ក្រុមទី១នេះ ជាផ្នែកមួយ នៃក្រុមអ្នកបច្ចេកទេសដោះមីនសរុបចំនួន ២៣នាក់ និងសត្វឆ្កែរាវរកមីនចំនួន ១២ក្បាលដែលត្រូវបំពេញបេសកម្មជំនួយដោះមីននៅប្រទេសអ៊ីស្រាអ៊ែល ដែលជាប្រទេសជឿនលឿនផ្នែកបច្ចេកវិទ្យាមួយនៅតំបន់មជ្ឈឹមបូព៌ា។
លោកហេង រតនា បញ្ជាក់ថាក្រុមអ្នកដោះមីនកម្ពុជា នឹងត្រូវចេញដំណើរទៅកាន់ប្រទេសអ៊ីស្រាអ៊ែលជាពីរដំណាក់កាល។ «ទាំងអស់មានបីក្រុម ប៉ុន្ដែយើងចែកចេញធ្វើដំណើរជាពីរក្រុម ហើយក្រុមលើកក្រោយ ១៣នាក់ បូកនឹងសុនខ ៦ក្បាលថែមទៀត។»
ក្រុមទី២ នៃអ្នកជំនាញដោះមីនកម្ពុជា នឹងត្រូវចេញដំណើរទៅនៅថ្ងៃទីសៅរ៍ ទី០៨ មេសា ចុងសប្ដាហ៍នេះ។ យោងតាមលោកហេង រតនា ប្រទេសអ៊ីស្រាអ៊ែល បានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំជំនួយផ្នែកបច្ចេកទេសដោះមីនដើម្បីបោសសំអាតគ្រាប់មីននៅតំបន់ដែលអ៊ីស្រាអ៊ែល បានបង្កប់ខ្លួនឯងខណៈប្រទេសកំពុងមានសង្គ្រាម ក្នុងគោលបំណងការពារ ការឈ្លានពានពីបរទេស។ តំបន់ដែលក្រុមអ្នកជំនាញដោះមីនកម្ពុជា ត្រូវទៅធ្វើប្រតិបត្ដិការនាពេលនេះ គឺតំបន់ Tamar និង Ein Yahav ដែលជាតំបន់មានការអភិវឌ្ឍខ្លាំងខាងវិស័យកសិកម្ម។
កន្លងមក កម្ពុជាធ្លាប់បានបញ្ជូនក្រុមអ្នកជំនាញដោះមីនទៅប្រទេសមួយចំនួន ក្រោមកិច្ចហប្រតិបត្ដិការបច្ចេកទេស ប៉ុន្ដែមិនមែនទៅក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិនោះទេ ដែលមានដូចជា ប្រទេសកូឡំប៊ី អង់កូឡា មូហ្សឹមប៊ិច នឹង អ៊ីរ៉ាក់។ យ៉ាងណាលោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា អះអាងថា ការបញ្ជូនក្រុមជំនាញដោះមីនកម្ពុជា ទៅប្រទេសអ៊ីស្រាអ៊ែលនាពេលនេះ គឺជាការបង្ហាញពីសមត្ថភាពខ្ពស់របស់ក្រុមបោសសំអាតមីនកម្ពុជា៕

Share

Image
Image
Image