en     km
en     km

អ្នកជំនាញ​កិច្ចការ​បោះ​ឆ្នោត​៖​ស្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​ជាង​បុរស​ជា​ការ​លើកកម្ពស់​យ៉ែ​ន​ឌ័​រ​

Share

​ភ្នំពេញ​៖​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បាន​បង្ហាញ​ថា​ស្ត្រី​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​ជាង​បុរស​រហូត​ជិត​៦​សែន​នាក់​ក្នុង​ចំណោម​ប្រជាជន​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ជិត​១០​លាន​នាក់​។​ អ្នកជំនាញ​កិច្ចការ​បោះ​ឆ្នោត​ថា​ជា​ការ​លើកកម្ពស់​យ៉ែ​ន​ឌ័​រ​ក្នុង​សង្គម​។​

 

តាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ប្រជាពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ដំណាក់កាល​ទី​២​នេះ​ ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី​៩​វិច្ឆិកា​ ហើយ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ នៅ​ថ្ងៃ​ពុធ​ទី​១៣​ ខែធ្នូ​នេះ​ មើលឃើញ​ថា​ ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​១៨​ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​ជិត​១០​លាន​នាក់​។​ ក្នុង​នោះ​ពលរដ្ឋ​ចុះ​ឈ្មោះ​ ជាង​៨​លាន​៣​សែន​នាក់​ ដែល​ស្ត្រី​ចុះ​ឈ្មោះ​មាន​ជាង​៤​លាន​៤​សែន​នាក់​។​ចំនួន​នេះ​នាំ​ឱ្យ​ស្ត្រី​បាន​ចុះ​ឈ្មោះ​ឆ្នោត​ច្រើន​ជាង​បុរស​ជិត​៦០​ម៉ឺន​នាក់​។​

​លោក​ កន​ សាវា​ង្ស​ ម​ន្រី្ត​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​ចំនួន​ស្រី្ត​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​ជាង​បុរស​មក​ពី​មនុស្ស​ប្រុស​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ច្រើន​។​ម្យ៉ាង​ដង់ស៊ីតេ​ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​។​

«​ជា​ការ​ពិត​បើ​យើង​គិត​អំពី​ចំនួន​ដង់ស៊ីតេ​ស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​។​បើ​យើង​មើល​នៅ​ក្នុង​មូលដ្ឋាន​ភាគច្រើន​បុរស​មាន​កម្លាំង​ភាគច្រើន​លោក​ចេញ​ទៅ​ធ្វើការ​នៅ​ខាងក្រៅ​ហើយ​អ​ញ្ចឹ​ង​ទៅ​នៅ​ក្នុង​មូលដ្ឋាន​ភាព​ច្រើន​ជា​ស្ត្រី​វ័យ​ចំណាស់​និង​ស្ត្រី​មានគ្រួសារ​ស្នាក់​នៅផ្ទះ​។​»

​លោក​ កន​ សាវា​ង្ស​ ជឿ​ថា​ស្រី្ត​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន​នឹង​ជួយ​លើកកម្ពស់​សមភាព​យ៉ែ​ន​ឌ័​រ​ក្នុង​វិស័យ​នយោបាយ​។​

​ប្រទេស​កម្ពុជា​នឹង​មាន​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​ ២០១៨​។​

​ទាក់ទង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ​ គ​.​ជ​.​ប​ បាន​ជូនដំណឹង​ពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៦​និង​ឆ្នាំ​២០១៧​នេះ​អញ្ជើញ​ទៅ​ពិនិត្យ​ឈ្មោះ​និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​នៅ​ក្នុង​ឃុំ​សង្កាត់​នានា​ទៅ​ទាំង​ប្រទេស​ឬ​ប្រជាពលរដ្ឋ​អាច​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្នុង​គេហទំព័រ​គ​.​ជ​.​ប​ដែល​នឹង​ចាប់ផ្ដើម​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៧​នេះ​។​

​ជាមួយ​គ្នា​នេះ​ គ​.​ជ​.​ប ​នឹង​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​និង​បញ្ជី​ឈ្មោះ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​តាម​ឃុំ​សង្កាត់​ចាប់ពី​ថ្ងៃ​ទី​ ១៤​ ដល់​ថ្ងៃ​ទី​ ២៤​ ខែធ្នូ​នេះ​៕

Share

Image
Image
Image