en     km
en     km

អ្នកជំនាញថា ភ្លៀងខ្លាំងប៉ុន្មានថ្ងៃមកនេះ មិនបានធ្វើអោយស្រូវរបស់កសិករខូចខាតទេ(មានសំឡេង)

Share

ភ្នំពេញ៖ ខណៈភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនឃើញថាមានជំនន់ទឹកភ្លៀង  ប៉ុន្ដែឥទ្ធិពលនៃទឹកភ្លៀងទាំងនោះមិនបានធ្វើអោយដំណាំស្រូវរបស់កសិករជួបគ្រោះមហន្តរាយអ្វីទេ។ នេះបើតាមការលើកឡើងពីមន្រ្ដីជំនាញ និងពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តមួយចំនួនបានផ្ដល់បទសម្ភាសឱ្យវិទ្យុស្រ្ដីនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៧នេះ ។ កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!

 

អ្នកនាំពាក្យគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក កែវ វី បានឱ្យវិទ្យុស្រ្ដី FM 102 ដឹងនៅថ្ងៃនេះថា រាជធានីភ្នំពេញដែលបានទទួលរងឥទ្ធិពលពីទឹកភ្លៀង ១សប្ដាហ៍ជាប់ៗគ្នា និងនៅខេត្តមួយចំនួនមានការជន់លិចក្ដីតែបញ្ហាទាំងនេះ មិនបានធ្វើអោយប៉ះពាល់ខ្លាំងចំពោះការធ្វើស្រែចំការរបស់ប្រជាកសិករនោះទេ។

លោក កែវ វី ៖«បញ្ហាជំនន់ទឹកភ្លៀងវាអត់សូវមានប៉ះពាល់ច្រើនទេក្នុងរយៈពេលថ្មីៗនេះ វាប៉ះពាល់តែដំណាច់ ខែកក្កដា ដែលថា វាមានប៉ះពាល់នៅក្នុងខេត្តខ្ពស់រាបភាគខាងជើង។ ​ប៉ុន្ដែនៅក្នុងពេលនេះ វាគ្រាន់តែមានការលិចរយៈពេលខ្លី វាមិនធ្វើអោយដំណាំកសិកម្មរងផលប៉ះពាល់ច្រើនទេ »។

តាមលោក កែវ វី ដដែល ភាពអំណោយផលនៃទឹកភ្លៀងធ្វើអោយដំណាំស្រូវរបស់កសិកទទួលបានលទ្ធផលល្អ និងលើសពីការរំពឹងទុក។ បន្ថែមលើនេះ ទិន្នផលមធ្យមក៏អាចនឹងកើតឡើងនៅតាមផ្ទៃដីកសិកម្មនៅឆ្នាំនេះផងដែរ។

លោក កែវ វី៖«ឥលូវនេះការងារបង្ករបង្កើនផលយើងអនុវត្តបានលើសផែនការ តាមឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្មលោកប្រកាសថ្ងៃមុន គឺថា បាន ១១០ភាគរយនៃផែនការ ហើយឆ្នាំនេះ​ ភាពអំណោយផលនៃទឹកភ្លៀងធ្វើអោយដំណាំកសិកម្មរបស់យើងទទួលបានលទ្ធផលល្អ ទោះបីយើងបានជួបនិងការខ្វះខាតទឹកនៅតាមកន្លែងមួយចំនួន ហើយនិងជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តមួយចំនួនក្ដី ប៉ុន្ដែវាមិនបង្កលក្ខណៈអោយមានការប្រឈមខ្លាំងទៅលើការងារបង្ករបង្កើនផលទេ»។

ទន្ទឹមនឹងនេះដែរ អ្នកជំនាញកសិកម្មលោក សម វិទូ ប្រធានអង្គការសេដាកបានឱ្យវិទ្យុស្រ្ដីដឹងដែរថា  តាមការងារដែលលោកបានធ្វើការជាមួយកសិករនៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តតាកែវ  ខេត្តព្រៃវែង ខេត្ដកំពត និងខេត្តកំពង់ស្ពឺ មិនបានខូចខាត ឬលិចលង់ដោយសារជំនន់ទឹកភ្លៀងនោះទេ។

លោក សម វិទូ ៖« កំពត កំពង់ស្ពឺ ឬក៏អីដែលពួកយើងធ្វើការទាក់ទងនឹងស្រូវ  គឺអត់ទាន់មានឃើញប៉ះពាល់អីទេ »។

បើតាម លោក សម វិទូ ភ្លៀងដែលមិនជន់លិចដោយសារតែតំបន់ទាំនោះ មានលំហូរក្នុងការរំដោះទឹកទាន់សភាពការណ៍។

ក្រៅពីអ្នកជំនាញកសិកម្មដែរនោះ អ្នកស្រី សំ សារ៉ន ពលរដ្ឋនៅក្នុងខេត្តតាកែវលើកឡើងដែរថា ដីស្រែរបស់គាត់ដែលមានជាង ១ហិកតា ហាក់ដូចជាទាញបានប្រយោជន៍ពីទឹកភ្លៀងនេះទៅវិញ ខណៈតំបន់មួយចំនួនមានការជន់លិចដោយទឹកភ្លៀង។ 

អ្នកស្រី សំ សារ៉ន ៖« លូតលាស់  អត់មានបញ្ហាអីទេ មួយរយៈមុនរាំងដែរ តែមានភ្លៀងក្រោយភ្ជុំនេះ ស្រូវអត់មានបញ្ហាអីទេ »។

ផ្ទុយពីពលរដ្ឋខាងលើនេះដែរ  ពលរដ្ឋមួយរូបទៀតនៅខេត្តកំពង់ធំ គឺ លោក សុខ ឡាក់  ។លោកថា  លោកហាក់ដូចជាមិនទទួលបានប្រយោជន៍ពីទឹកភ្លៀងដែលធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះទេ។

លោក សុខ ឡាក់ ៖« ធ្វើស្រូវវស្សាមួយរយៈនេះ វាមិនសូវលូតល្អដែរទេ ពីព្រោះមកពីដីសើមពេក »។

របាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម គិតត្រឹមថ្ងៃទី​ ១៥ ខែកក្កដា ឱ្យដឹងថា ការបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេស សម្រេចបានជាង ១លាន៧សែនហិកតា ខណៈដែលក្រសួងបានដាក់ផែនការបង្កបង្កើនផលជិត ២លាន ៥សែន ហិកតា ក្នុងឆ្នាំ ២០១៧។

ក្រសួងបានបញ្ជាក់ថា ខេត្តដែលបង្កបង្កើនផលបានច្រើនជាងគេ គឺខេត្តបន្ទាយមានជ័យ បានជាង២០ម៉ឺនហិកតា ហើយខេត្តបន្ទាប់ គឺខេត្តកំពង់ធំបានជាង ១៩ម៉ឺនហិកតា។តែយ៉ាងក៏ដោយ បើតាមព័ត៌មាននៅលើគេហទំព័រហ្វេសប៊ុករបស់ក្រសួងធន ធានទឹក និងឧតុនិយមភ្លៀងធ្លាក់ខ្លាំង ២ យប់ជាប់ៗគ្នានេះ ក៏បានធ្វើឱ្យផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលរងនូវការលិចលង់។ បន្ថែមលើនេះ បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកំរិត ៥៥ មីល្លីម៉ែត្រ កាលពីយប់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ ក៏បានធ្វើឱ្យស្ថានភាពទឹកនៅតាមហេដ្ឋារចនាសម្ព័ន្ធធារា សាស្ត្រនានាក្នុងខេត្តប៉ៃលិន ហក់ឡើង និងបង្កឱ្យមានការជន់លិចនៅតំបន់ទំនាបមួយចំនួនក្នុងភូមិសាស្ត្រឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ជាមួយគ្នានេះដែរ នៅក្រុងសៀមរាប ក៏កំពុងរងការជន់លិចដោយសារទឹកភ្លៀងនេះផងដែរ៕

 

 

 

 

 

Share

Image
Image
Image