en     km
en     km

អ្នកគ្រូ​ រីករាយ​នឹង​ប្រាក់បៀវត្ស​ដើម្បី​ជួយ​ពង្រឹង​ជីវភាព​គ្រួសារ​តែ​សុំ​ឲ្យ​គ្រប់គ្រង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​

Share

​ភ្នំពេញ​ ៖​ ប៉ុន្មាន​ឆ្នាំ​បន្ដបន្ទាប់​មកនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដំឡើង​បៀវត្ស​ជូន​មន្ដ្រីរាជការ​ ដោយ​រំពឹង​ថា​ មន្ដ្រីរាជការ​នឹង​មាន​ជីវភាព​រស់នៅ​សមរម្យ​។​ ករណី​នេះ​ អ្នកគ្រូ​បង្រៀន​កម្រិត​ថ្នាក់​បឋម​ និង​អនុ​វិទ្យាល័យ​បង្ហាញ​ការ​ក្ដី​រីករាយ​ចំពោះ​បៀវត្ស​កើន​ដូចនេះ​។​ ប៉ុន្ដែ​ពួក​គាត់​យល់​ថា​ បើ​ទោះជា​បៀវត្ស​កើន​ខ្លាំង​យ៉ាងណា​ក្ដី​ ប្រសិនបើ​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​ ឡើង​តាម​បៀវត្ស​ដែរ​ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​របស់​ពួក​គាត់​នោះ​ទេ​។​ ស្ដ្រី​ ជា​គ្រូបង្រៀន​ថា​ បើ​ទោះជា​គាត់​ជា​អ្នកគ្រូ​ក៏​ដោយ​ ពួក​គាត់​ក៏​ជា​ស្ត្រី​មេផ្ទះ​ផង​ដែរ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

 

​នៅ​ដើម​ខែមេសា​ ខាង​មុខ​នេះ​គឺជា​ពេល​វា​ដែល​ប្រាប់​បៀវត្ស​របស់​មន្ដ្រីរាជការ​ នឹង​ត្រូវ​ដំឡើង​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ក្នុង​មួយ​ឆ្នាំ​ប្រាក់ខែ​របស់​មន្ដ្រីរាជការ​ ត្រូវ​ដំឡើង​ពីរ​ដង​ ដោយ​ការ​ដំឡើង​ប្រាក់បៀវត្ស​លើក​ទី​០១​ នៅ​ខែមករា​ គឺជា​ការ​ដំឡើង​អត្រាកំណើន​ ១២​ភាគរយ​ នៃ​មូលដ្ឋាន​ប្រាក់បៀវត្ស​ និង​ការ​ដំឡើង​លើក​ទី​០២​ គឺ​នៅ​ក្នុង​ខែមេសា​ មុន​ចូល​ឆ្នាំ​ខ្មែរ​ ដែល​ជា​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​។​

​អ្នកគ្រូ​ អ៊ុំ​ ច​ន្ថា​ ជា​គ្រូបង្រៀន​កម្រិត​បឋម​នៅ​សាលា​បឋម​សិក្សា​ ចំបក់​គុយ​ ឃុំ​កំពង់ចំឡង​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ដស្វាយរៀង​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ អ្នកគ្រូ​មាន​ក្ដី​រីករាយ​ចំពោះ​គោល​យោ​បាល​ដែល​បង្ហាញ​ពី​ការ​យកចិត្ដទុកដាក់​ របស់​រាជរដ្ឋាភិបាល​ចំពោះ​ជីវភាព​របស់​លោកគ្រូ​ អ្នកគ្រូ​។​ អ្នកគ្រូ​ អ៊ុំ​ ច​ន្ថា​ បន្ដ​ទៀត​ថា​ បើ​ប្រៀបធៀប​កាលពី​ប្រាក់បៀវត្ស​ដែល​អ្នកគ្រូ​ចូល​បង្រៀន​ដំបូង​ និង​ពេល​នេះ​ អ្នកគ្រូ​ទទួលស្គាល់​ថា​ តួលេខ​នៃ​ប្រាក់បៀវត្ស​គឺ​កើនឡើង​ ក៏​ប៉ុន្ដែ​ទំនិញ​ក៏​បាន​ឡើង​តាម​ពីក្រោយ​កំណើន​ប្រាក់​នេះ​ដែរ​។​ អ្នកគ្រូ​ អ៊ុំ​ ច​ន្ថា​ ៖«​ដូច​ជា​ មិន​ មិនជា​ខ្វះ​ទេ​ វា​មួយ​ល្មម​ ព្រោះ​កាលណា​ប្រាក់ខែ​ឡើង​ ទំនិញ​ក៏​ឡើងថ្លៃ​ អ​ញ្ចឹ​ង​វាស​មា​មូលគ្នា​គ្រាន់តែ​ថា​ លេខ​លុយ​វា​ឡើង​ជាង​មុន​»​។​

​អ្នកគ្រូ​ វ័យ​ ២២​ឆ្នាំ​ រូប​នេះ​ មាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​សុំ​ឲ្យ​គ្រប់គ្រង​ តម្លៃ​ទំនិញ​លើ​ទីផ្សារ​កុំ​ឲ្យ​ឡើង​ ស្រប​ពេល​ដែល​ប្រាក់ខែ​របស់​មន្ដ្រីរាជការ​ត្រូវ​បាន​ដំឡើង​។​ អ្នកគ្រូ​ ច​ន្ថា​ បញ្ជាក់​ប្រសិនបើ​ប្រាក់បៀវត្ស​រាជរដ្ឋាភិបាល​ប្រឹង​ដំឡើង​ ប៉ុន្ដែ​ការ​ចំណាយ​សម្រាប់​ទំនិញ​លើ​ទីផ្សារ​ក៏​កើន​ដែរ​នោះ​ អ្នកគ្រូ​គិត​ថា​ បើ​ទោះជា​ប្រឹង​ដំឡើង​ច្រើន​ប៉ុណ្ណា​ក៏​មិន​អាច​ជួយ​ឲ្យ​ជីវភាព​របស់​លោកគ្រូ​ អ្នកគ្រូ​បាន​ល្អ​នោះ​ដែរ​។​

​អ្នកគ្រូ​ អ៊ុំ​ ច​ន្ថា​ ៖«​ចំពោះ​សំណូមពរ​របស់ខ្ញុំ​ ប្រសិនជា​ រដ្ឋាភិបាល​ចង់​ដំឡើង​ប្រាក់ខែ​ឲ្យ​គ្រូ​ ដំឡើង​លុះត្រាតែ​គាត់​គ្រប់គ្រង​ទៅ​លើ​ថ្លៃ​ទំនិញ​ដែរ​ ប្រសិនជា​គាត់​ អត់​គ្រប់គ្រង​ទៅ​ថ្លៃ​ទំនិញ​ផង​ហ្នឹង​គាត់​ដំឡើង​ ប៉ុន្ដែ​ថ្លៃ​ទំនិញ​គេ​ដំឡើង​តាម​ហ្នឹង​ដែរ​ ហើយ​គ្រប់គ្រង​អត់​សមា​មូល​ជាមួយ​គ្នា​និង​ប្រាក់ខែ​របស់​គ្រូ​ អ​ញ្ចឹ​ង​ចាយ​ទៅ​វា​ល្មម​ដដែល​ដូច​តែ​ដូច​»​។​

​ចំពោះ​ការ​ដំឡើង​ប្រាក់បៀវត្ស​មិន​ថា​ មន្ដ្រីរាជការ​ ឬ​ក៏​បុគ្គលិក​ក្រុមហ៊ុន​ជន​នោះ​ទេ​ សុទ្ធតែ​មាន​ក្ដី​រំភើប​និង​រីករាយ​។​ តែ​ទន្ទឹម​និង​ការ​ទទួល​បាន​បៀវត្ស​កើនឡើង​នេះ​ អ្នកគ្រូ​ដែល​ចេញ​បង្រៀន​នៅ​តំបន់​ដាច់​ស្រយាល​ក៏​សង្ឃឹម​ផង​ដែរ​ ថា​ រាជរដ្ឋាភិបាល​ នឹង​មាន​កញ្ចប់​ថវិកា​ ក្នុង​ការ​ឧ​ប​ត្ថ​ម​សម្រាប់​គ្រូ​ដែល​ត្រូវ​ចេញ​ទៅ​បង្រៀន​នៅ​ស្រុក​ឆ្ងាយ​។​

​អ្នកគ្រូ​ តាត​ ស្រី​មុំ​ គ្រូបង្រៀន​កម្រិត​បឋម​ នៅ​សាលា​បឋម​សិក្សា​ បឹង​មាន់​តូ​ ស្ថិត​ក្នុងស្រុក​រតន​មណ្ឌល​ ខេត្ដ​ បាត់ដំបង​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ដែរ​ថា​ គ្រូបង្រៀន​គ្រប់​រូប​សុទ្ធតែ​មាន​មនសិការ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។​ តែ​យ៉ាង​អ្នកគ្រូ​ស្រី​ មុំ​ សំណូមពរ​ និង​សង្ឃឹមថា​ រដ្ឋាភិបាល​នឹង​បង្កើន​ការ​យកចិត្ដទុកដាក់​ កាន់តែ​ខ្លាំង​ថែម​ទៀត​ ចំពោះ​ស្ដ្រី​ ជា​គ្រូបង្រៀន​ដែល​ត្រូវ​ចេញ​ទៅ​បំពេញ​តួនាទី​របស់​ខ្លួន​នៅ​តំបន់​ព្រៃ​ភ្នំ​ ឬ​តំបន់​ដាច់​ស្រយាល​ពី​ទីក្រុង​ ខណៈ​សាលា​ដែល​អ្នកគ្រូ​កំពុង​បង្រៀន​ គឺ​មាន​តែ​អ្នកគ្រូ​ម្នាក់​ជា​ស្ដ្រី​ ទៅ​បង្រៀន​។​

​អ្នកគ្រូ​ តាត​ ស្រី​មុំ​ ៖«​ខ្ញុំ​ចង់​ឲ្យ​ជួយ​ហ្នឹង​ គឺថា​ មាន​ប្រាក់​ឧ​ប​ត្ថ​ម​ដូច​ថា​ នៅ​តាម​តំបន់​ដាច់​ស្រយាល​អ​ញ្ចឹ​ង​ពេល​ខ្លះ​ គ្រូ​ខ្លះ​មាន​តែ​ម្នាក់ឯង​អី​អ​ញ្ចឹ​ង​ គឺ​ជួយ​លើកទឹកចិត្ដ​គាត់​ ជួយ​លើកទឹកចិត្ដ​គាត់​យ៉ាងម៉េច​ ឲ្យ​លោកគ្រូ​ អ្នកគ្រូ​ ដែល​នៅ​ម្នាក់ឯងៗ​ហ្នឹង​ ឲ្យ​គាត់​មាន​គ្នា​ មិនមែន​ថា​ មាន​គ្នា​មាន​ប្ដី​ មាន​ប្រពន្ធ​អ​ញ្ចឹ​ង​អត់​ គឺ​ឧស្សាហ៍​ទៅ​មើល​គាត់​ ឧស្សាហ៍​ទៅ​សុខទុក្ខ​គាត់​។​ ដូច​ខ្ញុំ​អ​ញ្ចឹ​ង​ ខ្ញុំ​បង្រៀន​តែ​ម្នាក់ឯង​ទេ​ មួយ​សាលា​ហ្នឹង​គឺ​មាន​តែ​ខ្ញុំ​មួយ​ ហើយ​អត់​ដែល​មាន​មក​អើត​ មក​ឈ្ងោ​គ​អី​អត់​ ហើយ​ក៏​មិន​ដែល​សួរ​ថា​ អ្នកគ្រូ​ យ៉ាងម៉េច​ហើយ​ សាលា​ហ្នឹង​ខ្វះ​អី​ អត់​ដែល​សួរ​ទេ​»​។​

​ទាំងនេះ​ គឺជា​ក្ដី​កង្វល់​សម្រាប់​អ្នកគ្រូ​ តាត​ ស្រី​មុំ​ ដែល​កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​ជា​គ្រូបង្រៀន​ នៅ​តំបន់​ដែល​ស្ងប់ស្ងាត់​ និង​ពុំ​សូម​មាន​ប្រជាជន​រស់​ច្រើន​ ដូច​នៅ​ទីប្រជុំជន​។​

​តែ​យ៉ាងណា​ទាក់ទង​ នឹង​ការ​ដំឡើង​ប្រាក់បៀវត្ស​សម្រាប់​មន្ដ្រីរាជការ​នេះ​ អ្នកគ្រូ​ ប៉ែ​ត​ កញ្ញា​ វ័យ​ ២៩​ឆ្នាំ​ បង្រៀន​នៅ​អនុ​វិទ្យាល័យ​ ហ៊ុន​ សែន​ តា​ជៃ​ ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់ចំឡង​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ដស្វាយរៀង​ ហាក់​មិន​មាន​អារម្មណ៍​រីករាយ​ប៉ុន្មាន​ទេ​ ដោយ​អ្នកគ្រូ​និយាយ​ថា​ ប្រាក់បៀវត្ស​ដែល​ដំ​ឡើងជា​បន្ដបន្ទាប់​មកនេះ​ ហាក់​ប្រណាំង​ជាមួយ​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​។​ អ្នកគ្រូ​បន្ដ​ទៀត​ថា​ ប្រាក់​ដែល​បើក​មក​ប្រចាំខែ​ គឺ​គ្រាន់តែ​យក​មក​ចំណាយ​សម្រាប់​តម្រូវការ​ប្រចាំ​ថ្ងៃ​គឺ​អស់​បាត់​ទៅ​ហើយ​។​

​អ្នកគ្រូ​ ប៉ែ​ត​ កញ្ញា​ ៖«​ខ្ញុំ​សព្វថ្ងៃ​ចំណាយ​ចំណីអាហារ​សំលៀក​បំពាក់​ ចាយវាយ​ប្រចាំ​ថ្ងៃ​។​ បើ​គិត​ពី​ប្រាក់ខែ​ បើ​សួរ​ពី​ប្រាក់ខែ​ ពី​ប្រាក់ខែ​តិច​ដល់​ប្រាក់ខែ​ប៉ុណ្ណឹង​ ខ្ញុំ​យល់​ថា​ វា​ធម្មតា​ដដែល​ឲ្យ​ថា​ រំ​ភើ​ព​ថា​ ឡើង​ជាង​មុន​ ក៏​ដូច​ជា​មិន​ឡើង​ប៉ុន្មាន​ ព្រោះ​អី​ទំនិញ​លើ​ទីផ្សារ​វា​សមាមាត្រ​និង​ប្រាក់ខែ​ហ្នឹង​ដែរ​»​។​

​សំណូម​របស់​អ្នកគ្រូ​ កញ្ញា​ ក៏​មិន​ខុស​គ្នា​ពី​អ្នកគ្រូ​ ច​ន្ថា​ ដែរ​។​ អ្នកគ្រូ​ កញ្ញា​ សង្ឃឹមថា​ រដ្ឋាភិបាល​គ្រប់គ្រង​ការ​ឡើង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ឲ្យ​កាន់តែ​ប្រសើរ​ ដើម្បី​ឲ្យ​យន្ដការ​ដំឡើង​ប្រាក់បៀវត្ស​ដល់​លោកគ្រូ​អ្នកគ្រូ​នេះ​ មាន​ប្រសិទ្ធភាព​។​

​សូម​ជម្រាប​ថា​ បើ​យោង​តាម​របាយការណ៍​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ​យុ​ជន​ និង​កីឡា​ ឆ្នាំ​សិក្សា​ ២០១៦-២០១៧​ និង​ទិស​ដៅ​ឆ្នាំ​សិក្សា​ ២០១៧-២០១៨​ បាន​ឲ្យ​ដឹង​ថា​ បុគ្គលិក​អប់រំ​សរុប​នៅ​ទូ​ទាំង​ប្រទេស​ មាន​ចំនួន​ ១​សែន​ ១​ម៉ឺន​ ៩​ពាន់​ ៣៦៨​នាក់​ មាន​ស្ដ្រី​ ៥​ម៉ឺន​ ៤​ពាន់​ ៣១៣​នាក់​។​ គ្រូ​កម្រិត​ថ្នាក់​ជាតិ​ ៣​ពាន់​ ២៣៧​នាក់​ មាន​ស្ដ្រី​ ២៧,២៧​ភាគរយ​ និង​ថ្នាក់​ក្រោម​ជាតិ​ មាន​គ្រូ​ចំនួន​ ១​សែន​ ១​ម៉ឺន​ ៦​ពាន់​ ១៣១​នាក់​ ដែល​មាន​ស្ដ្រី​ ៤៦​ភាគរយ​។​ លោកគ្រូ​ អ្នកគ្រូ​ ចាប់ពី​ខែ​ម​សា​ ឆ្នាំ​២០១៨​នេះ​តទៅ​ ប្រាក់បៀវត្ស​ កម្រិត​ទាប​បំផុត​នឹង​ត្រូវ​កើនឡើង​ ដល់​ ១​លាន​ ១​សែន​ ១​ម៉ឺន​ ៤​ពាន់​ ៤៥០​រៀល​ (១,១១៤,៤៥០​រៀល​)៕

Share

Image
Image
Image