en     km
en     km

អ្នកការពារសិទ្ធិមនុស្ស៖កម្ពុជានឹងប្រឈមការចោទសួរធ្ងន់ៗនៅក្រុមប្រឹក្សាសិទ្ធិមនុស្សUN ករណីហិង្សាដីធ្លីនៅក្រុងព្រះសីហនុ

Share

ករណីអនុសាលដីកាលើជម្លោះដីធ្លីមួយ កាលពីថ្ងៃទី២៤មករា នៅខេត្តព្រះសីហនុ បណ្ដាល​ឱ្យ​ពលរដ្ឋតវ៉ារងរបួសធ្ងន់ធ្ងរជាច្រើននាក់  ក្នុងប៉ះទង្គិចនេះដែលសមត្ថកិច្ច ប្រើកាំ​ភ្លើងគ្រាប់ពិត។  ហេតុការណ៍នេះ អ្នកការពារសិទ្ធិមនុស្សថាកម្ពុជានឹងប្រឈមការចោទសួរធ្ងន់ៗនៅក្រុមប្រឹក្សាសិទ្ធិមនុស្សUN ។តែអ្នកនាំពាក្យរាជរដ្ឋាភិបាល ថាករណីនេះ កម្ពុជាមានហេតុផលត្រូវបកស្រាយការពារខ្លួន។

កញ្ញា ឆោម ពៅនិកា រាយការណ៍៖

 

សម្លេងស្នូរកាំភ្លើង គប់ដុំថ្ម ស្របពេលផ្សែងដុតកង់ឡានកំពុងអណ្ដែតខ្មួរខ្មាញ់នៅភូមិគគីរ ស្រុកឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ គឺជាព្រឹត្តិការណ៍ជម្លោះដីធ្លី ដែលពលរដ្ឋ២០គ្រួសារងើបឡើងតវ៉ានឹងការអនុវត្តសាលដីការបស់តុលាការកំពូល កាត់សេចក្ដីឱ្យពួកគេចាញ់ឧកញ៉ា ម្នាក់ជុំវិញសិទ្ធិកាន់កាប់ដីធ្លី។

ព្រឹត្តិការណ៍នៅថ្ងៃនោះបានឆក់យកអារម្មណ៍របស់អ្នកតាមដានសង្គមទាំងឡាយ ព្រោះរូបភាពដែលអាជ្ញាធរសាធារណៈត្រូវបានបែកធ្លាយដោយគេអង្កេតឃើញថា គឺជាការអនុវត្តសាលដីកា។

                                  រូបសមត្ថកិច្ចបានវាយដំមកលើក្រុមបាតុករដែលតវ៉ារឿងដីធ្លី នៅខេត្តព្រះសីហនុ។រូបភាពពីហ្វេសប៊ុក

 

លោក សឹង សែនករុណាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក បានរៀប​រាប់​ហេតុការណ៍ដូចនេះ៖

ព្រោះកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការប្រឆាំងអំពើទារុណកម្មនឹងអមនុស្សធម៌ នោះកម្ពុជាត្រូវតែធ្វើខ្លួនជារដ្ឋដែលត្រូវធានាគោរព ការពារ និង អនុវត្ត ​សិទ្ធិមនុស្ស ហើយមិននៅសល់ប៉ុន្មានថ្ងៃទៀតទេ ដែលកម្ពុជាត្រូវបង្ហាញខ្លួនក្នុងកិច្ចប្រជុំ របស់​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិស្តីពី​យន្តការ​ ពិនិត្យ​ជា​សកល​ តាម​កាលកំណត់ (UPR) ជុំ​ទី ​៣ ​សម្រាប់​កម្ពុជា​ នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ ស្វ៊ី​ស។ កម្ពុជានៅថ្ងៃ ២៧ កន្លងទៅបានចេញជើងហោះហើរទៅកាន់ទីនោះ ដែលប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា លោកកែវរ៉ាមី ជាប្រធានប្រតិភូ អមដោយដោយ​មន្ត្រី មកពី​ក្រសួង​យុត្តិធម៌ ក្រសួង​ព័ត៌​មាន ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួ​ង​​​កាបរទេស​ និង​សហ​ប្រតិ​បត្តិការ​អន្ត​រជាតិ​ និង​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន​និង​យុវនី​តិ​សម្បទា​ ជាច្រើនរូប។​ អ្នកឯកទេសសិទ្ធិមនុស្ស លោក សួនប៊ុនស័ក្ក ស្របពេលនេះអះអាងថា កម្ពុជានឹងត្រូវប្រឈមមុខក្នុងការចោទសួរសំណួរធ្ងន់ៗមួយកម្រិតទៀតក្នុងករណី ហិង្សា នៅខេត្តព្រះសីហនុនោះ ដូច្នេះរដ្ឋត្រូវតែចាត់វិធានការណ៍រកនរណាដែលធ្វើឱ្យគ្រោះថ្នាក់ដល់សិទ្ធិមនុស្សឱ្យខានតែបាន។

យ៉ាងណា លោក ផៃស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថា រដ្ឋាភិបាលលើកទឹកចិត្តឱ្យជនរងគ្រោះធ្វើការប្ដឹងទៅកាន់តុលាការជាជាងនិយាយជាមួយនឹងសកម្មជនសិទ្ធិមនុស្ស និង រើសមេធាវីល្អៗ។

 

                                                                                      លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល

 

តែយ៉ាងណាម្ដាយជនរងគ្រោះរបួសដែលត្រូវគ្រាប់មួយរូប បានប្រាប់អ្នកសារព័ត៌មានជាតិថា មិនចង់ប្ដឹងផ្ដល់អ្វីនោះទេ តែត្រូវការជំនួយព្យាបាលកូន ហេតុជីវភាពក្រីក្រខ្លាំង។

ចំណុចនេះទៀតសោត វិទ្យុស្រ្ដីចោទសួរថា តើកម្ពុជានឹងធ្វើយ៉ាងណាបើសិនជាករណីនេះនឹងលើកឡើងនៅកិច្ចប្រជុំសិទ្ធិមនុស្ស លោកលោក ផៃស៊ីផាន បន្ដថា កម្ពុជានឹងពន្យល់ប្រាប់ទៅកាន់អង្គការសហប្រជាជាតិតាមដំណើររឿង។

កម្ពុជាក្នុងចំណោម៤៧ប្រទេសទៀត បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចប្រជុំនោះដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវលើកយកទៅពិនិត្យនៅថ្ងៃទី៣០មករា ថ្ងៃពុធខាងមុខនេះ។

 តាម​សេចក្តីប្រកាសព័ត៌មា​ន​របស់ CHRC ដែល​ចេញ​កាល​ពី​ថ្ងៃ​សុក្រ បាន​លើក​ឡើង​ថា ​កម្ពុជា​បាន​ដាក់​របាយការណ៍​ជាតិ​លើក​ទី ៣ ស្តី​ពី​ការ​ពិនិត្យ​ជា​សកល​ តាម​កាល​​កំណត់ ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​កាលពី​ខែ​វិច្ឆិកា​មកម្ល៉េះ។

យន្ដការពិនិត្យជាសកលតាមការកំណត់ គឺជា​យន្តការ​ត្រួតពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​លើក​កម្ពស់​ស្ថាន​ភាព​សិ​ទិ្ធ​មនុស្ស​របស់​រដ្ឋ​ជា​​សមា​ជិក​អង្គការ​សហ​ប្រជា​ជាតិ។ហើយ​ប្រទេស​កម្ពុជា​នឹងត្រូវបានគេពិនិត្យទៅលើថាតើបាន​អនុវត្ត​អនុ​សាសន៍​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ ដែរ​ឬ​ទេ​?

ការកត់សម្គាល់កន្លងទៅក្នុងឆ្នាំ២០១៤ កម្ពុជាទទួលបានអនុសាសន៍កែតម្រូវពីប្រទេសនានាចំនួន២០៥ តែកម្ពុជាបានច្រានចោលខ្លះនឹងទទួលត្រឹមតែ១៦០អនុសាសន៍ប៉ុណ្ណោះ។ អ្នកនាំពាក្យអង្គការ ADHOC ថាកម្ពុជាមានចំណុចអវិជ្ជមាននៅតែតិចណាស់ ផ្ទុយទៅវិញការលើកឡើងភាពវិជ្ជមានពុំសូវមានមូលដ្ឋានច្បាស់លាស់។

សូមជម្រាបថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានឯកច្ឆ័ន្ទថ្កោលទោសកម្ពុជា​ ករណីរំលោភសិទ្ធិមនុស្សនិង​សេរីភាពរបស់ពលរដ្ឋប្រហែលជាបីដងមកហើយ។ចំណែក​ឯកិច្ចប្រជុំលើកនេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ករណីនៅខេត្តព្រះសីហនុនេះ ក៏នាំឱ្យកម្ពុជារងការ ថ្កោលទោស ជាថ្មីម្ដងទៀត៕

 

Share

Image
Image
Image