en     km
en     km

អូស្ដ្រាលី​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​ខាង​មុខ​មាន​វត្ដមាន​ មេ​បក្សនយោបាយ​ទាំងអស់​ចូលរួម​ (មានសំឡេង)

Share

ភ្នំពេញ​៖​ តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​ ០៤​ វិច្ឆិកា​ នេះ​ថា​ លោកស្រី​ឯកអគ្គរាជទូត​អូស្ដ្រាលី​ Angela​ Corcoran​ មាន​ប្រសាសន៍​ថា​ ប្រទេស​អូស្ត្រាលី​ចង់​ឃើញ​ ប្រទេស​កម្ពុជា​មានការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុ​តិ្ត​ធម៌​។​

​បែប​នេះ​ក្ដី​មន្ដ្រី​បក្ស​កាន់​អំណាច​បដិសេធ​ការ​លើក​ឡើង​ខាងលើ​នេះ​ ដោយ​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ អវត្ដមាន​បក្ស​មួយ​គឺ​នៅ​មាន​បក្ស​ជា​ច្រើន​ទៀត​។​ តែ​អ្នក​តាមដាន​កិច្ចការ​សង្គម​ គាំទ្រ​ ការ​ព្រួយបារម្ភ​របស់​អ្នកការទូត​អូស្ត្រាលី​ រូប​នេះ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

ឯកអគ្គរាជទូតអូស្រ្ដាលីលោកស្រី Angela Corcoran
ឯកអគ្គរាជទូតអូស្រ្ដាលីលោកស្រី Angela Corcoran

​ឯកអគ្គរាជទូត​អូស្ដ្រាលី​លោកស្រី​ Angela​ Corcoran​ បាន​ថ្លែង​ដូចនេះ​គឺ​ក្នុង​ជំនួប​មួយ​រវាង​លោកស្រី​នឹង​ក្រុម​សភា​មិត្តភាព​កម្ពុជា​-​អូស្ត្រាលី​ នៅ​ថ្ងៃ​ទី​ ០៤​ វិច្ឆិកា​ ២០១៦​។​ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល​ប្រទេស​ជា​មិត្ដ​របស់​កម្ពុជា​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ថា​ អាច​នឹង​មិន​មាន​ ការ​បោះ​ឆ្នោត​ដោយ​សេរី​  ត្រឹមត្រូវ​ និង​យុត្ដិធម៌​គឺ​មាន​អា​មេ​រិ​ក​ អា​ល្លឺ​ម៉​ង​ សហភាព​អឺរ៉ុប​ និង​អង្ក​ការ​សហប្រជាជាតិ​ផង​ដែរ​ ។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្ដរជាតិ​ យល់​ថា​ ប្រសិនបើ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​អវត្ដមាន​មេដឹកនាំ​បក្ស​ណាមួយ​ នោះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​មិន​ចុះសម្រុង​គ្នា​ ហើយ​ចៀស​មិន​ផុត​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ បង្ក​ជា​វិបត្ដិ​ដូច​ការ​បោះ​ឆ្នោត​អាណត្តិ​មុនៗ​ដែរ​។​ លោក​បន្ដ​ថា​ កាលណា​ការ​បោះ​ឆ្នោត​មាន​ភាព​មិន​ចុះសម្រុង​គ្នា​ពី​គ្រប់​ភាគី​គណបក្ស​នយោបាយ​ទាំងអស់​គឺ​ការ​បោះ​ឆ្នោត​នោះ​ មិន​មាន​ន័យ​អ្វី​ឡើយ​ ហើយ​មិនតែប៉ុណ្ណោះ​ ប្រទេស​នឹង​ជួប​វិបត្ដិ​ជាប់​គាំ​នយោបាយ​ ហើយ​ខាតបង់​ប្រយោជន៍​ជា​ច្រើន​។​

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិ
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និង ច្បាប់អន្ដរជាតិ

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ខ្ញុំ​យល់​ថា​ គាត់​បាន​សំឡឹង​ទុក​រួច​ហើយ​ថា​ ប្រសិនបើ​មិន​មានការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ​ទេ​ នោះ​ជម្លោះ​នយោបាយ​នឹង​កើតឡើង​ ដូច្នេះ​ហើយ​បានជា​គាត់​លើក​ឡើង​ឲ្យ​មានការ​ចូលរួម​និង​គណបក្ស​នយោបាយ​ឲ្យ​បាន​ស្មើភាព​គ្នា​»​។​

​ឆ្លើយ​តប​ការ​លើក​ឡើង​នេះ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​លោក​ សុខ​ ឥ​សាន្ដ​ មាន​ប្រសាសន៍​ថា​ គេ​មិន​ត្រូវការ​យក​ទណ្ឌិត​មក​ឲ្យ​ឈរឈ្មោះ​បោះ​ឆ្នោត​ ឬ​មក​ចូលរួម​បោះ​ឆ្នោត​ ព្រោះ​បើ​ជាប់​ជា​ទណ្ឌិត​ហើយ​គឺ​បាន​ន័យ​ថា​ អស់សិទ្ធិ​ជា​ពលរដ្ឋ​ហើយ​។​ លោក​បន្ដ​ថា​ ទោះ​គ្មាន​វត្ដមាន​មេ​ក្ស​ប្រឆាំង​មួយ​ ក៏​កម្ពុជា​អាច​ធ្វើការ​បោះ​ឆ្នោត​បាន​ដែរ​ ព្រោះ​កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ​ សិរី​ពហុបក្ស​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

លោក​ សុខ​ ឥ​សាន្ដ​៖«​ខ្ញុំ​ជឿជាក់​ថា​ ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ មាន​គណបក្ស​នយោបាយ​យ៉ាងតិច​ក៏​ជិត​ ១០​ ឬ​ក៏​លើស​ដល់​ជាង​ ១០​ដែរ​ ដូច្នេះ​អវត្ដមាន​បក្ស​មួយ​ក៏​អត់​មាន​បញ្ហា​អ្វី​ដែរ​ មិនមែន​កម្ពុជា​ជា​ចំណាប់ខ្មាំង​របស់​មេ​បក្ស​ម្នាក់​ឬ​គណបក្ស​មួយ​នោះ​ទេ​»​។​

​ថ្វីបើ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​អះអាង​ដូចនេះ​ក្ដី​ប៉ុន្ដែ​អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្ដរជាតិ​ក្រើនរំលឹក​ថា​ រដ្ឋាភិបាល​គួរ​ពិ​ចារ​ណ​ឲ្យ​បាន​ច្បាស់លាស់​រាល់​មតិយោបល់​របស់​អន្ដរជាតិ​ដែល​ផ្ដល់​មក​កម្ពុជា​ មុន​ពេល​ បដិសេធ​ ឬ​ក៏​ទាត់​ចោល​សំណើរ​ទាំងនោះ​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ដំណោះស្រាយ​ដែល​ល្អ​ទាល់​ តែ​ហ៊ាន​ទទួលស្គាល់​ការ​ពិត​ថា​ នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ពិតជា​មាន​បញ្ហា​មែន​ ហើយ​ព្យាយាម​ជជែក​ដើម្បី​រក​ដំណោះស្រាយ​រួម​គ្នា​ គោរព​ទៅ​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ ដោយ​ធ្វើ​យ៉ាងណា​ដើរ​ក្នុង​ផ្លូវ​ដែល​ឈ្នះៗ​ទាំងអស់​គ្នា​ ដោយ​មិន​ត្រូវ​ដើរ​ក្នុង​នយោបាយ​ចង់​កាច់​បំបាក់​គ្នា​នោះ​ទេ​»​។​

​យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​អះអាង​ថា​ កម្ពុជា​គឺ​មានច្បាប់​របស់​កម្ពុជា​ហើយ​ពេល​នេះ​ក៏​កំពុង​តែ​ព្យាយាម​អនុវត្ដន៍​នីតិរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​។​ លោក​បន្ដ​ថា​ អន្ដរជាតិ​មិន​គួរ​ព្យាយាម​ មក​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​ ដែល​លោក​ថា​ អន្ដរជាតិ​កំពុង​តែ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​ដោយឡែក​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុ​ត្ដិ​ធ​ម៍​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ យល់​ស្រប​ការ​ថ្លែង​របស់​ឯកអគ្គរាជទូត​អូស្ដ្រាលី​លោកស្រី​ Angela​ Corcoran​ ដោយ​លោក​ពន្យល់​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​ប្រសិនបើ​អវត្ដមាន​ថ្នាក់ដឹកនាំ​គណបក្ស​ណាមួយ​នោះ​លទ្ធផល​បោះ​ឆ្នោត​គឺ​ប្រាកដជា​ ពិបាក​ក្នុង​ការ​ឲ្យ​អន្ដរជាតិ​ទទួលស្គាល់​ណាស់​។​

​ជាង​នេះ​លោក​ថា​ បើកាលណា​អន្ដរជាតិ​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ហើយ​ នោះ​កម្ពុជា​ច្បាស់​ណាស់​ថា​ គេច​មិន​ផុត​ពី​ទណ្ឌកម្ម​ណាមួយ​ពី​អន្ដរជាតិ​នោះ​ទេ​។​

​លោក​ សំ​ គ​ន្ធា​មី​៖«​ត្រង់​ហ្នឹងហើយ​ដែល​នាំ​ឲ្យ​មានការ​រិះគន់​ច្រើន​ ព្រោះ​យើង​អត់​ធ្វើ​តាម​ប្រព័ន្ធ​វា​ អ​ញ្ចឹ​ង​យើង​នឹង​ជួប​ការ​លំបាក​នៅ​ក្នុង​ហស​គម​ន៍​អន្ដរជាតិ​ ជា​ពិសេស​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ជឿនលឿន​ដូច​ជា​ អូស្ដ្រាលី​ American​ UK​ EU​ អី​ជាដើម​»​។​

​សូម​ជម្រាប​ថា​ ប្រ​ទស​កម្ពុជា​នឹង​មាន​ព្រឹត្ដិការណ៍​សំខាន់​ចំនួន​ពីរ​ នា​ពេល​ខាង​មុខ​នេះ​ គឺ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤​ខែ​ មិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​អាណត្ដិ​ទី​ ៦​ ក្នុង​ឆ្នាំ​ ២០១៨​ ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​សង្កេត​ជាតិ​ អន្ដរជាតិ​រំពឹង​ថា​ គឺជា​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​មួយ​ដំណាក់កាល​ទៀត​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ គណបក្សប្រឆាំង​ ដឹកនាំ​ដោយ​ លោក​ សម​ រ​ង្ស៊ី​ និង​ លោក​ កឹ​ម​ សុខា​៕​  

 

Share

Image
Image
Image