វ៉ាស៊ិនតោន ៖ ក្រសួងរតនាគារ និង ក្រសួងការបរទេស សហរដ្ឋអាមេរិក បានសម្រេច បន្ថែមឈ្មោះមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលនៃប្រទេស វេណេហ្ស៊ូអេឡា ចំនួន ១០នាក់ទៀត ដើម្បីរឹបអូសទ្រព្យសម្បត្ដិរបស់ពួកគេ ខណៈដែលសហភាពអឺរ៉ុប បានអនុម័តបម្រាម ហាមលក់អាវុធឲ្យប្រទេសដែលកំពុងហែកហួរ ដោយចលាចលនយោបាយនេះ។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន TeleSure English.com បានចុះផ្សាយថា មន្ដ្រីវេណេហ្ស៊ូអេឡា ១០រូបនោះគឺជាបញ្ជីឈ្មោះបន្ថែមដើម្បីស្រាវជ្រាវ និងរឹបអូសជាបណ្ដោះអាសន្ននៅ ហិរញ្ញវត្ថុរបស់ពួកគេដែលមាននៅសហរដ្ឋអាមេរិក ព្រោះតែមន្ដ្រីទាំងនោះ មានឈ្មោះក្នុងការបម្រើរបបរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ ដែលត្រូវបានចោទករណីបំពានសិទ្ធិមនុស្ស និង បំផ្លាញគោលការណ៍លទ្ធិប្រជាធិបតេយ្យដ៏ធ្ងន់ធ្ងរ។
បើតាមការបង្ហាញតួរលេខនេះ នាំឲ្យមន្ដ្រីរបស់លោក ម៉ាឌូរ៉ូ យ៉ាងតិច ៥០រូប មានឈ្មោះក្នុងបញ្ជីខ្មៅ នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានព្រមានថា បើការដាក់ទណ្ឌកម្មនេះ មិនអាចធ្វើឲ្យលោក ម៉ាឌូរ៉ូ ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញទេ គឺសហរដ្ឋអាមេរិក និងដាក់ទណ្ឌកម្មលើផ្នែកការទិញប្រេងឥន្ទនៈពីប្រទេសនេះតែម្ដង។ បើតាមប្រភពដដែល មន្ដ្រីដែលរងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុនេះ ក្នុងនោះមាន គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះផងដែរ។
ស្របពេលដែល អាមេរិកចាត់វិធានការណ៍បន្ថែមដូចនេះ សហភាពអឺរ៉ុប ក៏បានអនុម័តការហាមលក់អាវុធទៅឲ្យប្រទេសវេណេហ្ស៊ូអេឡា ដោយបានព្រមានថា ការបិទការលក់អាវុធនេះ ដើម្បីបញ្ចៀសនូវការទិញអាវុធខុសច្បាប់ហើយបង្កឲ្យមានចលនាណាមួយ កើតឡើងនៅវេណេហ្ស៊ូអេឡា ដោយការវាយប្រហារទៅក្រុមគណបក្សប្រឆាំង៕