en     km
en     km

អាមេរិកផ្ដល់ទិដ្ឋាការដល់មេដឹកនាំអ៊ីរ៉ង់មកនិយាយគ្នានៅUN​​ ហេតុអ្វីបានជាអាមេរិក បង្ហាញ​ជំហរ​ដូចនេះ?

Share

សហរដ្ឋអាមេរិកបានផ្ដល់វីសាអនុញ្ញាតឱ្យមេដឹកនាំអឺរ៉ុង លោក ហាសាន រ៉ូហានីនិងរដ្ឋមន្រ្ដីការបរទេស លោក Javad zarifធ្វើដំណើរមកកាន់ញ៉ូវយ៉ក សម្រាប់កិច្ចប្រជុំUN។  ហេតុអ្វីបានជាអាមេរិក បង្ហាញជំហរដូចនេះ?

អ្នកការទូតអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន Aljazeera ថា ពេលនេះសហរដ្ឋអាមេរិកដែលជាប្រទេសនៃម្ចាស់ផ្ទះស្នាក់ការនៃ អង្គការសហប្រជាជាតិនាទីក្រុងញ៉ូវយ៉កបានផ្ដល់ទិដ្ឋាការឱ្យលោក​ហាសាន រ៉ូហានី និង រដ្ឋមន្រ្ដីការបរទេសប្រទេសអ៊ីរ៉ង់ធ្វើដំណើរមកកាន់ទីក្រុងញ៉ូវយ៉កដើម្បី​ចូល​រួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ពិភពលោកនៃអង្គការសហប្រជាជាតិនៅសប្ដាហ៍ក្រោយនេះ។

អង្គការសហប្រជាជាតិកន្លងមកបានធ្វើការស៊ើបអង្កេតអ៊ីរ៉ង់តាមរយៈស្ថាប័នសិក្សាអាតូមិចរបស់ខ្លួនរកឃើញថាអ៊ីរ៉ង់មានចេតនាធ្វើនុយក្លេអ៊ែរដូចអាមេរិកចោទមកព្រោះបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិតផលិតថាមពលធម្មតា។

រឿងនុយក្លេអ៊ែរនេះបានធ្វើឱ្យអាមេរិកដើរចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់នឹងមហាអំណាចចំនួន៥ ហើយក្នុងឆ្នាំនេះសហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពនៅលើឈូងសមុទ្រពែក្សប្រឈមនឹងអ៊ីរ៉ង់ដែល​បានផលិត ចម្រាញ់សារធាតុអ៊ុយរ៉េញ៉ូមរហូតឈានដល់មានការគំរាមនិង បិទផ្លូវសមុទ្រ ទាញឱ្យមានភាគីពីរបីធំៗចូលរួមដូចជាអង់គ្លេស អារ៉ាប់ប៊ីសាអូឌីត អូស្ត្រាលី ជាមួយអាមេរិក គាំរាមអ៊ីរ៉ង់។

កន្លងមកអាមេរិកហាក់ជាអ្នកឱ្យសញ្ញាចរចា តែអ៊ីរ៉ង់ត្រូវការឱ្យអាមេរិកចាំបាច់ដកទណ្ឌកម្ម ជាមុនសិន រួមនឹងដកទ័ពចេញពីឈូងសមុទ្រពែក្សទៀតផង ។

តែមុននេះ អាមេរិកហាក់បង្ហាញឥរិយាបថថាព្រមទទួលសំណើនេះហើយ ព្រោះទីប្រឹក្សាកំពូលរបស់លោកត្រាំ John Bolton ត្រូវបានលោកដូណាល់ត្រាំដកចេញពីតំណែងព្រោះថាលោកជាមនុស្សអុជអាលសង្គ្រាម ដែលលោកមិនត្រូវការឡើយ។ តែក្រោយពីដេញលោកប៊ូតុងបានមួយរយៈខ្លីបំផុត ស្ថានីយប្រេងដ៏ធំបំផុតរបស់អារ៉ាប់ប៊ីសាអូឌីតត្រូវបានវាយខ្ទេចដោយយន្ដហោះដ្រូនពីគ្រឿងដែលលោកប៉ុមពីអូរដ្ឋមន្ត្រីការបរទេសអាមេរិកចោទថាគ្មាននរណាក្រៅពីអ៊ីរ៉ង់ទេទោះជាក្រុមឧទ្ទាមយេម៉ែនមួយចេញមុខទទួលខុសត្រូវក៏ដោយ។

លោកហ្សារីស កាលពីថ្ងៃព្រហស្បត្តិ៍បាននិយាយថា រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិកលោក ម៉ៃផុមពីអូ បានព្យាយាមមិនផ្ដល់ទិដ្ឋាការដល់ប្រតិភូអ៊ីរ៉ង់ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

តែនេះអាចគ្រាន់តែជាការមើលឃើញបែបអន់ចិត្តមកលើអ៊ីរ៉ង់ប៉ុណ្ណោះព្រោះកិច្ចប្រជុំនេះមិនទាក់ទងតែរឿងអ៊ីរ៉ង់និងអាមេរិកលើបញ្ហាតានតឹងប៉ុណ្ណោះទេ។

អាមេរិកផ្ដល់ទិដ្ឋាការដល់មេដឹកនាំអ៊ីរ៉ង់មកនិយាយគ្នានៅUN

លោករដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិកថា យើងមិននិយាយពីការពាក់ព័ន្ធនឹង ទិដ្ឋាការទេ តែវាទាក់​ទងទៅនឹងអង្គការភេរវកម្មអន្ដរជាតិ  ដែលថាពួកគេគួរមានវត្តមានក្នុងកិច្ចប្រជុំឬអត់ទេ ព្រោះយើងនិយាយ​ពីរឿងសន្ដិភាព។

ក៏ប៉ុន្ដែក្នុងនាមជារដ្ឋាភិបាលម្ចាស់ផ្ទះ រដ្ឋាភិបាលនេះមានកាតព្វកិច្ចផ្ដល់វីសាជូនមន្រ្ដីទូតដែលបម្រើការឱ្យអង្គការសហប្រជាជាតិ។

យ៉ាងណាក៏ដោយ ការវាយប្រហារចុងក្រោយទៅលើសម្ព័ន្ធមិត្តអាមេរិក គឺរដ្ឋាភិបាលតេអេរ៉ង់ថា មិនបានដឹងអ្វីទេ តែលោកថាលោកមិនបិទភ្នែកការពារដែនដីខ្លួននោះទេ ខណៈលោកម៉ៃប៉ុមពីអូ បានទ្វីតធឺកាលពីថ្ងៃព្រហស្បតិ៍ថា ការគម្រាមកំហែងគេឯងរបស់របបអ៊ីរ៉ង់នឹងមិនត្រូវអត់ឱនទោសបាននោះទេ។

ជាងនេះលោកត្រាំថាលោកនឹងមិនស្វែងរកការជួបណាមួយនឹងរ៉ូហានីក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនោះទេ។

បើដូច្នេះការមកកាន់អង្គការសហប្រជាជាតិលើកនេះ តើគ្រាន់តែជាការបង្គ្រប់កិច្ចរបស់អ៊ីរ៉ង់។ ចំណែកអាមេរិកដែលជាម្ចាស់ផ្ទះ ត្រូវបានគេដឹងថាជាជនមានឥទ្ធិពលជាងគេក្នុងពិភពលោក ពេញចិត្តនឹងឃើញមេដឹកនាំអ៊ីរ៉ង់ទទួលរងការចោទពីប្រទេសដទៃ ព្រោះអាមេរិកខ្លួនឯងលែងមានអ្វីនឹងនិយាយនឹងអ៊ីរ៉ង់ទៀតហើយដោយរង់ចាំតែស្ថានការណ៍មកនឹងបង្កប្រតិបត្តិការសឹកប៉ុណ្ណោះ។ ឥរិយាបថអាមេរិកដូចនេះ ក៏ស្របពេលដែលប្រទេសជាច្រើនពុំមានពាក្យអ្វីហ៊ាននិយាយច្រើនទៅនឹងប្រទេសបិតាប្រជាធិបតេយ្យអាមេរិកនោះទេ ។

ដូច្នេះអ៊ីរ៉ង់អាចនឹងមកកាន់អង្គការសហប្រជាជាតិមកប្រកាសជំហរប្រាប់អំពីសុចរិតភាពរបស់ខ្លួន ក្នុង​ការ​ការពារអធិប​តេយ្យម្ដងហើយម្ដងទៀតតែប៉ុណ្ណោះ៕

អត្ថបទ៖ ឆោម ពៅនិកា

Share

Image
Image
Image