en     km
en     km

អាជ្ញាធរ​ ហាមឃាត់​ សហគមន៍​មួយ​នៅ​ខេត្តកំពត​ មិន​ឱ្យ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​ អន្ដរជាតិ​១០​ធ្នូ​

Share

​នៅ​ថ្ងៃ​ទី​៩​ធ្នូ​នេះ​ សហគមន៍​និង​អង្គការ​សង្គម​ស៊ី​វិល​ មួយ​ចំនួន​ចាប់ផ្ដើម​ ធ្វើ​ពិធី​រម្លឹក​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​។​ ប៉ុន្តែ​សហគមន៍​ មួយ​នៅ​ស្រុក​ ស្រុក​ឈូក​ ខេត្តកំពត​ ដែល​រៀបចំ​ធ្វើ​ពិធី​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ចុះ​មក​រារាំង​ និង​មិន​អោយ​រៀបចំ​ធ្វើ​ឡើយ​។​ អាជ្ញាធរ​ ចោទ​ថា​ ដោយសារ​សហគមន៍​មិន​បាន​សុំ​ច្បាប់​ត្រឹមត្រូវ​។​ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ សម្ដែង​ការ​ខកចិត្ត​ ចំពោះ​ វិធានការ​របស់​សមត្ថកិច្ច​ ។​ 

hri-cambodia
តំណាង​សហគមន៍​អង្គ​ស្វាយ​ ខេត្តកំពត​ បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​ប៉ូ​លី​ស​ បាន​ចុះ​ហាមឃាត់​ប្រជា​កសិករ​នៅ​ក្នុង​សហគមន៍​ក្នុង​ ឃុំ​អង្គ​ស្វាយ​ស្រុក​ឈូក​ ខេត្តកំពត​ មិន​ឲ្យ​ធ្វើ​រោង​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ខួប​លើក​ទី​៦៨​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង​ ២​រសៀល​ នៅ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ទេ​។​

​លោក​ ប្រុស​ ណា​ន​  តំណាង​សហគមន៍​អង្គ​ស្វាយ​ បាន​បញ្ជាក់​បន្ថែម​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ សមត្ថកិច្ច​ដែល​ចុះ​ហាម​គាត់​នោះ​ដឹកនាំ​ដោយ​លោក​អធិការ​ស្រុក​ ស្រុក​ឈូក​។

​លោក​ ប្រុស​ ណា​ន​៖​ «​អធិការ​ស្រុក​ គាត់​ចេញ​បញ្ជា​មក​ថា​ សុំ​អោយ​ផ្អាក​កម្មវិធី​ហ្នឹង​ជា​បណ្ដោះអាសន្ន​ ដោយសារ​ខាង​សហគមន៍​យើង​អត់​មានការ​សុំ​អនុញ្ញាត​ ជា​លាយលក្ខណ៍អក្សរ​ច្បាស់លាស់​»​។​

​លោក​ ប្រុស​ ណា​ន​ ចាត់​ទុក​ការ​ហាមឃាត់​ពី​សំណាក់​សមត្ថកិច្ច​ គឺជា​ រឿង​មិន​ត្រឹមត្រូវ​និង​ជា​ទុក​ទ​ង្វើ​ រឹតត្បិត​សេរីភាព​ និង​គំរាមកំហែង​ដល់​សហគមន៍​។​

​លោក​ ប្រុស​ ណា​ន​៖«​យោង​តាម​ច្បាប់​រដ្ឋ​ធម្ម​នុ​ញ្ញា​ស្រុក​ខ្មែរ​ ការ​ចូល​ប្រជុំ​ ចូល​អី​ផ្សេងៗ​ បើ​យើង​និយាយ​ពី​សិទ្ធិ​វិញ​ យើង​គ្រាន់តែ​ជូនដំណឹង​ជា​ផ្លូវការ​មួយ​គ្រប់គ្រាន់​ហើយ​។​ បាទ៎​ ហើយ​ខាង​ខ្ញុំ​ បាន​ជូនដំណឹង​ទៅ​ដល់​សាលាខេត្ត​ ដល់​សាលាស្រុក​ ហើយ​និង​អាជ្ញាធរ​មូលដ្ឋាន​ទៀត​ ប៉ុន្ដែ​ឥលូវ​នេះ​បញ្ជា​ពី​អធិការ​ស្រុក​ អោយ​ផ្អាក​កម្មវិធី​នេះ​  ហើយ​បើសិនជា​ធ្វើ​ គាត់​មាន​វិធានការ​របស់​គាត់​»​។​

​ជា​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​ លោក​ សម្រិត​  វិបុល​ អធិការ​ស្រុក​ឈូក​ មាន​ប្រសាសន៍​ថា​ មូលហេតុ​នៃ​ការ​ហាមឃាត់​មិន​អោយ​ប្រជា​កសិករ​ក្នុង​សហគមន៍​អង្គ​ស្វាយ​ ធ្វើ​រោង​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​នៅ​ថ្ងៃនេះ​ ដោយសារ​តែ​ ខាង​សហគមន៍​ មិន​បាន​ធ្វើ​ទៅ​តាម​ច្បាប់ទម្លាប់​។​

​លោក​ សម្រិត​ វិបុល​ ៖«​ ខ្ញុំ​សូម​ជម្រាប​ថា​ ពាក់ព័ន្ធ​នឹង​ការ​ប្រារព្ធ​ពិធី​នេះ​ អត់​ទាន់​មានច្បាប់​ទម្លាប់​ ដល់​ចឹ​ង​ខ្ញុំ​អោយ​គាត់​ធ្វើ​អោយ​មានច្បាប់​ទម្លាប់​សិន​ ច្បាប់ទម្លាប់​រហូត​ពី​ខេត្ត​ដល់​ស្រុក​អី​មក​។​ ចឹ​ង​សុំ​អោយ​គាត់​ធ្វើ​ច្បាប់ទម្លាប់​ហើយ​សិន​ទៅ​ ចាំ​ជជែក​»​។​

​ជម្រាប​ថា​ គម្រោង​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ របស់​ប្រជា​កសិករ​នៅ​ក្នុង​សហគមន៍​អង្គ​ស្វាយ​ នេះ​ជា​លើក​ទី​មួយ​ ហើយ​ត្រូវ​ផ្អាក​ទៅ​វិញ​ភ្លាមៗ​បន្ទាប់​ពី​មានការ​ចេញ​បញ្ជា​ពី​សំណាក់​អាជ្ញា​ធរ​។​

​លោក​ មឿង​ តុលា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិ​មនុស្ស​ និយាយ​ថា​សមត្ថកិច្ច​គួរតែរ​លើកតម្កើង​ ហើយ​ជួយ​សម្របសម្រួល​អោយ​ប្រជាពលរដ្ឋ​បាន​ប្រារព្ធ​ពិធី​នេះ​ទាំងអស់​គ្នា​ ដើម្បី​បញ្ជាក់​ថា​ កម្ពុជា​ប្រកាន់​ភ្ជាប់​លិ​ទ្ធិ​ប្រជាធិបតេយ្យ​។​

លោក​ មឿ​ន​ តុលា
លោក​ មឿ​ន​ តុលា
​លោក​ មឿង​ តុលា​៖«​ ចង់​បញ្ជាក់​ឡើង​វិញ​ថា​ រដ្ឋ​យើង​បាន​ទទួលយក​មក​អនុវត្តន៍​នូវ​សេចក្ដី​ប្រកាស​ជាស​កល​ស្ដី​ពី​សិទ្ធិ​មនុស្ស​ ហើយ​យើង​ក៏​ជា​សមាជិក​អង្គការសហប្រជាជាតិ​ដែរ​ យើង​មាន​កាតព្វកិច្ច​ក្នុង​ការ​គោរព​តាម​នូវ​ធម្មនុញ្ញ​ របស់​អង្គការសហប្រជាជាតិ​ ក៏​ដូច​ជា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​យើង​បាន​ចង្អុល​បញ្ជាក់​ថា​ កម្ពុជា​ទទួលយក​មក​អនុវត្តន៍​យ៉ាង​តឹងរ៉ឹង​បំផុត​នូវ​រាល់​កតិកា​ស​សញ្ញា​ អនុសញ្ញា​ទាំង​ឡើយ​ ដែល​កម្ពុជា​ បាន​ផ្ដល់​សច្ចាប័ន​។​ ចឹ​ង​ទៅ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នេះ​ គួរតែ​រដ្ឋាភិបាល​លើកតម្កើង​ ហើយ​ជួយ​សម្របសម្រួល​អោយ​ប្រជាពលរដ្ឋ​បាន​ប្រារព្ធ​ទាំងអស់​គ្នា​ ទី​មួយ​។​ ទី​ពីរ​ ការ​គោរព​សិទ្ធិ​មនុស្ស​មិន​គួរ​មាន​តែ​១០​ធ្នូ​នេះ​ទេ​…»​។​

​សូម​បញ្ជាក់​ដែរ​ថា​ បើ​តាម​ការ​អះអាង​របស់​តំណាង​សហគមន៍​អង្គ​ស្វាយ​ គឺ​ ពួក​គាត់​បាន​ដាក់​លិខិត​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ស្រុក​ តាំងពី​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៦​ ហើយ​ការិយាល័យ​រដ្ឋបាល​ក៏​បាន​បោះត្រា​ លើ​លិខិត​នេះ​ដែរ​៕


Share

Image
Image
Image