en     km
en     km

អាជ្ញាធរ​ខេត្ដព្រះវិហារ​បញ្ជូន​ជនសង្ស័យ​ករណី​រំលោភ​សម្លាប់​ទៅ​តុលាការខេត្ដ​

Share

ភ្នំពេញ​ ៖​ អាជ្ញាធរ​ខេត្ដព្រះវិហារ​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​បង្ខំ​រំលោភ​ហើយ​សម្លាប់​ ទៅ​កាន់​តុលាការ​នៅ​ថ្ងៃនេះ​ ក្រោយ​ពី​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​សៅ​រិ៍​ ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។​ ជុំវិញ​រឿង​នេះ​ មន្ដ្រី​សង្គម​ស៊ី​វិល​ ដែល​ធ្វើ​ការងារ​ លើ​ការ​ ការពារ​សិទ្ធិ​មនុស្ស​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ ពង្រឹង​ច្បាប់​ និង​សកម្មភាព​ការងារ​ របស់​ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព​ស្ដ្រី​ក្នុង​សហគមន៍​។​​

 

ស្រ្ដី យ៉ាន ចិន្ដា ហៅ​ ឌូ អាយុ ៣០ឆ្នាំ នៅព្រះវិហារ (ប្រភព ហ្វេសប៊ុក)

 

​ជនសង្ស័យ​នេះ​មានឈ្មោះ​ គង់​ ធី​ ហៅ​ អ៊ឹម​ ធី​ អាយុ​ ៥១​ឆ្នាំ​ រស់នៅ​ភូមិ​រុងរឿង​៥​ ឃុំ​ទឹក​ក្រហម​ ស្រុក​ជាំ​ក្សាន្ដ​ ខេត្ដព្រះវិហារ​។​ បុរស​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​បង្ខំ​រំលោភ​លើ​ស្ដ្រី​រង​គ្រោះ​មានឈ្មោះ​ យ៉ា​ន​ ចិ​ន្ថា​ ហៅ​ ឌូ​ អាយុ​ ៣០​ឆ្នាំ​ ក៏​ប៉ុន្ដែ​ ស្ដ្រី​រង​គ្រោះ​បាន​ព្យាយាម​ស្រែ​ហៅ​ឲ្យ​អ្នក​ភូមិ​ជួយ​ទើបត្រូវ​បុរស​រូប​នេះ​ កាប់សម្លាប់​នាង​តែ​ម្ដង​។​

​តាម​ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ប្រចាំ​ខេត្ដព្រះវិហារ​មាន​ប្រសាសន៍​ថា​ ពេល​នេះ​អាជ្ញាធរ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ខេត្ដព្រះវិហារ​ ហើយ​ករណី​នេះ​លោក​បញ្ជាក់​ថា​ គឺជា​បទឧក្រិដ្ឋ​ដែល​ជនសង្ស័យ​អាច​មានទោស​ពី​ ៥​ឆ្នាំទៅ​ដល់​ ១៥​ឆ្នាំ​។​

​លោក​ កែវ​ ចំរើន​ ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ប្រចាំ​ខេត្ដព្រះវិហារ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​នេះ​ថា​ ស្ដ្រី​រង​គ្រោះ​គឺ​មាន​ស្វាមី​រួច​ហើយ​ ។​ នាង​មានកូន​តូចៗ​ចំនួន​២​នាក់​។​ នៅ​ថ្ងៃ​កើតហេតុ​ស្ដ្រី​រង​គ្រោះ​ កំពុង​សំរាក​នៅផ្ទះ​ម្នាក់ឯង​ ជាមួយ​កូន​តូច​ម្នាក់​ ខណៈ​ស្វាមី​កំពុងធ្វើការ​ងារ​នៅ​ភ្នំពេញ​។​

​លោក​ កែវ​ ចំរើន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ នេះ​ជា​បញ្ហា​ដែល​លំបាក​ទប់ស្កាត់​ និង​លុប​បំបាត់​ បើ​ទោះបីជា​វា​កើតឡើង​មិន​ញឹកញាប់​ក៏​ដោយ​។​ លោក​បញ្ជាក់​ថា​ កន្លង​មក​អាជ្ញាធរ​បាន​ចុះ​បើក​ជា​វេទិកា​មូលដ្ឋាន​ជា​ច្រើន​ ដើម្បី​អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ គោលនយោបាយ​ភូមិ​ឃុំ​ មាន​សុវត្ថិភាព​ និង​ផល​អាក្រក់​នៃ​អំពើ​ហិង្សា​រំលោភ​ផ្លូវភេទ​នេះ​។​ លោក​ កែវ​ ចំរើន​៖«​ការ​អប់រំ​គោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ហ្នឹង​ បាន​អនុវត្ដ​ច្រើន​ឆ្នាំ​មក​ហើយ​ ធ្វើ​បន្ដបន្ទាប់​ ប៉ុន្ដែ​ការ​អប់រំ​មនុស្ស​ដូច​លោក​បានដឹង​ហើយ​ មិនមែន​ជា​រឿង​ងាយ​ទេ​ មនុស្ស​ដែល​ខិលខូច​នៅ​តែ​មាន​អ​ញ្ចឹ​ង​»​។​

​ជាមួយ​គ្នា​នេះ​លោក​ស្នង​រង​ កែវ​ ចំរើន​ ក៏​សំណូមពរ​ដល់​ស្ដ្រី​គ្រប់​រូប​ត្រូវ​មានការ​ការពារ​ខ្លួន​គ្រប់ពេល​ ជា​ពិសេស​ត្រូវ​មាន​លេខ​ទំនាក់ទំនង​អាជ្ញាធរ​ មូលដ្ឋាន​ដើម្បី​ទាក់ទង​ ប្រសិនបើ​មាន​ករណី​ហិង្សា​ណាមួយ​កើតឡើង​។​

​ជុំវិញ​ករណី​នេះ​ មន្ដ្រី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្ដព្រះវិហារ​ បង្ហាញ​ការ​សោកស្ដាយ​ជា​ខ្លាំង​ ចំពោះ​ឃាត់កម្ម​ដ៏​អាក្រក់​ដែល​កើតឡើង​លើ​ស្ដ្រី​ដូចនេះ​។​

​លោក​ ឡោ​ ចាន់​ មន្ដ្រី​សម្រប​ស្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្ដព្រះវិហារ​ បាន​ប្រាប់​ថា​ តាម​របាយការណ៍​ករណី​រំលោភ​សម្លាប់​ បាន​កើតឡើង​ញឹកញាប់​ទៅ​លើ​ស្ដ្រី​ដែល​រស់នៅ​ភូមិ​ដាច់​ស្រយាល​។​ លោក​បន្ដ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ស្ដ្រី​ក្នុងភូមិ​ស្រុក​ ដាច់​ស្រយាល​តែងតែ​រង​គ្រោះ​ពី​ការ​ចាប់រំលោភ​ ហើយ​ឈាន​ដល់​សម្លាប់​ដូចនេះ​ ពីព្រោះ​តែ​ភាគច្រើន​យុវជន​បាន​ញៀន​គ្រឿង​ស្រវឹង​ ការ​លេង​ល្បែងស៊ីសង​ និង​ការ​ហូរ​ចូល​នៃ​រឿង​អាសអាភាស​កាន់តែ​ទូលាយ​។​ មួយវិញទៀត​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ មើលឃើញ​ថា​ ហិង្សា​លើ​ស្ដ្រី​ដែល​មិន​អាច​ថមថយ​បាន​ក៏​ដោយសារ​តែម​ន្ដ្រី​អនុវត្ដ​ច្បាប់​មួយ​ចំនួន​ ហាក់​យឺតយ៉ាវ​អន្ដរាគមន៍​ ករណី​ហិង្សា​លើ​ស្ដ្រី​ មិន​ថា​ ទាំង​ហិង្សា​ក្នុង​គ្រួសារ​ ឬ​ក៏​ករណី​រំលោភ​នោះ​ទេ​។​

​ត្រង់​ចំណុច​នេះ​លោក​ ឡោ​ ចាន់​ សំណូមពរ​ដល់​អាជ្ញាធរ​ គួរ​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ឡើង​វិញ​ ដែល​មាន​ជា​អាទិ៍​បង្កើន​ការ​អនុវត្ដ​ការងារ​ឲ្យ​បាន​ម៉ឺងម៉ាត់​ លុប​បំបាត់​សារធាតុ​ញៀន​ និង​ល្បែងស៊ីសង​ផ្សេងៗ​។​ លោក​ ឡោ​ ចាន់​ ៖«​ជា​ទស្សន​របស់ខ្ញុំ​ទី​មួយ​គាត់​ត្រូវ​យកចិត្ដទុកដាក់​លើ​ការ​បង្ក្រាប​ផ្សេងៗ​ពិសេស​ល្បែងស៊ីសង​ និង​គ្រឿងញៀន​ ទី​២​ នៅ​ពេល​មាន​បញ្ហា​អ្វី​កើតឡើង​គាត់​ត្រូវ​មាន​ឆន្ទៈ​ចុះ​ទៅ​ភ្លាមៗ​។​ ពីព្រោះ​តែ​កន្លង​មក​យើង​ឃើញ​ថា​ មិនមែន​ត្រឹមតែ​រឿង​រំលោភ​សម្លាប់​ទេ​ សូ​ម្បី​ករណី​ហិង្សា​ក្នុង​គ្រួសារ​ល្មមៗ​ ហាក់បីដូច​អាជ្ញាធរ​មួយ​ចំនួន​ គាត់​អត់​សូវ​ចុះ​ទៅ​ជា​ហេតុ​ដល់​ពេល​ខ្លះ​បណ្ដាល​ឲ្យ​ស្លាប់​ក៏​មាន​ដែរ​»​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ ផ្នែក​សិទ្ធិ​មនុស្ស​មើលឃើញ​ថា​ ហិង្សា​លើ​ស្ដ្រី​មិន​បាន​ថមថយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​វា​បាន​កើត​ឡើងជា​ញឹកញាប់​ ហើយ​មាន​រូបភាព​កាន់តែ​សាហាវ​ថែម​ទៀត​។​ ក្រៅពី​ការ​ហូរ​ចូល​ហាក់​មាន​ភាព​ទូលាយ​នូវ​រឿង​អាស់អាភាស​ហើយ​ ប្រ័​ពន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​មាន​ជា​អាទិ៍​ ទូរទស្សន៍​ជាដើម​ តែងតែ​បង្ហាញ​នូវ​សកម្មភាព​ហិង្សា​លើ​ស្ដ្រី​ជា​ញឹកញាប់​តាម​រយៈ​កម្មវិធី​របស់​ពួក​គេ​។​

​បើ​ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​មូលនិធិ​អាស៊ី​ដែល​ដាក់​បង្ហាញ​ កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៦​ បាន​បញ្ជាក់​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​ដែល​អាច​មិន​ថយ​ចុះ​បាន​ ពីព្រោះ​តែ​កម្មវិធី​មួយ​ចំនួន​របស់​ស្ថានីយ៍ទូរទស្សន៍​ល្បីៗ​ នៅ​កម្ពុជា​ សុទ្ធតែ​ផ្ទុក​នូវ​ខ្លឹមសារ​អំពើ​ហិង្សា​ គ្រប់​ទម្រង់​ទៅ​លើ​ស្ត្រី​។​ បន្ថែម​ពី​នេះ​អង្គការ​នេះ​ បាន​រក​ឃើញ​ទៀត​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​និង​កុមារ​ ភាគច្រើន​ទាំង​អ្នក​រង​គ្រោះ​និង​អ្នក​ប្រព្រឹត្ដ​ គឺ​ពួក​គេ​មានការ​ចេះ​ដឹង​តិចតួច​ ហើយ​ជាង​នេះ​ពួក​គេ​ជា​ក្រុម​មនុស្ស​មាន​អាយុ​ចន្លោះ​ពី​ ២៦​ ដល់​ ៤៩​ឆ្នាំ​ ហើយ​ជា​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​៕

Share

Image
Image
Image