en     km
en     km

អាជ្ញាធរអប្សរាចុះហាមឃាត់ការជីកដីធ្វើអាងហែលទឹកក្នុងអាហារដ្ឋានប្រាសាទនាងពៅ

Share

គេហទំព័របស់អាជ្ញាធរជាតិអប្សរានៅថ្ងៃនេះបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានចុះឃាត់សកម្មភាពជីកដីធ្វើអាងហែលទឹកមួយ នៅក្នុងអាហារដ្ឋានប្រាសាទនាងពៅ នៃរមណីយដ្ឋានអង្គរ ។

តាមគេហទំព័ររបស់អាជ្ញាធរជាតិអប្សរាដដែល ការចុះហាមឃាត់សកម្មភាពជីកដីធ្វើអាងហែលទឹកនេះបានកើតមានក្រោយពេលពលរដ្ឋនៃគ្រួសារមួយ ដែលមានអាហារដ្ឋាននៅក្បែរតំបន់កម្សាន្ដប្រាសាទនាងពៅ មប្រុងជីកយកដីនៅតំបន់នោះធ្វើជាអាងហែងទឹកសម្រាប់ក្មេងលេង។

តាមការបញ្ជាក់ពីមន្រ្ដីជំនាញ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរាដែលបានចុះប្រតិបត្តិការផ្ទាល់ក្នុងរឿងនេះផ្ទាល់ ឱ្យដឹងនៅលើគេហទំព័ររបស់ក្រសួងថា ចំពោះការចុះអនុវត្តច្បាប់នេះ ក៏មិនមានការប្រតិកម្មជំទាស់ពីម្ចាស់សំណង់អី្វដែរ គាត់ថែមទាំងបានទទួលកំហុស ហើយបានឱ្យម្ចាស់សំណង់ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពខុសច្បាប់នេះបន្តទៀត ក្នុងនោះក៏បានរឹបអូសយកអ៊ិចស្ការកាយដីមួយគ្រឿងយកទៅរក្សាទុករង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ។

លោក គង់ មរកត៖«ក្រោយទទួលបានដំណឹងពីប្រជាពលរដ្ឋនៅម្តុំនោះ ក្រុមការងារសណ្តាប់ធ្នាប់ក៏បានចុះមកដល់ទីតាំងផ្ទាល់ ហើយធ្វើការហាមឃាត់ភ្លាមៗឱ្យបញ្ឈប់ការជីកដីរបស់ម្ចាស់កម្មសិទ្ធិអ្នកស្រី កង សុកញ្ញា និង លោក តាន់ ម៉េងហ៊ួង មានមុខរបរជាអ្នកលក់ដូរ ដែលគាត់មានបំណងធ្វើជាអាងហែលទឹកសម្រាប់អ្នកមកពិសារអាហារក្នុងអាហារដ្ឋានអាចហែលទឹកលេងកម្សាន្តបាន»។

ជាមួយគ្នានេះ តាមការបកស្រាយរបស់ពលរដ្ឋជាម្ចាស់អាហារដ្ឋានដែលបម្រុងជីកដីធ្វើអាងហែលទឹកខាងលើគឺការសម្រេច ចិត្តជីកដីធ្វើអាងហែលទឹករបស់គាត់ ដោយសារតែមិនបានដឹងថាតំបន់(១)នៃរមណីយដ្ឋានអង្គរ ជាតំបន់អភិរក្ស និងមាន ផលប៉ះពាល់អ្វីខ្លះនៅពេលដែលជីកនោះ ។

ពលរដ្ឋរូបនេះ ក៏បានទទួលស្គាល់កំហុស និងសម្រេចចិត្តបញ្ឈប់សកម្មភាពជីកដី ហើយនឹងធ្វើទៅតាមការសម្រេចរបស់អា ជ្ញាធរជាតិអប្សរា បើតម្រូវឱ្យលុបដី ពួកគាត់ក៏នឹងលុបភ្លាមផងដែរ។

គួរបញ្ជាក់ផងដែរថា ការជីកដីធ្វើអាងហែលទឹកនេះដែរ គឺ មានជម្រៅ ៥០សង់ទីម៉ែត្រ មានបណ្តោយ ១៥ម៉ែត្រ និងទទឹង១០  ​ម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងភូមិខ្វៀន សង្កាត់គោចក ក្រុងសៀមរាប ៕

 

Share

Image
Image
Image