en     km
en     km

អាជ្ញាធរជាតិអប្សរាបណ្តុះគំនិតកុមារស្វែងយល់ពីការអភិរក្សបុរាណដ្ឋាន

Share

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបណ្តុះគំនិតឱ្យកុមារស្វែងយល់ពីប្រវត្តិ និងការអភិរក្សបុរាណដ្ឋានដើម្បីឱ្យពួកគេចេះស្រឡាញ់និងចូលរួមការពារបេតិកភណ្ឌកម្ពុជា។

ការបណ្ដុះបណ្ដាលនេះក្នុងបំណងឱ្យកុមារទាំងនោះចូលរួមចំណែកជាមួយវិស័យអប់រំបញ្រ្ជាបចំណេះដឹងផ្នែកបេតិកភណ្ឌ បរិស្ថាន និងបំនិននៃការអានដល់កុមារដែលរស់នៅក្នុងតំបន់អង្គរ។នេះបើតាមឱ្យដឹងនៅលើគេហទំព័ហ្វេសប៊ុករបស់រអាជ្ញាធរជាតិអប្សរាចុះនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

បញ្ជាក់ផងដែរថា កម្មវិធីនេះមានការចូលរួមចែករំលែកចំណេះដឹងពីអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាទាំងផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ប្រពៃណី ជំនឿ សាសនា បរិស្ថាន និងតួនាទីរបស់កុមារក្នុងការរួមចំណែកថែរក្សានិងស្គាល់ពីកេរតំណែលដែលមានក្នុងតំបន់ខ្លួនរស់នៅ។

មន្ត្រីជំនាញបុរាណវិទ្យានៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ និងវាគ្មិននៃកម្មវិធីនេះ លោក ខៀវ ច័ន្ទ បានឱ្យដឹងថា មនុស្សគ្រប់ជាតិសាសន៍ត្រូវស្គាល់ពីមរតករបស់ប្រទេសខ្លួន ថា មានបេតិកភណ្ឌអ្វីខ្លះជារបស់ផ្ទាល់ខ្លួននិងសម្រាប់ជាតិខ្លួន។

ទន្ទឹមនឹងនេះដែរ លោក រីក រេត មន្ត្រីជំនាញអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានលើកឡើងថា ការបញ្រ្ជាបចំណេះដឹងផ្នែកអភិរក្សបុរាណដ្ឋានដល់កុមារ ជាគោលបំណងរបស់អ្នកអភិរក្ស ដែលចង់ឱ្យក្មេងៗបានយល់ដឹងពីរបៀបថែទាំ បច្ចេកទេសជួសជុល ស្គាល់សម្ភារៈត្រូវប្រើ និងការការពារកេមរតកដូនតាទាំងនោះឱ្យបានគង់វង្សតពីមនុស្សចាស់នាថ្ងៃអនាគត។

ក្នុងនោះ មន្ត្រីជំនាញអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ លោកចង់ឱ្យខ្មែរគ្រប់រូបចូលរួមថែរក្សាទាំងអស់គ្នាមិនថា កុមារ យុវវ័យ មនុស្សចាស់ រួមទាំងអ្នកអាស្រ័យផលក្នុងតំបន់អង្គរផង ដែរ៕

Share

Image
Image
Image