en     km
en     km

អភិបាលខេត្តសៀមរាបមានសុទិដ្ឋិនិយមថា ជប៉ុននឹងបង្កើតជើងហោះហើរត្រង់មកសៀមរាប

Share

សៀមរាប៖ អភិបាលខេត្តសៀមរាបលោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ២៩ មករានេះថា លោកមានក្តីរំពឹងយ៉ាងមុតមាំថា ជប៉ុននឹងបង្កើតជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាបតែម្តងនាពេលខាងមុខ ដែលធ្វើឱ្យខេត្តទេសចរណ៍មួយនេះអាចទទួលបានភ្ញៀសជប៉ុនកាន់តែច្រើនឡើង។ សុទិដ្ឋិនិយមកើតមាន បន្ទាប់ពីលោកអភិបាលខេត្តសៀមរាប បានស្នើទៅកាន់អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន ក្នុងកំឡុងពិធីបើកការិយាល័យកុងស៊ុលជប៉ុន ក្នុងខេត្តសៀមរាបកាលពីថ្ងៃម្សិលមិញ។

 

 

 លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប(ឆ្វេង)ជាមួយលោក កាស៊ូយូគី ណាកាណេ (Kazuyuki NAKANE) អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន ក្នុងកម្មវិធីសម្ពោធបើកការិយាល័យកុងស៊ុលជប៉ុនក្នុងខេត្តសៀមរាបកាលពីម្សិលមិញនៅខេត្តសៀមរាប។

 

«នាពេលខាងមុខនេះ ជប៉ុននឹងអាចបង្កើតជើងហោះហើរត្រង់មកកាន់ទឹកដីសៀបរាមអង្គរតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិរបស់កម្ពុជា»។ នេះជាការលើកឡើងរបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបគូសបញ្ជាក់ប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃទី ២៩ មករា ឆ្នាំ២០១៨នេះ។

កាលពីថ្ងៃម្សិលមិញ ក្នុងជំនួបជាមួយលោក កាស៊ូយូគី ណាកាណេ (Kazuyuki NAKANE) អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន ​ដែលមកបំពេញទស្សនៈកិច្ចនៅខេត្តសៀមរាប​ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានស្នើដល់ជប៉ុនឱ្យបង្កើតជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកកាន់ខេត្តសៀមរាបតែម្តង។ ការស្នើនេះធ្វើឡើងស្របពេលដែលជប៉ុនបានសម្ពោធបើកការិយាល័យកុងស៊ុលជប៉ុនក្នុងខេត្តសៀមរាបកាលពីម្សិលមិញនៅខេត្តសៀមរាប។

លោក ឃឹម ប៊ុនសុង បានប្រាប់វិទ្យុស្រ្តីថា ប្រសិនបើមានជើងហោះហើរត្រង់ពីជប៉ុនមកកាន់ខេត្តសៀម រាបមែននោះ នោះកំណើនទេសចរណ៍ជនជាតិជប៉ុននឹងមានកាន់តែច្រើននៅខេត្តសៀបរាម។ ចំណែកអ្នកទទួលផលពីវិស័យមួយនេះនឹងទទួលបានអត្តប្រយោជន៍កាន់តែច្រើនពីវត្តមានទេសចរណ៍ជប៉ុន។ យ៉ាងណាលោកអភិបាលខេត្តសៀបរាមបន្ថែមថា កន្លងមកលោកធ្លាប់បានអំពាវនាវជារឿយៗទៅកាន់មន្រ្តីទូតនៃបណ្តាលប្រទេសនានាជាច្រើន ឱ្យបង្កើតជើងហោះហើរត្រង់មកខេត្តសៀមរាមនេះ។

លោក ឃឹម ប៊ុនសុង៖«យើងក៏ធ្លាប់អំពាវនាវទៅកាន់បណ្តាប្រទេសនានាលើពិភពលោកដែលមកសំណះសំណាលជាមួយយើងនៅខេត្តសៀមរាបនេះ យើងក៏បានធ្វើសំណុំជាញឹកញាប់ទាំងភាគីចិនក្តី ទាំងប្រទេសផ្សេងទៀតក្តី យើងបានសំណុំពរដើម្បីបង្កើនភ្ញៀវទេសចរណ៍»។

 

  លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប(ឆ្វេង)ជាមួយលោក កាស៊ូយូគី ណាកាណេ (Kazuyuki NAKANE) អនុរដ្ឋមន្ត្រីកិច្ចការបរទេសជប៉ុន ក្នុងកម្មវិធីសម្ពោធបើកការិយាល័យកុងស៊ុលជប៉ុនក្នុងខេត្តសៀមរាបកាលពីម្សិលមិញនៅខេត្តសៀមរាប។

 

លោកអភិបាលខេត្តសៀមរាបបន្ថែមទៀតថា ការហោះហើរត្រង់ពីជប៉ុនមកសៀបរាមនេះ សម្រាប់ទេសចរជប៉ុនក៏ទទួលបានប្រយោជន៍ច្រើនផងដែរ ព្រោះអាចកាត់បន្ថយការចំណាយលើការធ្វើដំណើរ ដោយបច្ចុប្បន្នភ្ញៀវទេសចរជប៉ុនដែលចង់មកលេងខេត្តសៀបរាម ត្រូវចុះចតនៅប្រទេសជិតខាងកម្ពុជាជាមុន មុនធ្វើដំណើរមកសៀបរាមអង្គរ។

លោក ឃឹម ប៊ុនសុង៖«ភាគីច្រើនយន្តហោះធំៗគេចុះនៅប្រទេសជិតខាងយើង ចុះនៅស័ង្កហ្គាពួរ ចុះនៅថៃឡង់ នៅវៀតណាមជាដើម»។

សូមជំរាបជូនថា ភ្ញៀវទេសចរជនជាតិជប៉ុនក្នុងឆ្នាំ២០១៧ បានមកទស្សនាក្នុងទឹកដីសៀមរាបអង្គរមានប្រមាណ ១ម៉ឺន ៣ ពាន់នាក់ ថយចុះប្រមាណ ៧% ឈរនៅលំដាប់ថ្នាក់លេខ ៥ ។ ក្នុងឆ្នាំ២០១៧នេះដែរ ភ្ញៀវទេសចរបរទេសសរុបមកទស្សនានៅខេត្តសៀមរាបមានចំនួនប្រមាណ ២លាន ៤សែននាក់  កើនឡើង​១១,៤២% បើធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរចិន ឈរលំដាប់ថ្នាក់លេខ១។

​តាម​សេចក្តីជូនដំណឹង​របស់​អាកាស​ចរ​ស៊ី​វិល​កម្ពុជា​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​នេះ​ បានឱ្យដឹងថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ សៀមរាប ​និង​ខេត្ត​ព្រះ​សីហ​នុ​ បានដឹក​អ្នកដំណើរ​កើនឡើង​រហូត​ដល់​ ៨​លាន​នាក់ ​និង​ដឹក​ទំនិញ ​៦​ម៉ឺន​តោន​​ទទួល​ចំណូល​ប្រមា​ណ​ ២,៧​ ពាន់​លាន​ដុល្លារ ​និង​ជួយ​បង្កើត​ការងារ ១,៧​លាន​ការងារដល់ប្រជាពលរដ្ឋ​។

​បច្ចុប្បន្ន​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​នៅ​ប្រទេស​កម្ពុជា ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​១០​ កំពុង​ប្រតិបត្តិការ​ហោះហើរ​ដឹក​ជញ្ជូន​អ្នក​ដំណើរ ​និង​ទំនិញ​ចេញចូល​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។ ​ក្នុងនោះក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ចំនួន ​៤០ ​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា​៕​

Share

Image
Image
Image